facebook
facebook

ជិះម៉ូតូទាក់ដៃម៉ូតូគ្នា​ដួល ជ្រុះថ្នាំញៀន ត្រូវសមត្ថកិច្ចវាយខ្នោះ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ | ព័ត៌៌មានជាតិសន្ដិសុខសង្គម | 19 | 0 | ម៉ោង 3:06 am

​ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូលឿនពេក ប្រញាប់ទៅជក់ថ្នាំញៀន បានទាក់​ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ដួលបម្រុងលើកម៉ូតូរត់ ត្រូវសមត្ថកិច្ចជួយលើក ស្រាប់តែជ្រុះថ្នាំញៀន​ប្រភេទម៉ាទឹកកកចំនួន២កញ្ចប់តូច ត្រូវសមត្ថកិច្ចឃាត់ខ្លួន ​កាលពីវេលាម៉ោង១១​យប់ថ្ងៃទី១២ ខែកញ្ញា ​តាមបណ្តោយផ្លូវព្រះសុរាម្រិត នៅចំណុចវិមានឯករាជ្យ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនសង្ស័យទី១ មានឈ្មោះផាន់ វណ្ណះ ភេទប្រុស អាយុ២០ឆ្នាំ ​មុខរបរធ្វើការរោងចក្រ ស្នាក់នៅមិនពិតប្រាកដ ។ ជនសង្ស័យទី២ មានឈ្មោះឌី ភេទប្រុស អាយុ១៨ឆ្នាំ ​មុខរបរធ្វើការរោងចក្រ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

​សាក្សីដែល​ឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ ជិះម៉ូតូម៉ាកហុង​ស្តុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AY-6777 ធ្វើដំណើរមកតាមបណ្តោយផ្លូវព្រះសុរាម្រិត ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈពេលមកដល់ចំណុចកើតហេតុក៏ស្រាប់តែទាក់ដៃចង្កូតម៉ូតូម្ខាងទៀត មិនចាំម៉ាក បណ្តាលឲ្យដួលខ្លួនឯង ត្រូវសមត្ថកិច្ចចរាចរណ៍ប្រចាំគោលដៅនោះ ជួយលើកម៉ូតូ ក៏ស្រាប់តែជ្រុះថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ ត្រូវ​សមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនយកទៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីសួរនាំ។

ក្រោយពេលទៅដល់ខណ្ឌ ជនសង្ស័យ២នាក់នោះ បានប្រាប់សមត្ថកិច្ចថា ខ្លួនទិញថ្នាំញៀននេះមកពីប្លុកបឹងកក់ ក្នុងមួយកញ្ចប់ តម្លៃ២ម៉ឺនរៀល ដើម្បីយកទៅប្រើប្រាស់តែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

facebook