facebook
facebook

ក្រុង​ម៉ានីល​ ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ទឹក​ជំនន់​ ស្លាប់​យ៉ាង​តិច​២​នា​ក់​​

​ Muny Rith​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧​ | ព័ត៌មានអន្តរជាតិ | 73 | 0 | ម៉ោង 11:34 am

ឥទ្ធិពលខ្លាំងក្លារបស់ព្យុះឌីប្រេស៊ិន បង្កឱ្យកើតទឹកជំនន់ក្នុងទីក្រុងម៉ានីល របស់ប្រទេសហ៊្វីលីពីន និងតំបន់ក្បែរខាង ដោយមានរបាយការណ៍អ្នកស្លាប់បាត់បង់ជីវិតយ៉ាងតិច២នាក់។

ទីភ្នាក់ងារសារព័ត៌មានដែលរាយការណ៍ពីទីក្រុងម៉ានីល ប្រទេសហ៊្វីលីពីន កាលពីថ្ងៃទី១២ ខែកញ្ញា ថាភ្នាក់ងារការពារគ្រោះមហន្តរាយរបស់ហ៊្វីលីពីន បានរាយការណ៍កាលពីថ្ងៃអង្គារ ពាក់ព័ន្ធនឹងទឹកជំនន់ក្នុងទីក្រុងម៉ានីល និងខេត្តនៅជុំវិញក្នុងនោះរួមមានខេត្តឡាកូណា បរិវេណកោះលូសន ដែលជាផលពីឥទ្ធិពលរបស់ព្យុះភ្លៀងខ្លាំងក្នុងរយៈពេល២៤ម៉ោងកន្លងមក បណ្តាលឱ្យមានអ្នកបាត់បង់ជីវិតយ៉ាងតិច២នាក់ ដែលជាបងប្អូននឹងគ្នា ប៉ុន្តែនៅមានអ្នកបាត់ខ្លួន៥នាក់ទៀត។ ក្រៅពីនេះនៅមានរបាយការណ៍ថាផ្ទះសម្បែងច្រើនខ្នងដែលនៅបរិវេណមាត់ទន្លេទទួលការខូចខាតយ៉ាងខ្លាំងផងដែរ។

ចំណែកភ្នាក់ងារឧតុនិយមរបស់ហ៊្វីលីពីន បានរាយការណ៍ថា ស្ថានការណ៍ដែលកើតឡើងក្នុងទីក្រុងសេដ្ឋកិច្ចដ៏ធំនិងតំបន់ក្បែរខាងកើតពីឥទ្ធិពលរបស់ព្យុះឌីប្រេស៊ិនម៉ារីងកាលពីអំឡុងពេលព្រឹកថ្ងៃអង្គារតាមម៉ោងពេលក្នុងតំបន់ដោយ ល្បឿនលឿនបំផុត១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រូវព្យាករណ៍ថានឹងនៅបន្តកើតជាព្យុះផ្គររន្ទះគ្របដណ្តប់ទីក្រុងម៉ានីល១-២ថ្ងៃទៀត៕

facebook