facebook
facebook
Loading...

អេនីហ្សាម បាត់មុខមួយរយៈ ឡើងទម្ងន់១០គីឡូ បែរជាគេថា នាងសម្ងំពពោះ

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | 178 | 0 | ម៉ោង 3:24 am

តារាចម្រៀងផលិតកម្មថោន ម្ចាស់បទ ”សង្ស័យតែឆេះអ៊ីសេ” នាងអេនីហ្សាម ដែលបាត់មុខបាត់មាត់មួយរយៈធំ មិនដែលឃើញឡើងឆាកតន្ដ្រី និងតាមកម្មវិធីសិល្បៈនោះ ស្រាប់តែបង្ហាញខ្លួនជាថ្មីនៅលើឆាកតន្ដ្រី “ខារ៉ាបាវ Spark Concert 2018” កាលពីថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១៨នោះ ដោយប្អូនស្រីតារាចម្រៀងមង្គល ទីណា រូបនេះ ឡើងគីឡូប្លែករហូតដល់១០គីឡូ ធ្វើឲ្យនាងភ័យខ្លួនញ័រជើងពេលច្រៀងប៉ះសិស្សច្បង មកពីផលិតកម្មរស្មីហង្សមាស នាងសួស វីហ្សា។ ការឡើងគីឡូជ្រុលបែបនេះ នាំឲ្យអេនី ខូចរាងរៅអស់ហើយ មើលទៅកាម៉ាប់ៗ ពិបាកទាំងរាំលើឆាកទៀតផង។

តារាចម្រៀងផលិតកម្មថោន រូបនេះ និយាយលាយឡំជាមួយសំណើចថា “នាងភ័យដែរ ព្រោះថាមិនដឹងជាម៉េចគ្រាន់តែហិតក្លិនបាយ ក៏គីឡូចេះតែឡើងស្រឺតៗ មិនព្រមចុះវិញសោះ ទើបធ្វើឲ្យនាងត្រូវបង្ខំចិត្តឡើងឆាកទាំងកាម៉ាប់ៗយ៉ាងនេះតែម្ដងទៅ”។

អេនី ថ្លែងថា ”ខ្ញុំសម្រាកការឡើងឆាកមួយរយៈធំ ព្រោះខ្ញុំមិនចង់ឡើងទាំងគីឡូច្រើនអីចឹង តែទោះជាផ្អាកញាំយ៉ាងម៉េច ក៏នៅតែមិនបាត់ឡើងគីឡូដែរ និយាយទៅគ្រាន់តែហិតក្លិនបាយ ក៏ធាត់ដែរ អីចឹងខ្ញុំក៏ប្រថុយឡើងប៉ុស្ដិ៍ទាំងអីចឹង។ ពីមុនខ្ញុំមានទម្ងន់៤៧គីឡូ គ្រាន់បើបន្ដិច តែឥឡូវឡើង១០គីឡូ ដល់ទៅ៥៧គីឡូ អីចឹងបានជាពិបាកចិត្តហ្នឹង។ ខ្ញុំមិនដឹងជាធ្វើម៉េចទេ ភ័យដែរហ្នឹង គ្មានពីណាចង់ធាត់អីចឹងនោះទេ”។

បើទោះជាអេនីហ្សាម ពិបាកចិត្តរឿងឡើងគីឡូជ្រុលហួសមែន តែអ្នកចម្រៀងថោន ដែលធ្លាប់ត្អូញត្អែរថា មិនចេះក្បាច់រាំនេះបានវិវត្តន៍ខ្លួនមកជាមានក្រុមរាំអមសមាជិក៤នាក់ កញ្ជ្រោកលើឆាកតន្ដ្រី “ខារ៉ាបាវ Spark Concert 2018” នោះហើយនាងច្រៀងបទថ្មីៗរបស់ខ្លួន មានដូចជាបទ ”ស្រីធម្មតាម្នាក់មិនសមឲ្យបងខូចចិត្ត” , ”ធុញថ្លៃ”, ”លែងចង់នៅលើលោកនេះហើយ” និងបទ ”ផឹកកុំឲ្យសល់ដង្កូវទឹក”។ ការឡើងគីឡូប្លែករបស់នាងអេនីហ្សាម នាពេលនេះដែរ ក៏ត្រូវបានគេសង្ស័យថា នាងទើបសម្រាលកូនង៉ែតថ្មីៗនេះ ព្រោះការបាត់ខ្លួនមួយរយៈមុននេះ គេសង្ស័យថា ម្ចាស់បទ ”សង្ស័យតែឆេះអ៊ីសេ” រូបនេះសម្ងំពពោះដោយសម្ងាត់។

អេនីហ្សាម និយាយដោយភ័យៗថា ”រឿងហ្នឹងខ្ញុំមិនដឹងសោះ ទើបឮអ្នកការសែតសួរពេលហ្នឹង។ ខ្ញុំចង់បកស្រាយថា ខ្ញុំគ្មានផ្ទៃពោះគ្មានកូនដូចដែលគេសង្ស័យនោះទេ។ រយៈពេលដែលខ្ញុំបាត់ខ្លួនមួយរយៈនេះ ព្រោះតែខ្ញុំសម្ងំដើម្បីឲ្យគីឡូស្រកចុះបន្ដិចវិញ តែធ្វើម៉េចក៏មិនអាចបន្ថយគីឡូបាន អីចឹងមានតែឡើងទាំងអីចឹងទៅ។ ខ្ញុំគ្មានពពោះអី មានកូនមកពីណា សូមបដិសេធរឿងហ្នឹងចោលទាំងស្រុង”។

ក្រៅពីប៉ះគ្នាជាមួយសួស វីហ្សា នាងអេនីហ្សាម ក៏បានប៉ះជាមួយតារាចម្រៀងផលិតកម្មសាន់ដេ លោកខាន់ ជេមស៍ ផងដែរ ដែលធ្វើឲ្យតារាចម្រៀងមកពី៣ផលិតកម្មផ្សេងគ្នា ជួបគ្នាលើឆាកតន្ដ្រីតែមួយនេះ កាន់តែមានភាពទាក់ទាញពីអ្នកទស្សនាការប្រគំតន្ដ្រីនៅរាជធានីទីក្រុង មជ្ឈមណ្ឌលកម្សាន្ដ Spark នោះ។

ខាន់ ជេមស៍ បានលើកយកបទល្បីៗរបស់ខ្លួនមកអង្រួនឆាកតន្ដ្រី មានដូចជាបទ ”កន្លែងនេះ”, ”ម្លិះរួតជាយដែន”, ”Billionaire” និងបទ ”ថ្ងៃដែលយើងរៀបការ”។

ដោយឡែក នាងសួស វីហ្សា វិញច្រៀងបទថ្មីៗរបស់ខ្លួន មានដួចជាបទ ”កំដរខ្ញុំបន្ដិចបានទេ?”, ”Go Away”, ”Bad Boy” និងបទ ”Soldier”។

អ្នកគ្រប់គ្រងកម្មវិធីប្រគំតន្ដ្រី “ខារ៉ាបាវ Spark Concert 2018” បានឲ្យដឹងថា “ប៉ុស្ដិ៍លេខ៥ បាននាំតារាល្បីៗគ្រប់ផលិតកម្មមកជួបជុំលើឆាកពិសេសនេះជារៀងរាល់សប្ដាហ៍ ហើយក៏នឹងហៅតារាល្បីៗពីប្រទេសជិតខាងឲ្យច្រៀងជាមួយតារាខ្មែរ ដើម្បីឲ្យកាន់តែប្លែកផងដែរ ដោយស្ថានីយមិនខ្លាចក្នុងការចំណាយថវិកាឡើយ ឲ្យតែអ្នកគាំទ្រប៉ុស្ដិ៍នេះមកទស្សនាឲ្យបានច្រើន៕

facebook