facebook
facebook

យុវជន៣នាក់បើកម៉ូតូលឿនឡើងស្ពានអាកាសស្ទឹងមានជ័យ មិនបន្ថយល្បឿន ជ្រុលទៅបុកខឿន ហោះផ្លោងអ្នកជិះខាងក្រោយបុកបង្គោលភ្លើងបាក់កស្លាប់

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ | ព័ត៌៌មានជាតិសន្ដិសុខសង្គម | 26 | 0 | ម៉ោង 2:54 am

ភ្នំពេញ ៖ យុវជន​បីនាក់​​ជិះម៉ូតូ​ចុះ​ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ ​លឿនពេកដល់ផ្លូវកោងមិនបន្ថយល្បឿន​​ ជ្រុលទៅបុក​ខឿន​ចិញ្ចើម​ផ្លូវ​បណ្តាល​ឲ្យ​អ្នក​អង្គុយ​ខាងក្រោយ ម្នាក់​ហោះ​ផ្លោង​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ បាក់​ក​ស្លាប់​ម្នាក់​ និង​រងរបួស​ធ្ងន់​២នាក់​ ហេតុការណ៍​នេះ​បានកើតឡើង​នៅ​វេលាម៉ោង១​២និង​១០​រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១៧​ ចំណុច​ចុង​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ ត្រើយខាងជើង​ ផ្លូវ​២៧១​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ ។

​​សមត្ថកិច្ច​បានឲ្យដឹងថា​ សពជនរងគ្រោះមានឈ្មោះ​ សោង​ បុប្ផា​ ភេទប្រុស​ អាយុ១៨ឆ្នាំ ​មុខរបរសិស្ស​ មានស្រុកកំណើតនៅ​ ភូមិឡាំដាំ​ ស្រុកកោះ​ក្រពិ​ ខេត្តកោះកុង​ ។

​តាម​ប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ យុវជន​បីនាក់​ មិនដឹង​ថា​ មានគោល​បំណង​ទៅណានោះទេ​ គឺបាន​ជិះម៉ូតូ​ម៉ាក​ ZOOMER X ពណ៌ខ្មៅ​ បិតស្កុតពណ៌ស​ ពាក់ស្លាកលេខ​តាកែវ​ 1N-9537 ​បានធ្វើដំណើរតាមផ្លូវ​២៧១​ ក្នុងទិសដៅ​ពី​ត្បូងទៅជើង​  ឆ្លង​កាត់​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ ក្នុង​ល្បឿនលឿន​ លុះ​ពេល​ចុះ​ពី​លើ​ស្ពាន​វិញ​ ដែល​ជា​កន្លែង​ផ្លូវ​កោង​ ហើយ​អ្នកបើក​ម៉ូតូ​មិន​បាន​បន្ថយ​ល្បឿន​ម៉ូតូ​នោះ​ទេ​ ធ្វើ​ឲ្យ​ម៉ូតូ​ជ្រុលទៅបុក​នឹងខឿនចិញ្ចើម​ផ្លូវ​ពេញទំហឹង​ បណ្តាល​ឲ្យ​អ្នក​អង្គុយ​ខាងក្រោយ​ហោះ​ផ្លោង​ទៅ​បុក​​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ បោកក្បាល​បាក់ក​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ចំណែក​អ្នក​បើក​ម៉ូតូ​រងរបួស​ស្រាល​ បានគេច​ខ្លួន​បាត់​ រីឯ​អ្នក​អង្គុយ​កណ្ដាល​រងរបួស​បាក់​ភ្លៅខាង​ឆ្វេង​ រងរបួសធ្ងន់​ ត្រូវបាន​រថយន្ត​សង្គ្រោះ​បានមកដឹក​យកទៅ​សង្គ្រោះ​នៅ​គ្លីនិក​ហុង​ហាក់​។ ដោយ​ឡែក​ម៉ូតូ​វិញរងការ​ខូចខាត​ ក្រឡិត​ថ្នាំ​ប​ន្តិច​បន្តួចតែប៉ុណ្ណោះ​ ។

​​បើតាមសម្តី​របស់​មិត្តភក្តិដែលស្គាល់​ជនរងគ្រោះវិញ​ បានឲ្យដឹងថា​ ជនរងគ្រោះ​ទើបតែ​ចេញ​មក​ពី​​កម្មវីធី​ខួបកំណើត​នៅ​កោះពេជ្រ​ ដោយបានខ្ចីម៉ូតូ​របស់​មិត្តភក្តិគេម្នាក់ទៀត​ រួចហើយ​គោល​បំណង​ដើរ​លេង​បន្តទៀត​ តែមិននឹក​ស្មានថា​ ជួបរឿងបែបនេះសោះ​។

​​ក្រោយ​ពេល​កើតហេតុ​ ឃើញមាន​សមត្ថកិច្ច​ជំនាញ​ និងមូលដ្ឋាន​បានទៅ​ដល់កន្លែង​កើតហេតុ​  រួចហើយ​បានធ្វើ​កំណត់ហេតុ​ឲ្យរថយន្ត​ដឹកសព​ជនរងគ្រោះ​ទៅតម្កល់ទុក​នៅ​វត្តទឹកថ្លា​ ដើម្បី​ស្វែងរក​សាច់​ញាតិ​មកទទួលយក​ទៅ​ធ្វើបុណ្យតាមប្រពៃណី​ ។

ចំណែក​ម៉ូតូរបស់​ជនរងគ្រោះ​វិញ​ ត្រូវ​បាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាខណ្ឌ​មានជ័យ​ ដើម្បី​ប្រគល់​អោយ​សាច់ញាតិរបស់​ជនរងគ្រោះវិញ​ ៕

facebook