facebook
facebook
Loading...

ពាក្យគ្រូ មានប្រៃមានជូរ

​ dara chan​​ | ថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨​ | បរិយាយ | 106 | 0 | ម៉ោង 8:07 am

លោកតា មហាកវីង៉ុយ បានទុកបណ្តាំថា “ពាក្យស្តេច ពាក្យគ្រូ មានប្រៃ មានជូរ កម្រពីរោះ ជួនទាយឱ្យទាប ជួនទាយ ឱ្យខ្ពស់ ទាយឱ្យស័ក្តិយស ទាយចុះកុំខឹង”។ សព្វថ្ងៃ បក្សកាន់អំណាចបានទុកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជា “មហាគ្រូ” ដែលកន្លងមកឱ្យតែចាប់ក្បាលមីគ្រូភ្លាម គ្រូធំ តែងតែស្តីបន្ទោសណែនាំមន្ត្រីរាជការក្រោមឱវាទ ដែលប្រៀបបាននឹងសិស្ស ឱ្យដើរត្រង់គន្លង។ ថ្មីៗនេះ គ្រូធំបានទូន្មានសិស្សខិលខូចខ្លះ ឱ្យ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល” បើធ្វើមិនបានអាច ប្រឈមនឹងការដកបុណ្យស័ក្តិ ដែល “នគរធំ” សូមលើកដំបូន្មាននេះ មកបរិយាយលម្អិតក្នុងន័យបញ្ជ្រាបឱ្យបានទូលំទូលាយ ក្នុងមជ្ឈដ្ឋានមហាជន…។

“ពាក្យស្តេច ពាក្យគ្រូ” សំដៅដល់ព្រះបរមរាជឱង្ការ ព្រះមហាក្សត្រពីបុរាណ ដែលកាន់របប “សម្បូណ៌ាជ្ញាសិទ្ធិរាជ្យ” ព្រះអង្គតែងស្តីបន្ទោសរាជសហការី សូម្បីតែស្រីស្នំក្រមការ បម្រើជំនិត បើមានមារយាទអន់ ច្បាស់ជារងការស្តីបន្ទោស ធ្ងន់ជាងគេ។ ចំពោះគ្រូបង្រៀន គ្រូសូត្រ សាស្ត្រាចារ្យ ក៏ស្តីបន្ទោសសិស្សខ្ជិលច្រអូសឱ្យប្រឹងប្រែងរៀនសូត្រ ដើម្បីកែខ្លួន ឱ្យទៅជាពលរដ្ឋល្អរបស់សង្គម ជួនក៏វាយវាត់ខ្លះទៅ។

យ៉ាងណាមិញ ករណីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ “អភិក្រម៤” ឱ្យមន្ត្រីរាជការខិលខូចយកទៅអនុវត្តនោះ ទោះជាពាក្យនេះ “ប្រៃ ឬជូរ” យ៉ាងណា ត្រូវតែសិស្សធ្វើឱ្យបាន ដោយហេតុថា ទោះបីជាបក្សប្រឆាំង ត្រូវរំលាយទៅហើយក្តី ក៏ “និន្នាការប្រឆាំង មិនទាន់រលាយ”។ អ្នកវិភាគមើលឃើញថា បក្សកាន់អំណាចលែងបារម្ភពីរឿងចាញ់ឆ្នោតទៀតហើយ ព្រោះដៃគូប្រកួតស្មើទម្ងន់គ្នា ត្រូវខ្ទាតក្រៅសង្វៀន ប៉ុន្តែអ្វីដែល CPP បារម្ភនៅត្រង់ធ្វើយ៉ាងណា “អូសទាញនិន្នាការ ប្រឆាំង ជាង៣លាននាក់” ឱ្យបានមកវិញ។ និន្នាការប្រឆាំងនោះ បានបង្ហាញឱ្យឃើញច្បាស់នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ កន្លងទៅ ទោះជាក្រុមប្រឹក្សាបក្សប្រឆាំង ក្លាយទៅជាអ្នកលក់នំបញ្ចុក រត់រ៉ឺម៉ក ជួញជ្រូក ធ្វើស្រែចម្ការ ក៏និន្នាការប្រឆាំងនៅដដែល សូម្បីតែអ្នកចុះចូលបក្សកាន់អំណាច ក៏មិនដឹងចិត្តគំនិតយ៉ាងម៉េចផង ឬថា “ចូលតែខ្លួន ចិត្តមិនព្រមចូល”

ដូច្នេះកាលៈទេសៈនេះ បក្សកាន់អំណាចត្រូវតែប្តូរយុទ្ធសាស្ត្រថ្មី រកគន្លឹះយ៉ាងណាអូសទាញនិន្នាការប្រឆាំងឱ្យបានមក វិញ គឺមានតែអំពើល្អ “ស្តាប់ពាក្យគ្រូ មានប្រៃមានជូរ” ទើបប្រសើរ។ គួរយល់ថា លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ មកពីស្រុកបារាំង មានតែបង្វេចខោអាវមួយទេ ដឹងអី! ពេលគាត់ចាប់ដៃជាមួយលោកកឹម សុខា បង្កើត “គណបក្សសង្គ្រោះជាតិ” ស្រាប់តែដណ្តើមបានអ្នកគាំទ្រជាង៣លាននាក់។ សួរថា មនុស្សជាង៣លាននាក់បោះឆ្នោតឱ្យ បក្សប្រឆាំង មកពីណា? ចម្លើយគឺ “មនុស្សបែកឆ្វេង” ចេញពីបក្សកាន់អំណាចនេះឯង។ និយាយឱ្យចំ ក្រោយរំដោះប្រទេស ផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រជាពលរដ្ឋខ្មែរ ជាង៩០ភាគរយ គោរពស្រលាញ់គណបក្សប្រជាជនកម្ពុជា ខ្លាំង ណាស់ ព្រោះជាអ្នកមានគុណ ប៉ុន្តែយូរៗទៅ ដោយសារមន្ត្រីខិលខូចមួយចំនួនប្រព្រឹត្តអំពើពុករលួយ បក្ខពួក គ្រួសារនិយម ជាហេតុនាំឱ្យអ្នកគាំទ្រ ទាំងនោះបែកឆ្វេង ងាកទៅបោះឆ្នោតឱ្យបក្សប្រឆាំង។

ឥឡូវបក្សប្រឆាំងនោះ រលំរលាយទៅហើយ គ្មានគូប្រជែងខ្លាំងទៀត ដែលបក្សកាន់អំណាច នឹងឈ្នះឆ្នោតយ៉ាងតិច ៩០ភាគរយ ប៉ុន្តែ បើមន្ត្រីខិលខូចនៅតែមិនចោលក្បួនចាស់ ជួនកាលអ្នកបោះឆ្នោតដែលមាននិន្នាការប្រឆាំងនោះ មិនបោះឆ្នោតឱ្យបក្សណា ដោយគូសខ្វែងចោល ឬទុក “សន្លឹកឆ្នោតស” ក៏អាចថាបាន បើសិនជា “មិនហ៊ានធ្វើពហិការ”។ ដោយ មើលឃើញអនាគតច្បាស់ ទើប “មហាគ្រូ ហ៊ុន សែន” ទូន្មានសិស្សខិលខូចថា ត្រូវ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល” ដែល “នគរធំ” សូមពន្យល់លម្អិតដូចខាងក្រោម ៖

-ឆ្លុះកញ្ចក់ ៖ មនុស្សខ្លះមុខអាក្រក់ ខ្មៅក្រញេស ដូចពាក្យចាស់ថា “ថ្គាមខ្លា ចង្កាហ៊ីង ពោះកំពីង ធ្មេញគ្រហុប” មិន ដែលឆ្លុះកញ្ចក់មើលមុខខ្លួនឯងទេ។ សំដៅដល់មនុស្សពុករលួយ ប្រព្រឹត្តអំពើខុសច្បាប់ មិនព្រមកែខ្លួន ដូច្នេះមនុស្សប្រភេទ នេះ តម្រូវឱ្យព្យាយាមធ្វើល្អឡើងវិញ ដើម្បីស្តារកំហុសពីមុន។

-ងូតទឹក ៖ មនុស្សប្រមឹក ខ្លាចទឹកខ្លាំងណាស់ ពេលមកពីផឹកវិញ ក៏រករឿងប្រពន្ធកូន ជួនកាលចូលមុងរាវប្រពន្ធ ជះក្លិន ស្រា និងក្លិនក្លៀកស្អុយហួង ឯប្រពន្ធទ្រាំមិនបានច្រានទ្រូងចេញ ផ្ទុះជាជម្លោះផ្អើលអ្នកជិតខាងមិនបានដេកពួន។ យ៉ាងណាមិញ មន្ត្រីពុករលួយ “ស្អប់ច្បាប់” ខ្លាំងណាស់ ព្រោះច្បាប់ ប្រៀបបាននឹងទឹកថ្លា ទោះជាហាមឃាត់យ៉ាងណា គេនៅតែមិន ចោលក្បួនកេងប្រវ័ញ្ចស៊ីតាមជំនាញ។

-ដុសក្អែល ៖ មនុស្សចាញ់រងា ពេលងូតទឹកម្តងៗ ដូចរុញគោទម្លាក់ទឹក គាត់ដងទឹកស្រោចក្បាលតែពីរបីផ្តិល ក៏គ្រញែង ខ្លួន ឈប់ងូតភ្លាម ឯក្អែលពេញខ្លួនក៏មិនព្រមដុស និងខ្លាចសាប៊ូទៀតផង។ សម្រាប់មន្ត្រីពុករលួយ បើមិនព្រមដុសក្អែល លុះត្រាតែចាប់យកមកដុសឱ្យទើបបាន ជាក់ស្តែងមន្ត្រីសមគំនិតបំផ្លាញព្រៃឈើ លុះត្រាតែតុលាការ ទើបដុសក្អែលពួក លោកទាំងនោះបាន។

-ព្យាបាល ៖ មនុស្សកើតជំងឺអ្វីក៏ដោយ លុះត្រាតែព្យាបាល ទើបជាសះស្បើយ យ៉ាងណាមិញ ជំងឺពុករលួយ បក្ខពួក គ្រួសារនិយម បើព្យាបាលមិនទាន់ពេលវេលា នាំឱ្យគ្រោះថ្នាក់ដល់រដ្ឋាភិបាល។

ដូច្នេះយើងឃើញថា “ពាក្យគ្រូមានប្រៃមានជូរ” ឬថា ឱវាទសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទោះជាមិនសូវពីរោះ ក៏មានអត្ថន័យគ្រប់គ្រាន់សម្រាប់ “ពង្រឹងការគាំទ្រមកលើបក្សកាន់អំណាច”។ មន្ត្រីចូលនិវត្តន៍ម្នាក់ បាននិយាយថា ការ ទូន្មានរបស់សម្តេច ជារឿងត្រឹមត្រូវណាស់ ប៉ុន្តែ មន្ត្រីពុករលួយពិបាកពត់បំផុត បើសម្តេចស្តីបន្ទោសរដ្ឋមន្ត្រី ឬចៅហ្វាយខេត្ត ច្បាស់ជារដ្ឋមន្ត្រីនោះស្តីបន្ទោសអគ្គនាយក ប្រធាននាយកដ្ឋាន ឯចៅហ្វាយខេត្ត ស្តីបន្ទោសចៅហ្វាយស្រុក តៗគ្នា។ តា អតីតមន្ត្រី មកពីខេត្តម្នាក់នោះ បញ្ជាក់ថា “កាលជាង១០ឆ្នាំមុន ខ្ញុំធ្វើការនៅខេត្ត ត្រូវប្រធានមន្ទីរស្តីបន្ទោស គោះតុផាំងៗ រឿងខ្ញុំមិនធ្វើរបាយការណ៍ ព្រោះកិច្ចការរដ្ឋបាល គេជឿតែរបាយការណ៍…”

បើយកករណីនេះមកវែកញែក អ្វីៗគឺដូចតាមន្ត្រីចូលនិវត្តន៍លើកឡើងមិនខុសទេ ពោលគឺ ឱ្យតែសម្តេចនាយករដ្ឋមន្ត្រី ស្តីបន្ទោសសហការី ច្បាស់ជាសហការីនោះស្តីបន្ទោសថ្នាក់ក្រោមតៗគ្នា។ ឧទាហរណ៍ចៅហ្វាយខេត្ត បន្ទាប់ពីមានការព្រមាន ដកបុណ្យស័ក្តិពីនាយករដ្ឋមន្ត្រី ពាក់ព័ន្ធរឿងព្រៃឈើ ស្រាប់តែលោកខេត្តនោះកោះហៅចៅហ្វាយស្រុក មកស្តីបន្ទោសប៉ោចៗ ឯចៅហ្វាយស្រុក ក៏កោះហៅមេឃុំ មកស្តីប្រដៅតៗគ្នាទៅលៀនអណ្តាតមេភូមិ ឯណោះ។ បើប្រមុខរាជរដ្ឋាភិបាលស្តីបន្ទោស រដ្ឋមន្ត្រី ច្បាស់ជាលោកអគ្គនាយក ឬប្រធាននាយកដ្ឋាន ស្តីបន្ទោសប្រធានការិយាល័យជំនាញ ឯប្រធានការិយាល័យ ស្តីបន្ទោស បុគ្គលិកល្អិតល្អោចដែលគ្នាគ្មានដឹងស្អីទៅវិញ។ លុះរកចំណុចខ្សោយ គឺអ្នកអន្ទ្រើសនោះប្រព្រឹត្តអំពើពុករលួយសោះ តែគាត់ មើលកំហុសខ្លួនឯងមិនឃើញ ក៏ស្តីបន្ទោសអ្នកតូច។ អ៊ីចឹងដើម្បីឱ្យមានប្រសិទ្ធភាព ពាក់ព័ន្ធដល់ “ពាក្យគ្រូ” បើ “មហាគ្រូ” ស្តីបន្ទោសបុគ្គលណា ត្រូវបុគ្គលនោះ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល” ខ្លួនឯងឱ្យជាសិន ចាំទៅស្តីបន្ទោសថ្នាក់ក្រោម។ បើនាយករដ្ឋមន្ត្រី កិនរដ្ឋមន្ត្រីក្រសួងណាមួយ ត្រូវតែរដ្ឋមន្ត្រីនោះ កែខ្លួនឱ្យបានលឿន ចៀសវាងខ្លួនឯងមិនព្រមកែ បែរជា កោះហៅថ្នាក់ក្រោមមកកិនប៉ោចៗនោះ មិនកើតទេ។ យើងធ្លាប់ឆ្លងកាត់រឿងនេះច្បាស់ណាស់ គឺកាលនោះ អភិបាលខេត្ត បន្ទាប់ពីរងការស្តីបន្ទោសពីនាយករដ្ឋមន្ត្រី ស្រាប់តែអភិបាលខេត្តកោះហៅប្រធានមន្ទីរ ទៅសាប់មួយរយៗ។ លុះស្អែកឡើង ស្រាប់តែលោកប្រធានមន្ទីរ កោះហៅប្រធានការិយាល័យទៅកិនប៉ោចៗ ខ្ទាតទឹកមាត់លើក្រដាស ទុកឱ្យបុគ្គលិកមន្ត្រីរាជការល្អិតល្អោចហួសចិត្តគ្រប់គ្នា ព្រោះ “មហាគ្រូ” ស្តីបន្ទោសតែបុគ្គលពុករលួយឯណោះទេ ចុះហេតុអ្វីមន្ត្រីស្អាតស្អំរង ការស្តីបន្ទោសដែរ?

សរុបទៅ “ពាក្យគ្រូ មានប្រៃមានជូរ” គឺជាយុទ្ធសាស្ត្ររបស់បក្សកាន់អំណាច ក្នុងការ “អូសទាញនិន្នាការប្រឆាំងមកវិញ”។ កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាល ដាក់ចំបញ្ហាល្អណាស់ ដូចជាករណីសម្តេចនាយករដ្ឋមន្ត្រី ចេញបញ្ជាឱ្យ ចាប់ខ្លួនក្មួយប្រសា មេសង្វៀនបញ្ជល់មាន់នៅខេត្តកណ្តាល ដោយមិនយោគយល់ដល់សាច់ញាតិ។ អ៊ីចឹងរឿង “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល” ត្រូវតែដាក់ឱ្យចំតួបុគ្គល យកមកដុសក្អែលចេញទើបបាន ព្រោះបើដាក់មិនចំក្រយៅខូច ធ្វើឱ្យមន្ត្រីខិលខូចនោះ ក្រឡាស់ខ្លួនធ្វើជាកោះហៅមន្ត្រីគ្មានកំហុសមកស្តីបន្ទោស ធ្វើដូចជាខ្លួនឯងហ្នឹងស្អាតស្អំណាស់ ជាហេតុ នាំឱ្យពាក្យគ្រូ គ្មានប្រសិទ្ធភាព…៕

ដោយ អាចារ្យថាំ

facebook