facebook
facebook

កម្ពុជា​ឈ្នះ​ថៃ​ ទទួល​បាន​​មេដាយ​មាស​កីឡា​ប៉េ​តង់​ នៅ​ស៊ី​ហ្គេម​

​ Muny Rith​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧​ | កីឡាជាតិ | 70 | 0 | ម៉ោង 1:44 am

ប្រទេសម៉ាឡេស៊ី ៖ កីឡាការិនីកម្ពុជា ដែលជាម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោក​បានទទួលមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីប្រកួតឈ្នះក្រុមកីឡាការិនីថៃ ក្នុងវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាប៉េតង់ជាគូ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។

កីឡាការិនី កែ ឡេង និងអ៊ុក ស្រីមុំ បានទទួលមេដាយមាស ដែលជាម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោករបស់កម្ពុជា បាននាំមកនូវកិត្តិយសជូនប្រទេសជាតិជាថ្មីម្តងទៀត ដោយបានទទួលមេដាយមាស បន្ទាប់ពីប្រកួតឈ្នះក្រុមកីឡាការិនីថៃ ក្នុងវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាប៉េតង់ជាគូ ដោយលទ្ធផល ១៣-១០ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

កីឡាការិនី កែ ឡេង

គួរបញ្ជាក់ដែរថា មុនពេលឡើងមកប្រកួតយកឈ្នះក្រុមកីឡាការិនីថៃ នៅវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាប៉េតង់ជាគូនេះ ក្រុមកីឡាការិនីកម្ពុជា កែ ឡេង និងអ៊ុក ស្រីមុំ ប្រកួតយកឈ្នះក្រុមកីឡាការិនីវៀតណាម ដោយលទ្ធផល ១៣-១០ ផងដែរ។

នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជននិងកីឡា បានសរសេរថា «សូមចូលរួមអបអរសាទរដែលទង់ជាតិកម្ពុជា ត្រូវបានបង្ហូតដោយកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ បានទទួលមេដាយមាស បន្ទាប់ពីប្រកួតយកឈ្នះក្រុមកីឡាការិនីនៃព្រះរាជាណាចក្រថៃ វគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាប៉េតង់ជាគូ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី២៩ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី។

ជ័យលាភីនេះ គឺជាមោទនភាពជាតិថ្មីមួយទៀត និងនាំមកនូវកិត្តិយសជូនប្រទេសជាតិ ដែលកីឡាករ កីឡាការិនីកម្ពុជាយើង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយនិងចិត្ត ដណ្ដើមយកជ័យជម្នះក្នុងព្រឹត្តិការណ៍ខាងលើ»។

កីឡាការិនី អ៊ុក ស្រីមុំ

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក៏បានអបអរសាទរ ដល់កីឡាការិនីកម្ពុជា ដែលបានទទួលមេដាយ មាសកីឡាប៉េតង់ ស៊ីហ្គេម លើកទី២៩ នៅ ប្រទេសម៉ាឡេស៊ីនេះផងដែរ។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័រ ហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅល្ងាចថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៧ ថា “ខ្ញុំសូមអបអរ សាទរដល់កីឡាការិនី កែ ឡេង និងអ៊ុក ស្រីមុំ ដែលទើបបានទទួលមេដាយមាស(Gold Medal) បន្ទាប់ពីការប្រកួតឈ្នះលើក្រុមកីឡាការិនី ប្រទេសថៃ ក្នុងវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាប៉េតង់ ជាគូ ក្នុងការប្រកួតកីឡាស៊ីហ្គេម (Sea Games) លើកទី២៩ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេស ម៉ាឡេស៊ី។

នេះជាមោទនភាពជាតិយើងទាំងមូល ហើយខ្ញុំក៏សូមជូនពរដល់កីឡាករ កីឡាការិនី ក្នុងផ្នែកវិញ្ញាសាដទៃទៀត ទទួលបានជោគជ័យ ដូចគ្នា នៅក្នុងការប្រកួត Sea Games នៅ ប្រទេសម៉ាឡេស៊ី”។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ក្រុមកីឡាករ កីឡាការិនីកម្ពុជា បានទទួលនូវមេដាយចំនួន០៦ ក្នុងនោះមេដាយមាស ០១ និងមេដាយសំរឹទ្ធ ចំនួន០៥ ហើយបានឡើងទៅឈរនៅលេខរៀងទី៨ ពីលើប្រទេស​ប៊្រុយណេ ឡាវ និងទីម័រឡេស្ត ខណប្រទេសម៉ាឡេសីុ ជាម្ចាស់ផ្ទះ ជាប់លេខរៀងទី១ ទទួលមេដាយសរុប ១៣៨ (មេដាយមាស៥៩ មេដាយប្រាក់៤៤ និងមេដាយសំរឹទ្ធ៣៥)៕

តារាងមេដាយ៖

facebook