facebook
facebook

ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ CambodiaTravelMart “CTM” 2017 នឹងធ្វើឡើងនៅលើទឹកដីសៀមរាបអង្គរ

​ Silang Sok​​ | ថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចជាតិ | 276 | 0 | ម៉ោង 4:12 am

នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៧ កន្លងទៅនេះនៅ​ រមណីយដ្ឋានសុខាសៀមរាប និង មជ្ឈមណ្ឌល សន្និសីទក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុន Slickbooth បានធ្វើសន្និសីទប្រកាសផ្សព្វផ្សាយពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ Cambodia Travel Mart “CTM” 2017 លើកទី ១ ដែលគ្រោងធ្វើនៅថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ វិច្ឆកា ២០១៧ នៅខេត្តសៀមរាបអង្គរ (រមណីយដ្ឋានសុខាសៀមរាប និង មជ្ឈមណ្ឌលសន្និសីទ) ។ ពិធីខាងលើនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការអញ្ជើញចូលរួមពីតំណាងសាលាខេត្ត អជ្ញាធរ ពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ជាច្រើនទៀត ។

លោកឱម ផារិន នាយកក្រុមហ៊ុន SlickBooth Holding Co., LTD បានថ្លែងឲ្យដឹងថា​ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ Cambodia Travel Mart “CTM” 2017, ជាវេទិកាជួបជុំក្នុងការធ្វើធុរៈកិច្ចទេសចរណ៍រវាងក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកជាមួយនិង ក្រុមហ៊ុនទេសចរណ៍អន្តរជាតិនានា ដែលជាប្រភពទីផ្សារគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា រួមមានអ្នកទិញ (Buyers) ជាតិនិងអន្តរជាតិ, ពាណិជ្ជករជាអ្នកផ្តល់សេវាកម្មជាតិ និង​​​អន្តរជាតិ (Sellers) សរុបប្រមាណ ៥០០ ក្រុមហ៊ុន ។ ជាមួយគ្នានេះដែរក៏មានការចូលរួមពីស្ថាប័ណទេសចរណ៍ជាតិនានា របស់ប្រទេសជាសមាជិកអាស៊ាន អ្នកជំនាញទេសចរណ៍ អ្នកសារពត៌មានជាតិ និង អន្តរជាតិជាច្រើនទៀត ដើម្បីទិញលក់កញ្ចប់ទស្សនកិច្ច នៃសេវាកម្មទេសចរណ៍ ផ្លាស់ប្តូរចែករំលែកបទពិសោធន៍ និងបង្កើតភាពជាដៃគូក្នុងធុរៈកិច្ចជាមួយគ្នា សំដៅអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាអោយកាន់តែប្រសើរឡើងថែមទៀត ។

លោកឱម ផារិន បន្ថែមថាព្រឹត្តិការណ៍ខាងលើនេះមានកម្មវិធីដ៏សំខាន់ៗជាច្រើនដូចជា ការណាត់ជួបពិភាក្សាក្នុងធុរៈកិច្ចតាមប្រព័ន្ធ Online, សិក្ខាសាលាអំពីប្រធានបទផ្សេងៗពាក់ព័ន្ធនិងវិស័យទេសចរណ៍, ដំណើរកំសាន្ត និង ការដាក់តាំងបង្ហាញអំពីផលិតផលនិងសេវាកម្មទេសចរណ៍នានា ។  ពិព័រណ៍ CTM នឹងទទួលបានអ្នកផ្តល់សេវាកម្ម (Sellers) ជាតិនិងអន្តរជាតិប្រមាណជាង ២០០នាក់ ពាណិជ្ជករជាអ្នកទិញ (Buyers) អន្តរជាតិប្រមាណជាង ១៥០ នាក់ និង សារពត៌មានជាតិ និង អន្តរជាតិប្រមាណ ៥០នាក់ ផងដែរដើម្បីចូលរួមព្រឹត្តិការណ៍ដ៏មហាអស្ចារ្យមួយនេះ ។

ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ Cambodia Travel Mart “CTM” 2017 ទទួលបានការអនុញ្ញាតិអោយរៀបចំ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលក្រសួងទេសចរណ៍ទទួលភារកិច្ចជាអ្នកដឹកនាំរៀបចំ និងការគាំទ្រយ៉ាងពេញទំហឹងពី ស្ថាប័នរដ្ឋនិងផ្នែកឯកជននានា រួមសហការជាមួយក្រុមហ៊ុនរៀបចំពិព័រណ៍ពីប្រទេសកម្ពុជា ស្លីកប៊ូស (SlickBooth Events & Public Relations) និងក្រុមហ៊ុន TTG Asia Media & Events ពីប្រទេសសឹង្ហបុរីដែលមានជំនាញរៀបចំពិព័រណ៍ទេសចរណ៍អន្តរជាតិដ៏ល្បីល្បាញនៅលើពិភពលោកជាង ៣០ ឆ្នាំមកហើយ ។ ក្រុមហ៊ុន TTG ធានានឹងផ្គត់ផ្គង់  ពាណិជ្ជករអន្តរជាតិជាអ្នកទិញ (Buyers)ដែលសុទ្ធជាអ្នកជំនាញហើយមានផែនការអភិវឌ្ឍន៍នាំទេសចរមកកាន់ទីផ្សារកម្ពុជា និងបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា តាមបណ្តាញភ្នាក់ងារសារពត៌មានអន្តរជាតិ និងប្រព័ន្ធ Online ប្រកបដោយគុណភាពជាទីទុកចិត្ត ។ លើសពីនេះទៅទៀត “CTM 2017” ក៏បានទទួលការគាំទ្រពីបណ្តាសមាគមពាក់ព័ន្ធដូចជា សហព័ន្ធទេសចរណ៍កម្ពុជា, សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា, សមាគមសណ្ឋាគារកម្ពុជា, សមាគមភោជនីយដ្ឋានកម្ពុជា និង សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចផងដែរ ។ ខេត្តសៀមរាបជាគោលដៅទាក់ទាញទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក ហើយកន្លងមកធ្លាប់ទទួលបានពានរង្វាន់គោលដៅទេសចរណ៍លំដាប់ទី ១ ក្នុងពិភពលោកពី TripAdvisor, ក្រុមព្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មអ៊ឺរ៉ុប ដូចនេះខេត្តសៀមរាបគឺជាជម្រើសដ៏ល្អមួយសម្រាប់ប្រារព្ធ CTM, ដើម្បីបង្ហាញ និងបង្អួតពិភពលោក នូវមន្តស្នេហ៍នៃទឹកដី អង្គរដ៏អច្ឆរិយៈ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិនិងពិភពលោក ។

ពិព័រណ៍ CTM នេះ ក៏ជាការបង្ហាញអំពីគោលជំហររបស់កម្ពុជាក្នុងការ ចូលរួមជ្រោមជ្រែងផ្សព្វផ្សាយគោលដៅទេសចរណ៍អាស៊ានទៅកាន់ពិភពលោក ដើម្បីអបអរឆ្នាំទស្សនាអាស៊ានខួបលើកទី ៥០ ASEAN “Visit ASEAN @50(Golden Celebration) ។

ឯកឧត្តម សូ ម៉ារ៉ាបានថ្លែងទៅកាន់អ្នកចូលរួមថាក្រោមម្លប់សន្តិភាពដ៏រឹងមាំរបស់កម្ពុជា ធ្វើអោយវិស័យទេសចរណ៍កម្ពុជាមានការអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ នៅឆ្នាំ ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិ ជាង ៥ លាននាក់កើនឡើង ៥% ហើយនៅឆ្នាំ២០១៧ កម្ពុជាសង្ឃឹមថានឹងទទួលបានទេសចរអន្តរជាតិ ៥,៤ លាននាក់ និងឆ្នាំ២០២០ រំពឹងថាទទួលបានទេសចរអន្តរជាតិ ៧ លាននាក់ ។ ដូច្នេះព្រឹត្តិការណ៍ពិព័រណ៍ CTM លើកទី ១ នៅខេត្តសៀមរាបនេះជាកត្តាចលករដ៏សំខាន់ រួមចំណែកធ្វើអោយវិស័យទេសចរណ៍កម្ពុជា មានការអភិវឌ្ឍន៍និងសម្រេចបាននូវគោលដៅគ្រោងទុក ។

ឈ្លាតឱកាសនេះយើងខ្ញុំសូមស្វាគមន៍និងអញ្ជើញក្រុមហ៊ុនទេសចរណ៍ជាតិនិងអន្តរជាតិ មេត្តាផ្តល់ការគាំទ្រនិងចូលរួមព្រឹត្តិការណ៍ខាងលើ ដើម្បីចាប់យកឱកាសធ្វើការអភិវឌ្ឍន៍អជីវកម្មទេសចរណ៍របស់ខ្លួន អោយកាន់តែមានការរីកចំរើននិងទទួលបានជោគជ័យបន្ថែមទៀត ពិសេសរួមគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា អោយកាន់តែវិវត្តន៍ទៅមុខ ៕

 

 

 

facebook