facebook
facebook
Loading...

ទើបចេញពីមណ្ឌលកែប្រែ កាន់ទីបដេញវាយអ្នកជិតខាង សមត្ថកិច្ចចាប់ចូលគុក

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 84 | 0 | ម៉ោង 9:09 am

ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនថ្នាំ ខឹងនឹងអ្នកជិតខាងដែលហ៊ានរាយការណ៍ឱ្យសមត្ថកិច្ចចាប់ខ្លួន លុះពេលចេញមកវិញ ក៏ស្ទាក់វ៉ៃអ្នកជិតខាងរូបនោះ បំណងស្រាយគំនុំចាស់ តែមិនបានសម្រេច ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនចូលពន្ធនាគារវិញ។

ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅចំនុចមុខសាលាបឋមសិក្សាពោធិរោង ស្ថិតក្នុងភូមិពោធិរោង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះផេង ធារ៉ា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះសុខ គឹមយ៉េង អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ផ្ទះក្បែរគ្នា)។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកគុបមូល ត្រឡប់ពីយកកេសស្រាបៀរ មកដាក់កូនមាន់របស់ខ្លួន លុះធ្វើដំណើរមកដល់ចំណុចខាងលើ ក៏បានឃើញជនសង្ស័យនោះកំពុងឈរស្ទាក់ពីមុខ ដោយក្នុងដៃមានកាន់បំពង់ទីបជ្រុង ប្រវែង១ម៉ែត្រ បម្រុងរកវាយទៅលើជនរងគ្រោះ តែត្រូវជនរងគ្រោះឃើញទាន់ ក៏ផ្តួលម៉ូតូរត់គេចខ្លួនតាមច្រកផ្ទះឈ្មោះស៊ុំ ម៉ាប់ រួចចូលមកផ្ទះខ្លួនវិញ ហើយយកទូរស័ព្ទទាក់ទងទៅកម្លាំងនគរបាលប៉ុស្តិ៍អញ្ចើម ជួយអន្តរាគមន៍ ដើម្បីចាប់ខ្លួនជនបង្កនោះទៅដាក់ទោសតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានស្ទាក់វាយជនរងគ្រោះមែន តែមិនទាន់បានសម្រេចនៅឡើយ មូលហេតុដោយសារតែរូបគេមានគំនុំជាមួយនឹងជនរងគ្រោះ ដែលធ្លាប់មើលងាយខ្លូនថាមនុស្សញៀនថ្នាំ និងធ្លាប់រាយការណ៍ប្រាប់ប៉ូលិសរឿងខ្លួនជក់ថ្នាំញៀន រហូតដល់សមត្ថកច្ចិបានចាប់បញ្ជូនទៅមណ្ឌលកែប្រែស្តារកាយនិតិសម្បទានៅទន្លេបាទី កាលពី៣ខែមុន។ លុះពេលវិលត្រឡប់ពីមណ្ឌលកែប្រែវិញ រូបគេធ្លាប់បានអុកឡុកជេរប្រមាថគំរាមកំហែងឪពុកម្តាយច្រើនលើកច្រើនសារដែរ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

facebook