facebook
facebook

ទូតអាមេរិក ទាមទារឱ្យដោះលែងលោកកឹម សុខា

​ James​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ | នយោបាយ | 82 | 0 | ម៉ោង 2:56 am លោកវិល្លៀម ហេដថ៍ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លោកវិល្លៀម ហេដថ៍ (William A.Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានមួយ និយាយពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និង ប្រទេសកម្ពុជា ព្រមទាំងបកស្រាយបំភ្លឺចំពោះការចោទប្រកាន់ទៅលើសហរដ្ឋអាមេរិក ទាក់ទងនឹងការចាប់ខ្លួនលោកកឹម សុខា ពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស”។ ជាមួយគ្នានេះ លោក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានបញ្ជាក់ពី ជំហរចូលរួមជាមួយសហភាពអឺរ៉ុប ក្នុងការទាមទារ ឱ្យដោះលែងលោកកឹម សុខា ជាបន្ទាន់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅស្ថានទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោកឯកអគ្គរដ្ឋទូត វិល្លៀម ហេដថ៍ (William A.Heidt) បានមានប្រសាសន៍ថា “សូមអរគុណ ដែលបានអញ្ជើញមកថ្ងៃនេះ។ ខ្ញុំសូមធ្វើសេចក្តីថ្លែងការណ៍ ខ្លីមួយ បន្ទាប់មក ខ្ញុំនឹងឆ្លើយសំណួរលោកអ្នក។

នៅថ្ងៃទី០២ កញ្ញា ខ្ញុំបានចាកចេញទៅសហរដ្ឋអាមេរិក ដោយមិនបានគ្រោងទុក ដោយសារហេតុផលផ្ទាល់ខ្លួន។ ៤០នាទី បន្ទាប់ពីខ្ញុំបានចាកចេញទៅរដ្ឋាភិបាលបានចាប់ខ្លួនលោកកឹម សុខា ជាមេដឹកនាំបក្សប្រឆាំង ដោយចោទថា ក្បត់ជាតិទាក់ទងនឹងមតិ ដែលលោកទំនងជា បាននិយាយកាលពី៤ឆ្នាំមុន។

និយាយដោយត្រង់ទៅ ខ្ញុំគ្មានការភ្ញាក់ផ្អើលទាំងស្រុងនោះទេ នៅពេលខ្ញុំទទួលដំណឹងអកុសលនេះ តែខ្ញុំមានការភ្ញាក់ផ្អើល ចំពោះការចោទប្រកាន់ទៅលើសហរដ្ឋអាមេរិក ទាក់ទងនឹងការ ចាប់ខ្លួនលោកកឹម សុខា ដែលគ្មានភ័ស្តុតាង ច្បាស់លាស់ ឬគួរឱ្យទុកចិត្តបានបន្តិចណាសោះ។ វាគឺជាការចោទប្រកាន់មិនធម្មតា។ ការងារការទូតជាធម្មតា ត្រូវបានធ្វើដោយប្រើភាសា ដែលមានការប្រយ័ត្ន និងប្រកបដោយការគោរព គឺប្រភេទនៃភាសា ដែលខ្ញុំនឹងប្រើនៅថ្ងៃនេះ។ សារដែលពិបាកត្រូវបានបញ្ជូនជាលក្ខណៈឯកជនសិន”។

លោកឯកអគ្គរដ្ឋទូតអាមេរិក បានថ្លែងបន្តថា “ប្រទេសជាមិត្តនឹងគ្នា តែងតែរកមើល វិធីបំបាត់ការខ្វែងគំនិតគ្នា តែនៅក្នុងឆ្នាំកន្លង ទៅនេះជាច្រើនដងហើយ ដែលសហរដ្ឋអាមេរិក បានរងការចោទប្រកាន់គ្មានមូលដ្ឋាន មិនត្រឹមត្រូវ និងខុសដោយចេតនា។ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់។ ខ្ញុំគិតថា លោកអ្នកដឹងហើយ ថា ខ្ញុំមានការទាក់ទងពិសេសជាមួយប្រទេស កម្ពុជា ហើយខ្ញុំបានមកដល់ប្រទេសកម្ពុជា កាលពី២ឆ្នាំមុន ដោយបានទទួលការណែនាំឱ្យខិតខំ លើកកម្ពស់ទំនាក់ទំនងរបស់យើង។ ជាការពិត ខ្ញុំនិងបុគ្គលិករបស់ខ្ញុំ តែងតែគោរពដល់គ្រប់គ្នា ចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ ក្នុងចំនួនតិចបំផុត ហើយត្រឹមត្រូវ ហើយរកមើលវិធីធ្វើ សហប្រតិបត្តិការ និងលុបបំបាត់ការខ្វែងគំនិត គ្នារវាងប្រជាជនដ៏អស្ចារ្យរបស់យើងទាំងពីរ។

លោកវិល្លៀម ហេដថ៍ និងមន្ត្រីជាន់ខ្ពស់អាមេរិក ជាមួយលោកកឹម សុខា

ខ្ញុំបានអញ្ជើញអ្នកសារព័ត៌មានមកថ្ងៃនេះ ដើម្បីធ្វើការពន្យល់លើបីចំណុច។ ចំណុចទីមួយ គឺងាយទេ ពោលគឺថា រាល់ការចោទប្រកាន់ ដែលលោកអ្នកបានឮនៅក្នុងពេលប៉ុន្មានសប្តាហ៍ ថ្មីៗនេះ ស្តីពីសហរដ្ឋអាមេរិក គឺសុទ្ធតែខុស ទាំងអស់។ អត្ថបទនៅក្នុងសារព័ត៌មានថ្មីៗនេះ ស្តីពីការចាប់ខ្លួនលោកកឹម សុខា ត្រូវបានគេ សរសេរខុសទាំងស្រុង និងដោយចេតនាក្នុងការ ហៅអ្វីដែលសហរដ្ឋអាមេរិកកំពុងធ្វើនៅកម្ពុជា។ វាពិតជាការបង្វែរការយកចិត្តទុកដាក់ ចេញពីបញ្ហាពិតប្រាកដមែន (Red herrings)”។

លោកវិល្លៀម ហេដថ៍ បានមានប្រសាសន៍ បន្តទៀតថា “ឥឡូវ ខ្ញុំសូមជម្រាបលោកអ្នកនូវ អ្វីដែលយើងបាននិងកំពុងធ្វើ។ ខ្ញុំមិនអាននូវ បញ្ជីសកម្មភាពទាំងអស់នោះទេ តែការពិត គឺថា  កម្មវិធីរបស់យើងមានការស៊ីចង្វាក់គ្នាគួរឱ្យកត់ សម្គាល់ តាំងពីស្ថានទូតរបស់យើង បានបើកឡើងវិញ នៅឆ្នាំ១៩៩៤។

-យើងគឺជាអ្នកគាំទ្រដ៏ខ្លាំងមួយចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ យើង បានជួយកម្ពុជា ក្នុងការបង្កើតក្របខ័ណ្ឌការងារ មួយដែលបានទាក់ទាញក្រុមហ៊ុនសម្លៀកបំពាក់ ល្បីៗនៅក្នុងពិភពលោក ដោយរួមទាំងក្រុមហ៊ុន របស់អាមេរិករាប់សិបផងដែរ។ នៅក្នុងឆ្នាំកន្លង ទៅនេះ យើងបានបង្កើតឧស្សាហកម្មថ្មីសន្លាង មួយ ដែលមានតម្លៃ១០០លានដុល្លារ ស្តីពី ទំនិញសម្រាប់ការធ្វើដំណើរ ដែលនៅពេលនេះ ប្រើកម្លាំងកម្មករចំនួនជិត ១០០ ០០០នាក់។

-គ្រាន់តែនៅឆ្នាំនេះ យើងបានសម្ពោធ កម្មវិធីកសិកម្មថ្មីមួយ ដែលគិតគូរចំពោះបញ្ហា នៃតម្លៃកសិកផលទាបខ្លាំង ដែលប៉ះពាល់ដល់កសិករកម្ពុជា។ យើងបានជួយកម្ពុជា នៅក្នុងការដោះស្រាយបញ្ហានៃផលិតភាពកសិកម្មទាប និងអសន្តិសុខស្បៀង អស់រយៈពេលជាង២០ ឆ្នាំមកហើយ។

-យើងបានសម្រេចភាពជឿនលឿនធំៗ នៅក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា។ ដោយមានជំនួយរបស់អាមេរិក កម្ពុជា ជិតក្លាយជាប្រទេសដំបូងគេ នៅលើផែនដីនេះ ដែលខិតទៅជិតការមានអត្រាឆ្លងមេរោគអេដស៍ ក្នុងកម្រិត០%។ យើងកំពុងតែដឹកនាំការស្រាវជ្រាវនៅក្នុងការព្យាបាលជំងឺគ្រុនចាញ់ ដែលមានភាពស៊ាំនឹងឱសថ។

-យើងបានផ្តល់ការអប់រំដល់ជនជាតិកម្ពុជា ចំនួនរាប់ពាន់នាក់ តាមរយៈកម្មវិធីផ្លាស់ប្តូរក្នុង ការសិក្សា និងជំនួយដទៃទៀត។ យើងបាន កសាងទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និង ប្រជាជន ដែលបានជាប្រយោជន៍ដល់ប្រទេស ទាំងពីរ ហើយបានធ្វើឱ្យមានការផ្សះផ្សាឡើង វិញនៅកម្ពុជា។ យើងបានផ្តល់អំណាចដល់ស្ត្រី រាប់ពាន់នាក់ ហើយបានជួយបង្រៀនភាសាអង់គ្លេសដល់កុមារដែលស្ថិតក្នុងស្ថានភាពខ្សត់ខ្សោយ។

-យើងគឺជាកម្លាំងដ៏ខ្លាំងក្នុងការធ្វើឱ្យមាន យុត្តិធម៌។ យើងបានចាប់ខ្លួនឧក្រិដ្ឋជនដែលជាការធ្វើឱ្យប្រទេសយើងទាំងពីរ មានសុវត្ថិភាព ហើយយើងបានប្រកៀកស្មាគ្នាជាមួយរដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីកាត់បន្ថយការជួញដូរមនុស្ស។

-យើងបានធ្វើការអបអរ នឹងអភិរក្ស វប្បធម៌ខ្មែរ។ ប្រជាជនអាមេរិក បានផ្តល់ថវិកា សម្រាប់ធ្វើការអភិរក្ស ទ្រព្យសម្បត្តិជាតិខ្លះដ៏ មានតម្លៃបំផុតរបស់ប្រទេសកម្ពុជា ដូចជាប្រាសាទ ភ្នំបាខែង និងប្រាសាទហាន់ជ័យ។

-យើងបានជួយពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ ក្នុងពេលថ្មីៗនេះ មន្ត្រីរដ្ឋាភិបាល ខ្លះបានរិះគន់ផ្នែកនេះនៃកម្មវិធីរបស់យើង តែយើងមានមោទនភាព ចំពោះការងាររបស់យើង ក្នុងការកែលម្អអភិបាលកិច្ច និងជួយអ្នកដឹកនាំ ក្នុងការឆ្លើយចំពោះប្រជាជនដែលគេធ្វើជាតំណាងឱ្យ។ យើងបានជួយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ហើយបានបង្រៀនគណបក្សនយោបាយនានា ដោយរួមទាំងគណបក្សប្រជាជនកម្ពុជា ផងដែរ ស្តីពីវិធីបង្ហាញពីកម្មវិធីរបស់គេ ដល់អ្នកបោះឆ្នោត”។

លោកឯកអគ្គរដ្ឋទូតអាមេរិក បានថ្លែងបន្តថា “ប្រវត្តិសាស្ត្របានដើរតួនាទីមួយចំណែក នៅក្នុងការចោទប្រកាន់ជាច្រើន ក្នុងចំណោមការ ចោទថ្មីៗទាំងនេះ ហើយយើងសូមទទួលស្គាល់ កេរដំណែលរបស់យើងនៅក្នុងសង្គ្រាមវៀតណាម។ តែយើងមានការប្តេជ្ញាចិត្តនៅក្នុងការដោះស្រាយ បញ្ហានៃកេរដំណែលនេះ។ តើលោកអ្នកដឹង ទេថា យើងបានផ្តល់ប្រាក់ចំនួនជាង១៦០លាន ដុល្លារ សម្រាប់ការងារលុបបំបាត់យុទ្ធភណ្ឌមិន ទាន់ផ្ទុះ? ពាក់កណ្តាលនៃប្រាក់នេះ ត្រូវបានប្រើ សម្រាប់លុបបំបាត់យុទ្ធភណ្ឌ ដែលទម្លាក់ដោយ យន្តហោះអាមេរិក នៅភាគខាងកើតនៃប្រទេសកម្ពុជា តែប្រាក់ចំនួនពាក់កណ្តាលទៀត ត្រូវបានប្រើសម្រាប់ដោះមីនរបស់ចិន សូវៀត និង វៀតណាម នៅភាគខាងលិចប្រទេស នៅតាមចម្ការមីន ដែលមានគ្រោះថ្នាក់១០ដង លើស គ្រាប់ដែលទម្លាក់ដោយអាមេរិក។

ក្នុងពេល២សប្តាហ៍ខាងមុខនេះ យើងនឹង រៀបរាប់រឿងពិតស្តីពីសកម្មភាពរបស់យើង ហើយ ពន្យល់ថា ហេតុអ្វីក៏វាល្អសម្រាប់ប្រទេសយើង ទាំងពីរ។ សូមតាមដានទំព័រហ្វេសប៊ុករបស់យើង និងសូមជួយផ្តល់មតិ។

ចំណុចទី២របស់ខ្ញុំក៏មានលក្ខណៈសាមញ្ញ ដូចគ្នានេះដែរ។ ច្រើនដូចការនិយាយស្តីពីប្រទេស អាមេរិក នៅពេលនេះដែរ គឺថាព្រឹត្តិការណ៍នៅ ក្នុងខែកន្លងទៅនេះ មិនប៉ះពាល់ទៅលើសហរដ្ឋអាមេរិកទេ តែវាប៉ះពាល់ទៅលើប្រទេសកម្ពុជាទៅវិញទេ។ មួយជំហានម្តងៗ ព្រឹត្តិការណ៍ទាំង នេះកំពុងតែធ្វើឱ្យប្រទេសកម្ពុជាឯកោពីសហគមន៍អន្តរជាតិ ក្នុងពេលដែលកម្ពុជា ត្រូវការ ជំនួយគាំទ្រអន្តរជាតិ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច របស់ខ្លួនឱ្យឡើងមួយកម្រិតទៀត ហើយប្រកួត ប្រជែងជាមួយប្រទេសជិតខាងនៅក្នុងសមាគម អាស៊ាន។ សំដីប្រឆាំងអាមេរិក បានធ្វើឱ្យជនជាតិអាមេរិក និងអ្នកទេសចរលោកខាងលិច ជាច្រើន មានអារម្មណ៍លែងកក់ក្តៅជាងមុន ពេលធ្វើដំណើរមកកម្ពុជា នាពេលបច្ចុប្បន្ន។ ឆ្នាំនេះអ្នកទេសចរទាំងនោះ អាចទៅចាយលុយនៅ ហាឡុងបេយ៍ ឬនៅភូកេត ជាជាងនៅអង្គរវត្ត។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុនអាមេរិក និង លោកខាងលិច ក៏មានអារម្មណ៍លែងកក់ក្តៅ ជាងមុនផងដែរ ហើយក្រុមហ៊ុនកាន់តែតិចថែម ទៀត នឹងមកវិនិយោគនៅកម្ពុជា។ លោកអ្នកប្រហែលជាបានឃើញសេចក្តីថ្លែង របស់ក្រុម ប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ទាក់ទងនឹង រឿងនេះហើយ។

អ្នកធ្វើការបរិច្ចាគមនុស្សធម៌អាមេរិក ដែលជាក្រុមធំជាងគេ និងមានទ្រព្យច្រើនជាងគេនៅ ក្នុងពិភពលោក ក៏លែងមានអារម្មណ៍គិតថា ខ្លួន គេត្រូវបានទទួលស្វាគមន៍ដែរ។ ខ្ញុំប៉ាន់ប្រមាណ ថា អង្គការសប្បុរសធម៌អាមេរិក បានសាងសង់ សាលាជាង១០០០ នៅកម្ពុជា។ វាជាចំនួនដ៏ ច្រើនមែនទេ? ខ្ញុំបានឮពីអង្គការសប្បុរសធម៌ ធំៗខ្លះថា ការធ្វើប្រតិបត្តិការនៅកម្ពុជា កាន់ តែប្រឈមនឹងហានិភ័យខ្លាំង ហើយពួកគាត់ កំពុងតែពិចារណា ប្តូរការងារល្អៗរបស់គាត់ទៅ ឥណ្ឌូនេស៊ី បង់ក្លាដេស ឬវៀតណាមវិញ។ ប៉ុន្តែ ផលប៉ះពាល់ធ្ងន់បំផុត ធ្លាក់មកលើកិត្តិយសរបស់ កម្ពុជា ក្នុងនាមជាប្រទេសប្រជាធិបតេយ្យក្មេង ខ្ចី។ កាលពីបីខែកន្លងទៅ កម្ពុជាបានរៀបចំការ បោះឆ្នោតដែលមានភាពសេរីនិងយុត្តិធម៌បំផុត របស់ខ្លួន តាំងតែពីឆ្នាំ១៩៩៣មក។ ជាភាព ត្រឹមត្រូវ ប្រជាជនកម្ពុជា មានមោទនភាពចំពោះ រឿងនេះ ហើយជាភាពត្រឹមត្រូវ ដែលសហរដ្ឋអាមេរិក បានអបអរសាទររដ្ឋាភិបាល និង ប្រជាជនកម្ពុជា ចំពោះរឿងនេះ។

បីខែបានកន្លងផុតយ៉ាងឆាប់រហ័សមកដល់ ពេលនេះ។ ជាការពិត ប្រសិនបើការបោះឆ្នោត ជាតិកម្ពុជា ប្រព្រឹត្តទៅនៅថ្ងៃនេះ គ្មានអ្នកសង្កេតការណ៍អន្តរជាតិ គួរឱ្យជឿជាក់ណាមួយ ចាត់ទុកថា ការបោះឆ្នោតនេះ មានភាពសេរី និងយុត្តិធម៌ ឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ប្រជាជនកម្ពុជាឡើយ។

ខ្ញុំសង្ឃឹមថា គ្រប់គ្នានឹងគិតអំពីចំណុចនេះ ដោយប្រុងប្រយ័ត្ន។ ប្រទេសប្រជាធិបតេយ្យ មានលក្ខណៈពិសេស។ ក្នុងប្រទេសប្រជាធិបតេយ្យ ប្រជាជនធម្មតាមានតួនាទីពិតប្រាកដ នៅក្នុងប្រទេសរបស់គាត់ ហើយទំនាក់ទំនង របស់រដ្ឋាភិបាល និងប្រជាជន មានភាពរឹតតែ ស៊ីជម្រៅ។ ប្រទេសដទៃមើលមកអ្នកក្នុងន័យ ផ្សេងផងដែរ ដូចជាមានការគោរព និងយល់កាន់តែច្រើន។ វាជាអ្វីដែលសមនឹងតម្លៃនៃការតស៊ូ”។

លោកវិល្លៀម ហេដថ៍ (William A. Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានមានប្រសាសន៍បន្តទៀតថា “ហើយចំណុចចុងក្រោយរបស់ខ្ញុំ គឺ ៖ ទោះបីជាមាន ព្រឹត្តិការណ៍ទាំងអស់កើតឡើង កាលពីខែមុនក្តី  ខ្ញុំគិតថា នៅតែមានពេលដើម្បីសង្គ្រោះការបោះឆ្នោតឆ្នាំ២០១៨ របស់កម្ពុជា បានបន្តការអភិវឌ្ឍ ប្រជាធិបតេយ្យរបស់កម្ពុជា និងស្តារទំនាក់ទំនង ទ្វេភាគីរបស់យើង។ ប៉ុន្តែវាទាមទារឱ្យមានសកម្មភាពម៉ឺងម៉ាត់ជាបន្ទាន់។ យើងសូមចូលរួមជាមួយសហភាពអឺរ៉ុប ក្នុងការទាមទារឱ្យដោះលែង លោកកឹម សុខា ជាបន្ទាន់។ ដំណើរការធម្មតា របស់ទីផ្សារសារព័ត៌មានកម្ពុជា ក៏គួរទទួលបាន ការស្តារឡើងវិញផងដែរ។ ការដាក់សម្ពាធលើ សង្គមស៊ីវិល គួរត្រូវបានបញ្ឈប់ ហើយប្រហែល ជាសំខាន់ជាងនេះទៅទៀតនោះ រដ្ឋាភិបាល, បក្សប្រឆាំង, និងសង្គមស៊ីវិល គួរតែចាប់ផ្តើម កិច្ចសន្ទនា អំពីអនាគតប្រជាធិបតេយ្យរបស់ កម្ពុជា ក្នុងបរិយាកាសបើកចំហ គោរព និង គ្មានសម្ពាធ។

ខ្ញុំសូមបញ្ចប់ដោយការកត់សម្គាល់ផ្ទាល់ ខ្លួនថា ចាប់តាំងពីយើងមកដល់ប្រទេសកម្ពុជា កាលពី២ឆ្នាំមុន ភរិយាខ្ញុំ កូនប្រុសខ្ញុំ និងរូបខ្ញុំ ផ្ទាល់ មានកិត្តិយសដែលទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា រៀងរាល់ថ្ងៃ ជាពិសេសកាលពីខែមុន ហើយខ្ញុំក៏មានមោទនភាពចំពោះការខិតខំ និងការប្តេជ្ញាចិត្តរបស់ បុគ្គលិកអាមេរិក និងខ្មែររបស់ស្ថានទូត ព្រម ទាំងសហគមន៍អាមេរិក ជាទូទៅផងដែរ។

ជាការពិតអាមេរិក មិនមែនជាប្រទេស ស្មុគស្មាញពិបាកធ្វើការជាមួយនោះទេ។ សូមធ្វើមកលើយើងដោយយុត្តិធម៌ និយាយជាមួយ យើងដោយស្មោះត្រង់ ធ្វើសហប្រតិបត្តិការជាមួយគ្នាតាមដែលអាចធ្វើបានប្រើប្រាស់អំណាច ទីផ្សាររបស់យើង ដើម្បីជាប្រយោជន៍របស់អ្នក ស្វាគមន៍កម្មវិធីជំនួយ និងក្រុមហ៊ុនរបស់យើង។

ក្តីសង្ឃឹមរបស់ខ្ញុំគឺថា រដ្ឋាភិបាលកម្ពុជា នឹងបង្ហាញដល់យើងនូវសុច្ឆន្ទៈ ដែលយើងបាន បង្ហាញដល់គេ ដើម្បីបន្តឡើងវិញ នូវភាពជាដៃ គូដ៏ពិសេស និងខ្លាំងក្លា ដែលយើងមានរហូត មកដល់កាលពីមួយឆ្នាំមុននេះ…”៕

ខៀវទុំ

facebook