facebook
facebook

មិុក​សិុក​ រញ្ជួយ​ដី​មិន​ឈប់​៨០​០​កន្លែង​ ស្លាប់​លើស​៩០​នាក់​

​ Muny Rith​​ | ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧​ | ព័ត៌មានអន្តរជាតិ | 71 | 0 | ម៉ោង 10:44 am

ចំនួនអ្នកស្លាប់ពីហេតុការណ៍រញ្ជួយដីនៅភាគខាងត្បូងម៉ិកស៊ិក កើនឡើងលើសពី៩០នាក់ បន្ទាប់ពីអាជ្ញាធរប្រមូលបោសសម្អាតគំនរបែកបាក់ ខណៈជនរងគ្រោះជាច្រើននៅតែដេកកណ្តាលវាល ដោយសារខ្លាចអគារលំលើដោយសារតែមានការរញ្ជួយដីជាបន្តបន្ទាប់ឥតឈប់ឈរ។

សារព័ត៌មានបរទេសបានឱ្យដឹងថា ចំនួនអ្នកស្លាប់ពីហេតុការណ៍រញ្ជួយដីខ្លាំងក្លាកម្រិត៨,១រ៉ិកទ័រ ដែលកើតឡើងនៅតំបន់ភាគខាងត្បូងរបស់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី៨ ខែកញ្ញា កន្លងមកនេះកើនឡើងយ៉ាងតិច៩០នាក់ ហើយដោយ៣៦នាក់ ក្នុងចំនួននេះស្ថិតនៅទីក្រុងឃូឈិតាន់ រដ្ឋវ៉ាហាកា ជិតចំណុចកណ្តាលរញ្ជួយដី។ ហើយប្រជាជនជាច្រើននាក់នៅតែគេងកណ្តាលវាលដោយសារតែផ្ទះសម្បែងប្រមាណ១/៣ ខូចខាតរហូតដល់មិនអាចនៅ បាន។

លោកអាឡេហានដ្រូមូរ៉ាត់ អភិបាលរដ្ឋវ៉ាហាកា បានឱ្យដឹងថា អ្នកស្លាប់នៅរដ្ឋនេះកើនឡើងដល់៧១នាក់ហើយ ខណៈអាជ្ញាធរក្នុងមូលដ្ឋានបានឱ្យដឹងថា អ្នកស្លាប់១៩នាក់ទៀត នៅក្នុងរដ្ឋសៀប៉ាស និងរដ្ឋតាបាស្កូ។ រញ្ជួយដី ខាងលើក៏បានធ្វើឱ្យផ្ទះសម្បែងខូចខាតជាច្រើនពាន់ខ្នង ចំណែកសាលារៀនជាច្រើនរយកន្លែងទៀត ក៏ខូចខាតឬត្រូវបានបំផ្លាញដែរ។ ប្រជាជនជាច្រើនសែននាក់កំពុងខ្វះខាតទឹកប្រើប្រាស់។

ក្រៅពីនេះ ក៏នៅមានការញ័ររញ្ជួយតាមក្រោយមកទៀតជិត៨០០ដង ក្នុងនោះ៦០ដង មានកម្លាំងរញ្ជួយខ្លាំងជាងកម្រិត៤,៥រ៉ិកទ័រ។ ការរញ្ជួយចុងក្រោយកាលពីថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ក៏មានកម្លាំងរញ្ជួយខ្លាំងដល់កម្រិត ៥,២រ៉ិកទ័រដែរធ្វើឱ្យប្រជាជនរងគ្រោះជាពិសេស នៅទីក្រុងឃូឈិតាន់សម្រេចចិត្តគេងនៅកណ្តាលវាល ព្រោះតែខ្លាចអគារដែលខូចខាតទាំងនោះរលំសង្កត់លើ។

ទន្ទឹមនឹងនោះក្រុមសមត្ថកិច្ចយោធានិងប៉ូលិស បានពង្រាយកម្លាំងពេញបរិវេណជួបគ្រោះធម្មជាតិនេះ ដើម្បីជួយប្រមូលគំនរបែកបាក់ចេញពីអគារ ចំណែកអ្នកស្ម័គ្រចិត្តដែលភាគច្រើនជាយុវជន បានជួយគ្នាចែកចាយទឹក និងសម្លៀកបំពាក់ឬជួយក្នុងការរើឬប្រមូលគំនរបែកបាក់៕

facebook