facebook
facebook

ផ្ទុះ​អាវុធ​នៅ​ភូមា​ ៧ថ្ងៃ​ ស្លាប់​៤០០​នាក់​ ភៀស​ខ្លួន​៥មឺុន​នាក់​

​ Muny Rith​​ | ថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០១៧​ | ព័ត៌មានអន្តរជាតិ | 52 | 0 | ម៉ោង 9:18 am

ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា បានភៀសខ្លួនគេចចេញពីការប្រយុទ្ធគ្នាពីរដ្ឋរ៉ាក់ឃីន ទៅកាន់ប្រទេសបង់ក្លាដេស ដល់ទៅ៥ម៉ឺននាក់ បន្ទាប់ពីក្រុមប្រដាប់អាវុធរ៉ូហ៊ីងយ៉ា ប៉ះទង្គិចជាមួយកងកម្លាំងយោធារបស់ភូមា យ៉ាងខ្លាំងក្លា១សប្តាហ៍កន្លងមកនេះ តួលេខអ្នកស្លាប់ពីការបាញ់គ្នាកើនឡើងដល់ទៅ៤០០នាក់ហើយ។

កាលពីថ្ងៃទី១ ខែកញ្ញា កន្លងមកនេះ សារព័ត៌មានបរទេសបានរាយការណ៍ពីស្ថានការណ៍របស់ជនជាតិមូស្លីម រ៉ូហ៊ីងយ៉ា នៅរដ្ឋរ៉ាក់ឃីន បានរត់គេចពីការបាញ់គ្នារវាងកងកម្លាំងប្រដាប់អាវុធរ៉ូហ៊ីងយ៉ា ជាមួយនឹងកងកម្លាំងយោធាភូមា ដែលបានប៉ះទង្គិចគ្នាជាថ្មីកាលពីថ្ងៃទី២៥ ខែសីហា កន្លងមកនេះថា តាមរបាយការណ៍របស់សហប្រជាជាតិ បញ្ជាក់ថា ត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះមានជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា ភៀសខ្លួនពីរដ្ឋរ៉ាក់ឃីន ដល់ទៅជិត ៥ម៉ឺននាក់ ក្នុងចំនួននេះប្រមាណ២៧.០០០នាក់ បានភៀសខ្លួនចូលទៅក្នុងព្រំដែនរបស់ប្រទេសបង់ក្លាដេស និងជ្រកកោននៅក្នុងជំរំជនភៀសខ្លួននៅខូកស៍សាបា និងជនភៀសខ្លួនប្រមាណ២០.០០០នាក់ទៀតស្នាក់នៅបរិវេណជាយដែនរបស់ប្រទេសទាំង២ ដែលកំណត់ឱ្យជាតំបន់គ្មាន មនុស្សរស់នៅ ( No man’s Land)។

ទន្ទឹមនឹងនោះ កងទ័ពភូមា បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ សីហា ថាការផ្ទុះអាវុធប៉ះទង្គិចគ្នាយ៉ាងខ្លាំង រវាងក្រុមប្រដាប់អាវុធរ៉ូហ៊ីងយ៉ា និងកងកម្លាំងយោធាភូមានៅរដ្ឋរ៉ាក់ឃីន ភាគពាយ័ព្យរបស់ភូមា បណ្តាលឱ្យមានអ្នកស្លាប់ជិត៤០០នាក់ ក្នុងរយៈពេល១សប្តាហ៍ ដោយក្នុងចំនួនអ្នកស្លាប់នេះមានសមាជិកក្រុម ប្រដាប់អាវុធរ៉ូហ៊ីងយ៉ា ប្រមាណ៣៧០នាក់ យោធាភូមាស្លាប់១៣នាក់ មន្ត្រីរាជការ២នាក់ និងជនស៊ីវិលស្លាប់១៤នាក់។

ស៊ីអិនអិន (CNN) បានឱ្យដឹងថាសាកសពរបស់រ៉ូហ៊ីងយ៉ា២០នាក់ ត្រូវបានគេទាញឡើងពីទន្លេណាហ្វ បរិវេណជាយដែនរវាងភូមា និងបង់ក្លាដេស កាលពីថ្ងៃព្រហស្បតិ៍ កន្លងមក ខណៈជនជាតិរ៉ូហ៊ីងយ៉ា ចំនួនជាច្រើនកំពុង សម្រុកភៀសខ្លួនគេចចេញពីការបាញ់គ្នាទៅក្នុង ប្រទេសបង់ក្លាដេសដោយប្រធានក្រុមរក្សាព្រំដែនបង់ក្លាដេសនៅទីក្រុងថេកណាហ្វ បានថ្លែងទៅកាន់អ្នកសារព័ត៌មានស៊ីអិនអិនថា តាមការប៉ាន់ស្មានជនជាតិរ៉ូហ៊ីងយ៉ា ដែលស្លាប់បាត់ បង់ជីវិតទាំងនេះ ដោយសារលង់ទឹកបន្ទាប់ពីលិចទូក ខណៈភៀសខ្លួនឆ្លងមកបង់ក្លាដែស៕

facebook