facebook
facebook
Loading...

ស្រលាញ់ស្រាភ្លេចប្រពន្ធ គ្រោះធ្ងន់ជាប់ច្រវាក់

​ Seyha Hem​​ | ថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | 157 | 0 | ម៉ោង 1:48 am

បុរសម្នាក់នេះ ដើមឡើយ ពូកែរកស៊ី និងស្រលាញ់ប្រពន្ធណាស់ លុះគាត់ញៀន ស្រា ថ្ងៃណាក៏ស្រវឹងជោក ស្រាប់តែស្អប់ ប្រពន្ធដូចខ្មាំងសត្រូវ ក្លាយជាមនុស្សវង្វេងវង្វាន់លែង ស្គាល់ខុសត្រូវ។ ប្រឈមបញ្ហានេះ បងប្អូនក៏ចាប់គាត់ដាក់ច្រវាក់ ដើម្បីផ្តាច់ស្រា ងាកមកស្រលាញ់ប្រពន្ធវិញ ប៉ុន្តែ បើមិនព្រមកែ នៅតែជាប់ច្រវាក់រហូត…។

លោកសុខ ប៊ី អាយុ៤២ឆ្នាំ ជាកូនពៅក្នុងចំណោម បងប្អូន៥នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះយាវ យ៉េម អាយុ៧៨ឆ្នាំ រស់នៅភូមិបាយទា ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បានរៀបរាប់ទាំងដៃស្តាំជាប់ច្រវាក់ថា លោកជាកូនកសិករក្រលំបាក រៀនសូត្របានត្រឹមថ្នាក់ទី៤ ក៏ ឈប់ទៅ។ លុះអាយុ១៤ឆ្នាំ បានចេញទៅសាងផ្នួសនៅវត្តដំបងដែក បាន៥វស្សា នៅមិនសុខសោះ ក៏សុំគ្រូលាចាកសិក្ខាបទ ទៅជួយធ្វើស្រែ ម្តាយមេម៉ាយវិញ។ លុះមានវ័យ២២ឆ្នាំ ក៏ចាប់ចិត្តប្រតិព័ទ្ធទៅ លើនាងក្រមុំម្នាក់ឈ្មោះឆាយ សុខា អាយុប្អូនលោក២ឆ្នាំ រស់ នៅភូមិស្រុកជាមួយគ្នា ហើយចាស់ទុំបានដឹងឮក៏ចាត់ចែងរៀបការឱ្យតាមប្រពៃណីទៅ។ ក្រោយពីរៀបការ

រួចមក ដោយគ្មាន ជំនាញអ្វីឱ្យប្រាកដ លោកដឹងតែដើរស៊ីឈ្នួលជួលព័ទ្ធគេប៉ុណ្ណោះ ចំណែករឿងយប់ព្រលប់វិញ ទោះជាលោកនឿយហត់យ៉ាងណា ក៏លោកមិនភ្លេចថ្នាក់ថ្នមភរិយា បង្កើនសុភមង្គលគ្រួសារជានិច្ច ពុំដែលហ៊ានទៅភ្លក្សស្រីញីឯណាផ្សេងក្រៅពីប្រពន្ធនោះ ឡើយ រហូតដល់បង្កើតបានកូនប្រុសស្រី៥នាក់ ជាចំណងដៃនិស្ស័យស្នេហ៍។
លោកសុខ ប៊ី បន្តទៀតថា តាំងពីចូលឆ្នាំ២០១៦ មក លោកតែងទៅធ្វើការងារសំណង់ឆ្ងាយ ពីផ្ទះ លុះពេលឈប់សម្រាកពីការងារ តែងជួបជុំមិត្តភក្តិកម្មករដូចគ្នាផឹកស្រាថ្នាំ ឬស្រា-ស ក្លែមជ្រក់ ស្ពៃ ជ្រក់ល្ហុង ពុំដែលស្គាល់គ្រឿងក្លែមថ្លៃៗ នេះទេ សូម្បីតែស្រាបៀរក៏មិនសូវហ៊ានផឹកដែរ ព្រោះវាថ្លៃ។ ការផឹកស្រា-ស យូរៗទៅ ក៏កើតជាការញៀនញ៉ាមអត់មិនបាន ឱ្យតែឃើញចេះតែស្រក់ទឹកមាត់ រហូត ដល់ស្រលាញ់ស្រាជាងប្រពន្ធ។ យប់ខ្លះ ទោះជាដេកក្បែរប្រពន្ធ ក៏ភ្លេចលូកលាន់ដូចមុន ហើយទោះជា ប្រពន្ធកេះកៀវយ៉ាងណាក៏លោកធ្វើព្រងើយកន្តើយ

លោកសុខ ប៊ី ពេលដៃកំពុងជាប់ច្រវ៉ាក់

ជានិច្ច។ លុះចូលមកដល់ឆ្នាំ២០១៧ ឱ្យតែប្រពន្ធ សួរនាំបន្តិច ដូចមានកំរោលចូល សង្កត់អារម្មណ៍លោកឱ្យខឹងសម្បាជេរស្តីប្រពន្ធទាំងយប់។ លោក មើលទៅប្រពន្ធដូចកូនក្មេង ចង់តែចាប់គ្រញេចដូចចៃ និងតែងរត់ចូលព្រៃ ទាំងវង្វេងវង្វាន់លែងដឹង ខុសត្រូវអ្វីទាំងអស់។ នៅពេលប្រពន្ធសួរថា តើប្រពន្ធ និងស្រា លោកយកមួយណា? លោកក៏ឆ្លើយថា យកស្រាសវិញ ព្រោះប្រពន្ធមិនសំខាន់ដល់ស្រានោះទេ។ បន្ទាប់ពីឮចម្លើយច្បាស់លាស់បែបនេះ ស្រាប់តែប្រពន្ធហៅបងប្អូនឱ្យចាប់លោកដាក់ច្រវាក់តែម្តង ហើយចោទថា លោកឆ្កួត តាមពិត លោកមិនឆ្កួតទេ។
ដោយឡែក អ្នកស្រីឆាយ សុខា អាយុ៤០ឆ្នាំ ជាប្រពន្ធបានឱ្យដឹងថា មុនដំបូង តាំងពីចាប់ដៃ គ្នាមក ប្តីនេះពូកែរកស៊ីណាស់ មិនដែលខ្ជិលច្រអូសអ្វីឡើយ។ ឆ្លើយតបនឹងអំពើល្អនេះ អ្នកស្រី ក៏ផ្តល់ឱ្យប្តីនូវសេចក្តីស្រលាញ់ឥតព្រំដែន រហូតបង្កើតបានកូន៥នាក់ ជាចំណងនិស្ស័យ។ ទើបតែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្តីចេញទៅធ្វើការសំណង់ ក៏បែកគំនិតចេះស៊ីផឹកតាមមិត្តភក្តិ និងផឹកតែ ស្រា-ស មិនដឹងគេដាក់ថ្នាំអ្វីទេ ស្រាប់តែវង្វេងវង្វាន់ ស្រលាញ់ស្រា

អ្នកស្រីឆាយ សុខា កំពុងដុះថ្នាំឲ្យប្តី

ជាងប្រពន្ធ។ មុនដំបូង អ្នកស្រី មិនខឹងប៉ុន្មានទេ ដោយគិតថា បើមានគេដាក់ថ្នាំក្នុងស្រាធ្វើឱ្យវង្វេងវង្វាន់ លុះបានថ្នាំបន្សាប ឬរក គ្រូជួយស្តោះផ្លុំ នឹងជាសះស្បើយវិញ ប៉ុន្តែអ្វីដែលអ្នកស្រីអន់ចិត្តនៅពេលសួរថា រវាងប្រពន្ធ និងស្រា យកមួយណា? ប្តីក៏ឆ្លើយថា យកស្រាវិញ និង បន្តុះបង្អាប់ប្រពន្ធថា ចាញ់ដបស្រាទៅទៀត។ ជួនកាល បន្ទាប់ពីបន្តុះបង្អាប់គាត់រួច ប្តីនេះដើរទៅព្រៃ បាត់ ទើបអ្នកស្រីយល់ថា គេទៅរកផឹកស្រាតែម្តង ទើបអ្នកស្រីសម្រេចចិត្តហៅបងប្អូនឱ្យជួយចាប់ប្តីនេះ ដាក់ច្រវាក់បណ្តោះអាសន្នសិន ដើម្បីផ្តាច់ជាតិស្រា។ កាលបើគេដាច់ជាតិស្រា ច្បាស់ជាសតិបញ្ញាវិលមករកភាពធម្មតាវិញ ប៉ុន្តែពេលនេះ បើដោះលែង ឱ្យដើរតាមចិត្ត ជួនកាល ប្តីអាចបង្កអំពើហិង្សាដល់ កូនប្រពន្ធ ឬអ្នកជិតខាងមិនខានឡើយ។

អ្នកស្រីឆាយ ទ្រី

អ្នកស្រីឆាយ ទ្រី អាយុ៦០ឆ្នាំ ជាម្តាយមីង បានឱ្យដឹងថា ក្មួយប្រសាប្រុសរបស់គាត់ កាលពីមិន- ទាន់ញៀនស្រា គឺគេស្រលាញ់ថ្នាក់ថ្នមប្រពន្ធណាស់ បើប្រពន្ធចេញទៅណាមួយជំហានក៏តាមនាងស្អិត។ តាំងពីដុះមេស្រាមក គេវង្វេងវង្វាន់លែងដឹងខុស ត្រូវទើបគ្រប់គ្នាឯកភាពថា ត្រូវចាប់ដាក់ច្រវាក់ បង្អត់ស្រា កុំឱ្យផឹកតទៅទៀត ដោយបង្គាប់ប្រពន្ធឱ្យរកថ្នាំ ប្ញសឈើមកដាំឱ្យប្តីផឹកវិញ ក្រែងអាចបន្សាបមេស្រា បានខ្លះ និងវិលមករកភាពប្រក្រតីវិញ។
រីឯអ្នកភូមិចំនួនទៀត បានឱ្យដឹងថា មនុស្សដុះមេស្រា បើបង្អត់ភ្លាមៗ តាមរបៀបចាប់ដាក់ច្រវាក់ នោះ ជួនកាលក៏ធ្លាក់ខ្លួនឈឺដល់ស្លាប់ក៏សឹងមាន ព្រោះ ដាច់ជាតិស្រា។ បើយកល្អ គួរឱ្យគេផឹកបន្តិចៗ កុំឱ្យដាច់ជាតិស្រា រួចកាត់បន្ថយរាល់ថ្ងៃ រហូតឈប់ផ្តល់ ឱ្យតែម្តង ដូចមនុស្សផ្តាច់បារី ពីធ្លាប់ជក់១ថ្ងៃ ២កញ្ចប់ ត្រូវបន្ថយមកជក់១ថ្ងៃ១កញ្ចប់វិញ រួចកាត់បន្ថយ ៣ដើមក្នុង១ថ្ងៃ ដោយបៀមស្ករគ្រាប់ជំនួស។ លុះ យូរៗទៅ គេអាចផ្តាច់បារីបានទាំងស្រុង ដោយគ្មានផលវិបាក តែបើផ្តាច់ព្រឹបៗនោះ នាំឱ្យបាត់បង់ប្រាជ្ញា។
គួរបញ្ជាក់ថា បុរសដុះមេស្រាក្លាយជាមនុស្ស វង្វេងវង្វាន់ឡប់សតិបែបនេះ “អង្គរធំ” ធ្លាប់ចុះផ្សាយ ជាហូរហែ គួរតែក្រុមគ្រួសារខំជួយព្យាបាលឱ្យអស់ពី លទ្ធភាព ព្រោះដុះមេស្រា ក៏ដូចជាដុះមេថ្នាំញៀនយ៉ាង នោះដែរ សុទ្ធតែបង្កផលវិបាកដល់សង្គម…”៕​

facebook