facebook
facebook

ល្បីថាឈុតអាពាហ៍ពិពាហ៍របស់ ម៉ារគី មួយឈុត៣០ម៉ឺនដុល្លារ!!!

​ សោម សុភា​​ | ថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧​ | តារាបរទេស | 189 | 0 | ម៉ោង 3:03 am

ដំណឹង ម៉ារគី រ៉ាស៊ី បាលេនស៊ិអេកា រៀបការឆាប់ៗជាមួយសង្សារ ប៉ក ផាត់សៈរៈកន ជិរ៉ាធិវ៉ាត់ ហាក់មិនសូវទាក់ទាញចំណាប់អារម្មណ៍ជាងឈុតអាពាហ៍ពិពាហ៍ដែលគេល្បីថា មានតម្លៃ ១០លានបាតនោះឡើយ ។

តើអាពាហ៍ពិពាហ៍ដែលបម្រុងនឹងកើតមាននេះ ម៉ារគី ពិតជាចំណាយប្រាក់១០លានបាត ឬប្រមាណ៣០ម៉ឺនដុល្លារ សម្រាប់ឈុតអាពាហ៍ពិពាហ៍មួយឈុតមែនឬ? សូមជួបជាមួយសាមីខ្លួនតែម្តងទៅ។

+មានដំណឹងថា ឈុតអាពាហ៍ពិពាហ៍មានតម្លៃដល់ទៅ១០លានបាត តើពិតឬទេ?

-ម៉ារគី ៖ អត់ទេចា៎! ការពិតតម្លៃមិនសំខាន់ឡើយ។ យើងក៏មើលទៅតាមអ្វីដែលយើងចូលចិត្ត និងគិតថា សមស្រប។ វាស្ថិតក្នុងកម្រិតមួយ តែមិនដល់ថ្នាក់នោះទេចា៎! ពេលមានព័ត៌មាន ដូច្នោះ ខ្ញុំក៏ភ្ញាក់ផ្អើលដែរ ព្រោះទាំងខ្ញុំនិងបង ប៉ក ពុំធ្លាប់និយាយពីរឿងតម្លៃឡើយ។ សំខាន់ខ្ញុំទើបតែបានមួយឈុតប៉ុណ្ណោះ។ ដូច្នោះ តម្លៃមិនទាន់ចេញមកពិតប្រាកដទេ ហើយរូបខ្ញុំក៏នៅ តែមិនទាន់ដឹងតម្លៃទៀតផង។ មួយឈុតតម្លៃ១០លានបាត ដូចជាមិនអាចទៅរួចទេ។ ការពិត ឈុតនេះតម្លៃប៉ុន្មាន ក៏មិនសំខាន់ ព្រោះជារឿងផ្ទាល់ខ្លួន។

+ត្រូវជ្រើសរើសប៉ុន្មានឈុតទៀត?

-នៅសល់ឈុតភ្ជាប់ពាក្យ និងថ្លែងព័ត៌មាន។ ពេលនេះ ទើបតែបានមួយឈុតប៉ុណ្ណោះ គឺ ឈុតកាត់នំ។

+ស្កឹមស្កៃប៉ុនណាទៅ?
-ចំណូលចិត្តមនុស្សមិនដូចគ្នាទេ។ អ្នកខ្លះចូលចិត្តសំពីងសំពោង ឬប៉ាក់ច្រើន តែសម្រាប់ខ្ញុំយ៉ាងម៉េចក៏បាន។ ខ្ញុំចង់ឱ្យចាំអ៊ុតមើល នៅថ្ងៃរៀបចំពិធីតែម្តងទៅ។ ចង់ឱ្យមានការពញ្ញាក់អារម្មណ៍បន្តិច ព្រោះយើងគិតច្រើន នឹងឈឺក្បាល ដោយសាររឿងឈុតនេះយូរមកហើយ។ ដូច្នោះ ចង់ទុកពញ្ញាក់អារម្មណ៍សិន។

+ជារបស់យីហោ (Brand) អ្វីដែរ?

-អត់ប្រាប់ទេ ខ្លាចនាំគ្នាទៅស្រាវជ្រាវបែកការណ៍អស់។ ខ្ញុំគ្រាន់តែប្រាប់ថា ជា Brand របស់ថៃ ព្រោះយើងជាជនជាតិថៃ ត្រូវតែគាំទ្ររបស់ថៃ។

+ពេលនេះឈានដល់ណាហើយ?

-ពេលនេះរកបានក្រុមការងារហើយ តែមិនទាន់ប្រាប់ថា ជាក្រុមការងារណាទេ។

+ចាស់ទុំទាំងសងខាង រំភើបណាស់មែនទេ?

-ចា៎! រំភើប! ភាគច្រើនគឺលោកប៉ាបង ប៉ក ដែលរំភើបជាងគេ។ គាត់ដើរមើលទីកន្លែងដោយខ្លួនឯង ព្រោះយើងរៀបចំនៅខន់វេនស្ហិនហល ហើយអ្នកដែលស្គាល់កន្លែងច្បាស់ជាងគេគឺ ប៉ាបង ប៉ក។ ដូច្នោះ គាត់ក៏រៀបចំគម្រោងឱ្យទាំងអស់តែម្តងទៅ។

គួរបញ្ជាក់ថា ម៉ារគី និង ប៉ក នឹងរៀបការនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ ដោយ ប៉ក បានប្រគល់ចិញ្ចៀនបញ្ចាំចិត្តជាពេជ្រ ១,៤ការ៉ាត់ ដល់ ម៉ារគី រួចទៅហើយ។

រឿងដែល ម៉ារគី ធ្លាប់សម្តែងជាតួឯក មានរឿង “សុបិនបុស្បា” និងរឿងជាច្រើនទៀត ខណៈដែល ប៉ក ជាអ្នកធុរកិច្ចជាតារាចម្រៀងរ៉េប និងជាអ្នកសម្តែងផងដែរ។ ពិសេស ជាកូនអ្នកមានមួយរូបនៅថៃ ដោយឪពុកគេមានសណ្ឋាគារជាច្រើន និងម្តាយគេជាអតីតបវរកញ្ញាចក្រវាល ហើយបច្ចុប្បន្នជាប្រធានប្រតិបត្តិនៃក្រុមហ៊ុនបោះពុម្ពមួយ៕

facebook