facebook
facebook
Loading...

កូន​ប្រុស​គេច​សាលា​ម៉ែស្តី​បន្ទោស ផឹក​ថ្នាំ​ពុល​សម្លាប់​ខ្លួន

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | 138 | 0 | ម៉ោង 3:15 am

ខេត្តពោធិ៍សាត់ ៖ យុវជនម្នាក់ ត្រូវម្តាយហៅមកស្តីបន្ទោស ពីរឿងចូលចិត្តដើរលេង ប៉ោឡែ មិនគិតប្រឹងរៀនសូត្រ និងមិនជួយធ្វើការ ងារផ្ទះអ្វីទាំងអស់ ស្រាប់តែឈឺចិត្តស្អិតទ្រូង ក៏សម្រេចចិត្តយកថ្នាំពុលសម្រាប់បាញ់សម្លាប់ សត្វល្អិត មកផឹកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិ ឆាយលូក ឃុំទន្លង់រាប ស្រុកវាលវែង។

យុវជនចិត្តខ្លាំងគំនិតខ្លីដែលតូចចិត្តម្តាយ ស្តីបន្ទោសផឹកថ្នាំពុលសម្លាប់ខ្លួននេះ មានឈ្មោះ នូវ ស៊ីនួន អាយុ១៩ឆ្នាំ មុខរបរសិស្ស មានលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្តាយរបស់យុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់ នេះ ចូលចិត្តដើរលេងណាស់ មិនសូវប្រឹងប្រែង រៀនសូត្រអ្វីនោះទេ ចំណែកការងារផ្ទះ និងស្រែ ចម្ការ កូនប្រុសនេះមិនយកភ្នែកមើលសោះតែ ម្តង។ លុះឃើញទង្វើកូនប្រុសបែបនេះ ទើប នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ក្រោយ ពីកូនប្រុសត្រឡប់មកពីដើរលេងវិញ គាត់ក៏ ហៅកូនប្រុសមកស្តីបន្ទោស២៣ម៉ាត់ថា ខ្លួន កាន់តែធំហើយ មិនគិតគូររៀនសូត្រក្រេបយក ចំណេះវិជ្ជាដើម្បីធ្វើជាទុនទៅអនាគតទេ បែរ ជាប្រឹងដើរលេងប៉ោឡែទៅវិញ ចំណែកការងារ ផ្ទះ ក៏មិនរវល់ខ្វល់ខ្វាយទៀត ហេតុនេះគួរគិត ឡើងវិញថា តើអ្វីដែលខ្លួនប្រព្រឹត្តសព្វថ្ងៃនេះ ខុសឬត្រូវ បើដឹងខ្លួនខុសហើយត្រូវចេះកែប្រែ ខ្លួនសាជាថ្មីវិញ។

ស្ត្រីជាម្តាយយុវជនរងគ្រោះបន្តថា ក្រោយ ពីត្រូវគាត់ស្តីបន្ទោសរួច កូនប្រុសមិនបានតបត អ្វីទាំងអស់ ដោយបានត្រឹមទម្លាក់ទឹកមុខ រួច ក៏ចូលទៅសម្ងំដេកក្នុងបន្ទប់បាត់ទៅ ហើយគាត់ ក៏មិននឹកស្មានថា សម្តីដែលគាត់ស្តីបន្ទោសចង់ ឱ្យកូនប្រុសល្អ បែរជាគេតូចចិត្តតូចថ្លើមរហូត ដល់ថ្នាក់គិតខ្លីបែបនេះសោះ។

ស្ត្រីជាម្តាយរូបនេះ បញ្ជាក់ថា លុះមក ដល់ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ដោយ ឮសូរសំឡេងកូនប្រុសក្អួតចង្អោរ ទើបគាត់នឹក ឆ្ងល់ ក៏បើកទ្វារចូលទៅមើល ស្រាប់តែប្រទះ ឃើញកូនប្រុសដេកប្រកាច់ប្រកិន បែកពពុះ មាត់ស្ទើរស្លាប់ស្ទើររស់ ទើបគាត់និងក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនកូនប្រុសទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតតែម្តង។

ក្រោយពីបញ្ជូនជនរងគ្រោះទៅដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ក្រុមគ្រូពេទ្យបាន ជួយលាងក្រពះជម្រះជាតិពុល ឱ្យជនរងគ្រោះ បានទាន់ពេលវេលា ទើបធ្វើឱ្យជនរងគ្រោះ បានរួចផុតពីសេចក្តីស្លាប់៕ សាមឿន

facebook