facebook
facebook

ស្ទឹងស្លាគូ ជិតរលាយ

​ សំដារ៉ូ​​ | ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧​ | ព្រឹត្តិការណ៍សង្គម | 85 | 0 | ម៉ោង 3:17 am

ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងឈូក ឃុំ ពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បាន ខ្សឹបឱ្យឮតាម “នគរធំ” ថា ក្រុមឈ្មួញមូបខ្សាច់ កំពុងប្រើគ្រឿងចក្រកាយនិងបូមខ្សាច់ បំផ្លាញដីសន្តមាត់ស្ទឹងស្លាគូ ជារៀងរាល់យប់ថ្ងៃ ខណៈ មន្ត្រីជំនាញ សម្ងំស្ងៀមឈឹងបណ្តោយឱ្យក្រុមឈ្នួញបំផ្លាញធនធានធម្មជាតិតាមអំពើចិត្ត ហើយ ប្រសិនបើសកម្មភាពបែបនេះ មិនត្រូវបានទប់ស្កាត់ទេ ស្ទឹងស្លាគូ ច្បាស់ជារលាយមិនខាន។

ប្រជាពលរដ្ឋភូមិត្រពាំងឈូក បានខ្សឹបឱ្យឮថា ដីសន្តស្ទឹង ឬដីចំណីស្ទឹង ដែលក្រុម ឈ្មួញយកគ្រឿងចក្រមកកាយនេះ ជាកន្ទុយ ដីរបស់ប្រជាពលរដ្ឋ ដែលពួកគាត់បានកាន់កាប់ និងអាស្រ័យផល ជាយូរឆ្នាំណាស់មកហើយ ប៉ុន្តែ ថ្មីៗនេះមានឈ្មួញម្នាក់ ឈ្មោះហ៊ាសុខ ដែលជាមេឈ្មួញរកស៊ីកាយដីលក់ដ៏ធំប្រចាំតំបន់នេះ ដែលសូម្បីតែអាជ្ញាធរ ក៏មិនហ៊ានក្អកជាមួយនោះ កំពុងបង្កព្យុះភ្លៀងយ៉ាងអស់ដៃតែម្តង។

ប្រជាពលរដ្ឋបានខ្សឹបថា មេឈ្មួញឈ្មោះ ហ៊ាសុខ នេះ បានយករថយន្តដែលមានពាក់ ស្លាកលេខខេមរភូមិន្ទ ពណ៌ត្រីអ៊ី ដែលស្គាល់ថា ជារថយន្តរបស់កងវិស្វកម្មសាងសង់ផ្លូវ យកមក កាយ និងចាក់លុបប្រឡាយរបស់ប្រជាពលរដ្ឋ ដែលមានតាំងពីដូនតាមក ដើម្បីធ្វើជាផ្លូវងាយ ស្រួលក្នុងការដឹកជញ្ជូនអាចម៍ដី និងខ្សាច់ យក ទៅលក់ និងដាក់នៅក្នុងដេប៉ូរបស់ខ្លួន ហើយការដែលមេឈ្មួញ ហ៊ានយកគ្រឿងចក្រមកកាយ និងបូមខ្សាច់មាត់ស្ទឹងនេះ ដោយសារ តែមេឈ្មួញរូបនោះ បានយកលេសទិញដីពី ប្រជាពលរដ្ឋមួយចំនួន ដែលមានជីវភាពខ្វះខាត រួចក៏បន្តកាយនិងបូមយកដី និងខ្សាច់ពី ក្នុងស្ទឹង ជារៀងរាល់ថ្ងៃ មិនខ្វល់ថា ដីនោះជា ដីចំណីស្ទឹង ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ អីនោះទេ។ តាមពិតមេឈ្មួញ នោះដឹងច្បាស់ថា ខ្លួនកាយនិងបូមខ្សាច់របស់ រដ្ឋច្បាស់ណាស់ ព្រោះបានផ្តាំកូនចៅរបស់ខ្លួន ដែលនៅបញ្ជាគ្រឿងចក្រថា ប្រសិនបើមាន ម៉ូតូ ឬរថយន្តណាដែលចម្លែកចូលមក ត្រូវតែបើករថយន្ត និងគ្រឿងចក្រចេញជាបន្ទាន់ ចៀស វាងមានបញ្ហាដោយប្រការណាមួយ។

ប្រជាពលរដ្ឋបានខ្សឹបបន្តទៀតថា ការលួចកាយដីរដ្ឋ ពីសំណាក់មេឈ្មួញឈ្មោះហ៊ា សុខ នេះ គឺធ្វើឡើងយូរខែណាស់មកហើយ ឯមន្ត្រីជំនាញរ៉ែនិងថាមពល ឃើញចេញចូល នៅក្នុងការដ្ឋានមួយនេះដែរ តែមិនដឹងថា មាន អ្វីពាក់ពន្ធ័ជាមួយមេឈ្មួញម្នាក់នោះឡើយ ប៉ុន្តែ ពួកគាត់ជាប្រជាពលរដ្ឋសង្ស័យថា មន្ត្រីជំនាញ រ៉ែនិងថាមពល បានបើកភ្លើងខៀវឱ្យមេឈ្មួញ ម្នាក់នេះតែម្តង ទើបមេឈ្មួញថ្លើមធំ ហ៊ានបំផ្លាញធនធានរបស់រដ្ឋបែបនេះ។ ពួកគាត់ សង្ស័យថា មន្ត្រីជំនាញបណ្តែតបណ្តោយឱ្យក្រុម ឈ្មួញយកគ្រឿងចក្រ មកកាយយកដីខ្សាច់ បំផ្លាញធនធានរបស់រដ្ឋ និងថែមទាំងយករថយន្ត របស់កងវិស្វកម្មមកដឹក ដើម្បីបន្លាចប្រជាពលរដ្ឋ ទៀតផងបែបនេះ ទំនងជាមន្ត្រីជំនាញបានទទួល លាភសក្ការៈពីឈ្មួញនោះ ទើបចេះតែបិទភ្នែក ញ៉ុកត្រចៀក ធ្វើមិនដឹងមិនឮបែបនេះ។ ហេតុ នេះប្រជាពលរដ្ឋ សូមខ្សឹបឱ្យឮដល់រដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពល មេត្តាជួយពិនិត្យមើលករណី នេះ និងឱ្យជំនាញអធិការកិច្ចចុះពិនិត្យការដ្ឋានបូម និងកាយដីលួចលាក់ខាងលើនេះផង ព្រោះប្រសិន បើបណ្តែតបណ្តោយបែបនេះទៀត ស្ទឹងស្លាគូ ទាំងមូល នឹងត្រូវហិនហោចខ្ទេចខ្ទីក្រោមស្នាដៃ ឈ្មួញដែលរួមគំនិតគ្នា ជាមួយមន្ត្រីខិលខូចជាក់ជា មិនខាន…ពូកែណាស់ជំនាញខាងរកលុយ!។

ទោះជាយ៉ាងណា ជុំវិញការខ្សឹបរបស់ប្រជាពលរដ្ឋខាងលើនេះ “នគរធំ” មិនដឹងថា មាន ការពិតកម្រិតណានោះទេ ដោយសារមិនអាច ទាក់ទងសុំការបំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួល ការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

ខៀវទុំ

facebook