facebook
facebook
Loading...

តណ្ហាដល់កម្រិត!!! កុហកថាប្រពន្ធជួបគ្រោះថា្នក់ ពឹងនាងក្រមុំឲ្យទៅជួយ ដឹកដល់កន្លែងស្ងាត់ ចាប់រំលោភ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 162 | 0 | ម៉ោង 9:56 am

ខេត្តព្រះសីហនុ ៖ បុរសល្មោភកាមម្នាក់ មានប្រពន្ធរួចទៅហើយ បែរជាមានកំណួចចិត្តគិតអាក្រក់ទៅលើនារីវ័យក្មេងម្នាក់ ស្នាក់នៅបន្ទប់ជួលក្បែរគ្នា លុះពេលមានឱកាសល្អ ក៏បោកបញ្ឆោតនារីរងគ្រោះថា ប្រពន្ធរបស់ខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ ពឹងឱ្យជួយទៅមើល ស្រាប់តែពេលនារីរងគ្រោះឡើងជិះម៉ូតូជាមួយ ក៏ដឹកចូលទៅកន្លែងព្រៃស្ងាត់ ចាប់រំលោភរហូតដល់បានសម្រេចតែម្តង។

ករណីប្រុសព្រានបោកបញ្ឆោតរំលោភស្រីក្រមុំនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅចំណុចព្រៃផ្លូវចូលទៅរមណីយដ្ឋានក្បាលឆាយ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

ជនសង្ស័យល្មោភកាមដែលបញ្ឆោតនារីរងគ្រោះ នាំយកទៅរំលោភនៅក្នុងព្រៃនេះ មានឈ្មោះថន ប៊ុណ្ណា ហៅម៉ាប់ អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរញុវូស្តារ មានប្រពន្ធរួចទៅហើយ និងស្នាក់នៅផ្ទះជួលក្បែររោងចក្រ។ ចំណែកនារីរងគ្រោះមានឈ្មោះ ស.ជ.រ អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និងស្នាក់នៅផ្ទះជួលជិតរោងចក្រកាត់ដេរញុវូស្តារ ដូចគ្នា។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា រវាងនាង និងក្រុមគ្រួសារជនសង្ស័យបានរាប់អានគ្នាធម្មតា ក្នុងនាមជាអ្នកស្នាក់នៅបន្ទប់ជួលក្បែរគ្នា ហើយនាងមិនធ្លាប់មានគំនិតស្នេហាអីជាមួយជនសង្ស័យឡើយ ព្រោះជនសង្ស័យមានប្រពន្ធរួចទៅហើយ និងកាន់តែមិនធ្លាប់គិតថា ជនសង្ស័យបានចងគំនិតគិតអាក្រក់មកលើនាងបែបនេះដែរ។

នារីរងគ្រោះបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យបានមកនិយាយកុហកប្រាប់នាងថា ប្រពន្ធរបស់គាត់ (ជនសង្ស័យ) ជួបគ្រោះថ្នាក់ចរាចរណ៍នៅម្តុំស្ពានទឹកសាប ហេតុនេះពឹងឱ្យនាងជួយទៅមើលជាមួយគាត់ផង ក្នុងពេលនោះ ដោយយល់ថា ជនសង្ស័យមានទុក្ខធុរៈមែន ទើបនាងយល់ព្រមឡើងជិះម៉ូតូទៅជាមួយជនសង្ស័យ ស្រាប់តែជនសង្ស័យមានបានដឹកនាងទៅម្តុំស្ពានទឹកសាបឯណា បែរជាដឹកនាងចូលទៅក្នុងព្រៃស្ងាត់ ចំណុចផ្លូវចូលទៅក្បាលឆាយ រួចធ្វើសកម្មភាពចាប់រំលោភនាងរហូតបានសម្រេច ចំណែកនាងប្រឹងរើបម្រះ និងស្រែកហៅគេជួយដែរ តែដោយសារកន្លែងនោះជាព្រៃស្ងាត់ ទើបគ្មានអ្នកឮ និងបានដឹង អាចជួយនាងបានឡើយ ទីបំផុត ប្រុសល្មោភកាមរូបនេះក៏បានបំផ្លាញព្រហ្មចារីរបស់នាងនៅគ្រានោះតែម្តង។

នារីរងគ្រោះបានឱ្យដឹងទៀតថា លុះក្រោយពីធ្វើសកម្មភាពចាប់នាងរំលោភបានស្កប់ស្កល់តណ្ហាហើយ ជនសង្ស័យក៏បានដឹកនាងត្រឡប់មកបន្ទប់ជួលវិញ និងបានអង្វរលួងលោមនាងផង គំរាមផង មិនឱ្យនាងទម្លាយរឿងនេះប្រាប់អ្នកណាឡើយ ពិសេសប្រពន្ធរបស់គេ ប៉ុន្តែដោយនាងឈឺចាប់ពេក ទើបមិនអាចលាក់បាំងបាន ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្តង។

សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះរហូតដល់បានសម្រេចមែន ដោយសារតែរូបគេមានកំណួចចិត្តលើនាងយូរមកហើយ ខណៈដែលឃើញមុខនាងនៅបន្ទប់ជួលក្បែរគ្នារាល់ថ្ងៃ។ លុះដល់ថ្ងៃកើតហេតុ រូបគេក៏នឹកឃើញល្បិចប្រាប់នារីរងគ្រោះថា ប្រពន្ធជួបគ្រោះថ្នាក់ចរាចរណ៍ ពឹងឱ្យជួយទៅមើលជាមួយខ្លួន ទើបមានឱកាសដឹកនាងចូលព្រៃស្ងាត់ ចាប់រំលោភរហូតដល់បានសម្រេចតែម្តង។

ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

facebook