facebook
facebook
Loading...

ឪពុកភិន សុដាលីស ផ្ទុះប្រតិកម្ម ពេលប៉ែន ចំរ៉ុង ពោលនឹកកូនស្រី

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | 190 | 0 | ម៉ោង 9:05 am

ភ្នំពេញ ៖ បន្ទាប់ពីបានស្តាប់ឮពាក្យត្អូញត្អែររបស់តារាសម្តែង ប៉ែន ចំរ៉ុង ដែលជាអតីតកូនប្រសា ពោលថានឹក និងចង់ជួបមុខកូនស្រី រួចមក ស្រាប់តែម្ចាស់ផលិតកម្មមហាហង្ស លោកអ៊ិន សុភិន ហាក់បង្ហាញនូវប្រតិកម្មតបភ្លាមៗ ដោយបានបង្ហោះសារមួយតាមរយៈបណ្តាញសង្គមហ្វេសប៊ុក លើកឡើងថា ចៅស្រីរបស់លោកនៅពេលដែលធំដឹងក្តីឡើង ដឹងថាឪពុកគឺជាមនុស្សដែលធ្លាប់ប្រើទង្វើ និងពាក្យសម្តី ព្រមទាំងចេតនាចង់សម្លាប់កូនតាំងពីនៅក្នុងផ្ទៃ តើចៅស្រីនឹងមានអារម្មណ៍បែបណា? អាចទទួលស្គាល់ឪពុកបែបនេះដែរទេ?

រំលងបានតែប៉ុន្មានម៉ោងប៉ុន្មាន បន្ទាប់ពីមានព័ត៌មានផ្សព្វផ្សាយសម្តីរបស់តារាសម្តែងប៉ែន ចំរ៉ុង ដែលបានបង្ហាញពីអារម្មណ៍របស់ខ្លួនថា កំពុងនឹក និងចង់ជួបមុខកូនស្រីតែមួយគត់របស់ខ្លួន ជាមួយអ្នកនាងភិន សុដាលីស រួចមក លោកអ៊ិន សុភិន ដែលជាជីតាកំពុងថ្នាក់ថ្នមបីបាច់ចៅស្រីដោយផ្ទាល់ដៃ បានបង្ហាញនូវអារម្មណ៍មិនពេញចិត្ត និងបញ្ចោញនូវប្រតិកម្មតបវិញភ្លាមៗ ទៅកាន់អតីតកូនប្រសា គឺលោកប៉ែន ចំរ៉ុង។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកអ៊ិន សុភិន បានបង្ហោះសារវែងអន្លាយមួយ កាលពីវេលាម៉ោងជាង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ថា “ចៅស្រីសំណប់ចិត្តរបស់តា ពេលនេះចៅមានអាយុ១ឆ្នាំ៥ខែហើយ ចៅមានតម្លៃមិនអាចកាត់ថ្លៃ បានក្នុងជីវិតរបស់តា ចៅជាឱសថអាចព្យាបាលជំងឺមួយរយមុខរបស់តាឱ្យជា នឹងធ្វើឱ្យតាមានសេចក្តីសុខបំផុតក្នុងជីវិត តាំងពីចៅនៅក្នុងពោះម្តាយចៅរហូតដល់ពេលនេះ។ ចុះបើចៅធំដឹងក្តីឡើងពេលដែលចៅដឹងថា ៖

-ឪពុករបស់ចៅជាឃាតករ ចង់សម្លាប់កូនខ្លួនឯង ដោយឱ្យម្តាយចៅទំលាក់កូនចោលតាំងពីចៅអាយុ៣ខែក្នុងពោះ តើចៅមានអារម្មណ៍យ៉ាងណាចំពោះឪពុកម្នាក់នេះ?

– ឪពុកចៅធ្វើបាបម្តាយចៅ ដោយរត់ចោលទាំងចៅនៅក្នុងពោះ៣ខែ តើម្តាយចៅលំបាកប៉ុណ្ណា?

-ឪពុកចៅដើរនិយាយប្រាប់គេថា ពេលដែលចៅកើតមកនឹងមិនមានរូបកាយគ្រប់លក្ខណៈទេ ដោយម្តាយចៅជាមនុស្សមិនគ្រប់ទឹក ឆ្កួតមិនដឹងអី។

-ឪពុកចៅប្តឹងទៅតុលាការដើម្បីលែងម្តាយចៅ និងមិនទទួលស្គាល់ចៅនៅមុខតុលាការពេលចៅអាយុ៤ខែក្នុងពោះ ម្តាយចៅខំអង្វរយ៉ាងណាក៏ឪពុកចៅមិនព្រម ពេលនោះចៅក៏ក្លាយជាទារកកំព្រាឪពុកតាំងពីពេលនោះមក ម្តាយចៅខំកាត់កេរ្តិ៍កាត់ខ្មាស់ លះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីឪពុកចៅ តែទីបំផុតម្តាយចៅបានត្រឹមតែទទួលភាពអាម៉ាស់ និងថោកទាបបំផុតនៅនឹងមុខតុលាការ និងមុខមហាជនរាប់លាននាក់។ ម្តាយចៅប្រឹងតស៊ូលំបាកទាំងផ្លូវកាយផ្លូវចិត្តមកទល់ពេលនេះ ដើម្បីរូបចៅ ដោយត្រូវបក្ខពួករបស់ឪពុកចៅដើរនិយាយបរិហារកេរ្តិ៍ខុសពីការពិត តើម្តាយចៅឈឺចាប់ប៉ុណ្ណា? មានរឿងជាច្រើនទៀតដែលឪពុកចៅបានធ្វើមកលើម្តាយចៅនិងរូបចៅផ្ទាល់។ ពេលដែលចៅបានដឹងទង្វើដ៏ថោកទាបរបស់ឪពុកចៅ តើចៅមានអារម្មណ៍យ៉ាងណាចំពោះឪពុករបស់ចៅ? ពេលនេះឪពុកចៅនិយាយថា គេស្រលាញ់ចៅ កូនសំណប់ចិត្តឪពុក ឪពុកនឹកកូនរកអ្វីប្រៀបផ្ទឹមពុំបាន តើចៅយល់ឃើញ និងមានអារម្មណ៏យ៉ាងណា? តើអាចទទួលស្គាល់ឪពុកនេះបានទេ? តាម្នាក់នេះ នឹងខំមើលចៅឱ្យបានល្អបំផុត…”។

ទាក់ទងទៅនឹងប្រតិកម្មរបស់លោកអ៊ិន សុភិន ខាងលើនេះ តារាសម្តែងប៉ែន ចំរុង បានបញ្ជាក់យ៉ាងខ្លីថា “ខ្ញុំគ្រាន់តែបង្ហាញពីអារម្មណ៍នឹករបស់ខ្ញុំ ខ្ញុំមិនបានទៅប៉ះពាល់នរណាទេ។ អ៊ីចឹងគាត់និយាយអី និយាយចុះ ខ្ញុំសុំមិនឆ្លើយមិនឆ្លង មិននិយាយអ្វីទាំងអស់ តែវាមិនអាចកាត់ផ្តាច់អារម្មណ៍នឹករបស់ខ្ញុំបានទេ…”។

គួររំលឹកថា លោកប៉ែន ចំរ៉ុង បានដាក់ពាក្យប្តឹងសុំលែងលះភរិយា គឺអ្នកនាងភិន សុដាលីស កាលពីអំឡុងចុងខែមេសា ឆ្នាំ២០១៦ កន្លងទៅ ពោលគឺតាំងពីកូនក្នុងផ្ទៃ ទើបនឹងមានអាយុ៤ខែម៉្លេះ ក្រោមហេតុផលថា រស់នៅមិនចុះសម្រុងនឹងគ្នា។ រហូតមកដល់ពេលនេះ Katherina ដែលជាចៅស្រីសំណប់ចិត្ត មានតម្លៃលើសពីកែវភ្នែករបស់លោកអ៊ិន សុភិន មានអាយុកាល១ខួប៥ខែហើយ និងមានមុខមាត់គួរឱ្យគ្រឺតក្នាញ់ខ្លាំងណាស់៕

facebook