facebook
facebook

យន្ត​ហោះ​ចម្បាំង​រុស្សុី​ កម្ទេច​អាយ​ស៊ីស​ ស្លាប់​៤០​នាក់​

​ Muny Rith​​ | ថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០១៧​ | ព័ត៌មានអន្តរជាតិ | 80 | 0 | ម៉ោង 9:16 am

កងទ័ពរុស្សីនៅស៊ីរី បានបញ្ជូនយន្តហោះ ចម្បាំងពីមូលដ្ឋានទ័ពអាកាសមកវាយប្រហារ គោលដៅអាយស៊ីសជាច្រើនកន្លែង នៅទីក្រុង ឌៀអេសសូរ៍ បណ្តាលឱ្យមានអ្នកស្លាប់៤០នាក់ បន្ទាប់ពីបានទទួលព័ត៌មានសម្ងាត់ថាមានការ ប្រជុំគ្នាកម្រិតមេដឹកនាំដ៏ព្រៃផ្សៃទាំងឡាយ។

កាលពីថ្ងៃទី៨ ខែកញ្ញា ប្រភពព័ត៌មាន បានឱ្យដឹងថា កងកម្លាំងរុស្សីនៅស៊ីរី បានវាយ ប្រហារគោលដៅក្រុមប្រដាប់អាវុធរដ្ឋអ៊ិស្លាម ឬអាយស៊ីស នៅទីក្រុងឌៀអេសសូរ៍ នៅស៊ីរី ជាបន្តបន្ទាប់ បំណងជួយកងទ័ពស៊ីរី ឱ្យរំដោះ យកទីក្រុងនេះពីការកាន់កាប់របស់ពួកអាយស៊ីស មកវិញ។ កងកម្លាំងរុស្សីបានបញ្ជូនយន្តហោះ Su-34 និង Su-35 ពីមូលដ្ឋានទ័ពអាកាសនៅ ឡាតាកៀ ទៅកម្ទេចលេណដ្ឋានក្រោមដីរបស់ អាយស៊ីស ជាយក្រុងឌៀអេសសូរ៍ ធ្វើឱ្យសមាជិក អាយស៊ីសស្លាប់រដូករណែល៤០នាក់ រួមទាំងមេ ដឹកនាំជាន់ខ្ពស់ដែលចាត់ទុកជាអ៊ីម៉ាម នៃទីក្រុង ឌៀអេសសូរ៍ និងមេក្រុមប្រយុទ្ធ៤នាក់ក៏ស្លាប់ ដែរ។

ក្រសួងការពារជាតិរុស្សី បានថ្លែងឱ្យដឹង ថា កងកម្លាំងរុស្សីនៅស៊ីរី បានទទួលព័ត៌មាន សម្ងាត់មកថា កាលពីថ្ងៃទី៥ ខែកញ្ញា នឹង មានការប្រជុំកម្រិតមេដឹកនាំជាន់ខ្ពស់របស់ពួក អាយស៊ីស នៅទីបញ្ជាការក្រោមដី ជាយក្រុង ឌៀអេសសូរ៍ ទើបបានផ្តល់ដំណឹងដល់កងកម្លាំង រុស្សី ឱ្យប្រើយន្តហោះចម្បាំងមកវាយប្រហារ គោលដៅជាច្រើនកន្លែងរបស់អាយស៊ីសភ្លាមៗ រួមទាំងលេណដ្ឋានក្រោមដី ជាយក្រុងឌៀអេស សូរ៍ ផងដែរ៕

facebook