facebook
facebook

សារ៉ាយ សក្ខណា គំរាមប្តី ក្រោយប្តីបង្កើតរឿងមួយធ្វើឲ្យនាងភ័យបះសក់

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ | តារាខ្មែរព័ត៌មានសិល្បៈ | 112 | 0 | ម៉ោង 2:53 am

មុននេះបន្តិច តារាភាពយន្តល្បីឈ្មោះ អ្នកនាងសារ៉ាយ សក្ខណា ត្រូវបានប្តីធ្វើឱ្យភ័យបះសក់ ដោយបានលេងឈុតសម្តែងលួចមានស្រីខាងក្រៅសាកចិត្តអ្នកនាង ខណៈដែលអ្នកនាងនៅអាមេរិក  ហើយស្វាមីនៅស្រុកខ្មែរ។ យ៉ាងណា ស្របពេលដែលអ្នកនាងសក្ខណា វិលមកលេងស្រុកខ្មែរជាថ្មី បានប្រកាសគំរាមប្តីថា បើតាមទាន់ប្តីលួចលាក់មានស្រីខាងក្រៅនោះ អ្នកនាងនឹងមិនលើកលែងឱ្យទេ…។

ក្រោយរៀបការជាមួយលោកកែវ ប៊ុនមេត្រី អាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក និងទទួលបានចំណងដៃកូនស្រីម្នាក់ អ្នកនាងសារ៉ាយ សក្ខណា ពុំបានបោះបង់អាជីពសិល្បៈទេ គឺរាល់ពេលមកលេងស្រុកខ្មែរម្តងៗ នៅតែទទួលការងារសិល្បៈ ទាំងការសម្តែងភាពយន្ត និងថតស្ពតជាដើម។

បន្ទាប់ពីរៀបការ សារ៉ាយ សក្ខណា ក៏បានបោះទុនជាច្រើនម៉ឺនដុល្លារ បើកហាងកែសម្រស់មួយកន្លែងនៅរាជធានីភ្នំពេញ ផងដែរ ហើយភាគច្រើនអ្នកនាងឱ្យស្វាមីជាអ្នកមើលការខុសត្រូវ។ ពោលគឺអ្នកនាងនិងស្វាមីពុំសូវបានរស់នៅជុំគ្នាទេ គឺអ្នកនាងត្រូវមើលថែកូនស្រីនៅឯសហរដ្ឋអាមេរិក ហើយឱ្យស្វាមីជាអ្នកមើលការខុសត្រូវលើមុខជំនួញនៅស្រុកខ្មែរ។

ថ្មីៗនេះ អ្នកនាងសារ៉ាយ សក្ខណា បានវិលមកលេងស្រុកខ្មែរ ជាលើកទី៥ ក្រោយពេលរៀបការទៅរស់នៅសហរដ្ឋអាមេរិក។ គម្រោងមកលើកនេះ ក្រៅពីមកពង្រឹងមុខជំនួញ អ្នកនាងក៏ទទួលឱកាសថតភាពយន្តផងដែរ ត្បិតអីអ្នកនាងនឹងត្រូវរស់នៅស្រុកខ្មែរ ជាច្រើនខែ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ អ្នកនាងសារ៉ាយ សក្ខណា បានទម្លាយសារគំរាមប្តី បន្ទាប់ពីប្តីសម្តែងឈុតមានស្រីក្រៅផ្ទះ ធ្វើឱ្យអ្នកនាងភ័យបះសក់ នាពេលកន្លងមក។

សក្ខណា អះអាងថា បើដឹងថា ប្តីជាទីស្រលាញ់លួចមានស្រីខាងក្រៅ ក្បត់ចិត្តអ្នកនាងនោះ គ្មានហេតុផលដែលត្រូវនិយាយវែកញែកទៀតទេ គឺអ្នកនាងនឹងកាត់ផ្តាច់ចំណងស្នេហ៍តែម្តង ដោយគ្មានលើកទី២ជាដាច់ខាត ព្រោះជាការចរចាគ្នាតាំងពីលើកដំបូងម៉្លេះ។

តារាកូនមួយរូបនេះបញ្ជាក់ថា បើតាមទាន់ប្តីមានស្រី ជីវិតស្នេហារបស់អ្នកនាង នឹងត្រូវបញ្ចប់ ហើយអ្នកនាងក៏មិនជ្រើសរើសស្នេហាថ្មីដែរ ព្រោះអ្នកនាងមិនចង់ឱ្យមហាជននិយាយថា តារាសិល្បៈការហើយលែងលះៗនោះទេ។ អ្នកនាងថា កន្លងមក អ្នកនាងមានការជឿជាក់លើប្តី១០០ភាគរយ ប៉ុន្តែ ពេលនេះ អ្នកនាងក៏ស្រពេចស្រពិលខ្លះដែរ ខណៈដែលអ្នកនាងអះអាងថា មិនចង់ជួបស្នេហាផិតក្បត់ និងបែកបាក់នោះទេ។

មុននេះបន្តិច សារ៉ាយ សក្ខណា ត្រូវបានប្តីធ្វើវីដេអូឃ្លីបសាកចិត្តក្នុងឈុតនាំស្រីចូលផ្ទះសំណាក់ ហើយត្រូវមិត្តភក្តិតាមទាន់ ធ្វើឱ្យអ្នកនាងរន្ធត់ចិត្តស្រក់ទឹកភ្នែក។ ឈុតសម្តែងនោះ គឺមិត្តភក្តិរបស់នាងបានផ្សំគំនិតជាមួយស្វាមីអ្នកនាង ដើម្បីសាកចិត្តអ្នកនាង។ យ៉ាងណា ក្រោយពេលសម្តែងឈុតមានស្រី ធ្វើឱ្យសារ៉ាយ សក្ខណា រំជួលចិត្តស្រក់ទឹកភ្នែកនោះ លោកកែវ ប៊ុនមេត្រី ស្វាមីសំណព្វចិត្តអ្នកនាង ក៏បានសុំទោសរួចទៅហើយដែរ។

សក្ខណា គំរាមប្តីថា ប្រសិនបើតាមទាន់ប្តីកំពុងបណ្តើរស្រីចូលផ្ទះសំណាក់ ដូចក្នុងការសម្តែងនោះ គឺអ្នកនាងមិនអាចទទួលយកបានទេ នឹងត្រូវបញ្ចប់គ្នាតែម្តង គឺមិនអាចលើកលែងឱ្យបានទេ។

គួរបញ្ជាក់ថា សារ៉ាយ សក្ខណា មកស្រុកខ្មែរលើកនេះ នឹងត្រូវស្នាក់នៅរយៈពេល៣ខែ ដើម្បីពង្រឹងមុខជំនួញ។ ទន្ទឹមនឹងនោះ អ្នកនាងក៏បានទទួលថតភាពយន្តឱ្យផលិតកម្មមួយចំនួនផងដែរ ខណៈដែលផលិតករជាច្រើននៅតែចង់បានអ្នកនាងឱ្យគ្រងតំណែងតួឯក។

សក្ខណា បានសម្រេចចិត្តចូលរោងការជាមួយលោកកែវ ប៊ុនមេត្រី អាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣ អំឡុងពេលអ្នកនាងកំពុងឡើងកូដខ្លាំងនៅក្នុងវិស័យភាពយន្ត។ ការចេញទៅរស់នៅសហរដ្ឋអាមេរិក ហើយទទួលបានចំណងដៃកូនស្រីម្នាក់ មជ្ឈដ្ឋានជាច្រើនគិតថា អ្នកនាងមិនប្រឡូកសិល្បៈ សន្សំប្រាក់ល្អិតទៀតនោះទេ ត្បិតអីស្វាមីនាងក៏មានទ្រព្យស្តុកស្តម្ភផងដែរ។ ម៉្យាងទៀត គេកត់សម្គាល់ឃើញថា តារាស្រីមួយចំនួនដែលមានស្វាមីចេញទៅរស់នៅក្រៅប្រទេស ភាគច្រើន គឺស្វាមីមិនអនុញ្ញាតឱ្យប្រឡូកសិល្បៈទៀតទេ ព្រោះខ្លាចបុរសទ្រព្យស្តុកតាមថ្ពក់ស្នេហ៍។ ម៉្យាងប្រាក់ចំណូលពីសិល្បៈ សម្រាប់តារាសិល្បៈនៅស្រុកខ្មែរ នៅមានកម្រិត មិនអាចជួយឱ្យជីវភាពលេចធ្លោនោះទេ។ យ៉ាងណា សារ៉ាយ សក្ខណា នៅតែបន្តលេងសិល្បៈសន្សំប្រាក់ល្អិត នៅរាល់ពេលមកលេងស្រុកខ្មែរម្តងៗ ហើយស្វាមីអ្នកនាងក៏មិនប្រចណ្ឌហួងហែងដែរ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ សារ៉ាយ សក្ខណា ទៅវិញទេ ដែលហួងហែងប្តីខ្លាំង រហូតទម្លាយពីអារម្មណ៍ពិត គំរាមប្តីមិនឱ្យលួចមានស្រីថ្មី ក្បត់ចិត្តនាង។ យ៉ាងណាក៏ដោយ​ មិត្តភក្តិនៅក្នុងចង្កោមសិល្បៈជាច្រើន បានជូនពរឱ្យជីវិតស្នេហាឆ្លងដែនរបស់អ្នកនាងសារ៉ាយ សក្ខណា ជួបតែសុភមង្គលជានិច្ចនិរន្តរ៍៕

facebook