facebook
facebook
Loading...

ឈិន ម៉ានិច្ច សង្សារតាមស្អិត តែគ្មានគម្រោងរៀបការឆាប់ៗឡើយ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | 309 | 0 | ម៉ោង 10:29 am

ឈិន ម៉ានិច្ច (ឈិន ស្រីនិច្ច) ដែលមានទឹកដមសំឡេងគ្រលួចនោះ មិនទាន់អាចដណ្តើមទីផ្សារចម្រៀងបានទេ តាំងពីកាន់ពាន Cambodian Idol រដូវកាលទី២មក ហាក់នៅទ្រឹង ក្រោយល្បីបានតែ១បទ “នារីក្នុងសុបិនបងជាអ្នកណា?”។ ប៉ុន្តែយ៉ាងណា តម្លៃខ្លួនតារាចម្រៀងស្រអែមស្រស់រូបនេះឡើងដល់១២០០ដុល្លារ ក្នុង១កម្មវិធី ខណៈដែលសង្សារនាងកាន់តែតាមស្អិត​ តែពួកគេគ្មានគម្រោងរៀបការឆាប់ៗឡើយ…។

ឈិន ម៉ានិច្ច តាំងពីចូលប្រលងចម្រៀងកម្មវិធី Cambodian Idol  រដូវកាលទី2 មិនទាន់បានកាន់ពានម៉្លេះ ដែលនាងត្រូវសង្សារបណ្តូលចិត្តតាមគ្រប់ជំហានតែម្តង ប្រៀបបានដូចជាអង្គរក្សអ៊ីចឹង ហើយក្រោយក្លាយទៅជាម្ចាស់ជ័យលាភី និងជាតារាចម្រៀងផ្លូវការរបស់ក្រុមហ៊ុនហង្សមាស មក ម្ចាស់ចិត្តនាងកាន់តែតាមឃ្វាលតារាចម្រៀងរូបនេះ ទ្វេដងថែមទៀត។ ប៉ុន្តែយ៉ាងណា នៅពេលដែលត្រូវសាកសួរពីគម្រោងចូលរោងការនោះ ស្រីនិច្ច ហៅម៉ានិច្ច បែរជានិយាយបែបស្ទាក់ស្ទើរថា មិនទាន់កំណត់ពេលវេលាជាក់លាក់ទៅវិញ។

ក្នុងជំនួបផ្ទាល់ជាមួយតារាចម្រៀងផលិតកម្មរស្មីហង្សមាស អ្នកចម្រៀងស្រអែមស្រស់រូបនេះថ្លែងថា “អូ! រឿងហ្នឹង (រៀបការ) អត់ទាន់មានកំណត់អីទេបង! នៅទេ ខ្ញុំមិនទាន់គិតទេ នៅវែងឆ្ងាយណាស់”។

យ៉ាងណា អ្នកសិល្បៈមួយចំនួនដែលស្និទ្ធតារាចម្រៀង ឈិន ម៉ានិច្ច រូបនេះបានសរសើរថា នាងនិងសង្សារ គឺស្រលាញ់គ្នាខ្លាំងណាស់ ហើយបុរសនោះតាមការពារនាង តាំងពីមុនម៉ានិច្ច លើកពាន Cambodian Idol ម៉្លេះ មិនមែនទើបតែស្រលាញ់ខ្លាំង ពេលដែលនាងល្បីនេះទេ។

ប្រភពបានឱ្យដឹងថា ស្នេហារបស់ម៉ានិច្ច និងប្រុសស្នេហ៍ មានក្រុមគ្រួសារទាំងសងខាងដឹងឮ ហើយពួកគេកំពុងសន្សំប្រាក់រួមគ្នា ដើម្បីរៀបការនាថ្ងៃអនាគត។

ឈិន ម៉ានិច្ច ទោះជាជាប់ពាន Cambodian Idol ដែលហាក់មានប្រៀបជាងតារាចម្រៀងដទៃទៀតមែន តែការជ្រកកោននៅហង្សមាស ជិត1ឆ្នាំនៅពេលនេះ អ្នកចម្រៀងដែលមកពីខេត្តកំពង់ស្ពឺ រូបនេះមិនអាចធ្វើព្យុះភ្លៀងនៅហង្សមាស បានឡើយ ព្រោះទើបល្បីបានតែ1បទប៉ុណ្ណោះ គឺបទ “នារីក្នុងសុបិនបងជាអ្នកណា?” ខណៈដែលបទចម្រៀងមួយចំនួនទៀត ដែលនាងបានថតជាមួយនី រតនា និងដួង វីរៈសិទ្ធ នោះ នៅជាប់គាំង មិនទាន់ចេញនៅលើទីផ្សារនៅឡើយ ព្រោះរយៈពេលចុងក្រោយនេះ ហង្សមាស ជាប់រវល់ខ្លាំងក្នុងការរៀបចំលើកស្ទួយ រ៉េត ស៊ូហ្សាណា ជាងតារាផ្សេងៗទៀតរបស់ខ្លួន។

តារាចម្រៀងហង្សមាស រូបនេះ វាចាថា “ដោយសារហង្សមាស មានអ្នកចម្រៀងច្រើនអ៊ីចឹង ការចេញបទចម្រៀងរាងយឺតយ៉ាវខ្លះក៏មិនអីដែរ។ ចំពោះបទចម្រៀងខ្ញុំដែលមានការឆ្លងឆ្លើយជាមួយបងនី រតនា និងដួង វីរៈសិទ្ធ នោះបានថតអស់ហើយ តែឥឡូវមិនទាន់ឃើញចេញ រឿងហ្នឹង ខ្ញុំក៏មិនដឹងដែរ គឺនៅលើក្រុមហ៊ុនអ្នករៀបចំឱ្យប៉ុណ្ណោះ។ ចំណែកគេថា ពេលនេះ ហង្សមាស លើកតែស៊ូហ្សាណា នោះ គឺដោយសារតែគាត់បានចេញស្ពតចេញច្រើនអ៊ីចឹង មើលទៅឃើញហាក់ដូចជាលេចធ្លោជាងគេអ៊ីចឹងហើយ”។

ឈិន ម៉ានិច្ច ត្រូវបានទស្សនិកជនសរសើរថា អ្នកចម្រៀងរូបនេះមានទឹកដមសំឡេង ក្រអួនក្រអៅមិនចាញ់អតីតតារាហង្សមាស ពៅ បញ្ញាពេជ្រ ឡើយ ហើយតាមអ្នករៀបចំកម្មវិធីប្រគំតន្ត្រីបានឱ្យដឹងថា ទោះជាម៉ានិច្ច មិនសូវមានបទល្បីតគ្នា ដូចតារាហង្សមាស ដទៃទៀតក្តី តែតម្លៃខ្លួនអ្នកចម្រៀងរូបនេះ មិនចាញ់នី រតនា និងរ៉េត ស៊ូហ្សាណា ឡើយ ព្រោះនាងច្រៀងមួយកម្មវិធីស៊ីថ្លៃជាង1ពាន់ដុល្លារឯណោះ ហើយមិនយូរទេ នាពេល ដ៏ឆាប់ៗខាងមុខនេះ ម៉ានិច្ច នឹងបញ្ចោញក្រុមរាំអមផ្ទាល់ខ្លួន កញ្ជ្រោកលើឆាកតន្ត្រី ដើម្បីប្រជែងទីផ្សាររៀមច្បងរួមទ្រនំទៀតផង។

ឈិន ម៉ានិច្ច បន្ថែមថា “ចំពោះការច្រៀង Concert ធំៗ ខ្ញុំបានតម្លៃខ្លួន1កម្មវិធី 1200ដុល្លារដែរ អ៊ីចឹងឆ្នាំនេះហង្សមាស មាន Concert ច្រើនណាស់ សង្ឃឹមថា អាចរកប្រាក់ចំណូលបានច្រើនជាងឆ្នាំមុនជាមិនខាន។ ចំពោះក្រុមរាំវិញ ខ្ញុំកំពុងតែហាត់សមរាល់ថ្ងៃហ្នឹង ហើយអាចដើមឆ្នាំ2018នេះ គឺខ្ញុំអាចយកពួកគាត់ឡើងឆាកជាមួយគ្នាបានហើយ គឺមានប្រុសៗ4នាក់។ ខ្ញុំគិតថា ជាអ្នកចម្រៀងអាជីពម្នាក់ បើគ្មានក្រុមរាំអមផ្ទាល់ខ្លួនទេ យើងមិនអាចតាមទាន់គេបានទេ នៅពេលនេះ”។

ឈិន ម៉ានិច្ច ធ្លាប់មានព័ត៌មានរសើបថា នាងមានភាពស្និទ្ធស្នាលចម្លែកជាមួយនី រតនា ដែលធ្វើឱ្យអ្នកខ្លះសង្ស័យថា ម្ចាស់ពាន Cambodian Idol រដូវកាលទី1 និង Cambodian Idol រដូវកាលទី2នេះ មានស្នេហាជាមួយគ្នាទៀតផង តែទាំងសងខាងធ្លាប់ច្រានចោល ព្រោះពេលនេះ ម៉ានិច្ច មិនមែនបេះដូងនៅទំនេរឡើយ គឺនាងមានសង្សារ​​​ នឹងត្រៀមចូលរោងការជាមួយគ្នានាពេលខាងមុខនេះទៅហើយ។

ឈិន ម៉ានិច្ច ដែលសម្រេចក្តីសុបិន្តក្លាយទៅជាតារាចម្រៀងហង្សមាស រួចផុតពីការច្រៀងតាមបៀរហ្គារដិន នាពេលរាត្រីនោះ ពេលនេះ នាងបានបណ្តុះបណ្តាលប្អូនប្រុសពៅរបស់នាងម្នាក់ទៀត ឱ្យចូលច្រៀងដែរ គឺកុមារឈិន សីហា ដែលម៉ានិច្ច ថា គេមានទេពកោសល្យល្អ អាចធ្វើជាអ្នកចម្រៀងអាជីពបាននាពេលអនាគតខាងមុខនេះ។

ឈិន ម៉ានិច្ច ពិបាកស្ទុះលោតទៅមុខរួចនៅហង្សមាស ព្រោះតែទ្រនំធំនេះ មានតារាស្រីខ្លាំងៗ ឡើងគរជើងគ្នា ដូចជា ឱក សុគន្ធកញ្ញា, ពេជ្រ សោភា, សួស វីហ្សា, វី ឌីណែត ជាដើម ទើបធ្វើឱ្យម៉ានិច្ច នៅទ្រឹង។ ប៉ុន្តែម៉ានិច្ច និយាយថា នាពេលខាងមុខនេះ នាងនឹងឈានមួយកម្រិតទៀតទៅការថតភាពយន្ត ព្រោះពេលនេះហង្សមាស បានជូនដំណឹង ហើយថា ឱ្យនាងត្រៀមខ្លួនសម្រាប់ថតរឿង នាពេលឆាប់ៗនេះ៕