facebook
facebook
Loading...

ទារ៥មុឺនដុល្លារ!!! ១គ្រួសារប្តឹងចៅអធិការវត្ត រឿងវ៉ៃកំទេចចេតិយដូនតា

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 103 | 0 | ម៉ោង 7:34 am

ខេត្តព្រៃវែង ៖ ព្រះចៅអធិការវត្តពោធិ៍ដ្ឋាន ហៅវត្តថ្លាវ មានទីតាំងស្ថិតនៅក្នុងភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ត្រូវបានប្រជាពលរដ្ឋ១គ្រួសារ ចោទប្រកាន់ថា បានវាយកំទេចចេតិយដូនតារបស់ពួកគាត់ ដែលស្ថិតនៅក្នុងបរិវេណវត្តចោល និងបានប្តឹងទាមទារសំណងជំងឺចិត្តចំនួន៥ម៉ឺនដុល្លារ។

ព្រះចៅអធិការវត្តថ្លាវ ដែលទទួលរងការចោទប្រកាន់ និងបណ្តឹងទាមទារសំណង៥ម៉ឺនដុល្លារ មានព្រះនាមឈាង ផល្លី។ ចំណែកភាគីដើមបណ្តឹង តំណាងដោយលោកប៉ែន សារ៉ាត់ ហៅប៉ែន រ័ត្ន ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ជុំវិញរឿងរ៉ាវចម្រូងចម្រាស់ខាងលើនេះ ព្រះសង្ឃ និងគណៈកម្មការវត្តថ្លាវ បានអះអាងកាលពីវេលាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ថា មុននឹងវាយចេតិយនោះ ខាងវត្តបានជូនដំណឹងទៅម្ចាស់ចេតិយចំនួន២លើកមកហើយ ដើម្បីពិភាក្សាគ្នា ប៉ុន្តែពួកគេបានមិនអើពើសោះ ទើបវត្តសម្រេចវាយចោល ដើម្បីយកកន្លែងសាងសង់ព្រះអង្គប្រសូត្រ សម្រាប់បម្រើប្រយោជន៍រួមនៃពុទ្ធបរិស័ទ។

ប្រភពដដែលបន្តថា ចេតិយចាស់នោះមានទីតាំងនៅចំកណ្តាលវត្ត ហើយគណៈកម្មការអាចារ្យព្រះសង្ឃ បានប្រជុំសម្រេចធ្វើចេតិយថ្មីនៅជិតរបងវត្ត ដោយយកធាតុដូនតាដែលនៅក្នុងចេតិយចាស់នោះ ទៅដាក់នៅក្នុងចេតិយថ្មី រួចទើបវាយចេតិយចាស់នោះតាមក្រោយ ដើម្បីយកទីតាំងសាងសង់ព្រះអង្គប្រសូត្រ។ ហើយមុននឹងវាយចេតិយនេះ វត្តបានជូនដំណឹងទៅម្ចាស់ចេតិយ ចំនួន២លើក តាមរយៈលោកអ៊ាង ឈួន អតីតក្រុមប្រឹក្សាស្រុកស្វាយអន្ទរ។

ទោះយ៉ាងណា ទំនាស់មួយនេះត្រូវព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីបទធ្វើឱ្យខូចខាត ដោយចេតនា។

ព្រះចៅអធិការវត្តថ្លាវ ព្រះនាម ឈាង ផល្លី មានសង្ឃដីកាថា វត្តរបស់ព្រះអង្គមានព្រះសង្ឃគង់នៅសរុប១៦អង្គ ហើយកំពុងអភិវឌ្ឍឥតឈប់ឈរ។ ប៉ុន្តែព្រះអង្គ និងគណៈកម្មការវត្ត ត្រូវបានលោកប៉ែន សារ៉ាត់ ហៅប៉ែន រ័ត្ន ជាព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ប្តឹងថា វាយចេតិយគេចោល ដោយមិនបានជូនដំណឹងមុន និងបានទាមទារសំណងចំនួន៥ម៉ឺនដុល្លារ។

ចំណែកលោកតា អ៊ាង ឈួន អតីតក្រុមប្រឹក្សាស្រុកស្វាយអន្ទរ មានលំនៅក្នុងភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ បានអះអាងថា មុនវាយចេតិយនោះ លោកតាបានផ្តល់ព័ត៌មានឱ្យឈ្មោះសួន ស្រេង ជាកូនប្រសាររបស់ម្ចាស់ចេតិយនោះវចំនួន២ដង ដោយលើកទី១ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៣ និងលើកទី២ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ នៅមន្ទីរបក្សស្រុក ដោយលោកតាបានប្រាប់ថា ចេតិយឯងគេត្រូវវាយចោលហើយ ដើម្បីយកកន្លែងធ្វើព្រះប្រសូត្រ។ ប៉ុន្តែក្រុមគ្រួសារម្ចាស់ចេតិយនោះ គេមិនរវល់ ទើបគណៈកម្មការព្រះសង្ឃសម្រេចវាយចោលតែម្តង ដោយបានយកធាតុឪពុកម្តាយរបស់ពួកគេទៅដាក់ក្នុងចេតិយថ្មី។

លោកប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានឱ្យដឹងថា រឿងនេះព្រះសង្ឃនិងគណៈកម្មការមិនខុសទេ ព្រោះបានជូនដំណឹងត្រឹមត្រូវមុនវាយចោល។ ម៉្យាងវិញទៀតកន្លែងនេះជាដីវត្ត ព្រះសង្ឃមានសិទ្ធិរើរុះ ធ្វើការអភិវឌ្ឃន៍តាមតម្រូវការពុទ្ធបរិស័ទចំណុះជើងវត្ត។

ជុំវិញករណីខាងលើនេះ មានប្រជាពលរដ្ឋយ៉ាងតិចចំនួន២ភូមិ គឺភូមិថ្លាវ និងភូមិពោធិ៍ចិន្តា ក្នុងឃុំស្វាយអន្ទរ សរុបចំនួន២៦៧នាក់ បាននាំគ្នាផ្តិតមេដៃគាំទ្រព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត ដោយបានដាក់ពាក្យប្តឹងទៅខុទ្ធកាល័យសម្តេចហ៊ុន សែន កាលពីពេលកន្លងមក និងត្រូវខុទ្ធកាល័យសម្តេចបានចេញដីកាបញ្ជូន កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ឱ្យមកលោកប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ជាអ្នកទទួលបន្ទុកដោះស្រាយរឿងនេះ។ យ៉ាងណា ប្រជាពលរដ្ឋទាំង២ភូមិខាងលើ បានសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ពិសេស សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយបញ្ចប់រឿងនេះក្នុងពេលឆាប់ខាងមុននេះផង។

ពាក់ព័ន្ធទៅនឹងវិវាទខាងលើនេះ “នគរធំ“ មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីម្ចាស់ចេតិយខាងលើបាននៅឡើយ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

facebook