facebook
facebook

លោកសម រង្ស៊ី ប្រកាសបើកសមាគមនៅប្រទេសបារាំង

​ James​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ | នយោបាយ | 38 | 0 | ម៉ោង 2:57 am

ប្រទេសបារាំង ៖ លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសបង្កើត “សមាគមដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា” ដែលមានទីស្នាក់ការនៅប្រទេសបារាំង ក្នុងគោលបំណងចង់ជួយ និងចង់បម្រើប្រទេសកម្ពុជា ដើម្បីបង្រួបបង្រួមជនជាតិខ្មែរទាំងអស់ ឱ្យមានឯកភាពជាតិ ដោយមានលទ្ធិប្រជាធិបតេយ្យជាមូលដ្ឋាន ដោយលោកបានបញ្ជាក់ថា ពេលនេះលោកឈប់ជាសមាជិកគណបក្សនយោបាយណាមួយហើយ និងឈប់មានតួនាទី ឬមុខងារនយោបាយអ្វីពាក់ព័ន្ធជាមួយគណបក្សណា ឬក្រុមនយោបាយ ណាទាំងអស់។

លោកសម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ថា “បងប្អូនជនរួមជាតិ និងប្រិយមិត្តជាទីគោរព! ខ្ញុំមានកិត្តិយសប្រកាសថ្ងៃនេះ ពីសេចក្តីសម្រេចរបស់ខ្ញុំបង្កើត “សមាគម ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”។

ដោយសារតែខ្ញុំឈប់ជាសមាជិកគណបក្សនយោបាយណាមួយ ហើយនិងឈប់មានតួនាទី ឬមុខងារនយោបាយអ្វីឡើយ ខ្ញុំមានសេរីភាព ពេញលេញនៅពេលនេះ ដោយគ្មានចំណងជាមួយគណបក្សណា ឬក្រុមនយោបាយណាមួយ ឡើយ។

ប៉ុន្តែដោយសារតែខ្ញុំ នៅតែមានបំណងចង់ជួយ និងចង់បម្រើប្រទេសកម្ពុជា ដែលជាមាតុភូមិជាទីស្នេហារបស់ខ្ញុំ ខ្ញុំយល់ឃើញថា កាតព្វកិច្ចរបស់ខ្ញុំ នៅពេលនេះ គឺយកសេរីភាព និងឯករាជ្យភាព ដែលខ្ញុំទើបតែទទួលបានមក ប្រើប្រាស់ ដើម្បីបង្រួបបង្រួមជនជាតិខ្មែរទាំងអស់ ក្នុងគោលបំណងសម្រេចឯកភាពជាតិ ដោយមានលទ្ធិប្រជាធិបតេយ្យជាមូលដ្ឋាន។

ឯកភាពជាតិ ជាការចាំបាច់ ដើម្បីដោះស្រាយវិបត្តិសព្វថ្ងៃ ហើយបញ្ចៀសប្រទេសកម្ពុជាពីមហន្តរាយ។ មានតែលទ្ធិប្រជាធិបតេយ្យទេ ដែលបើកផ្លូវឱ្យខ្មែរនិងខ្មែរគ្រប់ និន្នាការនយោបាយ អាចនិយាយគ្នាបាន ដោយគោរពគ្នាទៅវិញទៅមក ហើយអាចធ្វើការជាមួយគ្នាបាន ក្នុងគោលបំណងការពារឧត្តម ប្រយោជន៍ជាតិ ហើយនាំមកនូវវឌ្ឍនភាព ក្នុងវិស័យសេដ្ឋកិច្ច និងសង្គម។

មធ្យោបាយដ៏សំខាន់មួយ ដើម្បីសម្រេចគោលដៅខាងលើនេះ គឺជំរុញឱ្យមានការគោរព ចំពោះគោលការណ៍ដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។ “សមាគម ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា” នឹងត្រូវបង្កើតឡើង ក្នុងស្មារតី និងគោលបំណង ដូចបញ្ជាក់ខាងលើនេះ”។

លោកសម រង្ស៊ី ជាមួយតំណាងរាស្ត្រនៃសភាអឺរ៉ុប

លោកសម រង្ស៊ី បានសរសេរបន្តថា “ខ្ញុំសូមអំពាវនាវឱ្យជនជាតិខ្មែរគ្រប់រូប គ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ នៅលើទឹកដីប្រទេសកម្ពុជា ក៏ដូចជានៅក្រៅប្រទេស សូមអញ្ជើញចូលរួមក្នុងសមាគមនេះ ដែលមាន គោលបំណងតែមួយគត់ គឺបង្រួបបង្រួមជាតិ លើមូលដ្ឋានប្រជាធិបតេយ្យពិតប្រាកដ។ មានតែលទ្ធិប្រជាធិបតេយ្យពិតប្រាកដទេ ដែលអាចធានាការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងអភិបាលកិច្ចល្អ។

បងប្អូនជនរួមជាតិម្នាក់ៗ ដែលនឹងមក ចូលរួមក្នុង “សមាគម ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា” អាចនៅជាសមាជិក គណបក្សរបស់ខ្លួន រៀងៗខ្លួនដូចសព្វថ្ងៃ ពីព្រោះ សមាគមយើង មិនគាំទ្រគណបក្សនយោបាយណាមួយទេ ហើយក៏មិនប្រឆាំងគណបក្សនយោបាយណាមួយដែរ។ សមាគមយើង គ្រាន់តែ គាំទ្រគោលការណ៍ប្រជាធិបតេយ្យ ដែលមានលក្ខណៈជាសកល ហើយយើងនឹងខិតខំ ជំរុញ ឱ្យមានការគោរព និងអនុវត្តគោលការណ៍ទាំងនេះ យ៉ាងជាក់ស្តែង និងជាប្រចាំ។

ការងារជាក់ស្តែងរបស់យើង គឺគាំទ្រ និងលើកទឹកចិត្តចំពោះការផ្តួចផ្តើមគំនិត និងសកម្មភាពរបស់គណបក្សនយោបាយទាំងអស់ និងប្រជាពលរដ្ឋទាំងអស់ ដែលជួយពង្រឹង និងលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សមាគមយើងនឹងត្រូវបង្កើតឡើង តាមច្បាប់ប្រទេសបារាំង ហើយនឹងមានទីស្នាក់ការនៅទីក្រុងប៉ារីស ដោយសារតែយើងនឹងបើកទ្វារសមាគមយើង ឱ្យមិត្តប្រទេសកម្ពុជា មានគ្រប់សញ្ជាតិ ចូលធ្វើជាសមាជិកផងដែរ ដរាបណាមិត្តបរទេសទាំងនោះ ចង់បង្ហាញពីការអាណិតអាសូរចំពោះប្រជារាស្ត្រខ្មែរ ហើយចង់គាំទ្រសកម្មភាពរបស់យើង ដោយសន្តិវិធី ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”។

ដោយឡែក កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ លោកសម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុកដដែលថា “ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ដែល គង់នៅតាមវត្តអារាម ទូទាំងប្រទេសកម្ពុជា និង ក្រៅប្រទេស។ ក្នុងជីវិតនេះ ខ្ញុំព្រះករុណានឹង ដើរតាមគន្លងធម៌ព្រះពុទ្ធជាម្ចាស់ជានិច្ច ដូចដែល ព្រះអង្គបានបង្រៀន និងប្រៀនប្រដៅខ្ញុំព្រះករុណា។ ជាពិសេស ខ្ញុំព្រះករុណា នឹងប្រព្រឹត្ត ហើយផ្សព្វផ្សាយអំពើល្អ និងធម៌មេត្តាគ្រប់ ទិសទី ដើម្បីឱ្យជនជាតិខ្មែរគ្រប់រូប ទទួលបាន សេចក្តីសុខ។ ខ្ញុំព្រះករុណាជឿថា ពេលធ្វើយ៉ាង ដូច្នេះយូរៗទៅ សូម្បីតែសត្រូវក៏នឹងក្លាយទៅជាមិត្ត”៕

ខៀវទុំ

facebook