facebook
facebook

ករណីបាត់ខ្សាច់លើកទី២ ក្រុមយុវជនកប់ខ្លួនក្នុងខ្សាច់ ផ្ញើសារជូនសម្តេចហ៊ុន សែន ស្នើលោកស៊ុយ សែម លាលែងតំណែង

​ សំដារ៉ូ​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ | ព័ត៌៌មានជាតិព្រឹត្តិការណ៍សង្គម | 109 | 0 | ម៉ោង 2:54 am

ភ្នំពេញ ៖ ក្រុមយុវជន នៃចលនាមាតាធម្មជាតិ បានកប់ខ្លួនក្នុងខ្សាច់ ផ្ញើសារទៅសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ករណីបាត់ខ្សាច់លើកទី២ និងស្នើឱ្យ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ចុះចេញពីតំណែង បើដោះស្រាយបញ្ហានេះមិនបាន។

ការផ្ញើសារ ទៅប្រមុខរដ្ឋាភិបាលកម្ពុជា និងស្នើឱ្យរដ្ឋមន្ត្រី ក្រសួងរ៉ែនិងថាមពល ចុះចេញពីតំណែង របស់ក្រុមយុវជនចលនាមាតា ធម្មជាតិនៅពេលនេះ បានធ្វើឡើង បន្ទាប់ពីពួកគេអះអាងថា បានរកឃើញភាពមិនប្រក្រតី នៃការនាំចេញខ្សាច់ មួយករណីថ្មីទៀត គឺជាភាពមិនស៊ីគ្នានៃទិន្នន័យ នាំចេញខ្សាច់ពីកម្ពុជា ទៅកោះតៃវ៉ាន់ ចំនួនជាង១លានតោន ដែលគិតជាទឹកប្រាក់ ជាង៣០លានដុល្លារអាមេរិក។ បានន័យថា នេះជាករណីទី២ បន្ទាប់ពីករណី ទី១ រឿងបាត់ទឹកប្រាក់ជាង៧០០លានដុល្លារអាមេរិក ពីការនាំចេញខ្សាច់ទៅសិង្ហបុរី និង ឥណ្ឌា។ ដូច្នេះសកម្មជនបរិស្ថានទាំងនោះ ទាមទារ ឱ្យមានការស៊ើបអង្កេត ករណីនេះ ឱ្យបានច្បាស់លាស់។

យោងតាមទិន្នន័យពីរដ្ឋបាលគយ នៃក្រសួងហិរញ្ញវត្ថុតៃវ៉ាន់ ដែលក្រុមយុវជនទាំងនោះទទួលបាន បង្ហាញថា តៃវ៉ាន់ បានទិញខ្សាច់ ស៊ីលីកា ពីកម្ពុជា ចំនួនជាង១លាន ៥សែនតោន (១ ៥៣៣ ៨៥៥តោន) គិតជាទឹកប្រាក់ជាង ៣២លានដុល្លារអាមេរិក (៣២ ២៧២ ០០០ ដុល្លារ) ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦។ ក៏ប៉ុន្តែទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បង្ហាញថា កម្ពុជានាំចេញខ្សាច់គ្រប់ប្រភេទទៅកោះ តៃវ៉ាន់ ជាង២ម៉ឺន ៨ពាន់តោន (២៨ ៩០០ តោន) ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ ហើយ ក្នុងនោះខ្សាច់ប្រភេទស៊ីលីកា មានជិត៥ពាន់ តោន (៤ ៩០០តោន) គិតជាទឹកប្រាក់ ជាង៥ ម៉ឺនដុល្លារអាមេរិក (៥៥ ២០៧ដុល្លារ)។ ទិន្ន- ន័យដដែលនេះបង្ហាញថា ខ្សាច់ស៊ីលីកា ជិត៥ពាន់តោននោះ ទើបតែត្រូវបាននាំចេញទៅកោះ តៃវ៉ាន់ នៅឆ្នាំ២០១៦ ប៉ុណ្ណោះ។

តាមរយៈវីដេអូបង្ហាញពីសកម្មភាពកប់ខ្លួន ក្នុងខ្សាច់ បង្ហោះក្នុងគណនីហ្វេសប៊ុក “Mother Nature Cambodia” នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមយុវជនចលនាមាតាធម្មជាតិ បានសរសេរថា “ខ្សាច់ដែលនាំចេញទៅប្រទេស តៃវ៉ាន់ បានបាត់ស្ទើរតែទាំងស្រុង ហើយក៏មិនខុសពីករណី ដែលបាត់ខ្សាច់ជាង៧០០លានដុល្លារ កាលពីមុនផងដែរ។ ដូច្នេះ តើមន្ត្រីពុករលួយ ដែលពាក់ព័ន្ធរឿងនេះ គួរតែចាត់ទុកថា ជាជនក្បត់ជាតិដែរឬទេ?”។

នាងលីម គីមស័រ សកម្មជនមាតាធម្មជាតិ បានរៀបរាប់ក្នុងវីដេអូនោះថា “ជម្រាបសូរ ! ថ្ងៃនេះ ពួកខ្ញុំបានរកឃើញភ័ស្តុតាងថ្មីមួយទៀត ដែលបង្ហាញថា វាអាចនឹងមានការឃុបឃិតគ្នា  នាំលួចគេចពន្ធខ្សាច់ស៊ីលីកា ដែលជាខ្សាច់ប្រទេសខ្មែរយើង នាំចេញយកទៅលក់នៅប្រទេសតៃវ៉ាន់ ដែលនាំឱ្យបាត់បង់ថវិកាជាតិ រាប់សិបលានដុល្លារ។ តួលេខដែលយើងទើបតែបានពី នាយកដ្ឋានគយតៃវ៉ាន់ បានបង្ហាញថា ប្រទេសតៃវ៉ាន់ បាននាំចូលខ្សាច់ស៊ីលីកាខ្មែរយើង ចំនួន ជាង១លាន៥សែនតោន ស្មើនឹងចំនួនទឹកប្រាក់ ជិត៣២លានដុល្លារ គិតចាប់តាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៦។ ប៉ុន្តែតួលេខដែលបញ្ចោញ ដោយគយ និងពន្ធដារខ្មែរយើងវិញ បានបង្ហាញថា ប្រទេសយើងបាននាំចេញខ្សាច់ទៅកាន់ តៃវ៉ាន់ ត្រឹមតែជាង២ម៉ឺន៨ពាន់តោនប៉ុណ្ណោះ ស្មើនឹងចំនួនទឹកប្រាក់ជាង២៧ម៉ឺនដុល្លារ នេះ បើគិតតាមរយៈពេលដូចគ្នា។ មានន័យថា តួលេខនេះ បង្ហាញពីភាពមិនប្រក្រតីនៃការបាត់ ខ្សាច់ រហូតទៅដល់ជាង១លាន៥សែនតោន ដែលមានចំនួនទឹកប្រាក់ ខុសគ្នារវាងប្រទេស ទាំង២ រហូតទៅដល់ជាង៣១លានដុល្លារ”។

 

សកម្មជនមាតាធម្មជាតិម្នាក់ទៀត លោក ថុន រដ្ឋា បានរៀបរាប់ថា “បងប្អូនចាំបានទេ កាលពីខែតុលា ឆ្នាំ២០១៦ ចលនាមាតាធម្មជាតិ បានបង្ហាញម្តងរួចទៅហើយ នូវភ័ស្តុតាង នៃការបាត់ខ្សាច់ជាង៧០លានតោន នាំចេញ ទៅកាន់ប្រទេសសិង្ហបុរី”។

លោកឌឹម គុនឌី សកម្មជនចលនាមាតា ធម្មជាតិម្នាក់ទៀត បានបញ្ជាក់នៅក្នុងវីដេអូ នោះថា “ហើយនៅខែមករា ឆ្នាំ២០១៧នេះ ពួកយើងក៏បានបង្ហាញភ័ស្តុតាងមួយទៀត ស្តីពី ការបាត់ខ្សាច់ជាង១សែនតោន ដែលបាននាំ ចេញទៅប្រទេសឥណ្ឌា”។

នាងលីម គីមស័រ បានបន្តថា “ជាមួយនឹងភ័ស្តុតាង នៃការបាត់ខ្សាច់ជាង១លាន៥ សែន ទៅកាន់ប្រទសតៃវ៉ាន់ លើកនេះ បន្ថែម ទៀត វាពិតជាបង្ហាញឱ្យឃើញថា នេះជាពេល វេលាសមល្មមគួរសមហើយ ដែលថ្នាក់ដឹកនាំ ក្រសួង គួរតែចាប់ផ្តើមបង្ហាញពីការទទួលខុសត្រូវ ទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងមូល ហើយ ពួកខ្ញុំស្នើសុំឱ្យឯកឧត្តមស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែនិងថាមពល ពិចារណាលាឈប់ពីតំណែង ដើម្បីផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំថ្មីផ្សេងៗទៀត ក្នុងការស្តារកេរ្តិ៍ឈ្មោះរដ្ឋាភិបាលឱ្យបាន ល្អប្រសើរជាងមុនផង និងជាការផ្តល់គំរូទទួល ខុសត្រូវសម្រាប់ឱ្យកូនខ្មែរឃើញ និងអនុវត្តតាមផង”។

យុវជនទាំង៣ ក៏បានបញ្ជាក់រួមគ្នាថា បើ គាំទ្រយោបល់របស់ពួកគេទាំង៣ សូមពុកម៉ែ បងប្អូនជួយ like និង Share វីដេអូនេះ ដើម្បីឱ្យសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានឃើញ និងជួយគិតគូរពិចារណាអំពីបញ្ហានេះផងដែរ។

បន្ថែមលើការបញ្ជាក់ក្នុងវីដេអូនោះ នាង លីម គីមស័រ ក៏បានបញ្ជាក់ប្រាប់ “នគរធំ” នៅ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ថា ការដែល ក្រុមយុវជនមាតាធម្មជាតិ ចង់ឱ្យរដ្ឋមន្ត្រីរ៉ែនិង ថាមពល លាលែងពីតំណែង  ដោយសារមើល ឃើញថា លោករដ្ឋមន្ត្រីគ្មានមានចំណាត់ការអី សោះ ពាក់ព័ន្ធបញ្ហាបាត់ខ្សាច់នេះ។ ដូច្នេះអ្វី ដែលក្រុមយុវជនលើកឡើង គ្រាន់តែជាការ តស៊ូមតិមួយ ដើម្បីឱ្យលោករដ្ឋមន្ត្រី ជួយរក ដំណោះស្រាយ ធ្វើឱ្យមានតម្លាភាព ក្នុងការនាំ ខ្សាច់ចេញ កុំឱ្យមានការគេចពន្ធ ហើយក៏សង្ឃឹម ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអង្គភាពប្រឆាំង អំពើពុករលួយ នឹងពិនិត្យពិចារណាពីភាពមិន ប្រក្រតីនៃការនាំចេញខ្សាច់នេះ ដើម្បីកុំឱ្យប្រទេស កម្ពុជា បាត់ចំណូលថវិកាជាតិច្រើនពេក ។

នាងលីម គីមស័រ បានថ្លែងថា “ចាស! ដោយសារតែយើងឃើញថា បាត់ខ្សាច់ពីរដង ហើយ លើកមុនបាត់ម្តង ហើយលើកនេះបាត់ ទៀត។ ការដែលយើងលើកឡើងហ្នឹង ដោយសារមើលឃើញថា គាត់អត់មានចំណាត់ការអី។ អ៊ីចឹងទៅ អ្វីដែលយើងលើកហ្នឹង វាគ្រាន់តែជាការ តស៊ូមតិមួយ ដើម្បីឱ្យគាត់ហ្នឹងជួយរកដំណោះស្រាយ ហើយនិងធ្វើឱ្យមានតម្លាភាពក្នុងការ នាំខ្សាច់ចេញហ្នឹង កុំឱ្យមានការគេចពន្ធ ហើយ ប្រាក់ចំណូល ដែលបានមកពីការលក់ខ្សាច់អីហ្នឹង កុំឱ្យវាបាត់បង់អីអ៊ីចឹងទៅ ប៉ុណ្ណឹងទេ។ អ៊ីចឹង ដូចយើងនិយាយអ៊ីចឹង បើសិនជាគាត់អត់មាន លទ្ធភាពទេ គាត់ទុកឱ្យមន្ត្រីផ្សេងៗទៀត ដែល គាត់ធ្វើការងារហ្នឹងបាន ឱ្យគាត់ធ្វើវិញទៅ ព្រោះប៉ុន្មានដងហើយ ដែលយើងស្នើសុំឱ្យគាត់ឆ្លើយតប ឬក៏គាត់បង្ហាញ។ ការដែលគាត់បង្ហាញច្រើន ដងហើយ តែយើងទទួលយកអត់បាន ព្រោះ បន្ទាប់ពីយើងតាមដានមក វាខុសពីអ្វីដែលគាត់ បកស្រាយរហូត”។

នាងលិម គិមស័រ បានបន្តថា “សម្រាប់ ពួកខ្ញុំ តែងតែសំណូមពរហើយសំណូមពរទៀតថា ឱ្យសម្តេចនាយករដ្ឋមន្ត្រី គាត់ពិនិត្យសាឡើង វិញ នូវការនាំពន្ធខ្សាច់ ក៏ដូចជាការនាំពន្ធទំនិញ គ្រប់ប្រភេទ ដូចជារ៉ែមាស រ៉ែអីហ្នឹង ព្រោះ យើងឃើញថា មានការដឹកចេញគគ្រឹកគគ្រេង មានតាំងពីឈើ មានតាំងពីអី ហើយកន្លងមក យើងអត់ដែលដឹងទាល់តែសោះ ពីឯកសារផ្សេងៗ ការនាំចេញទំនិញអីផ្សេងៗហ្នឹង។ អ៊ីចឹងរឿង ខ្សាច់ហ្នឹងមួយ ពេលដែលយើងតាមដានទៅ យើងឃើញបាត់ច្រើនមែនទែន ចុះទម្រាំរឿង ផ្សេងៗទៀត? អ៊ីចឹង សូមឱ្យអង្គភាពប្រឆាំង អំពើពុករលួយ ក៏ដូចជារដ្ឋាភិបាល គាត់យកចិត្តទុកដាក់ ហើយតាមដានអង្កេតទៅលើរឿងហ្នឹង ឱ្យបានហ្មត់ចត់បន្តិចទៅ ដើម្បីកុំឱ្យប្រទេសយើង ហ្នឹងបាត់ចំណូលថវិកាជាតិច្រើនពេក”។

កាលពីពេលកន្លងទៅ ទាក់ទងបញ្ហានេះដែរ ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិចសាន់ដ្រូ ហ្គន់ហ្សាឡេស ដេវីដសាន់ (Alexandro Gonzales Davidson) នៅពេលមិនទាន់បានបណ្តេញពីប្រទេសកម្ពុជា បានលើកឡើងថា នេះគឺជារឿងគួរឱ្យភ្ញាក់ផ្អើល និងជារឿងដ៏គួរឱ្យអាម៉ាស់ថ្មីមួយទៀតទាក់ទង នឹងរឿងអាជីវកម្មខ្សាច់ ដែលធ្វើឱ្យកម្ពុជា ខាតបង់ទឹកប្រាក់រាប់រយលានដុល្លារ។ ក្នុងនោះ ខ្សាច់នាំចេញពីកម្ពុជា ទៅសិង្ហបុរី បាត់អស់ជាង ៩០ភាគរយ ទៅឥណ្ឌា បាត់អស់ទាំងស្រុង និង ពេលនេះ ទៅកោះតៃវ៉ាន់ បាត់អស់ជាង៩០ភាគរយទៀត បង្ហាញពីភាពទន់ខ្សោយនៃការគ្រប់គ្រង និងខ្វះការសហការគ្នារវាងអង្គភាពជំនាញ របស់រដ្ឋាភិបាល។ ដូច្នេះ សកម្មជនបរិស្ថានរូប នោះ ទាមទារឱ្យមានការស៊ើបអង្កេតពេញលេញ និងច្បាស់លាស់ អំពីភាពមិនប្រក្រតីនៃការនាំ ចេញខ្សាច់ស៊ីលីកានេះ ដើម្បីកុំឱ្យធនធានធម្មជាតិ របស់កម្ពុជា ត្រូវបាត់បង់ដោយគ្មានផលចំណេញ សម្រាប់ជាតិ។ ពោលគឺលោកនឹងធ្វើយុទ្ធនាការ ស្នើសុំឱ្យកោះតៃវ៉ាន់ បញ្ឈប់ការទិញខ្សាច់ស៊ីលីកា ពីកម្ពុជា ព្រោះលោកយល់ថា ខ្សាច់ទាំង នោះ ត្រូវបានធ្វើអាជីវកម្មដោយខុសច្បាប់។ ជាមួយនោះ លោកក៏លើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ ទាំងអស់ ជាពិសេសពលរដ្ឋខ្មែរ ត្រូវចូលរួម តាមដានរឿងនេះ កុំឱ្យធនធានរ៉ែខ្សាច់នេះ ត្រូវបាត់បង់ជាបន្តទៀត។

នាងលិម គីមស័រ បានលើកឡើងបន្ថែម ត្រង់ចំណុចនេះថា ពេលនឹកឃើញដល់យុទ្ធនាការ និងការបពាក្ជា់ជំហររបស់លោកអាឡិច ក្នុងការជួយថែរក្សាធនធានធម្មជាតិរបស់កម្ពុជានោះ នាងចង់តែឱ្យលោកមានឱកាសបានវិលមកចូល ធ្វើការនៅក្នុងប្រទេសកម្ពុជាវិញ។

នាងលិម គិមស័រ បាននិយាយថា “ដោយសារតែកន្លងមក គឺគាត់ (លោកអាឡិច) តែងតែជួយសិក្សា ជួយមើលទៅលើបញ្ហាផ្សេងៗទាំងអស់ហ្នឹង។ អ៊ីចឹងយើងសង្ឃឹមថា រដ្ឋាភិបាលអនុញ្ញាតឱ្យគាត់ចូលមកស្រុកខ្មែរវិញ។ ទោះបី គាត់មិនមែនជាជនជាតិខ្មែរ ប៉ុន្តែគាត់ស្រលាញ់ប្រទេសខ្មែរ ហើយគាត់ជួយការពារតំបន់ធនធានធម្មជាតិខ្មែររបស់យើងបានច្រើនណាស់។ អ៊ីចឹងសុំឱ្យរដ្ឋាភិបាល ក៏ដូចជាអគ្គនាយកដ្ឋាន អន្តោប្រវេសន៍អីហ្នឹង សិក្សាឡើងវិញ ហើយ ស្នើសុំឱ្យគាត់ចូលស្រុកខ្មែរវិញមក បើសិនជាអាច ព្រោះគាត់អត់ដែលបានធ្វើអីឱ្យប៉ះពាល់ដល់ សន្តិសុខជាតិយើងទេ គាត់មានតែជួយយើងខ្លាំង”។

យ៉ាងណា ក៏ជាព្រឹត្តិការណ៍សង្គមគួរឱ្យ កត់សម្គាល់ ក្រោយការកប់ខ្លួនក្នុងខ្សាច់ និងបានលើកឡើងពីការនាំចេញខ្សាច់ស៊ីលីកា ទៅក្រៅប្រទេស ធ្វើឱ្យបាត់ចំណូលថវិកាជាតិយ៉ាង ច្រើននោះ យុវជនចលនាមាតាធម្មជាតិម្នាក់ ក្រៅពីនាងលិម គីមស័រ និងលោកថុន រដ្ឋា គឺ លោកឌឹម គុណឌី និងលោកហ៊ន វណ្ណៈ សកម្មជន ម្នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួននៅតំបន់ព្រែកខ្សាច់ ខេត្តកោះកុង នៅពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។

នាងលិម គីមស័រ បានឱ្យដឹងថា ការឃាត់ខ្លួននោះ មិនទាន់ដឹងថា ដោយសារមូលហេតុអ្វីទេ ប៉ុន្តែការឃាត់ខ្លួនយុវជនឌឹម គុណឌី នោះ ពិតជាធ្វើឡើងក្រោយពេលដែលពួកនាងបាន កប់ខ្លួនក្នុងខ្សាច់ និងលើកឡើងពីភាពមិនប្រក្រតី នៃការនាំខ្សាច់ស៊ីលីកា ទៅក្រៅប្រទេស។

នាងលីម គីមស័រ បញ្ជាក់ថា “ហ្នឹងហើយ! កាលពីព្រឹកមិញ ឌឹម គុណឌី ជាមួយនិងបងហ៊ន វណ្ណៈ ហ្នឹង គាត់បានចុះទៅលេងនៅតំបន់ព្រែក ខ្សាច់ ខេត្តកោះកុង ទៅលេងនៅតំបន់ដែលគេ បូមខ្សាច់ស៊ីលីកាហ្នឹង ប៉ុន្តែគាត់អត់មានបាន ថតអីទេ ហើយពេលដែលគាត់ជិះទូកដើរលេង ហ្នឹង អាជ្ញាធរក៏មកឃាត់ខ្លួនគាត់ ហើយរហូត ដល់ឥឡូវហ្នឹង (១២ កញ្ញា) អត់ទាន់ដោះលែង ទេ យើងនៅអត់ទាន់ដឹងថា គេឃាត់ខ្លួនគាត់ រឿងអីឱ្យពិតប្រាកដទេ ព្រោះឥឡូវនេះ គេកំពុង សាកសួរ ហើយសួរទូរស័ព្ទអី គាត់បិទអស់។ អ៊ីចឹង ទាក់ទងទៅអត់បាន បន្ទាប់ពីឃាត់ខ្លួនព្រឹកមិញ ម៉ោង១០ៈ៤៨នាទី។ គាត់នៅប៉ុស្តិ៍ព្រែកខ្សាច់ ហើយដោយសារយើងត្រូវធ្វើដំណើរពីខេត្ត ទៅ ភូមិហ្នឹង ៦ម៉ោង អ៊ីចឹងអត់បានដឹងព័ត៌មានអីច្រើន ទេ ដោយសារតែពេលគេឃាត់ខ្លួនគាត់ហ្នឹង គឺ គាត់បានទាក់ទងមកយើងថា ប៉ូលិសឃាត់ខ្លួន គាត់ហើយ យើងអត់ទាន់បានដឹងថា មូលហេតុអី ទេ ប៉ុន្តែតាមព័ត៌មានមក ក្រុមហ៊ុនហ្នឹងប្តឹងទៅ ខាងអាជ្ញាធរ ដើម្បីឃាត់ខ្លួនពួកគាត់ ដោយថា ពួកគាត់ទៅថតវីដេអូ រំលោភលើសិទ្ធិឯកជន អីអ៊ីចឹង ប៉ុន្តែការពិត ពួកគាត់អត់បានថតអីទេ ពួកគាត់គ្រាន់តែទៅលេងអ៊ីចឹង។ ការឃាត់ខ្លួន ហ្នឹង ប្រហែលជាពាក់ព័ន្ធនឹងរឿងហ្នឹងដែរ ប្រហែល ជាខាងក្រុមហ៊ុនបារម្ភខ្លាច ព្រោះអីក្រុមយុវជន យើងក៏មិនដឹងថា វីដេអូភ័ស្តុតាងមួយ ប្រហែល ជាគាត់ខ្លាចពួកយើងទៅថតវីដេអូបន្ថែមទៀត  ឬក៏យ៉ាងណា ប៉ុន្តែគ្រាន់ថា យើងអត់បានចូល ទៅក្នុងការដ្ឋានថតទេ ហើយកន្លងមក ទោះបីជា យើងចេញព័ត៌មានអីផ្សេងៗ គឺយើងតាមដាន តាមរយៈប្រព័ន្ធអេឡិចត្រូនិក ឬក៏យើងតាមដានជាមួយនឹងប្រជាពលរដ្ឋ ហើយយើងអត់ ដែលបានចូលទៅក្នុងការដ្ឋានរបស់ពួកគាត់ ដោយគ្មានការអនុញ្ញាតទេ”។

សកម្មភាពកាយនិងដឹកជញ្ជូនខ្សាច់ស នៅខេត្តកោះកុង

នាងលិម គិមស័រ បានបន្តថា “ហ្នឹងហើយ! ដូចខ្ញុំបានបញ្ជាក់ជូនខាងលើអ៊ីចឹងថា ពួកគាត់ អត់បានទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឬក៏គាត់ អត់មានបានទៅចូលក្នុងការដ្ឋានគេ ធ្វើឱ្យខុស ច្បាប់ទេ គាត់គ្រាន់តែថតវីដអូលេង ហើយគាត់ គ្រាន់តែទៅដើរលេងអីអ៊ីចឹងទេ វាអត់មានអី។ ហើយអ្វីដែលពួកខ្ញុំកំពុងតែធ្វើរាល់ថ្ងៃ គឺស្រប ទៅនឹងសម្តេចនាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងរ៉ែ និងថាមពល ដែលគាត់តែងតែទទូចឱ្យយុវជន ហ្នឹង ចូលរួមតាមដានអង្កេតទៅលើផលប៉ះពាល់ នៃធនធានធម្មជាតិហ្នឹង គួរសហការជាមួយក្រសួង ដើម្បីស្វែងរកភ័ស្តុតាងផ្សេងៗ បើសិនជារកឃើញ ថា មានភាពមិនប្រក្រតីនៃការនាំធនធានធម្មជាតិ ឬក៏ការបំផ្លិចបំផ្លាញធនធានធម្មជាតិ។ អ៊ីចឹង បើសិនជាពេលដែលយើងចូលរួមជាមួយគាត់ ហើយគាត់បែរជាចាប់ខ្លួន គំរាមកំហែងយើង សួរថា តើមានយុវជនផ្សេងៗទៀត គាត់ហ៊ាន ចូលរួមជាមួយយើងទៀតអត់? អ៊ីចឹងស្នើសុំឱ្យ គាត់ពិចារណា ហើយឈប់ឱ្យគាត់បង្កើត ឬក៏ធ្វើឱ្យមានការគំរាមកំហែងដល់យុវជនផ្សេងទៀត ដែលគាត់ខ្លាច”។

គួរបញ្ជាក់ដែរថា ក្រសួងរ៉ែនិងថាមពល ដែលជាក្រសួងគ្រប់គ្រងការផ្តល់អាជ្ញាប័ណ្ណធ្វើ អាជីវកម្មខ្សាច់ បានបញ្ជាក់ថា តាមទិន្នន័យ ខ្សាច់ស៊ីលីកា ដែលត្រូវបាននាំចេញទៅក្រៅប្រទេស មានចំនួនជាង១៥ម៉ឺនតោន (១៥៨ ១០០តោន)។ នេះជាតួលេខនាំចេញចាប់ពី ខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៧។ ចំណូលសួយសារ ដែលក្រសួង ប្រមូលបានពីការធ្វើអាជីវកម្មខ្សាច់ស៊ីលីកានេះ មានចំនួនជាង៤៧ម៉ឺនដុល្លារ (៤៧៤ ៣០០ ដុល្លារ)។

ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហានេះ មិនអាចទាក់ទងសុំការបញ្ជាក់ឆ្លើយតបពីអ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល លោកទុន លាង និងលោកស៊ុយ ឌីម៉ង់ បានទេ កាលពីម្សិលមិញ។

ចំណែកលោកម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ ដែលពេលនេះ មិនមែនជាអ្នកនាំពាក្យ ក្រសួងរ៉ែនិងថាមពលទៀតនោះ បានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មានថា  ខ្សាច់ស៊ីលីកា កម្ពុជា ត្រូវបាននាំចេញទៅកោះតៃវ៉ាន់ ចាប់ពីឆ្នាំ ២០១៥។ បច្ចុប្បន្ន មានក្រុមហ៊ុនពីរ ដែលមាន សិទ្ធិស្របច្បាប់ ក្នុងការធ្វើអាជីវកម្មខ្សាច់ប្រភេទនេះ គឺក្រុមហ៊ុនម៉ុង ឫទ្ធី គ្រុប (MONG RETHTHY GROUP CO.,Ltd) និងក្រុមហ៊ុន ស៊ីលីកាសឺវីស (កាំបូដ) (Silica Service (Cambodge) Co., Ltd) ហើយខ្សាច់ស៊ីលីកា ដែលត្រូវបានធ្វើអាជីវកម្មនេះ គឺស្ថិតនៅក្រោម ទីតាំងដីឯកជន ដែលត្រូវសាងសង់តំបន់សេដ្ឋកិច្ច ពិសេស មិនមែនស្ថិតនៅដីសាធារណៈរបស់រដ្ឋនោះទេ។ ដូច្នេះ តួលេខនាំចេញខ្សាច់ស៊ីលីកា ដែលក្រសួងរ៉ែ និងថាមពល បានចេញផ្សាយ នោះ គឺជាតួលេខជាក់ស្តែង ដែលក្រសួងបានអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើអាជីវកម្មនាំចេញ។ ចំពោះ ភាពខុសគ្នានៃតួលេខរបស់តៃវ៉ាន់ និងកម្ពុជា ទាក់ទងនឹងខ្សាច់ស៊ីលីកានេះ អាចបណ្តាលមកពីបច្ចេកទេសនៃការកត់ត្រា និងការរាយការណ៍ ក៏ប៉ុន្តែលោកមិនបានដឹងអំពីនីតិវិធីកត់ត្រារបស់ ភ្នាក់ងារគយកម្ពុជាឡើយ។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កញ្ញាសឹង សុផារី បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម មិនបានពាក់ព័ន្ធនឹងករណី នាំចេញខ្សាច់ស៊ីលីកា ទៅកោះតៃវ៉ាន់នេះទេ គឺការធ្វើអាជីវកម្មនាំចេញនេះ ពាក់ព័ន្ធនឹងក្រសួង រ៉ែនិងថាមពល ដែលជាអ្នកផ្តល់អាជ្ញាប័ណ្ណធ្វើ អាជីវកម្មសម្រាប់នាំចេញ និងភ្នាក់ងារគយនិង រដ្ឋាករ ដែលជាអ្នកកត់ត្រា និងអនុញ្ញាតការនាំចេញចំពោះរាល់ទំនិញគ្រប់ប្រភេទ ហើយស្ថិតិ នៃការនាំចេញខ្សាច់ទៅកោះតៃវ៉ាន់ របស់ក្រសួង ពាណិជ្ជកម្ម គឺបានមកពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ដោយឡែក អង្គភាពទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ មិនអាច ទាក់ទងសុំការបពាក្ជា់ពីបញ្ហានេះបានទេ កាលពីម្សិលមិញ។

តាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល កន្លងមក ខ្សាច់ស៊ីលីកា ឬខ្សាច់ស គឺជាធនធានរ៉ែ ដែលបម្រើឱ្យវិស័យឧស្សាហកម្ម ផលិតកែវ ដប និងកញ្ចក់។ ខ្សាច់នេះមិនស្ថិត ក្នុងបម្រាម នៃការនាំចេញទៅក្រៅប្រទេស ដូចខ្សាច់សំណង់និងខ្សាច់ល្បាយភក់នោះឡើយ។

ជាមួយគ្នានេះដែរ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ បំភ្លឺករណី នាំចេញខ្សាច់ស (ខ្សាច់ស៊ីលីកា) ចេញទៅក្រៅប្រទេស បានបញ្ជាក់ថា “បច្ចុប្បន្ននេះ ក្រសួង រ៉ែ និងថាមពល បានផ្តល់អាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មខ្សាច់ស ឱ្យក្រុមហ៊ុនចំនួន០២ គឺ ក្រុមហ៊ុន ម៉ុង ប្ញទ្ធី គ្រុប (MONG RETH- THY GROUP Co.,Ltd.) និងក្រុមហ៊ុន ស៊ីប៊ែលកូ (ខេមបូឌា) ខមភេនី លីមីតធីត (Sibelco (Cambodia) Company Limited) ដែលបានប្តូរនាមករណ៍ មកជាក្រុមហ៊ុន ស៊ីលីកាសឺវីស (កាំបូដ) ឯ.ក (Silica Service (Cambodge) Co.,Ltd) វិញ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។ ដោយឡែក ការដ្ឋានអាជីវកម្មខ្សាច់ស របស់ក្រុមហ៊ុនទាំង០២ គឺស្ថិតនៅលើដីគោក ដែលត្រូវបកយកស្រទាប់ ខ្សាច់ស ក្នុងជម្រៅចន្លោះពី ០,៣០ម៉ែត្រ ទៅ ២ម៉ែត្រតែប៉ុណ្ណោះ ដូច្នេះ មិនតម្រូវឱ្យមានការ សិក្សាវាយតម្លៃជលសាស្ត្រ និងជលផល ដោយ ឡែកទេ។ រាល់ការសិក្សាទាំងអស់ ត្រូវបាន ដាក់ចូលក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញហៅកាត់ ថា EIA។ ឯកសារ EIA នេះ គឺមិនស្ថិតក្នុងដែនគ្រប់គ្រងរបស់ក្រសួងទេ។ ចំពោះតួលេខសរុបនៃការនាំចេញខ្សាច់ស គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៦ រហូតមកដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នេះ មានក្រុមហ៊ុនម៉ុង ប្ញទ្ធី គ្រុប ចំនួន ៥៤.១០០ MT (ហាសិបបួនពាន់មួយ រយតោន) និងក្រុមហ៊ុន ស៊ីលីកាសឺវីស (កាំបូដ) ឯ.ក ចំនួន ១០៤ ០០០ MT (មួយរយ បួនពាន់តោន)។

ការគ្រប់គ្រងការធ្វើអាជីវកម្មខ្សាច់ស ដើម្បីនាំចេញ មានការពាក់ព័ន្ធសមត្ថកិច្ចទទួល ខុសត្រូវច្រើនស្ថាប័ន។ ក្រសួងរ៉ែ និងថាមពល គ្រប់គ្រងតែលើការងារបច្ចេកទេសនៃការធ្វើ អាជីវកម្មរ៉ែខ្សាច់ស និងការចេញលិខិតអនុញ្ញាត នាំចេញ (Export Certificate) តែប៉ុណ្ណោះ។ លិខិតអនុញ្ញាតនាំចេញនេះ គឺជាឯសារសំខាន់ សម្រាប់ការកំណត់ និងបញ្ជាក់ពីការបានបង់ ចំណូលសួយសាររ៉ែ មុននឹងអនុញ្ញាតឱ្យនាំចេញ ខ្សាច់ស។ ក្នុងការនាំចេញមួយលើកៗ ក្រុមហ៊ុន ត្រូវដាក់ពាក្យស្នើសុំអនុញ្ញាត ធ្វើការនាំចេញ មកក្រសួងរ៉ែ និងថាមពល ដោយបញ្ជាក់អំពី បរិមាណ និងប្រទេសដែលជាគោលដៅនាំចេញ។ ក្រៅពីនេះ ក្រុមហ៊ុនត្រូវបំពេញបែបបទនៅ ច្រកនាំចេញតាមនីតិវិធីជាមួយស្ថាប័នមាន សមត្ថកិច្ចផ្សេងៗទៀត។ ដូចនេះឯកសារដែល ឯកឧត្តម សុន ឆ័យ ស្នើសុំផ្សេងទៀត រួមមាន ប្រតិវេទន៍ចូល ប្រតិវេទន៍ចេញ វិក្កយបត្រ បញ្ជាក់ ការផ្ទុកទំនិញ បញ្ជិការផ្ទុកដាក់ទំនិញ វិក្កយបត្រពាណិជ្ជកម្ម និងវិក្កយបត្រកំណត់ពន្ធគយ មិនស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ ក្រសួងរ៉ែ និងថាមពលទេ។ ក្រសួងរ៉ែ និងថាមពល មិនធ្វើអាជីវកម្មលក់ខ្សាច់ទេ ក្រសួងមាន ភារកិច្ចត្រឹមប្រមូលសួយសារអនុលោមតាម អត្រាសួយសារដែលបានកំណត់ដោយប្រកាស អន្តរក្រសួង រវាងក្រសួងរ៉ែ និងថាមពលល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែប៉ុណ្ណោះ។ ចំណូលសួយសារពីខ្សាច់សនាំចេញ គិតចាប់ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៦ រហូតមកដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៧ នេះ មានចំនួន ៤៧៤ ៣០០ដុល្លារ (បួនរយចិតសិបបួនពាន់ បីរយដុល្លារអាមេរិក) ចំណូលនេះ ជាចំណូល សួយសារលើវត្ថុធាតុដើម ប្រមូលតាមរយៈក្រសួង រ៉ែ និងថាមពល ដោយមិនរួមបញ្ចូលចំណូល ពន្ធអាករផ្សេងៗទៀតឡើយ…”៕

កុលបុត្រ

facebook