facebook
facebook

រដ្ឋសភា សម្រេចឱ្យបន្តនីតិវិធីករណីលោកកឹម សុខា សមាជិកសភាបក្សប្រឆាំង ប្រមូលផ្តុំគ្នានៅមុខពន្ធនាគារ

​ សំដារ៉ូ​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧​ | នយោបាយ | 97 | 0 | ម៉ោង 3:19 am លោកស្រីមួរ សុខហួរ ដឹកនាំក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទៅពន្ធនាគារត្រពាំងផ្លុង

ភ្នំពេញ ៖ រដ្ឋសភា បានបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៥ កាលពីថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧ ហើយបានអនុម័តសម្រេចឱ្យក្រសួងមានសមត្ថកិច្ច ជាពិសេស ស្ថាប័ន តុលាការ បន្តនីតិវិធីនៃការចោទប្រកាន់ ចាប់ ខ្លួន ឃាត់ខ្លួន និងឃុំខ្លួនលោកកឹម សុខា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណបក្សសង្គ្រោះជាតិ ខណៈដែលនៅថ្ងៃនោះ តំណាងរាស្ត្របក្សប្រឆាំងទាំងអស់ បានធ្វើពហិការ មិនចូលប្រជុំសភា ហើយបានទៅប្រមូលផ្តុំគ្នានៅមុខពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ កន្លែង ឃុំខ្លួនលោកកឹម សុខា។

នៅថ្ងៃដដែលនោះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្ស កាន់អំណាច បានថ្លែងព្រមានបក្សប្រឆាំង ជាថ្មីម្តងទៀតថា បើគណបក្សនេះ បន្តការពារ លោកកឹម សុខា មានន័យថា បក្សមួយនេះ គឺ ក្បត់ជាតិ ដូច្នេះប្រឈមនឹងត្រូវរំលាយចោល តាមផ្លូវច្បាប់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ស្តីពីលទ្ធផលសម័យ ប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៥ ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧ បានឱ្យដឹងថា នៅ ព្រឹកនោះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពសម្តេចហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក រដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន៦៦រូប។  សម័យប្រជុំរដ្ឋសភា នាពេលនោះ បានអនុម័ត របៀបវារៈចំនួន១ មកធ្វើការពិភាក្សា និងអនុម័ត គឺករណីចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន និង ឃុំខ្លួនលោកកឹម សុខា តំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម របស់ក្រសួងមានសមត្ថកិច្ច។

មុនពិភាក្សាលើរបៀបវារៈនេះ សម័យប្រជុំរដ្ឋសភា បានអនុម័តលេខាធិការសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ ចំនួន៣រូប រួមមាន ១-លោកស្រីឈុន សារឹម តំណាងរាស្ត្រមកពី គណបក្សប្រជាជនកម្ពុជា ២-លោកហែម ខន តំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា និង៣-លោកឡុង ប៊ុន្នី តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ។

ប៉ុន្តែយ៉ាងណា សម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញនីតិកាលទី៥ នៅថ្ងៃនោះ មិនមានការ ចូលរួមពីតំណាងរាស្ត្រគណបក្សប្រឆាំង ១រូប ណានោះទេ គឺមានតែវត្តមានចូលរួមពីតំណាងរាស្ត្រ គណបក្សកាន់អំណាច ចំនួន៦៧រូបប៉ុណ្ណោះ។

សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា សម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញនីតិកាល ទី៥នៅថ្ងៃនោះ មិនបានបញ្ចោញមតិឱ្យក្រសួងសមត្ថកិច្ច ផ្អាកការចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន និងឃុំខ្លួនលោកកឹម សុខា តំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាមនោះទេ ដោយបានសម្រេច ឱ្យក្រសួងមានសមត្ថកិច្ច បន្តនីតិវិធីចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន និងឃុំខ្លួនលោកកឹម សុខា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដោយទទួលបាន៦៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

ជាព្រឹត្តការណ៍គួរឱ្យកត់សម្គាល់នៅព្រឹក ថ្ងៃដដែលនោះ ស្របពេលដែលបានធ្វើពហិការ  មិនចូលប្រជុំសភា ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង បានទៅជួបជុំគ្នានៅមុខពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងបំណងចូលសួរសុខទុក្ខលោកកឹម សុខា ដែល កំពុងជាប់ឃុំ ពីបទក្បត់ជាតិ ឃុបឃិតជាមួយ បរទេស។ ប៉ុន្តែពេលទៅដល់ទីនោះ ក្រុមតំណាងរាស្ត្របក្សប្រឆាំង បានសម្តែងការសោកស្តាយ ដោយសារអាជ្ញាធរមិនអនុញ្ញាតឱ្យចូលសួរ សុខទុក្ខលោកកឹម សុខា ឡើយ ដោយកងកម្លាំងប្រដាប់អាវុធជាង៦០០នាក់ មានទាហាន កងរាជអាវុធហត្ថ និងនគរបាល ត្រូវបានដាក់ ពង្រាយនៅជុំវិញបរិវេណពន្ធនាគារ ដើម្បីការពារសុវត្តិភាព។

ស្របពេលដែលមានការដាក់ពង្រាយ កម្លាំងសមត្ថកិច្ច នៅពន្ធនាគារត្រពាំងផ្លុងនោះដែរ ថ្លែងក្នុងឱកាសចែកសញ្ញាបត្រជូននិស្សិតពេទ្យ ជិត៥០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ  នៅព្រឹកថ្ងៃដដែលនោះ សម្តេចហ៊ុន សែន នា- យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធាន គណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល បានព្រមានចាត់វិធានការ ផ្លូវច្បាប់ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ប្រសិនរកឃើញថា សកម្មភាពក្បត់ជាតិរបស់ លោកកឹម សុខា មានជាប់ពាក់ព័ន្ធនឹងគណបក្ស ទាំងមូល។

លោកស្រីមួរ សុខហួរ ថ្លែងនៅមុខពន្ធនាគារត្រពាំងផ្លុង ពេលទៅសុំចូលជួបលោកកឹម សុខា

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន មានប្រសាសន៍ថា “អំពើក្បត់ជាតិ មិនត្រូវបាន ទទួលការអត់ឱនទេ សភាបើកការប្រជុំនៅ ថ្ងៃនេះ បើអំពើក្បត់ជាតិនេះ ត្រូវបានផ្សំគំនិត ដោយក្របខ័ណ្ឌបក្សទាំងមូល បក្សនោះ ក៏ត្រូវ ទទួលរងនូវការដាក់ពិន័យខាងផ្នែកច្បាប់ គឺ រំលាយគណបក្សនយោបាយចោលតែម្តង។ មិន អាចអនុញ្ញាតឱ្យអំពើក្បត់ណាមួយ មកបំផ្លាញ ប្រទេសរបស់យើង ដូចកាលពីឆ្នាំ១៩៧០។ វា ជាភ័ព្វសំណាងណាស់ដែលកម្ពុជា បានរកឃើញ អំពើក្បត់របស់ជនក្បត់ជាតិ ដែលយើងបានចាប់ ខ្លួនរួចមកហើយៗប្រសិនបើបក្សនយោបាយ នៅតែបន្តរារាំង ហើយនៅតែបន្តការពារជនក្បត់ជាតិនេះ មានន័យថា បក្សមួយនេះគឺក្បត់ ជាតិទៅហើយ។ ដូច្នេះគ្មានពេលវេលាដើម្បី នឹងទុកបក្សនេះ ដំណើរការនៅក្នុងប្រជាធិបតេយ្យនៅកម្ពុជា តទៅទៀតទេ។ មិនមែនមាន តែបក្សនយោបាយមួយទេ បក្សនយោបាយ ច្រើនណាស់ ដែលគេចូលរួមបោះឆ្នោត។ កម្ពុជា រំលាយបក្សនយោបាយមួយ តែក៏នៅមានបក្ស នយោបាយច្រើន សម្រាប់ការបោះឆ្នោត។ យើង សូមផ្ញើសារ ជូនចំពោះជនរួមជាតិទាំងឡាយ មិនត្រូវទុកឱ្យអំពើក្បត់ជាតិ ឃុបឃិតជាមួយ បរទេស ហើយមកបំផ្លាញជាតិខ្មែរ ដូចឆ្នាំ ១៩៧០ នោះទេ…។ យើងសង្ឃឹមថា យើង នឹងដំណើរការផ្លូវច្បាប់ ប្រជាធិបតេយ្យ គ្មាន នីតិរដ្ឋ គឺវាជាអាណាធិបតេយ្យ ដែលនាំទៅ ដល់ការបង្ហូរឈាម។ តើត្រូវដោះស្រាយមនុស្ស ម្នាក់ ឬត្រូវដោះស្រាយមនុស្សច្រើននាក់? នេះ ជាជម្រើសសម្រាប់អ្នកនយោបាយ ដើម្បីរើស ទៅចុះ! ក៏ប៉ុន្តែផ្លូវច្បាប់ ការចាប់ខ្លួនជនក្បត់ជាតិ លើបទល្មើសជាក់ស្តែង ចង់ទៅមុខ បើ ចង់ថយក្រោយវិញ គឺតម្រូវឱ្យរកសំឡេង បីភាគ បួន ដើម្បីទប់។ នេះសុំបញ្ជាក់ឱ្យច្បាស់ការ ប្រជុំព្រឹកនេះ នៅរដ្ឋសភា មិនមែនជាការ ប្រជុំដកអភ័យឯកសិទ្ធិទេ គឺជាការប្រជុំ ដើម្បី បើកផ្លូវ។ បើអ្នកឯងចង់ទប់ថា កុំឱ្យទៅមុខ ត្រូវរកសំឡេងបីភាគបួន ទើបបាន។ បទល្មើស ជាក់ស្តែង គ្មានតម្រូវការឱ្យដកអភ័យឯកសិទ្ធិ ទេ គឺត្រូវដំណើរការ គឺចាប់ខ្លួនជាបន្ទាន់ រួច ហើយរាយការណ៍ឱ្យរដ្ឋសភា ហើយបើត្រូវការ ចង់ទប់ គឺត្រូវដំណើរការដោយសំឡេងបីភាគបួនឯណោះ។ អ៊ីចឹងបីភាគបួន ទៅរកឯណាទៅ  អ៊ីចឹងដំណើរការរឿងក្តីមួយនេះ គឺមិនមែន ជារឿងក្តីតូចតាចធម្មតា រឿងស្រីញីស្អីទេ គឺដំណើរការជារឿងក្បត់ជាតិតែម្តង…”។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមាន ប្រសាសន៍បន្តថា “ហើយអ្នកដែលឆ្លងដែន ម៉ោង ៥ៈ២០នាទី ពីម្សិលមិញ ជាតំណាងរាស្ត្រដែល រត់ចេញទៅប្រទេសថៃនោះ ពីម្សិលមិញ គួរ ត្រឡប់មកវិញ ខ្លួនឯងមាននៅក្នុងបញ្ជីនៃការ ចែកនំប៉័ង ឆ្នាំ២០១៣ ហើយក៏មានមួយចំនួន ដែលចាកចេញ។ មានអ្នកដែលក្លាហាន មាន អ្នកក៏ភ័យដែរ ព្រោះរឿងវាមិនតូច។ អ៊ីចឹងទេ កុំស្មានថា ឆ្លងដែនពីម្សិលនោះ គេមិនដឹងថា ខ្លួនបានឆ្លងដែនម៉ោង៥ៈ២០នាទី ឆ្លងតាមច្រក កំរៀង ទៅប្រទេសថៃ ឯណោះ ហើយបើគេ ត្រូវការយក យើងក៏អាចសហការជាមួយប្រទេស ថៃ ដើម្បីនាំខ្លួនត្រឡប់មកវិញបានដែរ។ អ៊ីចឹង ទេ ខ្ញុំគ្រាន់តែជម្រាបថា ការប្រជុំថ្ងៃនេះ មិន មែនជាការប្រជុំដកអភ័យឯកសិទ្ធិទេ គឺពិនិត្យ ថា តើបន្តឬក៏បញ្ចប់? ដើម្បីបញ្ចប់ត្រូវរកសំឡេង បីភាគបួន យកមកដើម្បីបញ្ចប់។ ដូច្នេះបើ៣ ភាគ៤ វាត្រូវការប្រមាណជា១០០នាក់ឯណោះ តំណាងរាស្ត្រ ទើបអាចទប់ជាប់។ ដូច្នេះសង្ឃឹម ថា ប្រជាជនយើងនឹងយល់ ហើយមិត្តភក្តិបរទេស ត្រូវការយល់។ ប្រទេសជាតិមួយ មិនត្រូវបាន បំផ្លាញដោយជនណាទាំងអស់ ហើយស្ថានទូតខ្លះ  កំពុងតាំងខ្លួនធ្វើជាឪជាម៉ែរបស់ប្រទេសកម្ពុជា។ គេមិនមែនតំណាងឱ្យរដ្ឋមួយទេ ពិតមែនតែ ជាស្ថានទូត ក៏ប៉ុន្តែជាសម្តីរបស់អគ្គរដ្ឋទូត…”។

ដោយឡែក អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង លោកស្រីមួរ សុខហួរ បានថ្លែងនៅមុខពន្ធនាគារ ត្រពាំងផ្លុង (មណ្ឌលអប់រំកែប្រែទី៣) នៅព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នោះថា  ក្រុម តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សូមអំពាវនាវឱ្យមានការដោះលែងលោកកឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ ដោយឥតមានលក្ខខណ្ឌ ដើម្បីធានាលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា។

លោកស្រីមួរ សុខហួរ បានមានប្រសាសន៍ ថា “យើងខ្ញុំជាអ្នកតំណាងរាស្ត្រ មកពីគណបក្ស សង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភា ៧រូប មក ពីគណបក្ស សម រង្ស៊ី ថ្ងៃនេះ យើងខ្ញុំមកពន្ធនាគារម៣ ក្នុងបំណងសួរសុខទុក្ខ ឃ្លាំមើល ស្ថានការណ៍នៃលោកប្រធានកឹម សុខា ដែល ជាអ្នកតំណាងរាស្ត្រដូចយើងខ្ញុំដែរ ហើយជា ប្រធាននៃគណបក្សសង្គ្រោះជាតិ។ យើងមាន ការសោកស្តាយ ដោយដែលលិខិតស្នាមដែល យើងបានសុំ ដើម្បីចូលទៅដល់ពន្ធនាគារម៣ ជួបលោកប្រធាន មិនបានទទួលនូវចម្លើយដ៏ វិជ្ជមានពីតុលាការទេ។ ទោះបីយ៉ាងណាក៏ដោយ ក្នុងនាមយើងជាអ្នកតំណាងរាស្ត្រ និងសមាជិក សភា យើងមានកាតព្វកិច្ចក្នុងការតាមដាននូវ សុវត្ថិភាព ស្ថានការណ៍នៃលោកប្រធានកឹម សុខា។ ថ្ងៃនេះ គឺជាថ្ងៃទី៩ ដែលលោកប្រធាន កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ ហើយ ជាអ្នកតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិ គ្រប់គ្រាន់ ជាប់ឃុំនៅពន្ធនាគារម៣ ឯឃុំ ត្រពាំងផ្លុង នៅស្រុកពញាក្រែក នៅខេត្ត ត្បូងឃ្មុំ។ យើងនៅតែនិយាយហើយនិយាយទៀត ហើយនៅពេលនេះ យើងមកនិយាយទៀតថា យើងមិនទទួលយកបានទេ នូវការដែលសមត្ថកិច្ច ចាប់លោកប្រធានកឹម សុខា នៅរាត្រីថ្ងៃ ទី០២ ចូលថ្ងៃទី០៣ ខែកញ្ញា ដោយកំរោល បំផុត ខុសនឹងនីតិវិធីច្បាប់។ លោកប្រធានកឹម សុខា ជាអ្នកតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិគ្រប់គ្រាន់ យើងទទួលមិនបានទេ អ្វី ដែលហួសពីច្បាប់។ ទី២ យើងនៅតែនិយាយ ហើយនិយាយទៀត ជំហររបស់គណបក្សសង្គ្រោះជាតិ គឺលោកប្រធានកឹម សុខា ជាប្រធាននៃ គណបក្សសង្គ្រោះជាតិ នៅពេលនេះ ហើយនៅអនាគតទៀត។ ទី៣ យើងសូមឱ្យមានការ ដោះលែងលោកប្រធានកឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ ទី៤ យើងបានធ្វើការ កត់សម្គាល់ដោយយកចិត្តទុកដាក់បំផុត នូវសេចក្តី ថ្លែងការណ៍ទាំងឡាយ នៃអង្គការសហប្រជាជាតិ នៃសហគមន៍អឺរ៉ុប នៃសហរដ្ឋអាមេរិក នៃប្រទេស កាណាដា ប្រទេសអូស្ត្រាលី ប្រទេសជប៉ុន  ប្រទេសប្រជាធិបតេយ្យដទៃទៀត ដែលគេមានជំហរដូចយើងដែរថា ការចាប់ខ្លួន ការឃាត់ខ្លួន ការចោទប្រកាន់លោកប្រធានកឹម សុខា ជាការដែលធ្វើខុសនឹងច្បាប់ ហើយនិងខុសធម្មតា បំផុត គឺលោកប្រធានកឹម សុខា ជាអ្នកតំណាងរាស្ត្រ មានអភ័យឯកសិទ្ធិគ្រប់គ្រាន់។ យើងនៅតែទាមទារទទូចឱ្យសហគមន៍អន្តរជាតិ ដែលជាម្ចាស់ជំនួយទទួលបន្ទុករបស់ខ្លួន កាតព្វកិច្ចរបស់ខ្លួន ក្នុងតួនាទីជាប្រទេសហត្ថលេខីនៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ដែលនិយាយអំពីការលើកស្ទួយ ការពារសិទ្ធិមនុស្ស ការពារលទ្ធិប្រជាធិបតេយ្យ និងការរៀបចំឱ្យមានការបោះឆ្នោតមួយដ៏ត្រឹមត្រូវ សេរី និងយុត្តិធម៌។ ក្នុងនាមយើងជាអ្នក តំណាងរាស្ត្រ ជាព្រឹទ្ធសភា យើងនៅបន្តកាតព្វកិច្ចតួនាទីរបស់យើង គឺការតាមដានការបញ្ចោញមតិ ការតស៊ូមតិនៅគ្រប់រូបភាព ដោយអហិង្សា។ យើងថ្កោលទោសនរណាក៏ដោយ រំលោភនឹងច្បាប់ បំពានច្បាប់រដ្ឋធម្មនុញ្ញ ហើយប្រើហិង្សា យើងអត់ត្រូវការហិង្សា តែផ្ទុយទៅវិញ យើងត្រូវការឱ្យខ្មែរដូចគ្នា រកដំណោះស្រាយជូន ប្រទេសជាតិយើង។ យើងត្រូវការផ្សះផ្សាជាតិ ដើម្បីឈានទៅមុខទៀត គឺយើងត្រូវការនៅ ក្នុងការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយប្រសិនជាលោកប្រធានកឹម  សុខា ដែលជាប្រធាននៃគណបក្សសង្គ្រោះជាតិ មិនមានការដោះលែង មិនមកចូលរួមនៅក្នុង ការបោះឆ្នោតខាងមុខ និងកត្តាដទៃទៀត លក្ខខណ្ឌដទៃទៀត ដើម្បីឱ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ យើងមិន អាចចូលរួមនៅក្នុងការបោះឆ្នោតមួយ ដែល មិនសេរី មិនយុត្តិធម៌ ពីព្រោះលោកមិនធ្វើខុស នឹងឆន្ទៈនៃប្រជារាស្ត្រយើង នៃប្រជាជាតិយើង។ ថ្ងៃនេះ យើងដឹងហើយ តំណាងរាស្ត្រនៃរដ្ឋសភា កំពុងតែប្រជុំនៃវិសាមញ្ញ ចំពោះយើងវិញ យើងមិនអាចចូលរួមបាន ដោយសារការប្រជុំ នោះ ជាការប្រជុំមួយដោយរំលោភនឹងរដ្ឋធម្មនុញ្ញ ដោយសារការប្រជុំនោះ និយាយអំពីអភ័យឯកសិទ្ធិនៃអ្នកតំណាងរាស្ត្រ។ ពេលណាយើង និយាយអំពីអភ័យឯកសិទ្ធិ ទោះបីដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រក្តី មិនដកក្តី ឱ្យតែនិយាយ អំពីអភ័យឯកសិទ្ធិនៃអ្នកតំណាងរាស្ត្រ កូរ៉ុមត្រូវតែមាន២ភាគ៣។ នៅពេលនេះ យើងឃើញ ថា កូរ៉ុមមិនបានពីរភាគបីទេនៅរដ្ឋសភា។ ដូច្នេះ អីដែលជាការប្រជុំនៅរដ្ឋសភា នៅពេលនេះ នៅម៉ោងនេះ យើងយល់ថា ជាការរំលោភនឹង រដ្ឋធម្មនុញ្ញ និងលក្ខន្តិកៈនៃតំណាងរាស្ត្រ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាយើង។ ដូច្នេះយើង សូមទទូចជាថ្មីម្តងទៀត សូមឱ្យខ្មែរយើងទាំងអស់គ្នា រកដំណោះស្រាយជាមួយគ្នា ដើម្បីឈានទៅការបំពេញសេចក្តីប្រាថ្នាឆន្ទៈ នៃប្រជារាស្ត្រយើង គឺបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌”។

លោកស្រីមួរ សុខហួរ បានបន្តថា “លើសពីនេះទៅទៀត យើងមានការសោកស្តាយ ដោយសារយើងបានទទួលព័ត៌មានពីមេធាវី នៃលោកប្រធានកឹម សុខា ថា រហូតដល់ថ្ងៃនេះ មេធាវីមិនទាន់បានទទួលឯកសារណាមួយអំពីកូនក្តីរបស់លោកទេ។ ករណីរបស់លោកប្រធានកឹម សុខា គេចាប់ គេចង គេរំលោភបំពាន គេចោទប្រកាន់ រហូតទៅដល់ថ្ងៃនេះ គឺមេធាវីមិនទាន់បានទទួលឯកសារណាមួយពីតុលាការទេ ទោះបីជាមេធាវី បានសុំជាលាយលក្ខណ៍អក្សរ អស់ពីដងទៅហើយ។ ដូច្នេះបង្ហាញ ឱ្យឃើញថា ការងារទាំងអស់នេះ ក្នុងតួនាទី យើងជាអ្នកតំណាងរាស្ត្រ យើងមានកាតព្វកិច្ច យើងត្រូវតែមកតាមដាន ពីព្រោះការរំលោភ ច្បាប់ ហើយយើងជាអ្នកតំណាងរាស្ត្រ ដែល មានការអនុម័តច្បាប់ទាំងឡាយនេះ យើងមានកាតព្វកិច្ច។ ហើយជាមួយគ្នានេះដែរ ខ្ញុំសូមជម្រាបថា យើងនៅតែតស៊ូបន្តទៅទៀត ជំហរ របស់យើងច្បាស់ណាស់ សូមឱ្យមានការដោះលែងលោកប្រធានកឹម សុខា ដែលជាអ្នក តំណាងរាស្ត្រ សូមឱ្យបញ្ឈប់នូវការបំភិតបំភ័យ ដល់យើងខ្ញុំ ហើយទោះបីយ៉ាងម៉េច ក៏ដោយ ក៏យើងខ្ញុំយល់ឃើញថា មានតែដំណោះស្រាយ រវាងខ្មែរនិងខ្មែរ និងកាតព្វកិច្ចរបស់អង្គការ សហប្រជាជាតិ កាតព្វកិច្ចរបស់សហគមន៍អន្តរជាតិ បំពេញក្នុងតួនាទីជាប្រទេសចុះហត្ថលេខា កិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ទើបរកដំណោះស្រាយជូនប្រទេសខ្មែរយើងបាន។ ដូច្នេះចុងក្រោយបំផុត យើងទាំងអស់គ្នាមកនេះ អត់មាន ខុសច្បាប់ ផ្ទុយទៅវិញ យើងបំពេញកាតព្វកិច្ច ផ្ទុយទៅវិញ យើងលើកស្ទួយប្រជាធិបតេយ្យ ផ្ទុយទៅវិញ យើងលើកស្ទួយអ្វី ដែលចែងនៅ ក្នុងរដ្ឋធម្មនុញ្ញ និងលក្ខន្តិកៈអ្នកតំណាងរាស្ត្រ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ ដូច្នេះយើងបន្ត ការងារយើងទៅទៀត តស៊ូមតិទៅទៀត ហើយទាមទារឱ្យមានការដោះលែងលោកប្រធានកឹម សុខា ហើយសុំបញ្ជាក់ម្តងហើយ ម្តងទៀត លោកប្រធានកឹម សុខា ជាប្រធាននៃគណបក្សសង្គ្រោះជាតិ ហើយនិងនៅតែជាប្រធាននៃ គណបក្សសង្គ្រោះជាតិ”។

គួរបញ្ជាក់ដែរថា គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ពីជំហរក្នុងការ ទាមទារឱ្យមានការដោះលែងលោកកឹម សុខា និងការធ្វើពហិការ មិនចូលប្រជុំសភា។

សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នោះ មានខ្លឹមសារថា “គណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិ បានធ្វើការប្រជុំកាល ពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ ដោយ បានធ្វើសេចក្តីសម្រេចជាឯកច្ឆន្ទ និងមានការ គាំទ្រពីសមាជិកគណៈកម្មាធិការនាយក ក្រុម សមាជិកសភាគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្ស មកពីគ្រប់បណ្តារាជធានី-ខេត្ត បានសម្រេចដូចតទៅ ៖

សមត្ថកិច្ចចម្រុះ ដាក់របាំងរារាំងក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទៅមុខពន្ធនាគារត្រពាំងផ្លុង

១-ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ចូលទៅ ចាប់វាយខ្នោះឯកឧត្តមកឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ ទាំងយប់អធ្រាត្រ ដោយរំលោភយ៉ាងជាក់ស្តែង លើអភ័យឯកសិទ្ធិសភា របស់អ្នកតំណាងរាស្ត្រ ដូចមានចែងក្នុងមាត្រា ៨០នៃរដ្ឋធម្មនុញ្ញ ហើយទាមទារឱ្យមានការ ដោះលែងឯកឧត្តមកឹម សុខា ជាបន្ទាន់។

២-ឯកឧត្តមកឹម សុខា នៅតែជាប្រធាន គណបក្សសង្គ្រោះជាតិ បើទោះបីជាត្រូវឃុំខ្លួន ក៏ដោយ។

៣-គាំទ្រចំពោះសហគមន៍អន្តរជាតិ ដែល មានអង្គការសហប្រជាជាតិ សហគមន៍អឺរ៉ុប និងប្រទេសជាហត្ថលេខី នៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស មួយចំនួន ដែលបានសម្តែង ការថ្កោលទោស ចំពោះការចាប់ខ្លួនប្រធាន គណបក្សសង្គ្រោះជាតិ យ៉ាងកំរោល និងទង្វើបំពានសិទ្ធិមនុស្សនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

៤-បន្តការងារគណបក្ស ឆ្ពោះទៅរកការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ ដោយសង្ឃឹមថា សហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរ រួមគ្នាជំរុញឱ្យបរិយាកាសនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា មានភាពត្រឹមត្រូវ ស្របតាមកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដើម្បីធានាដល់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាមួយនឹងការគោរពឆន្ទៈពលរដ្ឋខ្មែរ ឱ្យបានត្រឹមត្រូវ។

៥-ការប្រជុំវិសាមញ្ញរដ្ឋសភា នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីផ្តល់សិទ្ធិឱ្យ អាជ្ញាធរបន្តការចោទប្រកាន់ ឃាត់ខ្លួន និងឃុំ ខ្លួនឯកឧត្តមកឹម សុខា ជាទង្វើខុសច្បាប់ ព្រោះ ទោះបីជារដ្ឋសភា ប្រើប្រាស់គោលការណ៍នៃ  មាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ដើម្បីលើកអភ័យឯកសិទ្ធិសភា ឬការបញ្ចោញមតិឱ្យផ្អាកតាម មតិភាគច្រើនបីភាគបួន (៣/៤) ក៏រដ្ឋសភា ពុំមានកូរ៉ុមគ្រប់គ្រាន់ ក្នុងការប្រជុំសម្រេចបានដែរ”។

ជុំវិញបញ្ហាលោកកឹម សុខា នេះដែរ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នេះ គណបក្សសង្គ្រោះជាតិ នឹងធ្វើសន្និសីទកាសែតមួយ នៅវេលាម៉ោង៩ៈ០០ព្រឹក នៅទីស្នាក់ការកណ្តាល គណបក្ស អំពីស្ថានការណ៍នយោបាយបច្ចុប្បន្ន នៅកម្ពុជា ពិសេសលើករណីការចាប់ខ្លួន ចោទ ប្រកាន់ និងឃុំខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីរដ្ឋសភា បានអនុម័តសម្រេចឱ្យតុលាការបន្តនីតិវិធី លើករណី លោកកឹម សុខា ប្រធានគណបក្សប្រឆាំង ដែល ត្រូវបានចាប់ខ្លួនចោទប្រកាន់ និងឃុំខ្លួនពីបទ ល្មើសជាក់ស្តែង “សន្ទិដ្ឋិភាពជាមួយបរទេស” ដែលជាអំពើក្បត់ជាតិ៕

កុលបុត្រ

facebook