facebook
facebook
Loading...

ម៉ៅ ហាជី សុំបញ្ចប់ជម្លោះជាមួយហង្សមាស ត្រៀមចេញទៅអូស្រ្តាលី

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | 266 | 0 | ម៉ោង 7:04 am

អតីតបេក្ខភាព Cambodian Idol រដូវកាលទី១ តែបរាជ័យក្នុងការកាន់ពាន ព្រោះមិនអាចយកឈ្នះនី រតនា បាន លោកម៉ៅ ហាជី ដែលពេលនេះគឺជាអ្នកចម្រៀងផលិតកម្មថោន នោះ ត្រូវបានហង្សមាស វាយប្រហារចាស់ដៃ អំឡុងពេលដែលផលិតកម្មធំជាងគេក្នុងស្រុកមួយនេះ កំពុងតែក្ដៅក្រហាយរឿងប៊ុត សីហា ពាក់ព័ន្ធគ្រឿងញៀននោះ ហង្សមាស បានឆ្លៀតឱកាសនេះស៊កទៅលើហាជី ឡើងស្ពឹកមុខងើបមិនចង់រួចឡើយ។ តាមរយៈការអត្ថាធិប្បាយរបស់លោកមាស រិទ្ធី អ្នកអានព័ត៌មានពេលព្រឹករបស់ទូរទស្សន៍ហង្សមាស ដែលមានការអនុញ្ញាតពីលោកឧកញ៉អ៊ឹង ឆៃងួន នោះ បញ្ជាក់ថា ម៉ៅ ហាជី ធ្លាប់បានចាញ់ក្ដីផលិតកម្មរស្មីហង្សមាស ចំនួន៣លើកមកហើយ គឺលើកទី១ ហង្សមាស បានប្ដឹងម៉ៅ ហាជី ពីបទរំលោភលើកិច្ចសន្យាទៅចុះកុងត្រាច្រៀងឲ្យផលិតកម្មថោន ទាំងនៅជាប់កុងត្រាជាមួយកម្មវិធី Cambodian Idol របស់ហង្សមាស ហើយតុលាការកាត់ក្ដីឲ្យហង្សមាស ឈ្នះ។ ក្រោយមក ម់ៅ ហាជី បានប្ដឹងបកទៅហង្សមាស វិញ ទៅសាលាឧទ្ធរណ៍ចាញ់ហង្សមាសទៀត និងលើកទី៣ ហាជី ប្ដឹងហង្សមាស ទៅតុលាការសាលាកំពូល ចាញ់ក្ដីហង្សមាស ទៀត គឺសរុបទៅ ហាជី ចាញ់ក្ដីនៅតុលារដល់ទៅ៣លើក។ ហង្សមាស ក៏បានដៀមដាមឲ្យហាជី ថាតើរឿងបែបហ្នឹងតុលាការណាទៅដែលហ៊ានកាត់ក្ដីឲ្យហាជី ឈ្នះនោះ?

តាមរយៈការអត្ថាធិប្បាយរបស់ហង្សមាស កន្លងមកមហាជនបានលើកឡើងថា តារាចម្រៀងថោន ម៉ៅ ហាជី ពិបាកស្ដារកេរ្ដិ៍ឈ្មោះបានណាស់ ព្រោះថាត្រូវហង្សមាស លេងស្ពឹកមុខ ពិបាកងើបមុខបានឡើងវិញ។ ប៉ុន្ដែក្នុងជំនួបផ្ទាល់ជាមួយតារាចម្រៀងរូបនេះ ហាជី ស្នើសុំឲ្យអ្វីៗត្រូវបញ្ចប់នៅពេលនេះតែម្ដង មិនចង់ឲ្យមានការតបតគ្នាសារជាថ្មីទៀតនោះទេ។

ម៉ៅ ហាជី ប្រាប់ថា ”អូបង! រឿងហ្នឹងខ្ញុំសូមមិនធ្វើការបកស្រាយអីតទៅទៀតទេ គឺសូមបញ្ចប់ត្រឹមប៉ុណ្ណឹងទៅចុះ។ ខ្ញុំមិនចង់និយាយរឿងហ្នឹង ទេ គឺសូមឲ្យចប់តែម្ដង”។

ម៉ៅ ហាជី ធ្លាប់ជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី១ ដែលមានភាពលេចធ្លោ តែខកចិត្តមិនបានកាន់ពាននោះ អំឡុងពេលដែលជ្រកកោនក្រោមដំបូលផលិតកម្មថោន នេះ រូបគេនៅមិនទាន់អាចសាងភាពភ្ញាក់ផ្អើលខ្លាំងដូចការរំពឹងទុកឡើយ បើទោះជាក្នុងចំណោមតារាចម្រៀងប្រុសនៅថោន ហាជី ហាក់មានសមត្ថភាពលេចធ្លោជាងគេក្ដី។ អ្វីដែលគួរឲ្យមានចម្ងល់ថែមទៀតនោះ ម៉ៅ ហាជី ដែលគួរតែបានច្រៀងឆ្លងឆ្លើយជាមួយកំពូលតារាចម្រៀងមាស សុខសោភា ព្រោះមានសមត្ថភាពខ្ពស់ដូចគ្នានោះ ក៏នៅតែមិនទាន់ឃើញថោន ធ្វើបទចម្រៀងបែបយុវ័យឲ្យតារាទាំង២បានចាប់ដៃគ្នាដែរ។

តារាចម្រៀងដែលមកពីខេត្តបាត់ដំបង រូបនេះ បន្ថែមថា ”រឿងខ្ញុំមិនទាន់បានច្រៀងជាមួយបងមាស សុខសោភា ច្រើនបទនោះ ខ្ញុំក៏មិនដឹងដែរ ព្រោះនៅលើការរៀបចំរបស់ក្រុមហ៊ុន។ តែសម្រាប់បទចម្រៀងចូលឆ្នាំខ្មែរនេះ ខ្ញុំត្រៀមចេញ៤បទ ដែរ ក្នុងនោះមាន៣បទម្នាក់ឯង និងមួយបទទៀត ជាមួយកញ្ញាស៊ីរីកា។ នៅអំឡុងខែមេសា ចូលឆ្នាំខ្មែរនេះដែរ ខ្ញុំនឹងត្រៀមចេញទៅច្រៀងសម្ដែងនៅប្រទេសអូស្រា្ដលី រយៈពេលខ្លី ដោយរួមដំណើរជាមួយកញ្ញានី រ័ត្ន និងបងហុងដា”។

ម៉ៅ ហាជី ធ្លាប់រងការរិះគន់ថា បានល្បីឈ្មោះបានបោះបង់ចោលប្រពន្ធមិនទាន់រៀបការ និងកូន២នាក់ ទៅភ្ជាប់ស្នេហ៍ថ្មី តែដំណឹងនេះត្រូវបានហាជី ច្រានចោល ដោយថាខ្លួនមិនដែលរៀបការ និងមានប្រពន្ធកូនឡើយ៕

facebook