facebook
facebook
Loading...

នាយករដ្ឋមន្ត្រី អបអរសាទរកីឡាករកម្ពុជា ឈ្នះមេដាយមាសស៊ីហ្គេម

​ dara chan​​ | ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧​ | កីឡាជាតិ | 294 | 0 | ម៉ោង 2:04 am

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអបអរសាទរ ចំពោះកីឡាករ កីឡាការិនីកម្ពុជា ដែលដណ្តើម បានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡា (SEA Games) លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ថា “ខ្ញុំសូមអបអរសាទរដល់កីឡាប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា ដែលទើបបានទទួលមេដាយមាស បន្ទាប់ពី បានប្រកួតឈ្នះកីឡាករថៃ និងកីឡាការិនី ស៊ន សៀវម៉ី ដែលបានប្រកួតឈ្នះកីឡាការិនីប្រទេសហ៊្វីលីពីន នៅក្នុងការប្រកួតកីឡាស៊ីហ្គេម (Sea Games) លើកទី២៩ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃនេះ។

រហូតមកដល់ពេលនេះ កម្ពុជាយើងទទួល បានមេដាយមាស៣ មេដាយប្រាក់២ និងមេដាយសំរឹទ្ធ១២។

កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ

នេះជាមោទនភាពជាតិយើងទាំងមូល ហើយខ្ញុំក៏សូមជូនពរដល់កីឡាករ កីឡាការិនី ក្នុងផ្នែកវិញ្ញាសាដទៃទៀត ទទួលបានជោគជ័យ ដូចគ្នា នៅក្នុងការប្រកួត Sea Games នៅប្រទេសម៉ាឡេស៊ី”។

គួររំលឹកដែរថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ កីឡាការិនី កែ ឡេង និងអ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាស កីឡាប៉េតង់ពិភពលោករបស់កម្ពុជា ក៏បានទទួលមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីផងដែរ បន្ទាប់ពីប្រកួតឈ្នះក្រុមកីឡាការិនីថៃ  ក្នុងវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាប៉េតង់ជាគូ ដោយលទ្ធផល ១៣-១០។

កីឡាការិនី ស៊ន សៀវម៉ី

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ក្រុមកីឡាករ កីឡាការិនីកម្ពុជា បានទទួលនូវមេដាយចំនួន១៧ ក្នុងនោះមេដាយ មាស៣ មេដាយប្រាក់ ចំនួន២ និងមេដាយ សំរឹទ្ធ ចំនួន១២ ហើយបានឡើងទៅឈរនៅ លេខរៀងទី៨ ពីលើប្រទេសឡាវ ប៊្រុយណេ និងទីម័រឡេស្ត ខណៈប្រទេសម៉ាឡេស៊ី ជាម្ចាស់ផ្ទះ ជាប់លេខរៀងទី១ ទទួលមេដាយ សរុប ៣០០ (មេដាយមាស ១៣៣ មេដាយប្រាក់ ៨៦ និងមេដាយសំរឹទ្ធ ៨១)។ ចំណែកប្រទេសថៃ ជាប់ លេខរៀងទី២ ទទួលមេដាយសរុប ២៣៨ (មេដាយមាស ៦៦ មេដាយប្រាក់ ៨៦ និងមេដាយសំរឹទ្ធ ៨៦)។ រីឯប្រទេសវៀតណាម ជាប់លេខរៀងទី៣ ទទួលមេដាយសរុប ១៦៥ (មេដាយមាស ៥៨ មេដាយប្រាក់ ៤៨ និងមេដាយសំរឹទ្ធ ៥៩)៕

កុលបុត្រ

កីឡាករប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា
facebook