facebook
facebook

ព្រឹត្តិការណ៍ជិះកង់​ និងដាំដើមឈើ ដើម្បីបរិស្ថានបៃតង ទាក់ទាញការចាប់អារម្មណ៍ខ្លាំង

​ Silang Sok​​ | ថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧​ | កីឡាជាតិ | 128 | 0 | ម៉ោង 6:32 am

នៅក្នុងព្រឹត្តិការណ៍ជិះកង់ ដើម្បីបរិស្ថានបៃតង មនុស្សម្នាក់ដើមឈើមួយដើមដែលរៀបចំឡើងដោយសណ្ឋាគារឡឺម៉ុង និងក្រុមហ៊ុនBooking.com កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ នៅសាលាបឋមសិក្សាហ៊ុន សែន ព្រែកតាកូវនៅត្រើយម្ខាងឆ្លងដរអរិយក្សត្រ ទាញបានការចាប់អារម្មណ៍ខ្លាំងពីមជ្ឈដ្ឋានជាច្រើនខណៈដែលកម្មវិធីនេះផ្ដោតលើបរិស្ថាន ដើម្បីសុខភាព សកម្មភាពមនុស្សធម៌និងដើម្បីទំនាក់ទំនងសាមគ្គីភាព។

លោកគីម សុខា អគ្គនាយកសណ្ឋាគារឡឺម៉ុង បានថ្លែងឲ្យដឹងថា អ្នកដែលចូលរួមនៅក្នុងយុទ្ធនាការនេះសុទ្ធតែជាអ្នកគាំទ្រសកម្មភាពមនុស្សធម៌ ការងារបរិស្ថាន ជាពិសេសចង់ជួយក្មេងៗទាំងអស់នៅទីនេះ។លោកថា អ្នកដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នេះមានចំនួន១៥០នាក់ ដែលភាគច្រើនគឺមកពីតាមបណ្ដាសណ្ឋាគារនានារួមទាំងភ្ញៀវជាតិនិងអន្តរជាតិមួយចំនួនផងដែរ។

 

លោកលើកឡើងថា ការបំផុសឲ្យមានការជិះកង់ចំងាយប្រមាណជា៤គីឡូម៉ែត្រនៅក្នុងយុទ្ធនាការនេះគឺដើម្បីឲ្យមានការស្រលាញ់សុខភាព ឲ្យចេះស្រលាញ់គ្នារាប់អានគ្នាជាធ្លុងមួយបើទោះបីបម្រើការងារនៅក្រុមហ៊ុននិងសណ្ឋាគារផ្សេងពីគ្នាក្ដី។លោកបញ្ជាក់ថា យុទ្ធនាការណ៍នេះអាចប្រព្រឹត្តឡើងទៅបានអាស្រ័យដោយទទួលបានការជ្រោមជ្រែងពីអ្នកដែលចូលរួមគឺថវិការដែលទទួលបានយកមកចាត់ចែងលើការចំណាយដូចទិញសម្ភារសិក្សាសម្រាប់ចែកជូនដល់សិស្សានុសិស្ស ហើយថវិការដែលនៅសល់ជាង៥លានរៀល ពីការចំណាយផ្សេងៗក៏បានប្រគល់ជូនលោកនាយកសាលាបឋមសិក្សាហ៊ុន សែន ព្រែកតាកូវដើម្បីទុកអភិវឌ្ឍន៍សាលានាពេលខាងមុខផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ដែរនោះនៅក្នុងព្រឹត្តិការណ៍នេះ ក៏មានការដាំដើមឈើចំនួន១២០ដើម នៅក្នុងសាលា ក្រោមពាក្យស្លោកថាមនុស្សម្នាក់ដើមឈើមួយដើមដើម្បីបរិស្ថានដែលទទួលបានការកោតសរសើរពីលោកគ្រូអ្នកគ្រូនិងអាណាព្យាបាលរបស់សិស្សនៅសាលាបឋមសិក្សាហ៊ុន សែន ព្រែកតាកូវ ចំពោះសកម្មភាពមួយនេះខណៈដែលកម្មវិធីនេះគ្រោងធ្វើជារៀងរាល់ឆ្នាំដើម្បីបរិស្ថាន ការងារសង្គម សុខភាព និងទំនាក់ទង។

ឯកឧត្តមថៃ ផានី និងលោកជំទាវហ៊ុន ចាន់ថុល ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះថែមទាំងបានជិះកង់ ជាមួយនិងការបរិច្ចាគនូវថវិការផ្ទាល់ខ្លួនមួយចំនួនចូលរួមនិងចែកជូនដល់សិស្សានុសិស្សមួយចំនួនផងបានថ្លែងឲ្យដឹងថា ឯកឧត្តមពិតជាសប្បាយរីករាយយ៉ាងក្រៃលែងដែលបានចូលរួមក្នុងយុទ្ធនាការនេះហើយលោកក៏អរគុណចំពោះសណ្ឋាគារឡឺម៉ុងដែលបានបង្កើតកម្មវិធីនេះឡើងដើម្បីជាកម្លាំងសាមគ្គីគ្នាចេះជួយគ្នាជាពិសេសដើម្បីបរិស្ថានទៀតគឺលោកពេញចិត្តនិងត្រៀមខ្លួនសម្រាប់ចូលរួមនៅឱកាសក្រោយៗទៀត។មិនត្រឹមតែប៉ុណ្ណោះឯកឧត្តមនិងលោកជំទាវក៏បានប្រកាសជួយដល់សិស្សានុសិស្សនៅសាបឋមសិក្សាហ៊ុន សែន ព្រែកតាកូវ ដែលជួបជីវភាពក្រីក្រ  ខ្វះខាត ទីទាល់គ្មានសម្ភារៈសិក្សាគឺលោកនឹងជួយទៅតាមលទ្ធភាពដែលមាន។មិនត្រឹមតែប៉ុណ្ណោះក៏មានរង្វាន់លើកទឹកចិត្តដល់សិស្សពូកែនៅសាលាបឋមសិក្សានេះផងដែរដែលធ្វើឲ្យលោកនាយកសាលានិងលោកគ្រូអ្នកគ្រូសប្បាយចិត្តយ៉ាងក្រៃលែង។

ក្រៅពីចែកសម្ភារៈសិក្សា នំចំណី និងមានក្រុមគ្រូពេទ្យពិនិត្យសុខភាពមាត់ធ្មេញដល់សិស្សានុសិស្សជាង១០០នាក់ រួមទាំងចែកនូវថវិការមួយចំនួនដល់សិស្សានុសិស្សផង ក៏មានរៀបអាហារសាមគ្គីមួយពេលជុំគ្នា នៅក្នុងយុទ្ធនាការនោះផងដែរដែលបង្កើតនូវភាពសប្បាយរីករាយនិងចំណងមិត្តយ៉ាងស្អិតល្មួត៕

facebook