facebook
facebook

តម្លៃ​ហាង​ឆេង​​​ទំនិញ​ប្រើ​ប្រាស់​​របស់កូរ៉េ​ខាងត្បូង​​ឡើងថ្លៃ​​១,៩%​​​​​​ក្នុង​​ខែ​មេសា

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចសាកលលោក | 217 | 0 | ម៉ោង 3:22 am

កូរ៉េខាងត្បូង៖ ​ទិន្នន័យ​រដ្ឋាភិបាល​បង្ហាញកាលពីថ្ងៃអង្គារថា​តម្លៃ​ទំនិញ​ប្រើប្រាស់​របស់​ប្រទេស​កូរ៉េខាងត្បូង​បានបន្ត​កើនឡើងជិត​២%​​ក្នុង​ខែមេសា​​ក្នុង​ពេល​តម្លៃ​​ប្រេង​​ឡើងខ្ពស់ ។

​យោងតាម​ការិយាល័យ​​ស្ថិតិ​កូរ៉េ​បង្ហាញថា​សន្ទស្សន៍​តម្លៃ​ទំនិញ​​ប្រើប្រាស់​​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​បានឡើងថ្លៃ​១,៩%​កាលពីខែមុន​ធៀបនឹងអំឡុងពេល​កាលពី​ឆ្នាំ២០១៦​ដែល​ថយចុះ​ពីកំណើន​២,២%​កាលពី​ខែមុន​ ។

តម្លៃ​ទំនិញ​ប្រើប្រាស់​​កំពុង​ស្ថិតនៅ​ត្រឹង​ក្នុង​រង្វង់​២%​គិតចាប់តាំងពី​ខែដំបូង​នៃ​ឆ្នាំ​​​២០១៦​ដោយសារតែ​ការឡើងថ្លៃ​នៃតម្លៃ​ហាងឆេងប្រេង​ប្រមាណជា​១,៣%​ក្នុង​ខែធ្នូ​កាលពីឆ្នាំទៅ ។ ធៀបនឹង​ខែ​​មុន​សន្ទស្សន៍​តម្លៃ​ទំនិញ​បាន​ថយចុះ​០,៣​ពិន្ទុ​ឬស្មើនឹង​១០២,៦៦ពិន្ទុ​ក្នុងខែមេសា​ ខណៈ​ដែល​កាល​ពីឆ្នាំ​២០១៥​វាស្ថិតក្នុង​កម្រិត​១០០ពិន្ទុ ។

​ចំណែកអតិផរណា​ស្នូល​មិនរាប់បញ្ចូល​​តម្លៃ​អាហារ​និង​តម្លៃ​ប្រេង​​ដែលងាយ​នឹង​ប្រែប្រួល​បានឡើងថ្លៃ​១,៥%​ធៀបនឹង​ឆ្នាំទៅ ។

ការិយាល័យ​ស្ថិតិ​បានឲ្យ​ដឹងថា​ការកើនឡើងនៃតម្លៃ​ប្រេង​បាន​ជំរុញ​ឲ្យ​តម្លៃ​ទំនិញ​ប្រើប្រាស់​កាលពីខែ​មុន​ឡើងថ្លៃ ប៉ុន្តែ​អតិផរណា​ក្នុង​ខែមេសា​គឺជា​ផ្នែក​មួយ​ដែលទូទាត់​នឹងការ​ធ្លាក់​ចុះ​នៅក្នុង​តម្លៃ​បន្លែ ។ តម្លៃ​ផលិតផល​ប្រេង​សាំង​ឡើង​ថ្លៃ​១១,៧%​កាលពី​ខែមុន​ធៀបនឹង​ឆ្នាំ​មុន​ក្នុង​ពេល​ដែល​តម្លៃ​ប្រេង​ឆៅ​ពិភព​លោក​មាននិន្នាការ​ឡើងថ្លៃ ។

រីឯ​តម្លៃ​សាំ​ង​ឡើង​៩,៥%​ក្នុង​ខែមេសា​និង​ម៉ាស៊ូត​ឡើង​១៤,១%​​​ ខណៈ​ឧស្ម័ន​ធម្ម​ជាតិ​ឡើង​៣,៩%​ក៏​គាំទ្រ​ដល់ការ​ឡើង​ថ្លៃ​នៃទំនិញ​ប្រើប្រាស់​ប្រចាំ​ខែ​ផងដែរ​។

ប៉ុន្តែតម្លៃ​បន្លែ​បាន​ធ្លាក់ចុះ​៦,១%​​ក្នុង​ខែ​មេសា​ធៀប​ឆ្នាំ​មុន​ ដោយ​សារ​ការកើន​ឡើង​ក្នុងការ​ផ្គត់ផ្គង់​ក្នុង​និទាឃរដូវ​​។ជាពិសេស​តម្លៃ​ស្ពៃក្តោបចិន​បាន​ធ្លាក់​ថ្លៃ​៣៦,៦%​កាលពី​ខែមុន​ ខណៈ​ខាត់ណានិង​ខ្ញី​ធ្លាក់ថ្លៃ​៤២%​និង​៣៦% ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

facebook