facebook
facebook
Loading...

គួរឲ្យសោកស្តាយ!!! កូនផ្សោតកើតបាន៧ថ្ងៃ ទម្ងន់ជិត១០គីឡូក្រាម ងាប់អណ្តែតទឹកទន្លេមេគង្គ

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 168 | 0 | ម៉ោង 10:46 am

ខេត្តស្ទឹងត្រែង ៖ កូនផ្សោតមួយក្បាល ត្រូវបានប្រទះឃើញងាប់អណ្តែតទឹកទន្លេមេគង្គ នៅចំណុចក្បាលកោះល្ង ក្នុងភូមិកោះល្ង ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។

តាមប្រភពអង្គការ WWF បានឱ្យដឹងនៅ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ថា ជាការគួរឱ្យសោកស្តាយយ៉ាងខ្លាំងនៅពេលទទួលដំណឹងថា មានការស្លាប់នៃកូនសត្វផ្សោតនាពេលនេះ។ សាកសពកូនផ្សោតនោះ ត្រូវបានប្រទះឃើញអណ្តែតទឹកទន្លេមេគង្គ កើលនឹងខ្សាច់ ត្រង់ចំណុចទីតាំងខាងលើ នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ជាកសិករម្នាក់ ឈ្មោះប៉ៃ ទីង រស់នៅក្នុងភូមិខាងលើ។

ប្រភពដដែលបានបញ្ជាក់ថា បន្ទាប់ពីប្រទះឃើញសពកូនផ្សោតភ្លាម លោកប៉ៃ ទីង បានរាយការណ៍ជូនលោកដន បាន់ មេភូមិអន្លង់ស្វាយ និងជាមន្ត្រីឆ្មាំទន្លេប្រចាំប៉ុស្តិ៍អន្លង់ឈើទាល ពេលនោះលោកដន បាន់ ក៏នាំក្រុមការងារឆ្មាំទន្លេ ចុះទៅត្រួតពិនិត្យ និងយកសពកូនផ្សោតនោះមករក្សាទុកនៅប៉ុស្តិ៍អន្លង់ឈើទាល រួចក៏រាយការណ៍ទៅលោកស្រី សម វិចិត្រ នាយរងខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង និងជាប្រធានឆ្មាំទន្លេខេត្តស្ទឹងត្រែង បន្ទាប់មក លោកស្រី សម វិចិត្រ ក៏បានផ្តល់ព័ត៌មាននេះមកលោកកែវ សំណាង ប្រធានក្រុមការងារផ្នែកអនុវត្តច្បាប់របស់អង្គការ WWF ខេត្តក្រចេះ។

កូនផ្សោត ដែលស្លាប់នេះ មានទម្ងន់៩,៦គីឡូក្រាម មានប្រវែង៩៦សង់ទីម៉ែត្រ និងមានអាយុប្រមាណ៥ទៅ៧ថ្ងៃ។ មូលហេតុនៃការស្លាប់មិនទាន់អាចសន្និដ្ឋានបានទេ។

គួរបញ្ជាក់ផងដែរថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជាបេតិកភណ្ឌជាតិ មានជីវិតរបស់ប្រទេសកម្ពុជា ហើយចំនួនរបស់វាមានត្រឹមតែ៨០ក្បាលប៉ុណ្ណោះ ដែលរស់នៅក្នុងទន្លេមេគង្គ ចាប់ពីខេត្តក្រចេះ ដល់ខេត្តស្ទឹងត្រែង។ កត្តាគំរាមកំហែងដល់ការរស់រានមានជីវិតរបស់វា មានដូចជាការនេសាទខុសច្បាប់ក្នុងតំបន់ការពារ និងការសាងសង់ទំនប់វារីអគ្គិសនី៕

facebook