facebook
facebook
Loading...

វិបត្តិផ្លូវចិត្តរឿងអ្វី??? ស្ត្រីខូចចិត្តលោតទឹកសម្លាប់ខ្លួន បោកក្បាលនឹងថ្មស្លាប់

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 112 | 0 | ម៉ោង 9:36 am

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី រកដំណោះស្រាយមិនចេញ ក៏បែកគំនិតគិតខ្លី បញ្ចប់ជីវិតខ្លួនឯងដោយការលោតពីលើស្ពានសម្លាប់ខ្លួន បណ្តាលឱ្យធ្លាក់បោកក្បាលផ្ទប់នឹងដុំថ្មបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨និង៥៧នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចស្ពានស្ទឹងកំរៀង ស្ថិតក្នុងក្រុមទី២ ភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង។

ស្ត្រីរងគ្រោះដែលលោតពីលើស្ពានសម្លាប់ខ្លួនខាងលើនេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណជាង៣០ឆ្នាំ ស្លៀកសំពត់ពណ៌ខៀវ មានផ្កាពីក្រៅ ស្លៀកខោជើងវែងពណ៌ក្រម៉ៅពីក្នុង និងពាក់អាវដៃវែង ពណ៌បៃតងក្រឡាការ៉ូធំ។

តាមប្រភពពីបុរសម្នាក់ឈ្មោះជាង សម្បត្តិ អាយុ៤៥ឆ្នាំ រស់នៅក្បែរកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានដើរកាត់លើស្ពានកំរៀង ក្នុងគោលបំណងដើម្បីទៅទិញគុយទាវហូប ក៏បានប្រទះឃើញស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ កំពុងឈររេរានៅលើស្ពាន តែគាត់ក៏មិនបានចាប់អារម្មណ៍ថា ស្ត្រីរងគ្រោះរូបនោះប៉ងលោតទឹកសម្លាប់ខ្លួនដែរ ស្រាប់តែពេលដែលគាត់ដើរផុតបន្តិច ខណៈដែលមិនមានមនុស្សណាម្នាក់នៅក្បែរនោះផង ស្ត្រីរងគ្រោះក៏បានស្ទុះលោតពីលើស្ពានចុះទៅក្នុងទឹកស្ទឹង ដែលមានជម្រៅត្រឹមក្បាលជង្គង់ និងមានថ្មនៅពីក្រោម បណ្តាលឱ្យបែកក្បាលស្លាប់នៅនឹងកន្លែងភ្លាមៗតែម្តង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យដល់កន្លែងកើតហេតុភ្លាមៗដែរ។

ជុំវិញករណីលោតទឹកស្ពានធ្វើអត្តឃាតខាងលើនេះ មិនមានប្រភពណាមួយអាចបញ្ជាក់ឱ្យដឹងពីមូលហេតុដែលនាំឱ្យស្ត្រីរងគ្រោះគិតខ្លី ធ្វើអត្តឃាតបែបនេះឡើយ។ ហើយពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកអត្តសញ្ញាណ និងក្រុមគ្រួសារស្ត្រីរងគ្រាះ ដើម្បីទទួលយកសាកសពទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

facebook