facebook
facebook

ស្រីស្អាតបង្ហាញម៉ូដថៃ ប៉ះ Pop Model នៅផ្សារអុីអនម៉ល

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧​ | តារាខ្មែរព័ត៌មានសិល្បៈ | 19 | 0 | ម៉ោង 3:34 am

ព្រឹត្តិការណ៍ Thailand Fashion & Life Style 2017 ដែលបានធ្វើនៅផ្សារទំនើប Aeon Mall ជាន់ផ្ទាល់ដី កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញានោះ ទទួលបានការចាប់អារម្មណ៍ពីភ្ញៀវជនជាតិថៃនិងខ្មែរ ដែលដើរផ្សារទំនើបនេះជាច្រើន ព្រោះតែមានការបង្ហាញម៉ូដរបស់តារាបង្ហាញម៉ូដល្បីឈ្មោះរបស់ថៃ ប៉ះជាមួយតារាបង្ហាញម៉ូដខ្មែរ ក្រុម Pop Model ដែលបង្ហាញពីសម្លៀកបំពាក់ពីអ្នកឌីហ្សាញជំនាញរបស់ថៃ ដល់ទៅ៧ម៉ូដ ជាមួយតម្លៃ១ឈុតៗ រាប់រយដុល្លាឯណោះ។

កម្មវិធីនេះមានគោលបំណងបង្ហាញពីស្នាដៃច្នៃប្រឌិតសម្លៀកបំពាក់ពីអ្នកជំនាញឌីហ្សាញរបស់ថៃ ដើម្បីជាការចែករំលែកដល់អ្នកច្នៃម៉ូដកម្ពុជា ព្រមទាំងមានការដាក់តាំងផលិតផលថែរក្សាសម្រស់ និងទំនិញម៉ាកល្បីៗរបស់ថៃ នៅផ្សារអ៊ីអនផងដែរ។

តារាបង្ហាញម៉ូដ៣រូប មកពីថៃ ក្នុងនោះមាន២រូបល្បីឈ្មោះ គឺកញ្ញាធិសាណាត សនសឹក និងកញ្ញាសុផាផន ម៉ាលិសាន់ ត្រូវបានអ្នករៀបចំកម្មវិធីតម្រូវឲ្យដើរបង្ហាញម៉ូដចូលគ្នា ជាមួយតារាបង្ហាញម៉ូដរបស់ខ្មែរ ក្រុម Pop Model ៤រូប គឺកញ្ញានា, ស៊ូស៊ីន, ផារ៉ុប និងអាលក្ខណ៍ ដោយគ្រងឈុតសម្លៀកបំពាក់ដែលឌីហ្សាញយ៉ាងស្រស់ស្អាត ទើបធ្វើឲ្យភ្ញៀវទស្សនាដោយជក់ចិត្ត។ ដោយឡែកពិធីការិនីវិញមានស្រីស្អាត សឹម ស្រីនិច្ច ដែលជាតារាសម្ដែង និងបង្ហាញម៉ូដនោះ ក៏បានណែនាំសុភាពបុរសនារីយល់ដឹងបន្ថែមពីវិធីផាត់មុខដែលធ្វើឲ្យគេទាក់ទាញផងដែរ។

តាមអ្នករៀបចំកម្មវិធីព្រឹត្តិការណ៍ Thailand Fashion & Life style 2017 បានឲ្យដឹងថា ការរៀបចំពិពណ៌ផលិតផលថៃ នេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី១២និង១៣ ខែកញ្ញា ហើយចំពោះការបង្ហាញម៉ូដនេះ គ្រាន់តែជាទ្រង់ទ្រាយតូចប៉ុណ្ណោះ តែនៅពេលខាងមុខនេះ នឹងមានការបង្ហាញម៉ូដទ្រង់ទ្រាយធំជាងនេះ ដើម្បីបង្ហាញឲ្យអ្នកដែលនិយមម៉ូដប្លែកៗ ឲ្យបានឃើញនូវអ្វីដែលពួកគេស្រលាញ់ផងដែរ។

មិនត្រឹមតែមានការបង្ហាញម៉ូដពីក្រុមស្រីស្អាតបង្ហាញម៉ូដល្បីឈ្មោះ ប៉ះជាមួយតារាខ្មែរនោះទេ តែព្រឹត្តិការណ៍នេះ ក៏មានកុមារាកុមារីតូចៗជាជនជាតិថៃ បង្ហាញឈុតកុមារដែលច្នៃដោយអ្នកជំនាញអមដោយស្ដង់លក់ផលិតផលម៉ាកល្បីៗ ដែលមានសម្លៀកបំពាក់គ្រឿងសង្ហារឹម និងទំនិញដែលមានយីហោល្បីៗជាច្រើនមុខទៀត ត្រូវបានដាក់លក់តម្លៃពិសេសរហូតដល់ល្ងាចថ្ងៃទី១៣ ខែកញ្ញា។

ក្រុមបង្ហាញម៉ូដ Pop Model បានឲ្យដឹងថា ពួកគេសប្បាយចិត្តដែលបានសហការគ្នាយ៉ាងល្អ ក្នុងការបង្ហាញម៉ូដជាមួយតារាបង្ហាញម៉ូដល្បីឈ្មោះរបស់ថៃដោយនាំយកមកនូវសម្លៀកបំពាក់ដែលជាការច្នៃម៉ូដដោយអ្នកជំនាញថៃ ល្បីៗនោះមក នាពេលនេះ ព្រោះនឹងធ្វើឲ្យអ្នកច្នៃម៉ូដខ្មែរ បានបទពិសោធន៍ល្អៗពីព្រឹត្តិការណ៍នេះ៕

facebook