facebook
facebook
Loading...

គណបក្សសង្គ្រោះជាតិ មិនទទួលស្គាល់ការសម្រេចរំលាយរបស់តុលាការកំពូល

​ dara chan​​ | ថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០១៧​ | នយោបាយព័ត៌មានជាតិ | 642 | 0 | ម៉ោង 9:40 am

ភ្នំពេញ ៖ បន្ទាប់ពីតុលាការកំពូលបានចេញដីកាសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងផ្អាកសកម្មភាពនយោបាយថ្នាក់ដឹកនាំគណបក្សប្រឆាំងនេះចំនួន១១៨នាក់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នោះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងច្រានចោល មិនទទួលស្គាល់ការសម្រេចរបស់តុលាការជាន់ខ្ពស់បំផុតនេះឡើយ ហើយបានប្រកាសការពាររចនាសម្ព័ន្ធគណបក្សនេះគ្រប់កម្រិតដដែល ដោយមានលោកកឹម សុខា ជាប្រធាន និងបន្តបេសកកម្មនយោបាយឆ្ពោះទៅរកការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការបោះឆ្នោតដោយសេរីយុត្តិធម៌។

សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ លេខ ៧១២/១៧ គ.ស.ជ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នោះ មានខ្លឹមសារទាំងស្រុងថា “គណបក្សសង្គ្រោះជាតិ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសេចក្តីសម្រេចរបស់តុលាការកំពូល ដែលបានរំលាយ គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយហេតុថា សេចក្តីសម្រេចនេះ ៖

-មានចរិតនយោបាយ ធ្វើឡើងក្រោម ការគាបសង្កត់ និងតាមបំណងរបស់គណបក្ស កាន់អំណាច ដែលមានចេតនាលុបបំបាត់គណបក្សសង្គ្រោះជាតិ ចេញពីទីលាននយោបាយ និងការប្រកួតប្រជែងតាមការបោះឆ្នោតនៅ ប្រទេសកម្ពុជា។ ច្បាស់ជាងនេះទៀត លោក ឌិត មុន្ទី ប្រធានតុលាការកំពូល និងជាប្រធាន ក្រុមប្រឹក្សាជំនុំជំរះ គឺជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ហើយ លោកជីវ កេង សមាជិកក្រុមជំនុំជំរះ គឺជា គណៈពង្រឹងមូលដ្ឋានខេត្តតាកែវ។

-រំលោភបំពាន និងការបំផ្លាញឆន្ទៈរបស់ ប្រជាពលរដ្ឋខ្មែរ ជាពិសេស ការដកហូតសិទ្ធិ របស់ប្រជាពលរដ្ឋខ្មែរជាង៣លាននាក់ ដែល បានបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ ធ្វើជា តំណាងស្របច្បាប់ ដើម្បីការពារផលប្រយោជន៍ របស់ពួកគាត់។

-បំផ្លាញគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលធានាដោយរដ្ឋធម្មនុញ្ញៃន ព្រះរាជាណាចក្រកម្ពុជា។

គណបក្សសង្គ្រោះជាតិ មិនទទួលស្គាល់ សេចក្តីសម្រេចរបស់តុលាការកំពូលជាដាច់ខាត និងនៅតែចាត់ទុកខ្លួនជាគណបក្សស្របច្បាប់ ដែលទទួលបានអាណត្តិតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរពាក់កណ្តាលប្រទេស។ អ្នកតំណាងរាស្ត្រ ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សា ក្រុង-ស្រុក-ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតែជាតំណាងស្របច្បាប់ និងជាតំណាងរបស់ ប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោត ដោយគ្មាននរណា ឬស្ថាប័នណាមានសិទ្ធិដកហូតបានជាដាច់ខាត លុះត្រាតែប្រជាពលរដ្ឋដកហូតវិញ តាមរយៈសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតដោយសេរី និងត្រឹមត្រូវប៉ុណ្ណោះ។

គណបក្សសង្គ្រោះជាតិ ចាត់ទុកថា ការ រឹបអូសយកអាសនៈសភា និងក្រុមប្រឹក្សាជាប់ ឆ្នោតគ្រប់កម្រិតរបស់គណបក្សសង្គ្រោះជាតិ ទៅបែងចែកឱ្យគណបក្សដទៃ ដែលប្រជាពលរដ្ឋខ្មែរ ពុំបានបោះឆ្នោតឱ្យ គឺជាទង្វើប្លន់ ឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយគណបក្សដែល ទទួលយកអាសនៈ ដែលរាស្ត្រមិនបានផ្តល់ឱ្យ គឺជាអំពើសមគំនិតទទួលផលនៃអំពើប្លន់នេះ។

គណបក្សសង្គ្រោះជាតិ ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ រក្សានិងការពាររចនាសម្ព័ន្ធដឹកនាំនយោបាយ របស់ខ្លួនមានដូចជា គណៈកម្មធិការអចិន្ត្រៃយ៍ គណៈកម្មាធិការនាយកគណៈកម្មាធិការវិន័យ គណៈកម្មាធិការប្រតិបត្តិ និងរចនាសម្ព័ន្ធថ្នាក់ ក្រោមជាតិគ្រប់កម្រិត ដោយមានឯកឧត្តម កឹម សុខា ជាប្រធានគណបក្ស និងបន្តបេសកកម្ម នយោបាយឥតងាករេ ក្នុងដំណើរឆ្ពោះទៅរក ការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

គណបក្សសង្គ្រោះជាតិ អំពាវនាវដល់ អ្នកគាំទ្រ សមាជិក សមាជិកា សកម្មជន និង ថ្នាក់ដឹកនាំគណបក្ស សូមរក្សាភាពស្ងប់ស្ងាត់ និងប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សាជានិច្ច។

គណបក្សសង្គ្រោះជាតិ ស្នើគណបក្ស នបោយបាយទាំងអស់ បញ្ចប់នូវការលាបពណ៌ គ្នា ដើម្បីបំបាត់សំឡេងជំទាស់ ឈប់បំបែកបំបាក់ខ្មែរ ដើម្បីឈានទៅរកការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ដោយឈរលើគោលការណ៍ ប្រជាធិបតេយ្យ សេរី ពហុបក្ស និងស្នើសុំឱ្យ វិលមករកការប្រកួចប្រជែងគ្នា តាមរយៈការ បោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមឆន្ទៈរបស់ប្រជាពលរដ្ឋ។

គណបក្សសង្គ្រោះជាតិ ស្នើសហគមន៍ អន្តរជាតិ ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បី សង្គ្រោះកម្ពុជា ឱ្យទាន់ពេលវេលា តាមរយៈការ ដោះលែងឯកឧត្តមកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ទទួលស្គាល់តួនាទីគណបក្សប្រឆាំង និង ការបោះឆ្នោតដោយសេរី ត្រឹម ត្រូវ និងយុត្តិធម៌”។

តុលាការកំពូល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រកាស សាលដីកា សម្រេចរំលាយគណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) និងសម្រេចផ្អាក សកម្មភាពនយោបាយរបស់ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៨រូប ស្រប តាមច្បាប់ស្តីពីគណបក្ស នយោបាយ តាមបណ្តឹងរបស់ ក្រសួងមហាផ្ទៃ។

សវនាការរបស់តុលាការ កំពូល លើបណ្តឹងសុំរំលាយ គណបក្សសង្គ្រោះជាតិ នា ថ្ងៃនោះ ដឹកនាំដោយលោក ឌិត មុន្ទី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនិងមាន ចៅក្រមប្រមាណ៨រូប ទៀតរួមនិងតំណាងមហាអយ្យការមួយរូប ក្រឡាបញ្ជីមួយរូបផង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចំណាយពេលពេញ១ថ្ងៃតែ ម្តង ក្នុងការបើកសវនាការ លើបណ្តឹងរំលាយ គណបក្សសង្គ្រោះជាតិ ដែលមានមេធាវីតំណាង ក្រសួងមហាផ្ទៃ ជាដើមបណ្តឹង ចំនួន៤រូប បាន អញ្ជើញចូលរួម។ ចំណែកខាងគណបក្សប្រឆាំង មិនមានការដាក់ឯកសារចាត់ថ្នាក់ដឹកនាំ ឬក៏ ពឹងពាក់មេធាវីទៅចូលរួមការពារក្តីនេះទេ។

សវនាការតុលាការកំពូល បានចាប់ផ្តើម ពីម៉ោងជាង៨ព្រឹក ហើយសម្រាកនៅម៉ោង ១២ថ្ងៃត្រង់ និងបានបន្តនៅម៉ោង២រសៀល ទៀត គឺក្រោយពេលដកឃ្លាសម្រាករយៈពេល ២ម៉ោង តុលាការកំពូល ក៏បន្តសវនាការនៅ ថ្ងៃដដែលនោះទៀត ។

លទ្ធផលនៃសវនាការនោះ គឺតុលាការ កំពូល បានប្រកាសសាលដីកាសម្រេចរំលាយ គណបក្សសង្គ្រោះជាតិ និងហាមឃាត់ដល់មន្ត្រី ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៨ នាក់ មិនឱ្យធ្វើសកម្មភាពនយោបាយ រយៈ ពេល៥ឆ្នាំ ដែលសេចក្តីសម្រេចរបស់តុលាការ កំពូលនេះ ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា។

លោកគី តិច មេធាវីតំណាងក្រសួងមហា ផ្ទៃ បានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្រោយ បញ្ចប់សវនាការតុលាកំពូល នៅពេលព្រឹកនោះថា “បណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិនេះ មាត្រាសំខាន់ គឺច្បាប់ស្តីពីគណបក្សនយោបាយ ត្រង់មាត្រា៦ថ្មី២ និងមាត្រា៧ ហើយក្នុងនោះ ក៏មានការបញ្ជាក់អំពីការធ្វើអំពើផ្ទុយនឹងរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា។ រដ្ឋធម្មនុញ្ញ មានមាត្រា១ មាត្រា៧៦ និងពីរបី មាត្រាទៀត”។

លោកគី តិច តំណាងមេធាវីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បន្ថែមថា “ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ចំនួន១១៨រូប ក្នុងរយៈពេល៥ឆ្នាំ ដោយហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយចាប់ពីថ្ងៃប្រកាសលទ្ធផលសាលដីកានេះ តទៅ។ ចាប់ថ្ងៃនេះតទៅ បិទផ្លូវតវ៉ា នេះជា សេចក្តីសម្រេចរបស់តុលាការកំពូលថ្ងៃនេះ  ហើយរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិ ត្រូវរំលាយទាំងអស់”។

ប្រធានតុលាការកំពូល លោកឌិត មុន្ទី បានបញ្ជាក់ថា ក្រោយការស្តាប់របាយការណ៍ របស់ក្រុមមេធាវីក្រសួងមហាផ្ទៃ និងការពិចារណាតាមផ្លូវច្បាប់ហើយ យល់ឃើញថា បណ្តឹង របស់ក្រសួងមហាផ្ទៃ បានធ្វើឡើ់ងត្រឹមត្រូវ ស្រប តាមមាត្រា៣៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ។ នាពេលកន្លង មក តុលាការកំពូល ក៏បានបង្គាប់ឱ្យគណបក្ស សង្គ្រោះជាតិ ដាក់សារណាឆ្លើយតបពាក់ព័ន្ធ ទៅនឹងបណ្តឹងក្រសួងមហាផ្ទៃ ដែលប្តឹងសុំរំលាយ គណបក្សសង្គ្រោះជាតិ ផងដែរ ប៉ុន្តែគណបក្ស សង្គ្រោះជាតិ ហាក់មិនអើពើ មិនដាក់មេធាវី មិនដាក់សារណាតបមកតុលាការកំពូលឡើយ ទើបតុលាការយល់ឃើញថា ភាគីគណបក្សសង្គ្រោះជាតិ បានប្រព្រឹត្តបានទទួលស្គាល់នូវ កំហុសឆ្គងដែលស្របតាមក្រមនីតិវិធីរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា។

ក្រោយទទួលបានព័ត៌មានពីការរំលាយ គណបក្សប្រឆាំង សម្រាប់គណបក្សយុវជន កម្ពុជា របស់លោកពេជ្រ ស្រស់ ដែលជាគណបក្សដាក់ពាក្យស្នើទៅក្រសួងមហាផ្ទៃឱ្យប្តឹង ទៅតុលាការកំពូល សុំរំលាយគណបក្សសង្គ្រោះជាតិនោះ ក៏បានចេញសេចក្តីថ្លែងការណ៍ នៅ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បញ្ជាក់ថា “គណបក្សយុវជនកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះតុលាការកំពូល ដែលបានអនុវត្ត ច្បាប់លើគណបក្សសង្គ្រោះជាតិ ដើម្បីពង្រឹង នីតិរដ្ឋ និងតម្រង់ទិសដល់ក្រុមអ្នកនយោបាយ បរទេសនិយម កុំឱ្យធ្វើនយោបាយហួសព្រំដែន កំណត់នៃច្បាប់ ព្រមទាំងបង្កអសន្តិសុខនៅក្នុង ប្រទេស តាមរយៈដើរតាមគំនូសជនបរទេស ដែលធ្វើឱ្យខូចខាតដល់ប្រយោជន៍ជាតិ។

ក្នុងន័យនេះ គណបក្សយុវជនកម្ពុជា សូមគាំទ្រពេញទំហឹង ចំពោះតុលាការកំពូល ដែលបានអនុវត្តច្បាប់លើគណបក្សសង្គ្រោះជាតិ និងសំណូមពរដល់កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទ សូមចូលរួមការពារនូវសាលដីការបស់តុលាការកំពូល ដើម្បីការសុខសន្តិភាពជូនជាតិ និងប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ឱ្យ មានសុវត្ថិភាពគ្រប់ពេលវេលា”។

ដោយឡែក ក្រសួងការពារជាតិនៅរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក៏បានចេញញត្តិ គាំទ្រសាលដីកាស្ថាពររបស់តុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិ ផងដែរ។

ញត្តិគាំទ្ររបស់ក្រសួងការពារជាតិ ចុះ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលចុះ ហត្ថលេខាដោយលោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ មានខ្លឹមសារថា “យើងខ្ញុំទាំងអស់គ្នា តាងនាម ថ្នាក់ដឹកនាំនាយកដ្ឋានបុគ្គលិក ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគាំទ្រទាំងស្រុង និងពេញទំហឹង ចំពោះសាលដីកាស្ថាពររបស់តុលាការកំពូល នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការកាត់ ទោស “រំលាយគណបក្សសង្គ្រោះជាតិ” និងផ្អាក សកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ចំពោះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៨ រូប គឺពិតជាស័ក្តិសមទៅនឹងទោសកំហុសនៃ ទង្វើក្បត់ជាតិ របស់គណបក្សមួយនេះ ដែល មិនអាចអត់ឱនឱ្យបានឡើយ។

យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រចំពោះ វិធានការបន្ត ដែលបានដាក់ចេញដោយសម្តេច អគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ បន្តទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌នៅកម្ពុជា។ ប្តេជ្ញា ការពារថែរក្សាសន្តិសុខ សន្តិភាព និង ការអភិវឌ្ឍនៅកម្ពុជា ប្រឆាំងទប់ស្កាត់បក្ស នយោបាយ និងក្រុមអ្នកនយោបាយ ដែល គប់គិត និងបម្រើផលប្រយោជន៍បរទេស។ ប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃកម្ពុជា ប្រឆាំងនឹងការជ្រៀតជ្រែក ទាំងឡាយរបស់បរទេស។ ប្តេជ្ញាគាំទ្រការ អនុវត្តវិធានការច្បាប់ និងការគោរពច្បាប់ ក្នុងសង្គម ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា។

ជាថ្មីម្តងទៀត តាងនាមថ្នាក់ដឹកនាំក្រសួង ការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពល ខេមរភូមិន្ទទាំងអស់ សូមប្រកាសគាំទ្រយ៉ាង ឱឡារិក ចំពោះសាលដីការបស់តុលាការកំពូល ដែលបានកាត់ទោស “រំលាយគណបក្សសង្គ្រោះជាតិ” សូមគាំទ្រ និងសម្តែងនូវភក្តីភាពយ៉ាង ស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោម ការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល តែងតែបានបូជាកម្លាំងកាយ កម្លាំងចិត្ត និង ប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិដ៏ឧត្តុង្គឧត្តម្ភប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុង ប្រវត្តិសាស្ត្ររបស់កម្ពុជា និងជោគវាសនាប្រទេស ជាតិ និងមាតុភូមិទាំងមូល។

យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំក្រសួង ការពារជាតិ ព្រមទាំងនាយទាហាន នាយទា- ហានរង និងពលទាហាននៃកងយោធពល ខេមរភូមិន្ទទាំងអស់ សូមធ្វើការថ្កោលទោសយ៉ាង ដាច់អហង្ការចំពោះទង្វើក្បត់ជាតិ របស់គណបក្ស សង្គ្រោះជាតិ និងថ្នាក់ដឹកនាំ ក៏ដូចជាជនអគតិ មួយចំនួន ដែលបានគុបគិតជាមួយបរទេស ព្រមទាំងប្រឆាំងដាច់ខាត រាល់ឧបាយកល បដិវត្តន៍ពណ៌ មិនឱ្យនាំមកនូវសង្គ្រាមវិនាសសកម្ម និងគ្រោះមហន្តរាយជាថ្មីម្តងទៀត នៅ កម្ពុជានោះឡើយ។

សូមអំពាវនាវឱ្យមានការចាត់វិធានការ ផ្លូវច្បាប់ ជាបន្តបន្ទាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បី ពង្រឹងនីតិរដ្ឋ ក្នុងគោលបំណងថែរក្សា សន្តិភាព ស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និង ដើម្បីភាពសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ”។

នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីតុលាការកំពូល បានចេញដីកាសម្រេច រំលាយគណបក្សសង្គ្រោះជាតិ រួចមក សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) បានថ្លែងសារជាវីដេអូ ផ្សាយផ្ទាល់ (Live Video) រយៈពេលជាង ២០នាទី ផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុកផ្លូវការ របស់សម្តេច ដោយមានការផ្សាយបន្តផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍បាយ័ន ផង ដែលមានខ្លឹមសារថា “សូមក្រាប ថ្វាយបង្គំព្រះថេរានុត្ថេរៈជាទីគោរពសក្ការៈ! បងប្អូនជនរួមជាតិជាទីគោរព! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានការចាំបាច់ ដើម្បីថ្លែងសារទៅ កាន់ជនរួមជាតិជាទីគោរពស្នេហា។ ដូចដែល បងប្អូនជនរួមជាតិបានជ្រាបរួចមកហើយថា ថ្ងៃនេះ តុលាការកំពូល បានសម្រេចចេញ សាលក្រម រំលាយគណបក្សសង្គ្រោះជាតិ។ អ្វីដែលប្រជាជនយើងទាំងអស់គ្នាបានដឹងរួច មកហើយ បន្ទាប់ពីថ្ងៃរំដោះ៧ មករា ១៩៧៩ ដែលមានការគាំទ្រពីព្រះតេជគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ ក៏ដូចបងជនរួមជាតិ ពេលនោះ គណបក្សប្រជាជនកម្ពុជា តាមរយៈរដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា យើងបានខិតខំយ៉ាងខ្លាំង ដើម្បីកសាងទឹកដី នេះ ពីគំនរផេះផង់ ពីបាតដៃទទេ ក្នុងពេលដែល យើងបានប្រឹងប្រែង ដើម្បីស្វែងរកដំណោះស្រាយស្តីពីបញ្ហាកម្ពុជា តាមរយៈការបញ្ចប់ សង្គ្រាម តាមរយៈនៃការចរចា ដើម្បីស្វែងរក ដំណោះស្រាយនៃបញ្ហាដ៏ស្មុគស្មាញរបស់ យើង។ យើងក៏បានសម្រេចជោគជ័យអំពី នយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងឯកភាពទឹកដីពេញលេញ។ ទោះបី ជារយៈពេលកន្លងទៅ សភាពការណ៍ពិភពលោក ក៏ដូចជាតំបន់មានការប្រែប្រួលយ៉ាង ណាក៏ដោយ តែគណបក្សប្រជាជនកម្ពុជា នៅ តែប្រកាន់ខ្ជាប់ឥតងាករេ នូវបេសកកម្មជា ប្រវត្តិសាស្ត្ររបស់ខ្លួន គឺការរួមសុខរួមទុក្ខជាមួយនឹងប្រជាជនគ្រប់កាលៈទេសៈ។ យើង បានបន្តជាមួយនឹងគោលនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ ដើម្បីប្រមូលកម្លាំងសាមគ្គី ក្នុងនោះ គឺធានា ឱ្យបាននូវឯករាជ្យ អធិបតេយ្យ និងបូរណភាព ទឹកដី។ យើងក៏បានខិតខំដើម្បីជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ដើម្បីកាត់បន្ថយភាពក្រីក្រ។ យើងនៅតែបន្តការប្តូរផ្តាច់ជាមួយនឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យ ដោយមានការ បោះឆ្នោតជាទៀងទាត់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ឥឡូវនេះ ដោយលើមូលដ្ឋាននេះ តុលាការកំពូល បានចេញសាលដីកាសម្រេច រំលាយគណបក្សសង្គ្រោះជាតិ និងធ្វើការហាម ឃាត់ការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ ដឹកនាំនៃគណបក្សនយោបាយ ស្របតាមវិធានការ នៃនីតិរដ្ឋ”។

សម្តេចហ៊ុន សែន បានថ្លែងបន្តថា “ក្នុង នាមជាស្ថាប័ននីតិប្រតិបត្តិ រាជរដ្ឋាភិបាល សូម ប្រកាសគាំទ្រចំពោះការសម្រេចរបស់តុលាការ កំពូលនេះ ហើយការសម្រេចនេះ គឺនឹងធានា បាននូវការបន្តរក្សាបានគង់វង្ស នូវសន្តិភាព ស្ថិរភាព ឯករាជ្យ អធិបតេយ្យជាតិ និងដើម្បី បន្តសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និង សមធម៌។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាល សូមអំពាវនាវចំពោះបងប្អូនជនរួមជាតិទាំង អស់ មេត្តារក្សាភាពស្ងាត់ស្ងៀម ហើយចូលរួម អនុវត្តសេចក្តីសម្រេចរបស់តុលាការកំពូល ដើម្បីរួមគ្នាបន្តថែរក្សាស្ថិរភាព សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សង្គម និងនីតិរដ្ឋនៅកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល នៅតែបន្តការប្តេជ្ញាចិត្ត នៅក្នុងការ ការពារដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញូ នៃ ព្រះរាជាណាចក្រកម្ពុជា ហើយការបោះឆ្នោត នៅខាងមុខ ក៏នឹងត្រូវប្រព្រឹត្តទៅក្រោមការ ចាត់ចែងរៀបចំរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលជាស្ថាប័នឯករាជ្យ ក្នុងនោះ មានការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នឹងត្រូវរៀបចំនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨។ ដូចដែលយើងធ្លាប់បានដឹងហើយ នៅកម្ពុជា មិនមែនមានតែគណបក្ស២នោះទេ គឺមានគណបក្សរាប់សិបឯណោះ។ ដូច្នេះអវត្តមាន នៃគណបក្សនយោបាយមួយ ក៏នៅមានគណបក្សនយោបាយជាច្រើនទៀត ដែលនឹងត្រូវ ចូលរួមការបោះឆ្នោត។ ម៉្យាងទៀត ទោះបី ជាគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ ក៏ ប៉ុន្តែអតីតសមាជិក សមាជិកា និងសកម្មជន និងអ្នកធ្លាប់គាំទ្រគណបក្សនេះ លើកលែង តែថ្នាក់ដឹកនាំមួយចំនួន ដែលត្រូវតុលាការ កំពូល ហាមឃាត់ការធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំនោះ បងប្អូននៅតែមានសិទ្ធិសេរីភាព ពេញលេញ ស្របទៅតាមរដ្ឋធម្មនុញ្ញ។ បងប្អូនអាចទៅបង្កើតបក្សនយោបាយថ្មី ឬ បងប្អូនអាចទៅចូលរួមជាមួយគណបក្សនយោបាយណាមួយ តាមដែលចិត្តខ្លួនចង់។ ក្នុងនេះ យើងក៏សូមថ្លែងនូវការកោតសរសើរ និងអរគុណ ចំពោះអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលជាសមាជិករដ្ឋសភា ក្រុមប្រឹក្សា រាជធានី ស្រុក ខណ្ឌ បងប្អូនអតីតសកម្មជន បងប្អូនធ្លាប់គាំទ្រគណបក្សនេះ ដែលបានស្ម័គ្រ ចិត្តប្រកបដោយមនសិការដ៏ថ្លៃថ្លា មកចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីធានា បាននូវឯកភាព និងសាមគ្គីភាព ក្នុងគោលដៅ បម្រើប្រជាពលរដ្ឋឱ្យបានល្អនៅឯមូលដ្ឋាន”។

សម្តេចហ៊ុន សែន បានបន្តទៀតថា “ទន្ទឹម នេះ ខ្ញុំនៅតែបន្តអំពាវនាវចំពោះបងប្អូនដែល ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សមាជិក ក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅទូទាំងប្រទេស បងប្អូននៅមានពេលវេលានៅឡើយ បន្ទាប់ពី ការដែលគណបក្សសង្គ្រោះជាតិ ត្រូវរលាយ រយៈពេល២អាទិត្យ យ៉ាងយូរនឹងត្រូវរៀបចំ បែងចែកអាសនៈនោះឱ្យរួចរាល់។ ដូច្នេះបងប្អូននៅមានលទ្ធភាពមួយអាទិត្យ ឬក៏ច្រើនជាង មួយអាទិត្យបន្តិច នៅមុនពេលដែលគណបក្ស នយោបាយនានា នឹងដាក់បញ្ជីឈ្មោះទៅកាន់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បី ជំនួសតំណែងបងប្អូនដែលត្រូវបាត់បង់។ បើ សិនបងប្អូនបន្ត ដើម្បីចង់ចូលរួមចំណែកណា មួយក្នុងការបន្តបេសកកម្មជាមេឃុំ ចៅសង្កាត់ ជាជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឬសមាជិកក្រុមប្រឹក្សាស្រុក ខេត្ត រាជធានី យើងនៅបន្តទទួលស្វាគមន៍ចំពោះបងប្អូន ហើយខ្ញុំ ក៏សូមក្នុងនាមជាប្រធានគណបក្ស ប្រជាជនកម្ពុជា សូមឱ្យប្រធានគណៈកម្មាធិការបក្ស នៅតាមខេត្ត រាជធានី នៅ តាម ស្រុក-ខណ្ឌ ក៏ដូចជានៅតាមឃុំ-សង្កាត់ មេត្តា យោគយល់ និងរៀបចំឱ្យបងប្អូនដែលបាន ចាកចេញរួចមកហើយ និងបន្តការចាកចេញ ជាបន្តទៀត ដាក់រៀបចំឱ្យបងប្អូនបានទៅធ្វើ ជាចៅសង្កាត់ ជាមេឃុំ ជាជំទប់ ជាសមាជិកក្រុមប្រឹក្សា នៅទីកន្លែងដដែល។ នេះជាការ ផ្តល់ឱកាសដល់បងប្អូន ដើម្បីទទួលបាននូវ ការបម្រើប្រជាជនជាបន្តទៀត ក្រោមឆត្រ របស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែបងប្អូន មិនត្រូវមើលឃើញថា អ្វីដែលជាសំណូមពរ របស់ខ្ញុំ ជាការទិញដូរនោះទេ។ យើងគ្មាន ប្រាក់កាសដើម្បីទិញដូរនោះទេ យើងគ្រាន់តែ ចង់ផ្តល់ឱកាសឱ្យបងប្អួន ដើម្បីមានពេលវេលា មកធ្វើកិច្ចការដើម្បីបម្រើប្រជាជនតែប៉ុណ្ណោះ។ ឱកាសនេះកម្រណាស់ កាលពីប៉ុន្មានថ្ងៃមុន នៅថ្ងៃទី០៣ ដែលខ្ញុំនៅចាំ នៅក្នុងពេលវេលា នៃការបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ ពេលនោះខ្ញុំក៏និយាយនៅទីនេះ ប៉ុន្តែពួកគេអះអាងថា គឺនឹងមិនមានការរំលាយ គណបក្សសង្គ្រោះជាតិទេ។ ឥឡូវនេះ តើពួក អ្នកដែលបានអះអាងនោះ ត្រូវឬខុស? ឥឡូវ ការទន្ទឹងរង់ចាំ ហើយពេលវេលាវាក៏បានមក ដល់សាលដីកាតុលាការកំពូល បិទផ្លូវតវ៉ា។ គ្មានឈ្មោះគណបក្សសង្គ្រោះជាតិ នៅកម្ពុជា ទៀតទេ ប៉ុន្តែការអំពាវនាវរបស់ខ្ញុំនេះ ធ្វើឡើង ក្នុងន័យផ្តល់ឱកាស ក្នុងន័យទទួលជនរួមជាតិ ដែលស្ថិតនៅជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឬក៏ថ្នាក់ដឹកនាំផ្នែកខាងក្រោម ដែលទទួលការ បោះឆ្នោតនោះ គឺនៅឱកាសសម្រាប់បងប្អូន ដើម្បីនឹងបន្តការងារជាមួយនឹងគណបក្សប្រជាជន នៅតាមលំដាប់ថ្នាក់ ដែលបងប្អូនចង់បន្ត។ បងប្អូនមិនត្រូវយល់ថា នេះជាសម្រែកនៃការ អំពាវនាវដើម្បីទិញដូរឧត្តមគតិនោះទេ។ បងប្អូនមិនអាចសង្គ្រោះបក្សខ្លួនឯងបានផង តើ បងប្អូនត្រូវសង្គ្រោះបក្ស ឬត្រូវសង្គ្រោះខ្លួន ឯង? ដើម្បីខ្លួនមានលទ្ធភាពដើម្បីនឹងចូល រួម បម្រើប្រជាពលរដ្ឋទៅតាមអ្វីដែលបងប្អូនបានប៉ងប្រាថ្នា ជាយូរមកហើយ។ ហើយម៉្យាង ទៀត ខ្ញុំបានដឹងថា មានសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់មួយចំនួនកំពុងលាក់ខ្លួននៅកន្លែង នេះ នៅកន្លែងនោះ សូមបងប្អូនកុំព្រួយបារម្ភ ចេញមុខមកហើយ ម៉្យាងទៀត ក៏សូមផ្តាំផ្ញើ ថា សុំដោះស្រាយបញ្ហាឱ្យបានដាច់ស្រេចទាក់ទិននឹងត្រាសម្រាប់ ការងាររបស់មេឃុំ ចៅ-សង្កាត់ ដែលមិនបានមកចូលរួមរស់ ហើយមិន បានវិលត្រឡប់មក រួមរស់ជាមួយគណបក្ស ប្រជាជនកម្ពុជា ហើយ មិនបានវិលត្រឡប់ទៅ កាន់ការងារនៅឃុំ-សង្កាត់នោះ វិញ សុំប្រគល់ ត្រា ហើយសុំដោះស្រាយបញ្ហាឱ្យដាច់ស្រេច នូវការទូទាត់ទៅលើបញ្ហាស្របច្បាប់ ឬបញ្ហា ប្រាក់កាសទាំងឡាយ ដែលនៅជំពាក់ជាមួយ នឹងកិច្ចការដែលនៅនឹងមូលដ្ឋាន ព្រោះថា ប្រសិន ជាមិនដោះស្រាយបញ្ហាទាំងនេះទេ បងប្អូននឹង អាចបង្កើតបានទៅជាទោសព្រហ្មទណ្ឌដាច់ ដោយឡែកមួយផ្សេងទៀត ជាមួយនឹងការ ខ្វះការទទូលខុសត្រូវ ឬរហូតទៅដល់ការឆបោក ឬក៏ការយកទៅនូវរបស់ដែលជារបស់ទ្រព្យសម្បត្តិរបស់រដ្ឋនៅឯមូលដ្ឋាន”។

សម្តេចហ៊ុន សែន បានបន្តទៀតថា “ចំណុចនេះជាចំណុចដែលខ្ញុំបញ្ជាក់សាជាថ្មីម្តង ទៀតថា យើងមិនព្យាបាទអ្នកណាទេ ក៏ប៉ុន្តែ កំហុសទាំងអស់នេះជាកំហុសរបស់មេដឹកនាំ។ កំហុសមេដឹកនាំនេះ មិនគ្រាន់តែនាំទៅដល់ ការត្រូវផ្តន្ទាទោសដល់មេដឹកនាំទេ ក៏ប៉ុន្តែវា នាំទៅដល់នូវសោកនាដកម្មមួយ គឺការរលាយ បក្សនយោបាយមួយ ហើយការរលាយបក្ស នយោបាយនេះ ក៏បាននាំមកនូវគ្រោះថ្នាក់ និង ការបាត់បង់នូវការងាររបស់បងប្អូននៅខាង ក្រោម។ ខ្ញុំចង់ផ្តល់ឱកាសឱ្យបងប្អូនទាំងឡាយ មានឱកាសបន្តការងារ ទើបខ្ញុំធ្វើយ៉ាងដូច្នេះ។ បើទោះបីជាបងប្អូនថា មិនលក់ឧត្តមគតិ ខ្ញុំក៏ មិនត្រូវការទិញឧត្តមគតិនោះដែរ ក៏សុំបញ្ជាក់។ បើមិនមកទេ ក៏គណបក្សប្រជាជនកម្ពុជា មិនស្លាប់ទេ អ្នកគិតឱ្យបានច្បាស់ ពេលវេលានៅក្នុង រង្វង់មួយអាទិត្យ ឬលើសមួយអាទិត្យបន្តិចតែ ប៉ុណ្ណោះ។ ថ្ងៃនេះបងប្អូនច្បាស់ហើយ បងប្អូន គ្មានកន្លែង គ្មានដំបូលជ្រកទៀតទេ ហើយសុំ កុំព្យាយាមបង្កើតនូវទោសព្រហ្មទណ្ឌបន្ថែម ទៀត តាមរយៈសកម្មភាពផ្សេងៗដែលខុស នឹងច្បាប់។ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើង ដែលរយៈពេលកន្លងទៅ គឺមានភាពស្ងប់ស្ងាត់ និងបន្តស្ងប់ស្ងាត់តទៅទៀត ដើម្បីជីវភាព របស់យើង ដើម្បីឆ្នាំងបាយរបស់យើង ដើម្បី ការបង្កបង្កើនផល និងកិច្ចការរបស់យើង។ សម្រាប់ដំណើរការប្រជាធិបតេយ្យ យើងនៅតែប្តូរផ្តាច់ដើម្បីនឹងធានាថា លទ្ធិប្រជាធិប-តេយ្យ សេរីពហុបក្ស នឹងបន្តវត្តមាននៅកម្ពុជា នោះគឺការបោះឆ្នោតជាបន្ត ជ្រើសរើសសមាជិក ព្រឹទ្ធសភា និងការបោះឆ្នោតថ្នាក់ជាតិ ជ្រើសតាំងសមាជិករដ្ឋសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហើយយើងក៏សូម ជម្រាបទៅមិត្តភក្តិអន្តរជាតិទាំងឡាយថា យើងកំពុងតែអនុវត្តនូវច្បាប់ប្រទេសរបស់ យើង បើទោះបីមានអ្វីកើតឡើងក៏ដោយ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា អ្នកមួយចំនួន គឺ មិនបន្តប្រព្រឹត្តនូវអំពើអតីតកាល ដែលធ្លាប់ ទទួល ដែលធ្លាប់គាំទ្រលន់ នល់ ឱ្យទម្លាក់ សម្តេចព្រះនរោត្កម សីហនុ ហើយធ្វើឱ្យប្រទេស កម្ពុជា ខ្ទេចខ្ទាំ បន្ទាប់ទៅ ពួកអស់លោកអ្នក មួយចំនួន បានគាំទ្រខ្មែរក្រហម នៅឯអង្គការ សហប្រជាជាតិ បំផ្លិចបំផ្លាញយើងខ្ញុំ។ សង្ឃឹម ថា អស់លោកអ្នកគឺនឹងមិនបន្តប្រព្រឹត្តរឿង ច្រំដែល ដែលធ្លាប់បានបង្កើតនៅក្នុងអតីតកាលនោះទេ។ ប្រជាជនកម្ពុជា ចេះដឹង និង ឆ្លាតវៃគ្រប់គ្រាន់ ដើម្បីសម្រេចកិច្ចការរបស់ ខ្លួន ដើម្បីធានាថា ប្រទេសនេះមានឯករាជ្យ មានអធិបតេយ្យ និងបូរណភាពទឹកដី មាន សន្តិភាព សន្តិសុខស្ថិរភាពនយោបាយ និង សណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍ ប្រកប ដោយការទទួលខុសត្រូវ។ យើងសង្ឃឹមថា ប្រជាជនជាទីគោរពស្រលាញ់របស់យើង ដែល បានប្រឹងរួមជាមួយនឹងគណបក្សប្រជាជន ក្នុង រយៈពេលជិត៤០ឆ្នាំមកនេះ នឹងទទួលបាន ផលប្រយោជន៍ពីការរបន្តថែរក្សាសន្តិភាព និង ស្ថិរភាពនយោបាយតទៅមុខទៀត។ ជាថ្មីម្តង ទៀត ខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះ ប្រជាពលរដ្ឋរបស់យើង បន្តការងាររៀងៗខ្លួន ដោយភាពស្ងប់ស្ងាត់ មិនត្រូវធ្វើសកម្មភាព អ្វីដែលនាំឱ្យមានកំហុសឆ្លងអំពាវនាវចំពោះ ថ្នាក់ដឹកនាម សមាជិក សមាជិកានៃគណបក្ស សង្គ្រោះជាតិ ដែលមិនត្រូវបានកាត់សិទ្ធិនយោបាយ ធ្វើសកម្មភាពនយោបាយជាបន្ត មករួម ចំណែកជាមួយនឹងគណបក្សប្រជាជនកម្ពុជា ឬក៏ត្រូវបន្តទៅចូលរួមជាមួយគណបក្សនយោបាយផ្សេង ឬក៏បង្កើតគណបក្សនយោបាយថ្មី តាមតែចិត្តបងប្អូនចង់នេះជាលំហនៃសេរីភាព នេះជាលំហនៃសិទ្ធិបញ្ចោញមតិ នេះជាលំហ នៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនត្រូវរឹតត្បិតនោះទេ ការរឹតត្បិត និងដំណើរការតុលាការ ធ្វើតែចំពោះសកម្មភាពខុសច្បាប់ ដែលមានចរិតជាការក្បត់ជាតិតែប៉ុណ្ណោះ…”៕

កុលបុត្រ

facebook