facebook
facebook

យ៉ែម ដណ្តើមប្រុសស្នេហ៍មិត្តរួមអាជីព

​ សោម សុភា​​ | ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧​ | តារាបរទេស | 247 | 0 | ម៉ោង 3:38 am

យ៉ែម មធិរ៉ា តាន់ទិប្រៈស៊ុត ឬនាងយេន ក្នុងរឿង“ទឹកភ្នែកនាងទាសី” នៃស្ថានីយទូរទស្សន៍ PNN គឺជាតារាឯកស្រី ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតនាពេលនេះ ដែលនាំឱ្យបណ្តាញសារព័ត៌មានថៃ ឆ្កឹះកកាយលាតត្រដាងរឿងរ៉ាវជីវិតរបស់នាងទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន ។

យ៉ែម មធិរ៉ា តាន់ទីស៊ុត មានឈ្មោះដើមថា ធិឆា តាន់ទិប្រៈស៊ុត ជាតារាសម្តែងជនជាតិថៃ សញ្ជាតិអូស្ត្រាលី កើតនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៩៦ ប្រទេសអូស្ត្រាលី។ បច្ចុប្បន្ននាងសិក្សាថ្នាក់បរិញ្ញានៅមហាវិទ្យាល័យ ធម្មសាស្ត្រ ប្រទេសថៃ។

ក្រោយត្រឡប់មករស់នៅប្រទេសថៃ ម្តាយរបស់នាងបាននាំនាងទៅធ្វើតេស្តជាតារាសម្តែងក្នុងឆ្នាំ២០១២ ហើយបានក្លាយជាតារាឯកដំបូងក្នុងរឿងបុរាណ “ជ័យជេដ្ឋ”។

យ៉ែម និង សុន

សម្រាប់រឿង“ទឹកភ្នែកនាងទាសី” នាងសម្តែងរួមគ្នាជាមួយតួឯកប្រុស ប៉ ណ័ដ្ឋវឍិ ហើយត្រូវប្រឈមថ្វីដៃជាមួយតួស្រីធំៗជាច្រើនដូចជា វុនសេន, យ៉ាតធិប និង យ៉ូហ្គើត ទ្វីវ៉ាន់។
ក្រោយពេលក្លាយជាតារាល្បី នាងក៏ត្រូវគេជីកកកាយសរសេរនូវរឿងរ៉ាវអាស្រូវស្នេហាជាមួយបុរសជាច្រើន។

យ៉ែម ក្នុងរឿង “ទឹកភ្នែកនាងទាសី”

១.ព័ត៌មានស្នេហាជាមួយ សាន្នី សុវណ្ណមេថានន្ន ៖

ព័ត៌មានស្នេហាលើកដំបូងរបស់នាងចាប់ផ្តើមឡើងជាមួយតារាឯកប្រុស សាន្នី សុវណ្ណមេថានន្ន ដែលល្បីល្បាញខ្លាំង ចេញពីភាពយន្តរឿង I Fine, Thank you, Love You។ គេថា អ្នកទាំងពីរបង្កាត់ភ្លើងស្នេហ៍ក្តៅគគុក និងលបលួចដើរលេងជាមួយគ្នាជាប្រចាំ។ ក្រោយព័ត៌មាននេះ ធ្វើឱ្យកក្រើកមួយរយៈមក យ៉ែម មធិរ៉ា និងសាន្នី ចេញមកបដិសេធចំណងស្នេហាក្តៅរោល ដោយប្រាប់ថា ពួកគេគ្រាន់តែជាអ្នកស្គាល់គ្នា និងមានទំនាក់ទំនងត្រឹមបងនិងប្អូនប៉ុណ្ណោះ។

សាន្នី

២.លបលួចលេងល្បែងស្នេហ៍ជាមួយ សុន យុគ ៖

គេថា នាងជាស្ត្រីមានមន្តស្នេហ៍រោលរាល បុរសណាបាននៅក្បែរ ប្រាកដជាមិនអាចទ្រាំទ្រនឹងអានុភាពស្នេហារបស់នាងបានឡើយ។ លោក សុន យុគ តារាឯករូបសង្ហាក៏មិនអាចគេចផុតពីសច្ចធម៌នេះបានឡើយ។ អ្នកទាំងពីរមានឱកាសសម្តែងរឿងរួមគ្នា ហើយមន្តស្នេហ៍របស់ យ៉ែម ក៏បានធ្វើឱ្យបេះដូង កំលោះ សុន យុគ ទន់ជ្រាយ ក្លាយជាភ្លើងស្នេហាឆាបឆេះពេញឱរា។ អ្នកទាំងពីរឧស្សាហ៍បង្ហោះរូបគូស្នេហ៍នៅក្នុងអ៊ីនស្តាក្រាមជាប្រចាំ ធ្វើឱ្យពាក្យចចាមអារ៉ាមលបលួចលេង ល្បែងស្នេហារបស់អ្នកទាំងពីរកាន់តែលាន់ឮ។ ក្រោយមកពួកគេក៏បណ្តើរគ្នាចេញមុខតាមពិធីនានាទៀតផង។ តែអ្នកទាំងពីរក៏ផ្តល់ការសម្ភាសន៍ថា ពួកគេគ្រាន់តែជាបងប្អូន ហើយការទៅដើរលេងជាមួយគ្នាញឹកញាប់ ក៏មកពីពួកគេបរិសុទ្ធចិត្ត គ្មានអ្វីលាក់បាំងទេ។

៣.បដិសេធលួចទាក់ទងអ្នកប្រកាសព័ត៌មានល្បី ៖

នៅសុខៗស្រាប់តែនាង យ៉ែម មធិរ៉ា ត្រូវគេទាញភ្ជាប់ទៅក្នុងការលេងល្បែងសហាយស្មន់ជាមួយអ្នកប្រកាសព័ត៌មានតាមទូរទស្សន៍ដែលមានប្រពន្ធកូនរួចទៅហើយ។ សាមីខ្លួន បានចេញមកបដិសេធដាច់អហង្ការថា ខ្លួនពុំមែនជាស្ត្រីដែលលេងល្បែងសហាយស្មន់រហូតដល់មានគេទម្លាយភ័ស្តុតាងការសន្ទនាតាម Line នោះទេ ហើយខ្លួនក៏មិនបានស្គាល់បុរសម្នាក់នោះដែរ។

៤.ដណ្តើមប្រុសស្នេហ៍មិត្តរួមអាជីព ៖

ទុកឱ្យពាក្យចចាមអារ៉ាមស្នេហាញាំញីម្តងហើយម្តងទៀត ទីបំផុត យ៉ែម មធិរ៉ា ក៏បានបង្ហាញប្រុសស្នេហ៍ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមកន្លងមក។ ប្រុសស្នេហ៍នាងមិនធម្មតា រូបរាងក៏ស្រស់សង្ហា ហើយថែមទាំងស្តុកស្តម្ភ មានប្រភពមកពីសង្គមអភិជនទៀតផង។ ទោះជានាងប្រកាសបើកចំហស្នេហារ៉ូមែនទិកជាមួយអភិជន បស់ ប៉ុន្តែក៏នៅតែមានពាក្យខ្សឹបខ្សៀវថា នាងដណ្តើមបុរសអ្នកមាន នេះពីមិត្តរួមអាជីព គឺតារាឯកស្រី មីន ភីឆៈយ៉ា។

នាងមិនខ្វល់ពីពាក្យខ្សឹបខ្សៀវទាំងនោះទេ ហើយបន្តផ្អែមល្ហែមជាមួយប្រុសស្នេហ៍តាមទីកន្លែងផ្សេងៗ។ សូម្បីតែនៅប្រទេសជប៉ុន ក៏ពួកគេធ្លាប់ទៅកម្សាន្តតែពីរនាក់តទល់រួចមកហើយ ដោយចាស់ទុំទាំងសងខាង ក៏មិនបានហាមឃាត់ពួកគេដែរ។

នាងពិតជាមានមន្តស្នេហ៍ខ្លាំងក្លា ដូចពាក្យលេចឮមែន ព្រោះសូម្បីតែអភិជន បស់ ដែលមានសង្សារស្អាតដូចជា មីន ភីឆៈយ៉ា ក៏ត្រូវងាករេមករក យ៉ែម ដែរ៕​

facebook