facebook
facebook
Loading...

ឌុច លីដា ថៅកែរថយន្តវ័យ៤០ឆ្នាំប្លាយ តាមជ្រែកស្នេហ៍

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | 251 | 0 | ម៉ោង 7:25 am

នាពេល​ចុងក្រោយនេះ​ តារាភាពយន្តល្បីឈ្មោះ កញ្ញាឌុច លីដា បានសាយភាយដំណឹងថា បានចងសម្ព័ន្ធស្នេហ៍ជាមួយកូនអ្នកមានទ្រព្យម្នាក់ និងកំពុងពិសោធស្នេហ៍​ក្នុងរូបភាពលាក់លៀម។ ប៉ុន្តែតាមដំណឹងចុងក្រោយ​ថា លីដា កំពុងត្រូវបានថៅកែរថយន្តទ្រព្យស្តុកម្នាក់ តាមជ្រែកស្នេហ៍…។

ចាប់តាំងពីទាញបានភាពលេចធ្លោនៅក្នុងសង្គមសិល្បៈ តាមរយៈការសម្តែងឈុតសិចស៊ីស្រើបស្រាល ឌុច លីដា បានជំពប់នឹងដំណឹងស្នេហ៍ជាបន្តបន្ទាប់ ទាំងជាមួយមន្ត្រីធំ អ្នកជំនួញ ឧកញ៉ា និងថៅកែហាងពេជ្រនៅម្តុំផ្សារធំថ្មី ជាដើម។ ប៉ុន្តែ នាពេលចុងក្រោយនេះ អ្នកនៅក្នុងចង្កោមសិល្បៈជាច្រើនបានឱ្យដឹងថា លីដា បានវេញចំណងស្នេហ៍ជាមួយកូនអ្នកមានទ្រព្យស្តុកម្នាក់ ដែលចំណងស្នេហ៍របស់នាងត្រូវបានចាស់ទុំទាំងសងខាងដឹងឮទៀតផង។

យ៉ាងណា តាមប្រភពចុងក្រោយបានឱ្យដឹងថា ស្របពេលដែលលីដា កំពុងផ្អែមស្នេហ៍ជាមួយកូនអ្នកមាន មានថៅកែហ្គារ៉ាស់ឡាន សម្បូរទ្រព្យ វ័យ 40ឆ្នាំប្លាយម្នាក់ កំពុងតាមថ្ពក់ស្នេហ៍នាងយ៉ាងស្អិត។ ថែមទាំងហ៊ានធានាជ្រោមជ្រែងលើនាងគ្រប់យ៉ាងទៀតផង ប្រសិនបើព្រមផ្តាច់ស្នេហ៍ពីសង្សារក្មេង ហើយបើកបេះដូងទទួលស្នេហ៍ពីលោកនោះ។

ប្រភពជាតារាសិល្បៈខាងលើ បន្ថែមថា បើលីដា ព្រមបើកភ្លើងខៀវទទួលស្នេហ៍ថៅកែ ទោះបីនាងចង់ជិះរថយន្តទំនើបតម្លៃប៉ុន្មានក៏បានដែរ គឺលោកថៅកែហ៊ានបំពេញបំណងដោយមិនស្តាយ។ ត្បិតអីលោកថៅកែរូបនោះស្រលាញ់នាងស្ទើរលេបទៅហើយ។

យ៉ាងណា ពាក់ព័ន្ធនឹងដំណឹងនេះ មិនអាចទាក់ទងសុំការបកស្រាយពីកញ្ញាឌុច លីដា បានទេ ហើយក៏មិនទាន់ដឹងថា នាងព្រមចោលស្នេហ៍កូនអ្នកមាន មកជ្រើសស្នេហ៍ថៅកែឡាន ឬយ៉ាងណានោះដែរ ខណៈដែលនាងនិងសង្សារក្មេង បានពិសោធស្នេហ៍ក្រោមរូបភាពលាក់លៀម ជាង2ឆ្នាំមកហើយនោះ។

កន្លងមក លីដា ធ្លាប់ទទួលស្គាល់ថា ចាប់តាំងពីមានឈ្មោះនៅលើទំព័រសិល្បៈ ពិតជាមានបុរសៗចម្រុះឋានៈជាច្រើន តាមចោមស្នេហ៍នាងមែន ប៉ុន្តែ នាងមិនទាន់សម្រេចចិត្តជ្រើសរើសបុរសណាម្នាក់ជាដៃគូស្នេហានោះទេ ហើយនៅពេលណានាងជួបស្នេហាពិតប្រាកដ នាងនឹងលាតត្រដាងជាចំហ។

តាមប្រភពស្និទ្ធជាមួយលីដា បានឱ្យដឹងថា ក្នុងដំណាក់កាលនេះ លីដា មិនហ៊ានបង្ហាញមុខគូស្នេហ៍ជាចំហនោះទេ ព្រោះនាងខ្លាចប៉ះពាល់ប្រជាប្រិយភាពកំពុងតែស្ទុះឡើង។ ម៉្យាងនាងក៏មិនទាន់សម្រេចចិត្តជ្រើសរើសបុរសណាម្នាក់ជាដៃគូជីវិតនៅឡើយ។

យោងតាមប្រភពពីអ្នកសិល្បៈ ក៏បានឱ្យដឹងដែរថា ក្រៅពីថៅកែរថយន្តតាមជ្រែកស្នេហ៍ ក៏មានអ្នកជំនួញសម្បូរទ្រព្យមួយចំនួនទៀតតាមស្នេហ៍លីដា ផងដែរ ពោលគឺក្នុងពេលនេះ មានបុរសៗអ្នកមានមិនតិចជាង4នាក់ទេ ដែលចង់ថ្នាក់ថ្នមប្រលោមស្នេហ៍នាង ខណៈដែលកន្លងមក លីដា បានធ្វើឱ្យបុរសៗជាច្រើនខកចិត្តស្តាយស្នេហ៍នាងជាបន្តបន្ទាប់។

កញ្ញាឌុច លីដា ទាញបានភាពលេចធ្លោយ៉ាងឆាប់រហ័ស នៅក្នុងសង្វៀនសិល្បៈ តាមរយៈការសម្តែងឈុតសិចស៊ី ស្នេហារោលរាល ដូចជាក្នុងរឿង “ស្បែកគង់” និងរឿង “នារីវេទមន្ត” ជាដើម ដែលនាងហ៊ានសម្តែងឈុតទាំងនោះ មិនចាញ់តារាហូលលីវូដ។ សូម្បីតែតារាស្រីមួយចំនួន ក៏មិនហ៊ានប្រថុយសម្តែងដូចនាងដែរ ស្របពេលដែលបច្ចុប្បន្ននេះ ត្រូវបានគេចាត់ទុកថា នាងជាតារាស្រីសិចស៊ីលេចធ្លោជាងគេ។ ទន្ទឹមនឹងនោះ តម្លៃខ្លួនរបស់នាងក៏កាន់តែកើនខ្ពស់ផងដែរ ដែលត្រូវបានគេដឹងថា ក្នុង១រឿង នាងស៊ីថ្លៃមិនក្រោម5000ដុល្លារ ហើយបើគិតថតជាថ្ងៃ នាងស៊ីថ្លៃខ្ទង់350ដុល្លារ ក្នុងមួយថ្ងៃ គឺជាតម្លៃមួយខ្ពស់ ក្នុងចំណោមតារាលំដាប់ជួរមុខ។

កន្លងមក មានដំណឹងថា លីដា ត្រូវបានសង្សារក្មេងហាមថតឈុតសិចស៊ីស្រើបស្រាល ប៉ុន្តែនាងនៅតែផ្គើនថតឈុតទាំងនោះ ដោយមិនខ្លាចប្រឈមបែកស្នេហ៍ទៀតផង។ អ្នកសិល្បៈនិយាយថា ប្រសិនបើសង្សាររបស់នាងដាច់ខាតមិនឱ្យថតឈុតសិចស៊ី នាងសុខចិត្តបែកស្នេហ៍ ក៏មិនអាចចោលឈុតទាំងនោះបានដែរ ត្បិតអីនាងទាញបានភាពល្បីនៅលើវិថីសិល្បៈ និងមានថ្ងៃនេះ គឺតាមរយៈឈុតទាំងនោះ។

រហូតមកទល់ពេលនេះ លីដា សម្តែងភាពយន្ត បានជាង10រឿងមកហើយ ដែលភាគច្រើននាងសម្តែងជាតួឯកសិចស៊ី ហើយនាពេលចុងក្រោយនេះ លីដា ត្រូវប៉ាន់តំណែងតួឯកសិចស៊ីជាបន្តបន្ទាប់ ដែលធ្វើឱ្យនាងកាន់តែលេចធ្លោ។

យ៉ាងណាសម្រាប់រឿងស្នេហា មិនទាន់ដឹងថា លីដា នឹងសម្រេចចិត្តទទួលស្នេហ៍ថៅកែឡានទ្រព្យស្តុក ចោលសង្សារក្មេងកូនអ្នកមាន ឬយ៉ាងណានោះទេ ហើយពាក់ព័ន្ធនឹងដំណឹងនេះ យើងនឹងរង់ចាំការបកស្រាយពីតារាសម្តែងល្បីរូបនេះជានិច្ច៕

facebook