facebook
facebook
Loading...

កំលាំងឧទ្យានុរក្ស ស្ទាក់ចាប់ឡានដឹកឈើ អ្នកបើកបររត់ចូលព្រៃបាត់ស្រមោល

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 131 | 0 | ម៉ោង 7:04 am

ខេត្តប៉ៃលិន៖ ឈើប្រណីតជាច្រើនដុំដែលឈ្មួញដាក់ពេញក្នុងរថយន្តកាមរីគូទហើម មួយគ្រឿងបម្រុងលោតឆ័ត្រ ដឹកយកទៅលក់នៅក្នុងខេត្តប៉ៃលិន ត្រូវបានកំលាំងកងល្បាតក្រុមទី៥ របស់មន្ត្រីឧទ្យានុរក្សដែលការពារនៅកន្លែងចំណុចនោះ ធ្វើការដេញតាមយ៉ាងប្រផាប់ចាប់ប្រភីងទើបស្ទាក់ចាប់បានរថយន្តនិងឈើគ្រញូងតែម្តង។ ចំណែកអ្នកបើកបររថយន្តបានបើកទ្វាររត់គេចខ្លួនចូលព្រៃបាត់ស្រមោល ។

ហេតុការណ៍សមត្ថកិច្ចតាមចាប់ឈើប្រណីតនេះ បានធ្វើឡើងនៅវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ជាប់នឹងព្រំប្រទល់ភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។

បើតាមប្រភពពីមន្ត្រីឧទ្យានុរក្ស លោកចាន់ សុជាតិ បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌ មានថា មានរថយន្តបម្រុងដឹកឈើចេញពីតំបន់អភិរក្ស កំលាំងលោកក៏បានត្រៀមតាម គោលដៅក្នុងគោលបំណងស្ទាក់ចាប់រថយន្តដឹកឈើនោះ ហើយនៅថ្ងៃទី១២ ខែកញ្ញា ឃើញ រថយន្តកាមរីនោះ ទើបកំលាំងស្ទាក់ឃាត់ តែរថយន្តខាងលើមិនព្រមឈប់ទេ ដោយបន្ថែមល្បឿនឆ្ពោះទៅខេត្តប៉ៃលិន ទើបកំលាំងយើងបានរាយការណ៍ឲ្យសមត្ថកិច្ចជួយស្ទាក់ នៅខាងមុខ ស្រាប់តែរថយន្តនោះត្រឡប់ថយក្រោយវិញ ដោយឆ្ពោះភូមិកំពង់ទូក ខេត្តបាត់ដំបង តែត្រូវកំលាំងស្ទាក់ចាប់បាននៅទីនោះតែម្តង។ ហើយភ្លាមៗនោះ គេឃើញអ្នកបើកបររត់គេចខ្លួនចូល ព្រៃបាត់សមោល ។

មន្ត្រីឧទ្យានុរក្សបន្តទៀតថា រថយន្តដែលចាប់បានម៉ាកកាមរីហើម ចង្កូតស្តាំ ពណ៌ស ពាក់ស្លាកលេខកណ្តាល 2A-4389 និងឈើចំរុះមានមុខធំៗចំនួន១៤សន្លឹក។

ពាក់ព័ន្ធនឹងបញ្ហានេះ  បច្ចុប្បន្នវត្ថុតាងទាំងអស់ខាងលើ ត្រូវកំលាំងឧទ្យានុរក្សយករក្សាទុកនៅស្នក់ការ MJP ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕