facebook
facebook

នី មុនីនាថ ក្រោយគូដណ្តឹងចោទជាស្រីបោកប្រាស់ ពេលនេះមានលោកធំម្នាក់ស្ម័គ្រជួយស្អំបេះដូង

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ | តារាខ្មែរព័ត៌មានសិល្បៈ | 134 | 0 | ម៉ោង 9:13 am

ជម្លោះដ៏ចម្រូងចម្រាស រវាងតារាទឹកភ្នែកនី មុនីនាថ និងគូដណ្តឹងប្រុសខ្មែរ-អាមេរិក លោកអ៊ុង សូឡាំង មិនអាចឈានទៅផ្សះផ្សាស្នេហ៍ឱ្យដូចដើមឡើយ បន្ទាប់ពីមុនីនាថ ត្រូវបានគេហែកហួរចោទថា ជាស្រីបោកប្រាស់ នាំឱ្យនាងរងភាពអាម៉ាស់ ពិបាកនឹងស្តារមុខរួចនាពេលនេះ។

យ៉ាងណា នី មុនីនាថ ដែលកំពុងតែប្រេះឆាស្នេហ៍ជាលើកទី២ លើទឹកដីអាមេរិកនោះ នៅតែត្រូវបានលោកផ្កាយ៤ម្នាក់ រង់ចាំត្រងស្នេហ៍នឹមនួន ធានាព្យាបាលរបួសបេះដូងនោះឱ្យសះស្បើយឡើងវិញជាមិនខាន…។

នី មុនីនាថ ដែលស្ពឹកមុខត្រូវគូដណ្តឹង និងអ្នកនៅក្រៅប្រទេសមួយចំនួនចោទថា ជាតារាពូកែសម្តែងបោកប្រាស់ប្រុស ដើម្បីតែប្រាក់ នាំឱ្យខូចដល់តារាដែលគេត្រឹមត្រូវនោះក្តៅក្រហាយប្រុសស្នេហ៍អ៊ុង សូឡាំង នោះជាខ្លាំង រហូតសម្រេចចិត្តថា ត្រូវតែប្តឹងលោកសូឡាំង ដើម្បីស្តារកិត្តិយសមកវិញទើបបាន។ ប៉ុន្តែគម្រោងដាក់ពាក្យប្តឹងនេះ ត្រូវបានអាក់ខានទៅវិញ ព្រោះតែប្តីថ្មីអ្នកនាងចន ច័ន្ទលក្ខិណា ពោះម៉ាយហេង ឡុង បានស្នើសុំឱ្យមានការសម្របសម្រួលគ្នាក្រៅតុលាការ ជាជាងការយកឈ្នះចាញ់។

ថ្វីត្បិតតែមានការសំណូមពរឱ្យតារាទឹកភ្នែកផ្សះផ្សា ដោយមិនបាច់ឡើងក្រចកសេះនោះក្តី តែចំណងស្នេហ៍មុនីនាថ និងលោកអ៊ុង សូឡាំង មិនអាចវិលត្រឡប់មករកភាពត្រូវរ៉ូវ ឬផ្អែមល្ហែមគ្នាដូចមុនទៀតឡើយ ព្រោះពេលនេះ ពួកគេបានក្លាយទៅជាគូបដិបក្ខ ពាក់មុខយក្សដាក់គ្នាទៅហើយ។

ប្រភពបានឱ្យដឹងថា គម្រោងការនី មុនីនាថ គ្រងឈុតកូនក្រមុំមែនទែន ដើម្បីក្រាបផ្ទឹមជាមួយលោកសូឡាំង នៅចុងឆ្នាំ២០១៧នេះ ដោយនឹងចំណាយលុយ១០ម៉ឺនដុល្លារ ត្រូវបានលុបចោលយ៉ាងទាន់ហន់បំផុត។

គួរបញ្ជាក់ថា កាលពីចុងខែសីហា ឆ្នាំ២០១៧ នោះ គូដណ្តឹងនី មុនីនាថ លោកអ៊ុង សូឡាំង បានបញ្ចោញសារធ្វើឱ្យផ្អើលពេញចង្កោមអ្នកសិល្បៈ និងមហាជន ដោយបានរៀបរាប់ថា “ក្តីស្រលាញ់និងភាពស្មោះត្រង់របស់ខ្ញុំ ដែលផ្តល់ឱ្យអ្នកបែរជាទទួលបានដោយក្តីឈឺចាប់បំផុតពីក្តីស្រលាញ់ក្នុងភាពបោកប្រាស់ ដូចជាអ្នកក៏គ្មានតម្លៃឱ្យខ្ញុំត្រូវឈឺចាប់ដែរ តែអ្វីដែលខ្ញុំឈឺចាប់ គឺជាការសោកស្តាយនូវទំហំនៃក្តីស្រលាញ់ និងភាពស្មោះត្រង់របស់ខ្ញុំ ដែលធ្លាប់ផ្តល់ឱ្យមនុស្សបោកប្រាស់ដូចជាអ្នកតែប៉ុណ្ណោះ”។

ស្របពេលជាមួយគ្នានេះដែរ ក៏មាន Account Facebook ឈ្មោះ Vann Sina ក៏បានជាន់នី មុនីនាថ បន្ថែមដោយបញ្ចោញសារថា “តារាសម្តែងនី មុនីនាថ ពិតជាពូកែសម្តែងមែន កុំថាឡើយក្នុងភាពយន្ត សូម្បីតែក្រៅភាពយន្តក៏ពូកែដែរ ហេតុតែដើម្បីលុយ តារាម្នាក់នេះប្រើល្បិចបោកប្រាស់សាហាវបំផុត ដោយយកការភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរក្រៅប្រទេសម្នាក់នេះ ដើម្បីផ្តល់ទំនុកចិត្តឱ្យគូដណ្តឹងម្នាក់នេះ ផ្តល់លុយឱ្យទិញឡានជិះទិញដី និងធ្វើផ្ទះឱ្យនាង ថែមទាំងទិញគ្រឿងអលង្ការ គ្រឿងពេជ្រមួយចំនួនធំថែមទៀតផង។ ចុងក្រោយ ដល់ពេលសម្ភាសន៍ជាប់ ហើយធ្លាក់វីសា ត្រូវទៅរស់នៅអាមេរិក នី មុនីនាថ បែរជាបដិសេធទៅវិញ ថែមទាំងសុំផ្តាច់ពាក្យពីគូដណ្តឹង។ ទង្វើរបស់នី មុនីនាថ មិនត្រឹមតែមិនផ្តល់តម្លៃដល់ខ្លួនឯងនោះទេ ថែមទាំងធ្វើឱ្យអ្នកសិល្បៈដែលគេថ្លៃថ្នូរផ្សេងៗទៀត ត្រូវអាប់ឱនអស់ដោយសាតែនាងម្នាក់គត់។ ហេតុដូចនេះសូមអាណិកជនខ្មែរនៅក្រៅប្រទេសមួយចំនួន និងឧកញ៉ាដែលនៅស្រុកខ្មែរ បើមានទំនាក់ទំនងស្នេហ៍ជាមួយតារាសម្តែងនី មុនីនាថ ម្នាក់នេះ គួរតែប្រុងប្រយ័ត្នឱ្យមែនទែន ដើម្បីកុំឱ្យចាញ់បោកដូចអាណិកជនខ្មែរក្នុងរូបភាពនេះតទៅទៀត”។

ក្រោយត្រូវគេបកអាក្រាតបែបនេះ ហើយរងការរិះគន់គ្រប់ទិសនោះ នី មុនីនាថ ទ្រាំមិនបានឡើយ ក៏ប្រកាសថា ត្រូវតែប្តឹងគូដណ្តឹងលោកអ៊ុង សូឡាំង ឡើងតុលាការ ជាការប៉ះប៉ូវកេរ្តិ៍ឈ្មោះរបស់នាងមកវិញ បើមិនអីចឹងទេ នាងនឹងអាចប្រឈមការបញ្ចប់អាជីពសិល្បៈជាមិនខាន ព្រោះតែពិបាកប្រឈមរឿងត្រូវគេចោទថា ជាតារាបោកប្រាស់លុយគេនោះ។ ប៉ុន្តែ ពេលនេះ នី មុនីនាថ បែរជានៅស្ងៀមទ្រឹងមួយកន្លែងទៅវិញ ក្រោយមានការឱ្យយោបល់ពីអ្នករួមអាជីពថា កុំឡើងតុលាការ នាំតែមានរឿងកាន់តែធំនោះ។

ដោយឡែកលោកសូឡាំង ត្រូវបានប្រភពបង្ហើបឱ្យដឹងថា ការដែលលោកហ៊ាននិយាយបែបនេះ ប្រាកដជាមានភ័ស្តុតាងជាមិនខាន ហើយពេលនេះ លោកអស់អារម្មណ៍ និងនិស្ស័យស្នេហ៍ជាមួយមុនីនាថ ហើយប្រុសអាណិកជនខ្មែរ-អាមេរិក នោះ ថែមទាំងរាងចាលលែងចង់បានប្រពន្ធជាតារាល្បីដូចមុនីនាថ ទៀតហើយ។

ទោះជានី មុនីនាថ កំពុងតែតុកស៊ិចរឿងបរាជ័យគម្រោងចង់ទៅរស់នៅអាមេរិក ដល់ទៅ២លើកផ្ទួនៗគ្នាក្តី តែពេលនេះតារាពូកែសម្តែងយំបង្ហូរទឹកភ្នែករូបនេះ នៅតែត្រូវបានគេបង្ហើបថា មានមន្ត្រីធំៗចាំត្រងស្នេហ៍ ធានាជួយស្អំរបួសបេះដូងនាងជាថ្មីដដែល ពិសេស គឺលោកផ្កាយ៤ ដ៏មានឥទ្ធិពលម្នាក់ ដែលតាមស្នេហ៍នាងតាំងពីមុនភ្ជាប់ពាក្យជាមួយលោកសូឡាំង នោះ គឺនៅចិញ្ចឹមចិត្តរង់ចាំចម្លើយស្នេហ៍ពីតារាដែលកំពុងតែខូចចិត្តរូបនេះជានិច្ច ហើយស្របពេលដែលមុនីនាថ មានភាពចម្រូងចម្រាសជាមួយគូដណ្តឹងកាន់តែខ្លាំងនោះ លោកធំនោះអាចមានឱកាសសាសងស្នេហ៍ជាមួយតារាទឹកភ្នែករូបនោះជាថ្មីទៀតផង។

អ្នកសិល្បៈមួយចំនួន ដែលលំអៀងទៅនី មុនីនាថ បានឱ្យដឹងថា ប្រសិនបើមុនីនាថ ផ្តាច់ស្នេហ៍ប្រុសអាមេរិកនោះ នាងអាចក្លាយជាជំទាវ បើសិនជានាងព្រមទទួលស្នេហ៍លោកផ្កាយ៤ ហើយពេលនោះ បើលោកសូឡាំង ចង់ផ្សះផ្សាស្នេហ៍ជាថ្មី គឺប្រាកដជាយឺតពេល៕

facebook