facebook
facebook

រដ្ឋាភិបាលកម្ពុជា ឆ្លើយតបទូតអាមេរិក ករណីលោកកឹម សុខា

​ សំដារ៉ូ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧​ | នយោបាយ | 134 | 0 | ម៉ោង 3:10 am លោកផៃ ស៊ីផាន និងលោកអានន្ទដា យ៉ាត

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា  បានបញ្ចោញលិខិតចំហឆ្លើយតបទៅលោកឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បន្ទាប់ពីលោក វិល្លៀម ហេដថ៍ បានធ្វើសន្និសីទកាសែត និយាយ ពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ព្រមទាំងបកស្រាយបំភ្លឺចំពោះការចោទ ប្រកាន់ទៅលើសហរដ្ឋអាមេរិក ទាក់ទងនឹង ការចាប់ខ្លួនលោកកឹម សុខា ពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស”។

លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានសរសេរ ក្នុងគណនីហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៧ថា “គោរពជម្រាប ជូនបណ្តាញសារព័ត៌មាន និងប្រិយមិត្ត ធពធស ជាទីមេត្រី!

ក្នុងការឆ្លើយតបជាបឋមចំពោះឯកឧត្តម អគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា គឺ ៖

១-អ្វីដែលកម្ពុជា យល់ឃើញយ៉ាងច្បាស់ ថា សហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយខ្នង និងលូកដៃជ្រៀតជ្រែកចូលបញ្ហាលទ្ធិប្រជាធិបតេយ្យកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍ ផ្ទាល់របស់អ្នកតំណាងរាស្ត្រ កឹម សុខា។

២-ការលើកឡើងគំរាមរបស់ឯកឧត្តម អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែល អះអាងថា កម្ពុជានឹងបាត់បង់ផលប្រយោជន៍ ច្រើន នោះជាការមិនពិតទេ។ អ្នកទេសចរ និង ពាណិជ្ជករគេមិនមែនជាអ្នកបម្រើនយោបាយ នោះឡើយ ហើយសុវត្ថិភាពក៏ជាចំណុចទាក់ទាញ ផងដែរនោះ បើប្រៀបធៀបតំបន់ដទៃទៀត និង ឬក៏សហរដ្ឋអាមេរិក។

កម្ពុជាគ្រាន់តែប្រើប្រាស់សិទ្ធិរបស់ប្រជាជាតិ អធិបតេយ្យ និងឯករាជ្យ ប្រាសចាកពីការ លូកដៃជ្រៀតជ្រែកបញ្ហាលទ្ធិប្រជាធិបតេយ្យ របស់កម្ពុជាតែប៉ុណ្ណោះ ហើយពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការជ្រើសរើស និងទទួលខុសត្រូវលើជោគវាសនាផ្ទាល់របស់ ខ្លួន។ កម្ពុជាក្រៅពីវិធានបទជ្រៀតជ្រែកផ្ទៃ ក្នុងរបស់ខ្លួនកម្ពុជា នៅតែរក្សាកិច្ចសហការ រវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាមួយនឹងការគោរពផលប្រយោជន៍ រវាងគ្នា និងគ្នាជានិច្ចកាល។ ហើយកម្ពុជា មិនមែនជា រដ្ឋប្រើប្រាស់អាវុធប្រល័យលោក ឬជារដ្ឋភេរវកម្មនោះទេ។

៣-លទ្ធិប្រជាធិបតេយ្យអាចដំណើរទៅ មុខនេះ គឺជាគោលបំណងដ៏ធំធេងរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមបោះឆ្នោតជាង ៩០% ហើយរាជរដ្ឋាភិបាលបានប្រឹងប្រែងធ្វើ ឱ្យមានការបោះឆ្នោតនេះទៀងទាត់។ ការវិវត្ត ប្រកបដោយប្រសិទ្ធភាព គឺអាស្រ័យដោយ គ្មានការលូកលាន់ពីសហរដ្ឋអាមេរិក ដូចដែល បានសារភាពដោយប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា ដែលយើងយល់ថា ជាការរំខាន និងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យប្រាស ចាកពីគោលបំណង និងផលប្រយោជន៍របស់ ខ្មែរពិត។

“ការលូកដៃជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា របស់សហរដ្ឋអាមេរិក គឺជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យខ្មែរពិតប្រាកដនោះទេ”។

អរគុណ”។

លោកផៃ ស៊ីផាន បានសរសេរបន្ថែមថា “កម្ពុជា មិនមានអារម្មណ៍ ឬបំណងប្រឆាំងនឹង ប្រជាជាតិណាទាំងអស់លើលោកនេះ កម្ពុជា ក៏មានការឈឺចាប់ណាស់ផងដែរ ចំពោះប្រជាជាតិណាយកកម្ពុជា ជាសមរភូមិមនោគមន៍វិជ្ជា ប្រឆាំងគ្នារវាងលោកខាងលិច និងខាងកើត ឬអាយ៉ង។

អាមេរិក ស្វែងរកកិច្ចសហការសេដ្ឋកិច្ច ជាមួយចិន ហេតុដូចម្តេចកម្ពុជាធ្វើមិនបាន? កម្ពុជា ចង់បានប្រជាពលរដ្ឋរបស់ខ្លូនមានសិទ្ធិសេរី ប្រាសចាកពីបរទេសលុកលុយ ការសម្រេច របស់ខ្លួនក្នុងកិច្ចទទួលខុសត្រូវ លើជោគវាសនា របស់ខ្លួន សម្តេចមិនឱ្យឱកាសផង? រឿងចាស់ ដែលសរអាបានរុញឱ្យកម្ពុជា ធ្លាក់ក្នុងសង្គ្រាម ឥណ្ឌូចិន អាចក្លាយជារឿងថ្មី?”។

ដោយឡែក លោកអានន្ទដាយ៉ាត ទីប្រឹក្សា ផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន សរសេរក្នុងគណនីហ្វេសប៊ុករបស់លោក នៅ ព្រឹកថ្ងៃដដែលនោះដែរថា “មិត្តសម្លាញ់របស់ខ្ញុំ Amb William Heidt សូមស្តាប់ដោយប្រុងប្រយ័ត្នចំពោះលោកកឹម សុខា ដែលបាន និយាយថា គាត់បានជួយពីសហរដ្ឋអាមេរិក ដើម្បីទម្លាក់រដ្ឋាភិបាលស្របច្បាប់។

លោក Heidt តើលោកអាចលុបចោល ការពិតបានយ៉ាងម៉េចទៅ? ហើយលោកទាមទារ ការដោះលែងដោយគ្មានលក្ខខណ្ឌ?

ខ្ញុំត្រូវបានបង្រៀននៅក្នុងសហរដ្ឋអាមេរិក ដើម្បីបំបែកការពិតពីការប្រឌិត

-ដូច្នេះអ្នក។

លោកគឺជាឥស្សរជនអាមេរិក ដែលតំណាង ឱ្យប្រជាជាតិដ៏អស្ចារ្យនៅលើផែនដី ហេតុអ្វី បានជាលោកមិនអាចរៀនអ្វីដែលលោកត្រូវ បានបង្រៀននៅក្នុងសាលារៀន?

តើដោយសារតែនយោបាយ និងភាព លម្អៀងទេ? អ្នកសម្រេចចិត្ត”។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លោកវិល្លៀម ហេដថ៍ (William A.Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានមួយ និយាយពីទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ព្រមទាំងបកស្រាយបំភ្លឺចំពោះការចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកទាក់ទងនឹងការចាប់ខ្លួនលោក កឹម សុខា ពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស”។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានបពាក្ជា់ពីជំហរចូលរួមជាមួយ សហភាពអឺរ៉ុបក្នុងការទាមទារឱ្យដោះលែង លោកកឹម សុខា ជាបន្ទាន់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោកឯកអគ្គរដ្ឋទូត វិល្លៀម ហេដថ៍ (William A.Heidt) បានមានប្រសាសន៍ថា “សូមអរគុណ ដែលបានអញ្ជើញមកថ្ងៃនេះ។ ខ្ញុំសូមធ្វើសេចក្តីថ្លែងការណ៏ខ្លីមួយ បន្ទាប់មក ខ្ញុំនឹងឆ្លើយសំណួរលោកអ្នក។

នៅថ្ងៃទី០២ កញ្ញា ខ្ញុំបានចាកចេញទៅ សហរដ្ឋអាមេរិក ដោយមិនបានគ្រោងទុក ដោយសារហេតុផលផ្ទាល់ខ្លួន។ ៤០នាទី បន្ទាប់ពីខ្ញុំ បានចាកចេញទៅរដ្ឋាភិបាល បានចាប់ខ្លួនលោក កឹម សុខា ជាមេដឹកនាំបក្សប្រឆាំង ដោយចោទថា ក្បត់ជាតិ ទាក់ទងនឹងមតិដែលលោកទំនងជាបាននិយាយកាលពី៤ឆ្នាំមុន។

និយាយដោយត្រង់ទៅ ខ្ញុំគ្មានការភ្ញាក់ផ្អើលទាំងស្រុងនោះទេ នៅពេលខ្ញុំទទួលដំណឹងអកុសលនេះ តែខ្ញុំមានការភ្ញាក់ផ្អើលចំពោះការចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកទាក់ទង នឹងការចាប់ខ្លួនលោកកឹម សុខា ដែលគ្មាន ភ័ស្តុតាងច្បាស់លាស់ ឬគួរឱ្យទុកចិត្តបានបន្តិចណាសោះ។ វាគឺជាការចោទប្រកាន់មិនធម្មតា។ ការងារការទូត ជាធម្មតា ត្រូវបានធ្វើដោយ ប្រើភាសាដែលមានការប្រយ័ត្ន និងប្រកបដោយ ការគោរព គឺប្រភេទនៃភាសាដែលខ្ញុំនឹងប្រើ នៅថ្ងៃនេះ។ សារដែលពិបាកត្រូវបានបញ្ជូន ជាលក្ខណៈឯកជនសិន”។

លោកឯកអគ្គរដ្ឋទូតអាមេរិក បានថ្លែងបន្តថា “ប្រទេសជាមិត្តនឹងគ្នា តែងតែរកមើល វិធីបំបាត់ការខ្វែងគំនិតគ្នា តែនៅក្នុងឆ្នាំកន្លង ទៅនេះជាច្រើនដងហើយដែលសហរដ្ឋអាមេរិក បានរងការចោទប្រកាន់គ្មានមូលដ្ឋាន មិនត្រឹមត្រូវ និងខុសដោយចេតនា។ វាធ្វើឱ្យខ្ញុំមាន អារម្មណ៍ឈឺចាប់ណាស់។ ខ្ញុំគិតថា លោកអ្នកដឹងហើយថា ខ្ញុំមានការទាក់ទងពិសេសជាមួយ ប្រទេសកម្ពុជា ហើយខ្ញុំបានមកដល់ប្រទេស កម្ពុជា កាលពី២ឆ្នាំមុន ដោយបានទទួលការ ណែនាំឱ្យខិតខំលើកកម្ពស់ទំនាក់ទំនងរបស់ យើង។ ជាការពិត ខ្ញុំនិងបុគ្គលិករបស់ខ្ញុំ តែង តែគោរពដល់គ្រប់គ្នា ចេញសេចក្តីថ្លែងការណ៍ ជាសាធារណៈក្នុងចំនួនតិចបំផុត ហើយត្រឹមត្រូវ ហើយរកមើលវិធីធ្វើសហប្រតិបត្តិការ និងលុបបំបាត់ការខ្វែងគំនិតគ្នារវាងប្រជាជន ដ៏អស្ចារ្យរបស់យើងទាំងពីរ។

ខ្ញុំបានអញ្ជើញអ្នកសារព័ត៌មានមកថ្ងៃ នេះ ដើម្បីធ្វើការពន្យល់លើបីចំណុច។ ចំណុច ទីមួយ គឺងាយទេ ពោលគឺថា រាល់ការចោទ ប្រកាន់ដែលលោកអ្នកបានឮនៅក្នុងពេលប៉ុន្មាន សប្តាហ៍ថ្មីៗនេះ ស្តីពីសហរដ្ឋអាមេរិក គឺសុទ្ធតែ ខុសទាំងអស់។ អត្ថបទនៅក្នុងសារព័ត៌មាន ថ្មីៗនេះ ស្តីពីការចាប់ខ្លួនលោកកឹម សុខា ត្រូវ បានគេសរសេរខុសទាំងស្រុងនិងដោយចេតនា ក្នុងការហៅអ្វីដែលសហរដ្ឋអាមេរិកកំពុងធ្វើ នៅកម្ពុជា។ វាពិតជាការបង្វែរការយកចិត្តទុក ដាក់ចេញពីបញ្ហាពិតប្រាកដមែន (Red herrings)”។

លោកវិល្លៀម ហេដថ៍ បានមានប្រសាសន៍ បន្តទៀតថា “ឥឡូវ ខ្ញុំសូមជម្រាបលោកអ្នក នូវអ្វីដែលយើងបាននិងកំពុងធ្វើ។ ខ្ញុំមិនអាន នូវបញ្ជីសកម្មភាពទាំងអស់នោះទេ តែការពិត គឺថា កម្មវិធីរបស់យើង មានការស៊ីចង្វាក់គ្នា គួរឱ្យកត់សម្គាល់ តាំងពីស្ថានទូតរបស់យើង បានបើកឡើងវិញ នៅឆ្នាំ១៩៩៤។

-យើងគឺជាអ្នកគាំទ្រដ៏ខ្លាំងមួយ ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ យើងបានជួយកម្ពុជា ក្នុងការបង្កើតក្របខ័ណ្ឌ ការងារមួយ ដែលបានទាក់ទាញក្រុមហ៊ុនសម្លៀកបំពាក់ល្បីៗនៅក្នុងពិភពលោក ដោយរួមទាំង ក្រុមហ៊ុនរបស់អាមេរិករាប់សិបផងដែរ។ នៅក្នុងឆ្នាំកន្លងទៅនេះ យើងបានបង្កើតឧស្សាហកម្មថ្មីសន្លាងមួយ ដែលមានតម្លៃ១០០លានដុល្លារ ស្តីពីទំនិញសម្រាប់ការធ្វើដំណើរ ដែលនៅពេលនេះ ប្រើកម្លាំងកម្មករចំនួនជិត ១០០ ០០០នាក់។

-គ្រាន់តែនៅឆ្នាំនេះ យើងបានសម្ពោធ កម្មវិធីកសិកម្មថ្មីមួយ ដែលគិតគូរចំពោះបញ្ហា នៃតម្លៃកសិកផលទាបខ្លាំងដែលប៉ះពាល់ដល់ កសិករកម្ពុជា។ យើងបានជួយកម្ពុជា នៅក្នុងការដោះស្រាយបញ្ហានៃផលិតភាពកសិកម្មទាប និងអសន្តិសុខស្បៀង អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។

-យើងបានសម្រេចភាពជឿនលឿនធំៗ នៅក្នុងការលើកកម្ពស់សុខភាពសាធារណៈ នៅកម្ពុជា។ ដោយមានជំនួយរបស់អាមេរិក កម្ពុជា ជិតក្លាយជាប្រទេសដំបូងគេនៅលើ ផែនដីនេះ ដែលខិតទៅជិតការមានអត្រាឆ្លង មេរោគអេដស៍ក្នុងកម្រិត០%។ យើងកំពុងតែដឹកនាំការស្រាវជ្រាវនៅក្នុងការព្យាបាលជំងឺគ្រុនចាញ់ ដែលមានភាពស៊ាំនឹងឱសថ។

-យើងបានផ្តល់ការអប់រំដល់ជនជាតិកម្ពុជា ចំនួនរាប់ពាន់នាក់ តាមរយៈកម្មវិធីផ្លាស់ប្តូរ ក្នុងការសិក្សា និងជំនួយដទៃទៀត។ យើង បានកសាងទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងប្រជាជនដែលបានជាប្រយោជន៍ដល់ប្រទេសទាំងពីរ ហើយបានធ្វើឱ្យមានការផ្សះផ្សាឡើងវិញនៅកម្ពុជា។ យើងបានផ្តល់អំណាចដល់ស្ត្រី រាប់ពាន់នាក់ ហើយបានជួយបង្រៀនភាសា អង់គ្លេសដល់កុមារ ដែលស្ថិតក្នុងស្ថានភាព ខ្សត់ខ្សោយ។

-យើងគឺជាកម្លាំងដ៏ខ្លាំងក្នុងការធ្វើឱ្យ មានយុត្តិធម៌។ យើងបានចាប់ខ្លួនឧក្រិដ្ឋជន ដែលជាការធ្វើឱ្យប្រទេសយើងទាំងពីរ មាន សុវត្ថិភាព ហើយយើងបានប្រកៀកស្មាគ្នាជាមួយរដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីកាត់បន្ថយការជួញដូរមនុស្ស។

-យើងបានធ្វើការអបអរនឹងអភិរក្សវប្បធម៌ខ្មែរ។ ប្រជាជនអាមេរិក បានផ្តល់ថវិកា សម្រាប់ធ្វើការអភិរក្សទ្រព្យសម្បត្តិជាតិខ្លះដ៏ មានតម្លៃបំផុតរបស់ប្រទេសកម្ពុជា ដូចជា ប្រាសាទភ្នំបាខែង និងប្រាសាទហាន់ជ័យ។

-យើងបានជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងពេលថ្មីៗនេះ មន្ត្រីរដ្ឋាភិបាល ខ្លះបានរិះគន់ផ្នែកនេះ នៃកម្មវិធីរបស់យើង តែ យើងមានមោទនភាពចំពោះការងាររបស់យើង ក្នុងការកែលម្អអភិបាលកិច្ច និងជួយអ្នកដឹកនាំ ក្នុងការឆ្លើយចំពោះប្រជាជនដែលគេធ្វើជាតំណាងឱ្យ។ យើងបានជួយគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ហើយបានបង្រៀនគណបក្សនយោបាយនានា ដោយរួមទាំងគណបក្សប្រជាជនកម្ពុជា ផងដែរ ស្តីពីវិធីបង្ហាញពី កម្មវិធីរបស់គេដល់អ្នកបោះឆ្នោត”។

លោកវិល្លៀម ហេដថ៍ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា

លោកឯកអគ្គរដ្ឋទូតអាមេរិក បានថ្លែងបន្តថា “ប្រវត្តិសាស្ត្របានដើរតួនាទីមួយចំណែក នៅក្នុងការចោទប្រកាន់ជាច្រើនក្នុងចំណោម ការចោទថ្មីៗ ទាំងនេះ ហើយយើងសូមទទួល ស្គាល់កេរដំណែលរបស់យើង នៅក្នុងសង្គ្រាម វៀតណាម។ តែយើងមានការប្តេជ្ញាចិត្តនៅក្នុង ការដោះស្រាយបញ្ហានៃកេរដំណែលនេះ។ តើលោកអ្នកដឹងទេថា យើងបានផ្តល់ប្រាក់ចំនួន ជាង១៦០លានដុល្លារ សម្រាប់ការងារលុប បំបាត់យុទ្ធភណ្ឌមិនទាន់ផ្ទុះ? ពាក់កណ្តាលនៃ ប្រាក់នេះ ត្រូវបានប្រើសម្រាប់លុបបំបាត់យុទ្ធភណ្ឌដែលទម្លាក់ដោយយន្តហោះអាមេរិក នៅ ភាគខាងកើតនៃប្រទេសកម្ពុជា តែប្រាក់ចំនួនពាក់កណ្តាលទៀត ត្រូវបានប្រើសម្រាប់ដោះ មីនរបស់ចិន សូវៀត និងវៀតណាម នៅភាគ ខាងលិចប្រទេស នៅតាមចម្ការមីន ដែលមាន គ្រោះថ្នាក់១០ដង  លើសគ្រាប់ដែលទម្លាក់ដោយ អាមេរិក។

ក្នុងពេល២សប្តាហ៍ខាងមុខនេះ យើងនឹង រៀបរាប់រឿងពិតស្តីពីសកម្មភាពរបស់យើង ហើយពន្យល់ថា ហេតុអ្វីក៏វាល្អ សម្រាប់ប្រទេស យើងទាំងពីរ។ សូមតាមដានទំព័រហ្វេសប៊ុក របស់យើង និងសូមជួយផ្តល់មតិ។

ចំណុចទី២របស់ខ្ញុំ ក៏មានលក្ខណៈសាមញ្ញ ដូចគ្នានេះដែរ។ ច្រើនដូចការនិយាយស្តីពីប្រទេស អាមេរិកនៅពេលនេះដែរ គឺថាព្រឹត្តិការណ៍នៅ ក្នុងខែកន្លងទៅនេះ មិនប៉ះពាល់ទៅលើសហរដ្ឋអាមេរិកទេ តែវាប៉ះពាល់ទៅលើប្រទេសកម្ពុជា ទៅវិញទេ។ មួយជំហានម្តងៗ ព្រឹត្តិការណ៍ទាំង នេះ កំពុងតែធ្វើឱ្យប្រទេសកម្ពុជាឯកោពីសហគមន៍អន្តរជាតិ ក្នុងពេលដែលកម្ពុជា ត្រូវការ ជំនួយគាំទ្រអន្តរជាតិ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចរបស់ខ្លួនឱ្យឡើងមួយកម្រិតទៀត ហើយប្រកួតប្រជែងជាមួយប្រទេសជិតខាងនៅក្នុង សមាគមអាស៊ាន។ សំដីប្រឆាំងអាមេរិក បានធ្វើឱ្យជនជាតិអាមេរិក និងអ្នកទេសចរលោក ខាងលិចជាច្រើន មានអារម្មណ៍លែងកក់ក្តៅ ជាងមុនពេលធ្វើដំណើរមកកម្ពុជា នាពេលបច្ចុប្បន្ន។ ឆ្នាំនេះ អ្នកទេសចរទាំងនោះ អាច ទៅចាយលុយនៅហាឡុងបេយ៍ ឬនៅភូកេត ជាជាងនៅអង្គរវត្ត។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុនអាមេរិក និងលោកខាងលិច ក៏មានអារម្មណ៍លែងកក់ក្តៅជាងមុនផងដែរ ហើយក្រុមហ៊ុនកាន់តែតិច ថែមទៀតនឹងមកវិនិយោគនៅកម្ពុជា។ លោកអ្នកប្រហែលជាបានឃើញសេចក្តីថ្លែងរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ទាក់ទងនឹងរឿងនេះហើយ។

អ្នកធ្វើការបរិច្ចាគមនុស្សធម៌អាមេរិក ដែលជាក្រុមធំជាងគេ និងមានទ្រព្យច្រើនជាង គេនៅក្នុងពិភពលោក ក៏លែងមានអារម្មណ៍គិតថា ខ្លួនគេត្រូវបានទទួលស្វាគមន៍ដែរ។ ខ្ញុំប៉ាន់ប្រមាណថា អង្គការសប្បុរសធម៌អាមេរិក បានសាងសង់សាលាជាង១០០០ នៅកម្ពុជា។ វាជាចំនួនដ៏ច្រើនមែនទេ? ខ្ញុំបានឮពីអង្គការ សប្បុរសធម៌ធំៗខ្លះថា ការធ្វើប្រតិបត្តិការនៅ កម្ពុជា កាន់តែប្រឈមនឹងហានិភ័យខ្លាំង ហើយ ពួកគាត់កំពុងតែពិចារណាប្តូរការងារល្អៗរបស់ គាត់ទៅឥណ្ឌូនេស៊ី បង់ក្លាដេស ឬវៀតណាម វិញ។ ប៉ុន្តែផលប៉ះពាល់ធ្ងន់បំផុតធ្លាក់មកលើ កិត្តិយសរបស់កម្ពុជា ក្នុងនាមជាប្រទេសប្រជាធិបតេយ្យក្មេងខ្ចី។ កាលពីបីខែកន្លងទៅ កម្ពុជាបានរៀបចំការបោះឆ្នោត ដែលមានភាពសេរី និងយុត្តិធម៌បំផុតរបស់ខ្លួន តាំងតែពីឆ្នាំ១៩៩៣ មក។ ជាភាពត្រឹមត្រូវ ប្រជាជនកម្ពុជា មានមោទនភាពចំពោះរឿងនេះ ហើយជាភាពត្រឹមត្រូវ ដែលសហរដ្ឋអាមេរិក បានអបអរសាទររដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះរឿងនេះ។

បីខែបានកន្លងផុតយ៉ាងឆាប់រហ័សមក ដល់ពេលនេះ។ ជាការពិត ប្រសិនបើការបោះ ឆ្នោតជាតិកម្ពុជា ប្រព្រឹត្តទៅនៅថ្ងៃនេះ គ្មាន អ្នកសង្កេតការណ៍អន្តរជាតិ គួរឱ្យជឿជាក់ណា មួយចាត់ទុកថា ការបោះឆ្នោតនេះ មានភាពសេរី និងយុត្តិធម៌ ឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ប្រជាជន កម្ពុជាឡើយ។

ខ្ញុំសង្ឃឹមថា គ្រប់គ្នានឹងគិតអំពីចំណុច នេះដោយប្រុងប្រយ័ត្ន។ ប្រទេសប្រជាធិបតេយ្យមានលក្ខណៈពិសេស។ ក្នុងប្រទេសប្រជាធិបតេយ្យ ប្រជាជនធម្មតាមានតួនាទីពិតប្រាកដ នៅក្នុងប្រទេសរបស់គាត់ ហើយទំនាក់ទំនងរបស់រដ្ឋាភិបាល និងប្រជាជន មានភាពរឹតតែស៊ីជម្រៅ។ ប្រទេសដទៃមើលមកអ្នកក្នុងន័យ ផ្សេងផងដែរ ដូចជាមានការគោរព និងយល់កាន់តែច្រើន។ វាជាអ្វីដែលសមនឹងតម្លៃនៃការតស៊ូ”។

លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពេលសមត្ថកិច្ចឃាត់ខ្លួន

លោកវិល្លៀម ហេដថ៍ (William A. Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំ នៅកម្ពុជា បានមានប្រសាសន៍បន្តទៀតថា “ហើយចំណុចចុងក្រោយរបស់ខ្ញុំ គឺ ៖ ទោះបីជាមានព្រឹត្តិការណ៍ទាំងអស់កើតឡើងកាលពី ខែមុនក្តី ខ្ញុំគិតថា នៅតែមានពេលដើម្បីសង្គ្រោះ ការបោះឆ្នោតឆ្នាំ២០១៨ របស់កម្ពុជាបានបន្ត ការអភិវឌ្ឍប្រជាធិបតេយ្យរបស់កម្ពុជា និងស្តារទំនាក់ទំនងទ្វេភាគីរបស់យើង។ ប៉ុន្តែវា ទាមទារឱ្យមានសកម្មភាពម៉ឺងម៉ាត់ជាបន្ទាន់។ យើងសូមចូលរួមជាមួយសហភាពអឺរ៉ុប ក្នុង ការទាមទារឱ្យដោះលែងលោកកឹម សុខា ជាបន្ទាន់។ ដំណើរការធម្មតារបស់ទីផ្សារសារព័ត៌មានកម្ពុជា ក៏គួរទទួលបានការស្តារឡើង វិញផងដែរ។ ការដាក់សម្ពាធលើសង្គមស៊ីវិល គួរត្រូវបានបញ្ឈប់ ហើយប្រហែលជាសំខាន់ ជាងនេះទៅទៀតនោះ រដ្ឋាភិបាល, បក្សប្រឆាំង, និងសង្គមស៊ីវិល គួរតែចាប់ផ្តើមកិច្ចសន្ទនាអំពី អនាគតប្រជាធិបតេយ្យរបស់កម្ពុជាក្នុងបរិយាកាសបើកចំហ គោរព និងគ្មានសម្ពាធ។

ខ្ញុំសូមបញ្ចប់ដោយការកត់សម្គាល់ផ្ទាល់ខ្លួនថា ចាប់តាំងពីយើងមកដល់ប្រទេសកម្ពុជា កាលពី២ឆ្នាំមុន ភរិយាខ្ញុំ កូនប្រុសខ្ញុំ និងរូបខ្ញុំ ផ្ទាល់មានកិត្តិយសដែលទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា រៀងរាល់ថ្ងៃ ជាពិសេសកាលពីខែមុន ហើយខ្ញុំក៏មានមោទនភាពចំពោះការខិតខំ និងការប្តេជ្ញាចិត្តរបស់ បុគ្គលិកអាមេរិក និងខ្មែរ របស់ស្ថានទូត ព្រម ទាំងសហគមន៍អាមេរិក ជាទូទៅផងដែរ។

ជាការពិត អាមេរិក មិនមែនជាប្រទេស ស្មុគស្មាញពិបាកធ្វើការជាមួយនោះទេ។ សូមធ្វើមកលើយើងដោយយុត្តិធម៌ និយាយជាមួយ យើងដោយស្មោះត្រង់ ធ្វើសហប្រតិបត្តិការ ជាមួយគ្នាតាមដែលអាចធ្វើបាន ប្រើប្រាស់ អំណាចទីផ្សាររបស់យើងដើម្បីជាប្រយោជន៍ របស់អ្នកស្វាគមន៍កម្មវិធីជំនួយ និងក្រុមហ៊ុន របស់យើង។

ក្តីសង្ឃឹមរបស់ខ្ញុំគឺថា រដ្ឋាភិបាលកម្ពុជា នឹងបង្ហាញដល់យើងនូវសុច្ឆន្ទៈដែលយើងបាន បង្ហាញដល់គេ ដើម្បីបន្តឡើងវិញនូវភាពជា ដៃគូដ៏ពិសេស និងខ្លាំងក្លា ដែលយើងមានរហូត មកដល់កាលពីមួយឆ្នាំមុននេះ…”៕

ខៀវទុំ

facebook