facebook
facebook

កម្ពុជា បង្កើនផែនការផលិតស្រូវ ឆ្នាំ២០១៧-២០១៨

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចជាតិ | 185 | 0 | ម៉ោង 3:00 am

ប្រទេសកម្ពុជា ដែលមានសក្តានុពលខាងវិស័យកសិកម្ម បានបង្កើនផែនការនៃការផលិតស្រូវនៅក្នុងរដូវនៃការដាំដុះថ្មី នាឆ្នាំ២០១៧-២០១៨នេះ ច្រើនជាងចំនួនផែនការដែលធ្លាប់បានដាក់ឱ្យអនុវត្ត កាលពីរដូវកាលឆ្នាំមុនតែប្រមាណជាជិត១ភាគរយប៉ុណ្ណោះ បន្ទាប់ពីមានភាពស្រពេចស្រពិលទៅលើបញ្ហាជំនន់ ហើយនិងគ្រោះរាំងស្ងួត…។

នៅក្នុងរដូវដាំដុះនាឆ្នាំ២០១៧-២០១៨នេះ ប្រទេសកម្ពុជា បានដាក់ផែនការក្នុងការធ្វើផលិតកម្មដំណាំស្រូវច្រើនជាងកាលពីឆ្នាំមុន តែប្រមាណជាជិត១ភាគរយប៉ុណ្ណោះ បន្ទាប់ពីមានការព្រួយបារម្ភទៅលើបញ្ហានៃការបម្រែបម្រួលអាកាសធាតុ ដែលមិនអាចព្យាករណ៍ជាមុនបានក្នុងការកើតមាននូវករណីមួយចំនួន តួយ៉ាងដូចជាជំនន់ ហើយនិងគ្រោះរាំងស្ងួត ជាដើម។

យោងតាមរបាយការណ៍ស្តីពីផែនការផលិតកម្មដំណាំស្រូវឆ្នាំ២០១៧-២០១៨ ដែលធ្វើឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ទិសដៅសម្រាប់ឆ្នាំនេះ ការធ្វើផលិតកម្មដំណាំស្រូវនៅទូទាំងប្រទេស នឹងត្រូវជំរុញឱ្យអនុវត្តឱ្យបានយ៉ាងតិច ក្នុងរង្វង់២.៩៣៧.២៩០ហិកតារ កើនឡើងចំនួន០,៩៣ភាគរយ ច្រើនជាងផែនការដាំដុះនៅក្នុងរដូវកាលនៃឆ្នាំ២០១៦-២០១៧ ក្នុងនោះស្រូវវស្សា មានចំនួន២.៤៩៣.៦៩០ហិកតារ កើនឡើងលើសមុន ចំនួន០,៧០ភាគរយ និងស្រូវប្រាំងមានចំនួន៤៤៣.៦០០ហិកតារ កើនឡើងលើសមុនចំនួនប្រមាណជា២,២៧ភាគរយ។

 

កាលពីរដូវដាំដុះឆ្នាំ២០១៦-២០១៧ ផែនការផលិតកម្មដំណាំស្រូវ ដែលក្រសួងកសិកម្មបានដាក់ គឺមានចំនួនសរុប២.៩១០.២០១ហិកតារប៉ុណ្ណោះ ក្នុងនោះផ្ទៃដីដាំដុះស្រូវរដូវវស្សា មានចំនួន២.៤៧៦.៤៤៦ហិកតារ និងផ្ទៃដីដាំដុះស្រូវរដូវប្រាំង មានចំនួន៤៣៣.៧៥៥ហិកតារ។

នៅក្នុងឧបសម្ព័ន្ធទី១ នៃរបាយការណ៍របស់ខ្លួន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការបង្កើនចំនួនផែនការផលិតកម្មដំណាំស្រូវ លើសតិចតួចនៅរដូវឆ្នាំ២០១៧-២០១៨ ធៀបនឹងរដូវដាំដុះក្នុងឆ្នាំ២០១៦-២០១៧  ក្នុងអត្រាកំណើនស្មើនឹងប្រមាណជា០,៩៣ភាគរយនោះ គឺ “ដោយសារតែកត្តាលក្ខខណ្ឌធម្មជាតិ (ជំនន់ និងរាំងស្ងួត) មិនិអាចព្យាករណ៍ជាមុនបាន”។

គួររម្លឹកឱ្យដឹងផងដែរថា ជារៀងរាល់ឆ្នាំ ក្រសួងកសិកម្ម ដែលព្រួយបារម្ភពីបញ្ហាគ្រោះធម្មជាតិ មិនសូវដាក់ផែនការក្នុងការធ្វើផលិតកម្មដំណាំស្រូវខ្ពស់ទេ ប៉ុន្តែជារឿយៗ លទ្ធផលដែលសម្រេចបានវិញ គឺច្រើនតែទទួលបានលើសផែនការ មិនដែលមានការធ្លាក់ចុះទាបជាងផែនការនោះឡើយ។ ជាក់ស្តែង ដូចជាកាលពីរដូវឆ្នាំ២០១៦-២០១៧ កន្លងទៅ ផលិតកម្មដំណាំស្រូវនៅទូទាំងប្រទេស សរុបអនុវត្តសម្រេចបាន គឺមានចំនួនរហូតដល់ទៅប្រមាណជា៣.១១៨.១៤៣ហិកតារ មានកំណើនប្រមាណ៧,១៥ភាគរយ លើសផែនការ ក្នុងនោះស្រូវវស្សាសម្រេច បានចំនួន២.៥៩៩.៥៨៦ហិកតារ មានកំណើនប្រមាណ៤,៩៧ភាគរយ និងស្រូវប្រាំងសម្រេច បានចំនួន៥១៨.៥៥៧ហិកតារ មានកំណើនប្រមាណ១៩,៥៥ភាគរយ។

លោកសម វិទូ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា “សេដាក” កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ បានឱ្យដឹងថា ឆ្នាំនេះ ផែនការដាំដុះស្រូវរដូវវស្សាប្រហែលជាអាចសម្រេចបាន ព្រោះថា បច្ចុប្បន្នមេឃបាននិងកំពុងចាប់ផ្តើមធ្លាក់ភ្លៀងមកជាបន្តបន្ទាប់ ហើយកសិករនៅខេត្តមួយចំនួន ក៏បានធ្វើការសាបព្រោះ និងស្ទូង បានរួចរាល់ហើយមួយួចំនួនដែរ។ ជាទូទៅ ស្រូវប្រាំង គឺអត់សូវមានភាពខុសគ្នាប៉ុន្មានទេ រវាងផែនការនិងការអនុវត្ត លើកលែងតែមានកត្តាសត្វល្អិតបំផ្លាញ។

លោកសម វិទូ បានឱ្យដឹងបន្តទៀតថា “សម្រាប់ឆ្នាំនេះ បរិមាណផលិតផលស្រូវអត់សូវមានបញ្ហាទេ  ប៉ុន្តែចំណុចសំខាន់ គឺតម្លៃ ព្រោះថា តម្លៃស្រូវនៅលើទីផ្សារ ពេលខ្លះលក់បានថោក ហើយពេលខ្លះលក់បានថ្លៃ។ មានតែការធ្វើកសិកម្មតាមបែបសរីរាង្គទេ ដែលអាចមានឱកាសខ្ពស់នៅក្នុងការប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងរបស់យើង ដែលរួមមានដូចជា ថៃ និងវៀតណាម។ បច្ចុប្បន្ន យើងកំពុងជួយជំរុញកសិករឱ្យអនុវត្តបច្ចេកទេសប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិ តាមរយៈនៃការបន្សុទ្ធពូជ ដែលមានគ្រាប់វែងល្អ ដាក់ជីសរីរាង្គ ដើម្បីឱ្យផលិតផលរបស់គាត់កើនតម្លៃ ដោយការផ្សារភ្ជាប់ផលិតផលកសិករទៅនឹងទីផ្សារ”។

គួរកត់សម្គាល់ថា បច្ចុប្បន្ននេះ ផលិតកម្មដំណាំស្រូវមានការវិវឌ្ឍឈានឡើងជាលំដាប់ គឺអាស្រ័យដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា អង្គការជាតិ និងអន្តរជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិ និងការចូលរួមយ៉ាងសកម្មពីប្រជាកសិករ ជាពិសេស ការប្តូរទម្លាប់ពីការផលិតសម្រាប់ហូបចុក មកជាការផលិតសម្រាប់ពាណិជ្ជកម្ម។ ការសម្រេចបានក្នុងការបង្កើនផលិតភាពដំណាំស្រូវ បណ្តាលមកពីកត្តាសំខាន់ៗមួយចំនួន ដូចជា ការផ្លាស់ប្តូរពូជស្រូវ ដែលមានទិន្នផលខ្ពស់ ដែលជាលទ្ធផលទទួលបានពីការពិសោធន៍ស្រាវជ្រាវ ការផ្ទេរបច្ចេកទេសសមស្របដល់កសិករ ជាពិសេស ការពង្រីកកាន់តែមានប្រសិទ្ធភាពលើការធ្វើស្រែ បង្ហាញតាមប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ ការអនុវត្តបច្ចេកទេសគ្រប់គ្រងដី ដើម្បីបង្កើនជីជាតិ និងទិន្នផលការបង្កើនការស្រាវជ្រាវ និងអភិវឌ្ឍពូជស្រូវ ដែលស្របនឹងលក្ខណៈដី អាកាសធាតុ និងការកំណត់ប្រភេទពូជសំខាន់ៗស្របតាមតម្រូវការទីផ្សារ។

លោកសម វិទូ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា “សេដាក”

យោងតាមក្រសួងកសិកម្ម គិតត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ល្បឿនការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា នៅទូទាំងប្រទេស អនុវត្តបានលើផ្ទៃដីសន្ទូង និងព្រោះ សរុបចំនួន៥៦.១៦៩ហិកតារ ស្មើនឹង២,២៥ភាគរយ នៃផែនការ២.៤៩៣.៦៩០ហិកតារ លើសឆ្នាំមុនចំនួន៣០.៦៤៦ហិកតារ។

សូមបញ្ជាក់ថា កាលពីរដូវឆ្នាំ២០១៦-២០១៧ ប្រទេសកម្ពុជា ដែលដាំដុះស្រូវសរុបបានចំនួនប្រមាណ៣,១១លានហិកតារ ទទួលបានបរិមាណផលស្រូវ ចំនួន៩,៩៥លានតោន មានកំណើនប្រមាណជា៦,៦៥ភាគរយ ធៀបនឹងឆ្នាំ២០១៥ ក្នុងនោះចំនួនប្រមាណជា៧,៦៣លានតោន គឺជាផលស្រូវរដូវវស្សា និងចំនួនប្រមាណជា២,៣១លានតោនទៀត គឺជាផលស្រូវរដូវប្រាំង៕

facebook