facebook
facebook

បក្សប្រឆាំង ប្រជុំប្រកាសជំហរដាច់ខាត មិនដូរប្រធានថ្មីជំនួសលោកកឹម សុខា

​ James​​ | ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧​ | នយោបាយ | 182 | 0 | ម៉ោង 3:16 am លោកប៉ុល ហំម និងលោកស្រីមួរ សុខហួរ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងបក្សសង្គ្រោះជាតិ

ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) បានប្រកាសជំហរជាផ្លូវការថា មិនមានការដោះដូរ ឬដាក់ប្រធានថ្មីជំនួសលោកកឹម សុខា នោះទេ ទោះបីមានការចាប់ឃុំខ្លួន ចោទប្រកាន់ លោកកឹម សុខា ក៏ដោយ គឺគណបក្សនេះនៅ តែចាត់ទុកលោកកឹម សុខា ជាប្រធានគណបក្ស ដដែល ហើយគណបក្សនឹងចុះទៅសួរសុខទុក្ខ លោកកឹម សុខា នៅពន្ធនាគាររៀងរាល់សប្តាហ៍។

ការបញ្ជាក់ជំហរផ្លូវការ របស់គណបក្ស ប្រឆាំងនោះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរួម រវាងគណៈកម្មាធិការនាយក និងប្រធាន អនុប្រធានគណៈកម្មាធិការប្រតិបត្តិទាំង២៥រាជ-ធានី-ខេត្ត នៅទីស្នាក់ការកណ្តាល គណបក្ស កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីស្ថានការណ៍នយោបាយបច្ចុប្បន្ន និងផែនការ សកម្មភាពការងារ ដែលត្រូវអនុវត្តបន្ត។

ក្នុងកិច្ចប្រជុំដែលដឹកនាំដោយលោកប៉ុល ហំម អនុប្រធានគណបក្ស និងជាតំណាងរាស្ត្រ មណ្ឌលខេត្តតាកែវ លោកស្រីមួរ សុខហួរ អនុប្រធានគណបក្ស និងជាតំណាងរាស្ត្រមណ្ឌល ខេត្តបាត់ដំបង លោកសុន ឆ័យ អភិបាលនៃ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ និង ជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ដោយ មានចូលរួមពីលោកម៉ៅ មុនីវណ្ណ អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស និងជាតំណាងរាស្ត្រមណ្ឌលខេត្កកំពង់ចាម និងលោកឡុង រី ប្រធានក្រុមការងារគណបក្សខេត្តកំពង់ចាម និង ជាតំណាងរាស្ត្រ មណ្ឌលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីបក្សជាច្រើនរូបនោះ បានសម្រេច លើរបៀបវារៈ៣ គឺទី១ គណបក្សនឹងមិនចូល ប្រជុំសភា ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បី ពិភាក្សាសម្រេចករណីលោកកឹម សុខា នោះ ទេ។ ទី២ នៅថ្ងៃទី១១ ខែកញ្ញា នោះ ទាំង សមាជិកសភាគណបក្សសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី នឹងទៅសួរសុខទុក្ខលោកកឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង។ ទី៣ គណបក្សនឹងចែកគ្នាជាបីក្រុម ក្នុងការចុះទៅមើលលោកកឹម សុខា នៅពន្ធនាគារ រៀងរាល់មួយសប្តាហ៍ម្តង។

កិច្ចប្រជុំរបស់គណបក្សសង្គ្រោះជាតិ

ក្រៅពីសម្រេចនូវរបៀបវារៈទាំង៣នេះ ទាំងតំណាងរាស្ត្រ ថ្នាក់ដឹកនាំ សមាជិកដែល បានចូលរួម សុទ្ធតែបានបង្ហាញជំហរម៉ឺងម៉ាត់ ដូចគ្នាថា ទោះស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ  គណបក្សសង្គ្រោះជាតិ នៅតែរឹងមាំ នៅតែ រួមគ្នាធ្វើការងារជាធម្មតា ដោយបន្តការតស៊ូនៅ មូលដ្ឋានតទៅទៀត រហូតទទួលបានជោគជ័យ។

សមាជិកគណៈកម្មាធិការនាយក គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ធំ លោកលិម គិមយ៉ា បានបញ្ជាក់ថា ក្រៅ ពីសម្រេច៣ចំណុចនោះ ចំពោះរឿងប្រធាន គណបក្ស គឺគ្មានដោះដូរអីទាំងអស់  គឺលោក កឹម សុខា នៅតែជាប្រធានគណបក្សសង្គ្រោះជាតិ ដដែល។

លោកលិម គិមយ៉ា បានមានប្រសាសន៍ថា “បាទ! គេសម្រេច៣ចំណុចហ្នឹង ចំណុចទី១ គេ មិនចូលប្រជុំសភា ថ្ងៃទី១១។ ចំណុចទី២ ថ្ងៃ១១ ហ្នឹង សមាជិកសភាទាំងអស់ ហើយនិងព្រឹទ្ធសភា ទៅសួរសុខទុក្ខលោកប្រធានយើងនៅ គុក។ ចំណុចទី៣ យើងចែកគ្នាជា៣ក្រុម ទៅមើលលោកប្រធានយើង ១អាទិត្យម្តង។ ចំពោះ រឿងប្រធានគណបក្ស យើងនៅតែដដែល គឺ លោកប្រធានយើងនៅជាប្រធានដដែល ពីព្រោះ អត់មានមូលហេតុអីដែលត្រូវតែដូរ យើងមាន លោកប្រធានកឹម សុខា នៅជាប្រធានយើង ដដែល។  មកដល់សព្វថ្ងៃនេះ លោកប្រធាន យើង គេអត់ទាន់បានផ្តន្ទាទោសឯណា ម៉្លោះ ហើយយើងគ្មានការព្រួយបារម្ភក្នុងការរំលាយទេ ព្រោះលោកប្រធានយើងអត់ទាន់មានទោស ច្បាស់លាស់ គឺការចោទប្រកាន់ហ្នឹង គេចោទ ប្រកាន់ត្រឹមតែពីលោកហ៊ុន សែន ជាអ្នកចោទ ប្រកាន់ ឬការចោទប្រកាន់នេះ គេចោទប្រកាន់ ខុសនីតិរដ្ឋ តាមធម្មតា នាយករដ្ឋមន្ត្រី គ្មាន សិទ្ធិចោទប្រកាន់អ្នកណាទាំងអស់ ប៉ុន្តែលោក ហ៊ុន សែន គាត់រំលោភនីតិរដ្ឋ គាត់ចោទប្រកាន់ លោកប្រធានយើងថា មានទោស”។

លោកលិម គិមយ៉ា

លោកលិម គិមយ៉ា បានបន្តថា “បញ្ហាហ្នឹង ការសម្រេចរបស់គណបក្ស គឺជាការត្រឹមត្រូវ គឺទទួលស្គាល់កឹម សុខា ជាប្រធានដដែល អត់ មានអីដូរដោះទេ ហើយយើងនឹងមិនចូលរួម សភា ចូលប្រជុំសភាទាំងអស់ ដោយសារតែការ សម្រេចរបស់សភា ផ្ទុយនឹងនីតិវិធីរបស់សភា គឺការដែលចាប់លោកប្រធានយើងហ្នឹង គឺរំលោភ សិទ្ធិរបស់គាត់ ដែលគាត់មានអភ័យឯកសិទ្ធិ។ គាត់ដែលចោទប្រកាន់ហ្នឹង គ្មានភាពជាក់ស្តែង អីទេ គឺការប្រកាសរបស់គាត់ និយាយរបស់ គាត់ វីដេអូរបស់គាត់ ចាក់យូរមកហើយ។ ម៉្លោះហើយ ការអស់ហ្នឹង ជាធម្មតា ការដែលលោក ប្រធានកឹម សុខា គាត់ចុះទៅជួបប្រជាពលរដ្ឋ ពន្យល់ប្រជាពលរដ្ឋ ជាការធម្មតា ក្នុងអ្នកនយោបាយម្នាក់ ដើម្បីពន្យល់ប្រជាពលរដ្ឋឱ្យ នឹកចាប់ភ្លឹកពីរឿងប្រជាធិបតេយ្យ ស្គាល់សិទ្ធិរបស់គេ ហេតុដូច្នេះ ការចោទប្រកាន់របស់ លោកហ៊ុន សែន ទៅលើប្រធានកឹម សុខា ថា ក្បត់ជាតិហ្នឹង ជាការមួយរំលោភនិងការបំភ័ន្ត មតិមហាជនទាំងអស់។ ខ្ញុំសូមសំណូមពរថា យើងទាំងអស់គ្នាជាខ្មែរគ្រប់មជ្ឈដ្ឋាន ដូចជា មជ្ឈដ្ឋានសារព័ត៌មានក្តី មជ្ឈដ្ឋាននិស្សិតក្តី មជ្ឈដ្ឋានអ្នកនយោបាយក្តីទាំងអស់ តវ៉ាដើម្បីដោះ លែងលោកប្រធានយើង លោកប្រធានកឹម សុខា ហើយនិងឱ្យរដ្ឋាភិបាល គោរពសិទ្ធិសេរីភាព ប្រជាពលរដ្ឋ គោរពសិទ្ធិសេរីភាពអ្នកនយោបាយ ហើយនិងគោរពសិទ្ធិសេរីភាពក្នុងការបញ្ចោញមតិគ្រប់បែបយ៉ាង”។

អនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តព្រៃវែង និងជាតំណាងរាស្ត្រមណ្ឌល ខេត្តព្រៃវែង លោកគង់ បូរ៉ា ក៏បានបញ្ជាក់ តាមហ្វេសប៊ុករបស់លោក នៅថ្ងៃនោះដែរថា កិច្ចប្រជុំថ្នាក់ដឹកនាំ របស់គណបក្សសង្គ្រោះជាតិនៅថ្ងៃនោះ គឺលើកឡើងអំពីស្ថានភាពនយោបាយ និងការអំពាវនាវសូមជួយដាស់តឿនប្រជាពលរដ្ឋ ដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោត ឱ្យទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា ដើម្បីមានសិទ្ឋិបោះឆ្នោត ផ្លាស់ប្តូរជាប្រវត្តិ សាស្ត្រ នាឆ្នាំ២០១៨ ខាងមុខ។

អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងលោកស្រី មួរ សុខហួរ ក៏បានបញ្ជាក់តាមទំព័រហ្វេសប៊ុក លោកស្រីដែរថា “ចង់រំលាយគណបក្សសង្គ្រោះជាតិ នៅពេលណាក៏បានដែរ តែលោកស្រីសួរវិញ ថា តើរំលាយអារម្មណ៍ រំលាយសម្បជញ្ញៈ រំលាយ ការឈឺចាប់របស់ប្រជាពលរដ្ឋ បោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ ជាង៣លាននាក់បានទេ?”…៕

កុលបុត្រ

facebook