facebook
facebook
Loading...

នាយគ្រឿន មិនហ៊ានជិះយន្តហោះចេញក្រៅ ខ្លាចយន្តហោះជិះវិញ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | 115 | 0 | ម៉ោង 7:21 am

តារាកំប្លែង CTN និងតារាចម្រៀងផលិតកម្មថោន នាយគ្រឿន បានបោះបង់ឱកាសចេញទៅសម្ដែងនៅប្រទេសអាមេរិក អូស្រ្ដាលី និងបារាំង ដោយអះអាងថា មូលហេតុគឺមិនហ៊ានជិះយន្ដហោះហ្នឹងតែម្ដង បានជាចោលលុយដុល្លារ អស់៣ដុំ។

នាយគ្រឿន បានឲ្យដឹងថា ”ធ្លាប់មានប្រទេសទាំង៣ខាងលើ ទាក់ទងមកឲ្យចេញទៅសម្ដែងមែន តែមិនដាច់ ព្រោះខ្ញុំមិនហ៊ានជិះយន្ដហោះទេ ខ្លាចយន្ដហោះជិះខ្ញុំវិញ។ ថ្មីៗនេះ ក៏មានប្រទេសកូរ៉េ ទាក់ទងដែរ តែខ្ញុំជាប់រវល់ថតរឿង ក៏មិនបានទៅដែរ។ ម្យ៉ាងទៀតខ្ញុំធ្លាប់គិតថា បើចេញទៅសម្ដែងនៅស្រុកគេ គឺទាល់តែទៅជាក្រុមបានលេងកើត បើឲ្យយើងទៅម្នាក់ឯង ទៅលេងម៉េចទៅ? ចំពោះការងារខ្ញុំនៅក្នុងស្រុកនេះ ក៏អាចរកលុយបានត្រឹមតែរស់ដែរ ហើយនៅខែក្ដៅអីចឹង យើងរកបានចេះតែសន្សំទុកសម្រាប់ចូលដល់ខែវស្សា យើងរកមិនសូវបាន ចេះតែចាយតិចៗទៅ។ ខ្ញុំមិនបោះបង់ឱកាសទាំងស្រុងទេ ក្នុងការចេញសម្ដែងនៅក្រៅប្រទេស គឺនៅពេលណាដែលគេហៅចេញទៅជាក្រុម គឺយើងនឹងទៅ ព្រោះបើឲ្យទៅម្នាក់ឯង ខ្ញុំមិនទៅទេ ពិបាកណាស់”។

នាយគ្រឿន ជាតួអង្គសំខាន់ក្នុងរឿង ”ផ្ទះចិញ្ចឹមខ្មោច” និងទើបថតចប់រឿង ”ចិញ្ចៀន”, ”ផ្ទះចុងភូមិ” និងកំពុងថតរឿង ”វិញ្ញាណទីងមោង” របស់ផលិតកម្ម LD។

អតីតកម្មករសំណង់ក្លាយទៅជាតារាកំប្លែងល្បីឈ្មោះរូបនេះបានឲ្យដឹងទៀតថា ”តាមពិត ខ្ញុំចង់ចាប់អាជីពចម្រៀងឲ្យស្មើនឹងអាជីពសម្ដែងដែរ ហើយសម្រាប់ឆ្នាំនេះ ថោន ឲ្យ២បទ ក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ គឺបទកន្ទ្រឹម និងបទញាក់។ សម្រាប់យើងជាតារាចម្រៀង អ្នកណាក៏ចង់ច្រៀងបទល្បីដែរ តែបទខ្លះ អ្នកនិពន្ធគិតថា សរសេរទៅល្អ ហើយតែគេមិនស្ដាប់ ក៏មិនដឹងជាធ្វើម៉េចដែរ។ ចំពោះការថតភាពយន្ដវិញ ខ្ញុំមានគេទាក់ទងច្រើន តែដោយសារយើងជាប់រវល់ជាមួយផលិតកម្ម LD ហើយអីចឹងមានការចុះថតរឿងជាបន្ដបន្ទាប់ មិនសូវទំនេរទេ តែខ្ញុំគ្មានភាគហ៊ុននៅ LD ទេ។ សម្រាប់ឆ្នាំ២០១៨នេះ ប្រាក់ចំណូលខ្ញុំ គឺដល់ចំណុចមួយដែលយើងគិតថា គួរសមល្មមរស់បានមិនជាឡើងខ្ពស់ពេក ក៏មិនជាចុះពេកដែរ”។

នាយគ្រឿន ធ្លាប់ល្បីបទ ”សង្ស័យតែឆេះអ៊ីសេ” ដែលចាប់ដៃឆ្លងឆ្លើយជាមួយកញ្ញាអេនីហ្សាម តែបានតែ១បទ ក៏ស្ងប់ស្ងាត់ទៅវិញ ហេតុនេះហើយគេរង់ចាំមើលថា នៅឆ្នាំ២០១៨នេះ នាយគ្រឿន ដែលនឹងចេញ២បទនោះ នឹងល្បីដូចឆ្នាំមុនទៀតឬយ៉ាងណា?៕

facebook