facebook
facebook

នាយករដ្ឋមន្ត្រី ឧបត្ថម្ភកីឡាករខ្មែរទៅស៊ីហ្គេម ម្នាក់៥០០ដុល្លារ

​ សំដារ៉ូ​​ | ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០១៧​ | កីឡាជាតិព័ត៌៌មានជាតិ | 142 | 0 | ម៉ោង 1:16 am សម្តេចហ៊ុន សែន ប្រគល់ប្រាក់ឧបត្ថម្ភកីឡាករជូនលោកវ៉ាត់ ចំរើន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាល និងឧបត្ថម្ភកីឡាករ កីឡាការិនីខ្មែរ និងគ្រូបង្វឹក ចំនួន ២៧៤នាក់ ដែលត្រូវចេញទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម (SEA Games) នៅប្រទេសម៉ាឡេស៊ី ក្នុងម្នាក់ៗទទួលបាន ៥០០ដុល្លារអាមេរិក។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយប្រតិភូកីឡាករ កីឡាការិនី រួមទាំងគ្រូបង្វឹកសរុបចំនួន ២៧៤នាក់ មុននឹងចេញទៅចូលរួមប្រកួតកីឡា SEA Games លើកទី២៩ នៅប្រទេសម៉ាឡេស៊ី (Malaysia)។

សម្តេចហ៊ុន សែន បានកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលបានខិតខំហ្វឹកហ្វឺនដល់កីឡាករទាំងអស់ទទួលបានជ័យជម្នះជាបន្តបន្ទាប់។ បច្ចុប្បន្នប្រទេសជាតិយើង ជាពិសេសនៅតាម សាលារៀន គឺមានទីធ្លាហាត់កីឡា និងសម្ភារៈ សម្រាប់ក្មួយៗសិស្សានុសិស្សហ្វឹកហាត់ ទាំងនៅក្នុងទីក្រុង និងតាមជនបទ។ ជានិច្ចកាល សម្តេចនាយករដ្ឋមន្ត្រីតែងតែជួយជំរុញលើកទឹកចិត្តលើវិស័យកីឡាជាបន្តបន្ទាប់ ដូចជាតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាតាមសាលារៀនជាដើម។

សម្តេចហ៊ុន សែន បានកោតសរសើរ និងអបអរសាទរចំពោះកីឡាករ កីឡាការិនីទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងប្រកួតប្រជែងក្នុងកម្រិតអន្តរជាតិ ដែលទទួលបាននូវមេដាយជាច្រើនសម្រាប់ប្រទេសជាតិ។

ក្នុងឱកាសនៃការទៅចូលរួមប្រកួតកីឡា SEA Games នៅម៉ាឡេស៊ី ខាងមុខ សម្តេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ ខិតខំប្រឹងប្រែង ដើម្បីទទួលបានជ័យជម្នះបន្ថែមទៀត។ សម្តេចបានបញ្ជាក់ច្បាស់ណាស់ថា ជោគជ័យគឺមិនស្ថិតលើប្រទេសអ្នកមាន ឬប្រទេសអ្នកក្រ ប្រទេសធំ ឬតូចនោះ ឡើយ សំខាន់ស្ថិតនៅលើការតាំងចិត្តហ្វឹកហាត់ ជាពិសេស កីឡាករ កីឡាការិនីទាំងអស់ កុំចាញ់ច្រាបកីឡាករគេ ឬចាញ់ច្រាបប្រទេសគេឱ្យសោះ សំខាន់គឺសមត្ថភាព និងការតាំងចិត្តរបស់យើង។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ មុនទៅចូលរួមប្រកួតកីឡា SEA Games នៅម៉ាឡេស៊ី គឺទី១-ហាមប្រើប្រាស់ថ្នាំលើកថាមពលកម្លាំង ឬសារធាតុញៀនដាច់ខាត។ ទី២- ត្រូវគោរពបទបញ្ជា និងវិន័យកីឡានីមួយៗឱ្យបានត្រឹមត្រូវក្នុងពេលប្រកួត។

មុននឹងបញ្ចប់ការសំណេះសំណាល សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញឱ្យកីឡាករ កីឡាការិនីទាំងអស់បានដឹងពីការខិតខំថែរក្សាសន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិរីកចម្រើន អាជីវករ ពាណិជ្ជករ មានឱកាសប្រកបរបរទទួលទាន ដោយគ្មានការភ័យខ្លាច ហើយជាពិសេស យុវជន យុវនារី ដែលជាកីឡាករទាំងអស់ មានឱកាសបានហ្វឹកហាត់កីឡា និងបានទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិ ជាពិសេស កីឡាស៊ីហ្គេម នៅ ប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧នេះ ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកចំនួន ២៧៤នាក់ ក្នុងម្នាក់ៗទទួលបាន ៥០០ដុល្លារអាមេរិក ព្រមទាំងបានជូនពរកីឡាករ កីឡារិនីទាំងអស់ ទទួល បានជោគជ័យក្នុងការប្រកួត និងប្រកបដោយពុទ្ធពរទាំងបួនប្រការ៕

ខៀវទុំ

facebook