facebook
facebook

នាយករដ្ឋមន្ត្រីកម្ពុជា ទៅជួបមិត្តចិន

​ James​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧​ | ព័ត៌៌មានជាតិព្រឹត្តិការណ៍សង្គម | 22 | 0 | ម៉ោង 3:20 am

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រមាណ ជិត៤ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាតកោះពេជ្រ រួចមក សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូល រួមពិធីតាំងពិព័រណ៍ចិន-អាស៊ាន លើកទី១៤ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋ ប្រជាមានិតចិន តបតាមការអញ្ជើញរបស់រដ្ឋា ភិបាលចិន។

នៅម៉ោងប្រមាណ១១ៈ៤៧នាទីព្រឹក (ម៉ោង នៅទីក្រុងណាននីង ប្រទេសចិន) ថ្ងៃទី១១ កញ្ញា នេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីបាន ដឹកនាំគណៈប្រតិភូ អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិវូស៊ូ (Wuxu) ក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជានិតចិន ដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញធ្វើដំណើរហោះហើរតាមជើងយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា អស់រយៈពេលប្រមាណជាង ២ម៉ោង។

នៅពេលអញ្ជើញដល់អាកាសយានដ្ឋាន អន្តរជាតិវូស៊ូ (Wuxu) ក្រុងណាននីងសម្តេច ហ៊ុន សែន បានទទួលនូវបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីលោក Huang Shiyong សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស កុម្មុយនីស្តចិន និងជាលេខាធិការគណៈកម្មាធិការនយោបាយនិងច្បាប់ ខេត្តក្វាងស៊ី និង ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសចិន រួមជាមួយមន្ត្រីសំខាន់ៗមួយចំនួនរបស់ប្រទេសចិន ផងដែរ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ បានឱ្យដឹងថា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកពិព័រណ៍ ចិន-អាស៊ាន លើកទី១៤ ដោយផ្តោតទៅលើការជំរុញពាណិជ្ជកម្មឱ្យខ្លាំងថែមទៀតរវាង អាស៊ាន និងចិន ព្រមទាំងការទាក់ទាញវិនិយោគិន និងទេសចរចិន មកកាន់តំបន់អាស៊ាន។ បន្ទាប់មកសម្តេចហ៊ុន សែន នឹងអញ្ជើញចូល រួមជាអធិបតីក្នុងពិធីកាត់ខ្សែបូសម្ពោធពន្លាជាតិកម្ពុជា ព្រមទាំងទស្សនាស្តង់តាំងពិព័រណ៍ របស់ព្រះរាជាណាចក្រកម្ពុជា និងចូលរួមជាកិត្តិយស ក្នុងពិធីសម្ពោធពន្លាជាតិរបស់ប្រទេស ប៊្រុយណេ ដារូសាឡាម។

ជាមួយគ្នានោះ ក្នុងអំឡុងពេលស្នាក់នៅប្រទេសចិន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសចិន  រួមមានលោកចាង កាវលី ឧបនាយករដ្ឋមន្ត្រី នៃសាធារណេរដ្ឋប្រជាមានិតចិន និងទទួលការ ជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ពី លោកចិន វូ អភិបាលខេត្តក្វាងស៊ី និងលោក សុង ថាវ រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ មជ្ឈិម បក្សកុម្មុយនីស្តចិន ហើយសម្តេចហ៊ុន សែន ក៏ នឹងជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងណាននីង ព្រមទាំងផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មានចិន ផងដែរ។

គួរបញ្ជាក់ថា ពិធីតាំងពិព័រណ៍ចិន-អាស៊ាន លើកទី១៤ នេះ មានការរំពឹងថា នឹងពង្រឹង ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង ប្រទេសសមាជិកអាស៊ាន និងចិន ហើយនិង ឈានទៅសម្រេចផែនការបង្កើនពាណិជ្ជកម្ម  និងវិនិយោគទៅវិញទៅមក ឱ្យដល់ទំហំ១ទ្រី លានដុល្លារអាមេរិក ពីចិន មកកាន់តំបន់អាស៊ាន និង១៥០ពាន់លានដុល្លារអាមេរិក ពីតំបន់អាស៊ាន ទៅប្រទេសចិន នៅឆ្នាំ២០២០។

នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យសុង ថាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិ មជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅក្នុង ផ្ទះសំណាក់រដ្ឋ Liyuan Resort ក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនោះ មិត្តចិន បានបញ្ជាក់សាជាថ្មី ប្រាប់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាថា កម្ពុជា គឺមិត្តនិងបងប្អូនដ៏ល្អរបស់ប្រទេសចិន។ ប្រទេសចិន អរគុណ សម្តេចហ៊ុន សែន ដែលគាំទ្រនូវផលប្រយោជន៍ ស្នូលរបស់មិត្តចិន ហើយតាមរយៈកិច្ចសហប្រតិបត្តិការណ៍ជាដៃគូយុទ្ឋសាស្ត្រគ្រប់ជ្រុងជ្រោយ គឺបានរឹតបន្តឹងនូវចំណងមិត្តភាពជាបងប្អូនដែលគ្មានបរទេសណាមកបំបែកបំបាក់ បានឡើយ។ ទន្ទឹមនឹងនេះ ក្នុងនាមជាបងប្អូន ប្រសិនបើកម្ពុជា ជួបប្រទះការលំបាកអ្វីមួយ គឺត្រូវប្រាប់មិត្តចិន ភ្លាម ដើម្បីជួយទៅតាមលទ្ធភាពជាក់ស្តែង គឺមិត្តចិន មិនឈរមើលឡើយ។ ទន្ទឹមនឹងនេះដែរ មិត្តចិនបានគាំទ្រ ជំរុញឱ្យពង្រឹងនូវកិច្ចសហប្រតិបត្តិការឱ្យបានខ្លាំងថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ឱ្យបានច្រើន ហើយមិត្តចិន រីករាយក្នុងការបន្ត ជួយបណ្តុះបណ្តាលធនធានសមត្ថភាពកម្ពុជា ជាពិសេសតាមរយៈសហភាពសហព័ន្ឋយុវជនកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អរគុណ មិត្តចិនដែលនៅតែបន្តគាំទ្រ និងជួយកម្ពុជា គ្រប់ពេល។ ឆ្លៀតឱកាសនោះដែរ សម្តេចក៏ បានជម្រាបជូនមិត្តចិនអំពីស្ថានភាពនយោបាយ និងសង្គម ដែលស្ថិតក្នុងបរិយាកាសល្អជាមួយ នឹងស្ថិរភាពសេដ្ឋកិច្ច ដោយបានបញ្ជាក់ថា ការ រីកចម្រើនរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់ពី ការរួមចំណែករបស់មិត្តចិន បានឡើយ។

កិច្ចប្រជុំរវាងសម្តេចហ៊ុន សែន និងលោក សុង ថាវ គឺបានរឹតបន្តឹងបន្ថែមនូវចំណងមិត្តភាព សាមគ្គីភាព និងភាពជាដៃគូយុទ្ឋសាស្ត្រ គ្រប់ជ្រុងជ្រោយ ក្នុងបរិយាកាសរីករាយ និង ស្និទ្ឋស្នាលបំផុត។

នៅរសៀលថ្ងៃដដែលនោះដែរ បន្ទាប់ពី បានជួបពិភាក្សាការងារជាមួយលោកសុង ថាវ រួចមក សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោកចាង កាវលី ឧបនាយករដ្ឋមន្ត្រីចិន នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍អន្តរជាតិ ណាននីង។ បន្ទាប់មក លោកចាង កាវលី បាន រៀបចំពិធីជប់លៀងជូនសម្តេចហ៊ុន សែន និង គណៈប្រតិភូ ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាលផងដែរ៕

ខៀវទុំ

facebook