facebook
facebook
Loading...

ព្រាប សុវត្ថិ និងរ៉ាប៊ី ចេញបទ “មាន់ស្រែ” បុកគ្នាថ្ងៃចូលឆ្នាំខ្មែរ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | 146 | 0 | ម៉ោង 6:55 am

នៅថ្ងៃដែលខិតកាន់តែកៀកនៃពិធីបុណ្យចូលឆ្នាំខ្មែរ ២០១៨នេះ បណ្ដាផលិតកម្មផ្សេងៗបានចេញបទចម្រៀងប្រពៃណីខ្មែរ ជាបន្ដបន្ទាប់ ដើម្បីអូសទាញការគាំទ្រពីទស្សនិកជនដែលក្នុងឆ្នាំថ្មីនេះ គេកត់សម្គាល់ឃើញថា បទចម្រៀងមួយចំនួនរបស់តារាល្បីៗមានការចាប់អារម្មណ៍ពីមហាជន ដូចជាបទ ”បីឆ្កែទៅរាំ” របស់តារាចម្រៀងពេជ្រ សោភា, ”អន្ទិតឆើត” និង ”តោះយើងរាំបបែបនេះ” ច្រៀងដោយទេព បូព្រឹក្ស, បទ ”រាំស្កុប” របស់យូរី រួមទាំងបទ ”ឱបអាប៉មទៅរាំ” របស់តារាចម្រៀងសុខ ពិសី សុទ្ធតែត្រូវបានគេនិយមចាក់បន្លឺជាបណ្ដើរៗហើយ សម្រាប់ត្រៀមអបអរបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ។ ដោយឡែក បទចម្រៀងដែលហាក់ទទួលបានការគាំទ្រ និងត្រូវបានគេចាក់រាំតាមបណ្ដាកម្មវិធីផ្សេងៗនោះ គឺបទ ”មាន់ស្រែ” របស់អ្នកចម្រៀងវ័យក្មេងរបស់ផលិតកម្មថោន កញ្ញាផាន វីរ៉ាទី ហៅរ៉ាប៊ី ដែលបទនេះគឺបានបុកគ្នានឹងបទ ”មាន់ស្រែបន្លែស្រស់” របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ដែរ ទើបអ្នកតាមដានបទប្រពៃណីឆ្នាំថ្មីនេះ លាន់មាត់ថា ឆ្នាំនេះ ”មាន់ស្រែ” វ៉ាដាច់គេហើយ។ ទោះជាយ៉ាងណា បទចម្រៀងខាងលើនេះមានភាពលេចធ្លោ ស្របពេលដែលតារាចម្រៀងល្បីៗជាច្រើនទៀត មានដូចជា ឱក សុគន្ធកញ្ញា, មាស សុខសោភា និងខេមរៈ សិរីមន្ដ ជាដើមនោះ នៅមិនទាន់បញ្ចេញបទរបស់ខ្លួនឲ្យអស់សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ២០១៨ នេះនៅឡើយ ដែលគេអាចនឹងដឹងច្បាស់ថា បទចម្រៀងមួយណានឹងអាចវ៉ាស៊ីដាច់គេច្បាស់នោះ នៅអំឡុងដើមខែមេសា ខាងមុខនេះហើយ។

តាមរយៈការអះអាងរបស់តារាចម្រៀងរ៉ាប៊ី បញ្ជាក់ថា បទ ”មាន់ស្រែ” របស់នាង ដែលគ្រាន់តែចេញជា Audio ត្រឹម១សប្ដាហ៍ មុនចេញជា MV នោះ ចំនួនអ្នកចូលទៅទស្សនាបទនេះ គឺមានជិត១០លាននាក់ទៅហើយ ហេតុនេះហើយអ្នកចម្រៀងវ័យក្មេងរូបនេះជឿជាក់ថា បទនេះនឹងផ្ទុះកាន់តែខ្លាំងនៅថ្ងៃចូលឆ្នាំខ្មែរ ជាមិនខាន ព្រោះថាតាមរយៈការយកបទ១នេះ ទៅច្រៀងនៅតាមឆាកកាលពីពេលថ្មីៗនេះ នាងឃើញមានការនិយម និងអ្នករាំបទនេះច្រើនជាងបទចម្រៀងផ្សេងៗទៀតរបស់នាងដែលចេញសម្រាប់បុណ្យចូលឆ្នាំខ្មែរនេះ។

ដោយឡែក ចំពោះបទ ”មាន់ស្រែបន្លែស្រស់” របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ នោះឃើញមានការគាំទ្រមធ្យមនៅឡើយ ប៉ុន្តែគេជឿថា បទនេះនឹងមានអ្នកទស្សនាច្រើននៅពេលដែលចេញជា Full MV ក្នុងពេលឆាប់ៗនេះ។

គេចាំបានថា កាលអំឡុងចូលឆ្នាំខ្មែរ២០១៧នោះ បទចម្រៀងតារាហង្សមាស បានវ៉ាដាច់គេអស់ ដូចជាបទ ”រាំអីចេះ”, “រាំកូណាស់ចែ”, “ឆ្កែរត់បុកប៉ោត”… និងបទ ”ចាក់ទឹកដូង” របស់អ្នកចម្រៀងសាន់ដេ នាងយូរី ក៏មានការគាំទ្រច្រើនដែរ។ ប៉ុន្ដែសម្រាប់ឆ្នាំ២០១៨នេះ ផលិតកម្មធំទាំង៣ គឺហង្សមាស,ថោន និងសាន់ដេ កាន់តែមានការប្រជែងគ្នាខ្លាំងដើម្បីដណ្ដើមប្រជាប្រិយភាពសម្រាប់បទចម្រៀងប្រពៃណីខ្មែរនេះ ទើបធ្វើឲ្យការប្រកួតប្រជែងកាន់តែមានភាពខ្លាំងក្លាជាងឆ្នាំមុនៗទៅទៀត។

ផាន វីរ៉ាទី ហៅរ៉ាប៊ី ម្ចាស់បទ ”មាន់ស្រែ” អតីតពិធីការិនីហង្សមាស ក្លាយជាតារាចម្រៀងថោន រូបនេះនឹងហោះបានស្ពាយបង្វេចចេញទៅច្រៀងសម្ដែងនៅអាមេរិក ជាលើកទី១ កាលពីថ្ងៃទី១៣ ខែមីនា​ឆ្នាំ២០១៨នេះ ដែលតាមគម្រោងនាងត្រូវសម្ដែងរយៈពេល៥សប្ដាហ៍។ ដោយសាតែរ៉ាប៊ី អាក់ខានក្នុងការរួមដំណើរជាមួយអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស នោះ ហេតុនេះហើយស្រីស្អាតរូបនេះត្រូវហោះទៅតែម្នាក់ឯង ដែលនឹងត្រូវចាប់ដៃច្រៀងជាមួយលោកនៅ ស៊ីនឿន។

អ្នកចម្រៀងវ័យក្មេងរបស់ផលិតកម្មថោន រូបនេះប្រាប់ថា “នាងភ័យអរៗ ព្រោះនេះជាលើកទី១ ដែលបានចេញទៅអាមេរិក តាមរយៈអង្គការ I Care ហើយនាងស្ដាយមិនបានច្រៀងបទ ”មាន់ស្រែ” ព្រោះចោលកម្មវិធីច្រៀងច្រើនឆាកនៅស្រុកខ្មែរ នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះ ព្រោះបានយល់ព្រមចេញទៅអាមេរិក ទៅហើយ។ តែនាងនឹងវិលវិញតាមកាលកំណត់ មិនក្រាញនៅអាមេរិក ទាំងផុតវីសាឡើយ។

ព្រាប សុវត្ថិ ម្ចាស់បទ ”មាន់ស្រែបន្លែស្រស់” តារាចម្រៀងជើងចាស់របស់ផលិតកម្មរស្មីហង្សមាស រូបនេះឈរលំដាប់កំពូលជាង១ទសវត្សន៍មកហើយ ដែលមិនទាន់មានតារាណាអាចផ្ដួលបាន។ ការយកកូនប្រុសទាំង៣ឲ្យចូលផលិតកម្មរស្មីហង្សមាស ដោយស្វ័យប្រវត្តិ គឺសុវត្ថិ មុនីវណ្ណ , សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ មិនចាំបាច់ឆ្លើងកាត់ការប្រលងចម្រៀងនោះ បញ្ជាក់ថា ព្រាប សុវត្ថិ នឹងឲ្យកូនប្រុសទាំង៣របស់ខ្លួនស្នងតំណែងពីលោកនាពេលអនាគត ខណៈដែលវ័យរបស់លោកកាន់តែច្រើននោះ។

ព្រាប សុវត្ថិ ថតចម្រៀងនៅហង្សមាស ជាង៣ពាន់បទ បើប្រៀបធៀបកញ្ញារ៉ាប៊ី គឺអ្នកចម្រៀងថោន រូបនេះ គឺដូចទៅនឹងចៅរបស់ព្រាប សុវត្ថិ ដែរ៕

facebook