facebook
facebook
Loading...

ខ្លាំងបាត់!!! ចូលផឹកសុីស្រវឹង ខឹងម្ចាស់ហាងមិនឲ្យជំពាក់ ជិះម៉ូតូបំបុកទ្វារ រួចបបួលប៉ូលិសវាយ១ស្មើ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 158 | 0 | ម៉ោង 10:22 am

ខេត្តបាត់ដំបង ៖ បុរស២នាក់ អត់មានលុយក្នុងខ្លួន១រៀល បែរជាថ្លើមធំហ៊ានចូលហាងផឹកស៊ី ហៅស្រាបៀរ សាច់ក្លែម មកផឹកស៊ី ធ្វើឬកដូចសេដ្ឋី លុះផឹកស្រវឹង ម្ចាស់ហាងគិតលុយ អត់មានលុយឱ្យគេ បែរជាប្រុងជិះម៉ូតូរត់គេចខ្លួន តែត្រូវម្ចាស់ហាងបិទទ្វារទាន់ ក៏ជិះម៉ូតូបំបុកទ្វាររបង ឃើញបែបនេះម្ចាស់ហាងក៏ប្តឹងឱ្យសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ ស្រាប់តែបុរសប្រមឹកជើងខ្លាំងទាំង២នាក់ បែរជាផ្ទុះកំហឹង បបួលសមត្ថកិច្ចវ៉ៃគ្នា១ស្មើទៅវិញ ទើបសមត្ថកិច្ចសម្រេចនាំខ្លួនទៅស្នងការដ្ឋានទាំងយប់។

ករណីបុរសស្រវឹងអត់លុយឱ្យថ្លៃស្រាគេ ហើយបបួលសមត្ថកិច្ចវ៉ៃ១ស្មើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅចំណុចហាងផឹកស៊ីមួយកន្លែង នៅចំណុចភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

ជនបង្កជើងខ្លាំងទាំង២នាក់ខាងលើ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហេង អាយុប្រមាណ៣០ឆ្នាំ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង (ជើងខ្លាំងជិះម៉ូតូបំបុកទ្វារបង) និងទី២-ឈ្មោះដូង អាយុជាង៣០ឆ្នាំ រស់នៅភូមិ-សង្កាត់ជាមួយគ្នា។

តាមសម្តីម្ចាស់ហាង បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅម៉ោងប្រហែល៥ល្ងាច​ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ គេឃើញជនបង្ក រួមនឹងគ្នីគ្នាចំនួន៤នាក់ មានអាការៈរាងស្រវឹងពីខាងក្រៅមកហើយ រួចបានចូលផឹកស៊ី និងច្រៀងខារ៉ាអូខេបន្តនៅក្នុងហាងរបស់គាត់។ លុះពេលផឹកយូរៗទៅ មិត្តភក្តិរបស់គេ២នាក់ បានចេញទៅមុនអស់ ដោយទុកឱ្យជនបង្កទាំងពីរជាអ្នកចេញលុយ។

 

ម្ចាស់ហាងបន្តថា លុះពេលផឹកស៊ីចប់ ជនបង្កទាំង២នាក់បានស្រវឹងជោគជាំដូចគ្នា រួចក៏ហៅអ្នករត់តុមកគិតលុយ ដល់ពេលគិតលុយ អស់ចំនួន១៧០.០០០រៀល ស្រាប់តែជនបង្កឆ្លើយថា អត់លុយឱ្យទេ សុំជំពាក់សិន ដោយឃើញសភាពមិនស្រួល ខ្លួនជាម្ចាស់ហាងឱ្យនៅដោះស្រាយគ្នាសិន តែជនបង្កទាំង២នាក់ មិនព្រមដោះស្រាយឱ្យចប់សិនទេ បែរជាជនម្នាក់ឈ្មោះហេង បានជិះម៉ូតូបម្រុងចេញពីហាង ឃើញបែបេនះ គាត់ជាម្ចាស់ហាងបានទៅទាញទ្វារបិទទាន់ ធ្វើឱ្យជនបង្កខឹង ក៏ជិះម៉ូតូបំបុកទ្វាររបងឱ្យរងការខូចខាតតែម្តង។

ម្ចាស់ហាងបានឱ្យដឹងទៀតថា ឃើញសភាពនិយាយមិនស្តាប់គ្នាបែបនេះ គាត់ក៏ប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ លុះពេលសមត្ថកិច្ចមកដល់ ជនបង្កទាំង២នាក់ បែរជាស្រែកជេរប្រមាថគំរាមកំហែងសមត្ថកិច្ច និងថែមទាំងបានយកឈ្មោះស្នងការរងខេត្តបាត់ដំបង និងឧកញ៉ាម្នាក់មកគំរាម ធ្វើជាខ្នងបង្អែក ហើយមិនត្រឹមតែប៉ុណ្ណោះ ឈ្មោះហេង ថែមទាំងបបួលសមត្ថកិច្ចវ៉ៃគ្នា១ស្មើទៀតផង។

ទោះជាឃើញសកម្មភាពច្រងេងច្រង៉ាងរបស់ជនបង្កបែបនេះក្តី ក៏ម្ចាស់ហាង និងសមត្ថកិច្ចនៅតែរក្សាការសម្របសម្រួលដោយសន្តិវិធី ព្រោះមិនចង់ឱ្យមានបញ្ហាច្រើន ប៉ុន្តែជនបង្កទាំងពីរនាក់ នៅតែរឹងទទឹង អាងនេះអាងនោះ រហូតសមត្ថកិច្ចទ្រាំមិនបាន ក៏ឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ ដោះស្រាយតាមនីតិវិធីទាំងយប់តែម្តង។

លោកជេត វណ្ណី ស្នងការរងនគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ថា រហូតមកដល់ពេលនេះ ជនបង្កទាំង២នាក់ កំពុងត្រូវនគរបាលជំនាញធ្វើការសាកសួរនៅឡើយ៕

facebook