facebook
facebook
Loading...

បណ្ឌិតស៊ុយ សារ៉េត រួចផុតគ្រោះថ្នាក់ ប្តឹងទាមទារសំណង១២០0លានរៀល

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 235 | 0 | ម៉ោង 10:33 am

យោងតាមប្រភពពីក្រុមគ្រួសារលោកស៊ុយ សារ៉េត បានឱ្យដឹងនៅព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ថា ពេលនេះ លោកសាស្ត្រាចារ្យស៊ុយ សារ៉េត ដែលកំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាមនោះ បានរួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ តែរបួសរបស់លោកនៅមានសភាពធ្ងន់ខ្លាំង ត្រង់មាត់ ធ្មេញ ត្រចៀក ដោយសាររងការវាយដំដោយវត្ថុរឹង ប៉ុន្តែលទ្ធផលស្កេនក្បាល មិនមានគ្រោះថ្នាក់អ្វីទេ។ ពេលនេះ មេធាវីរបស់លោកកំពុងដំណើរការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនដៃដល់បង្កហិង្សា ស្ទើរតែធ្វើឱ្យជីវិតមនុស្សបាត់បង់ មកចាត់ការតាមច្បាប់ផងដែរ។

ក្រុមគ្រួសារលោកស៊ុយ សារ៉េត ក៏បានឱ្យដឹងដែរថា ក្នុងហេតុការណ៍ហិង្សានោះ ជនរងគ្រោះ (លោកស៊ុយ សារ៉េត) បានបាត់កាបូប១ មានប្រាក់ជាង៣០០០ដុល្លារ, ទូរស័ព្ទ២គ្រឿង កុំព្យូទ័រឡែបថប ១គ្រឿង, ចិញ្ចៀនពេជ្រ ១វង់ និងសម្ភារៈមួយចំនួនទៀតនៅក្នុងរថយន្ត។

ប៉ុន្តែ យ៉ាងណា ក្រោយកើតហេតុ មានសប្បុរសជនមួយចំនួន បានឧបត្ថម្ភថវិកាជាបន្តបន្ទាប់ដល់លោកស៊ុយ សារ៉េត សម្រាប់ព្យាបាលរបួស ដែលថវិកាឧបត្ថម្ភទាំងនោះ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ មានចំនួនសរុបជាង៦ពាន់ដុល្លារ និងជាង៣លានរៀល។

យោងតាមពាក្យបណ្តឹងរបស់មេធាវីតំណាងដោយអាណត្តិរបស់ជនរងគ្រោះស៊ុយសារ៉េត ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ គោរពជូនលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖

មេធាវី ឈី សម្បត្តិ សមាជិកក្រុមប្រឹក្សា គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ២៩៨។

ជាមេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ ស៊ុយ សារ៉េត ជាជនរងគ្រោះដោយសារអំពើហិង្សាប្រព្រឹត្តដោយក្រុមជនបង្កមួយក្រុម កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅម្តុំមន្ទីរពេទ្យលោកសង្ឃ។

គោរពជូនឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ

កម្មវត្ថុ ៖ សុំប្តឹងពីក្រុមជនបង្កមួយក្រុម (មានវីដេអូសកម្មភាព និងរូបថតជូនភ្ជាប់មកជាមួយ) ដែលបានប្រព្រឹត្តអំពើប៉ុនប៉ងធ្វើមនុស្សឃាត អំពើហិង្សាមានស្ថានទម្ងន់ទោស អំពើលួច និងអំពើធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចម្តុំពេទ្យលោកសង្ឃ។

យោង ៖ លិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិរបស់ឈ្មោះ សារ៉េត សុផាធិតាពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ ត្រូវជាកូនស្រីបង្កើតរបស់ឈ្មោះស៊ុយ សារ៉េត ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។

វីដេអូសកម្មភាព និងកម្រងរូបថតរបស់ជនបង្ក

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំមានកិត្តិយសសូមជម្រាបជូនឯកឧត្តម នាយឧត្តមសេនីយ៍ មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ខណៈពេលដែលលោកបណ្ឌិត ស៊ុយ សារ៉េត កំពុងបើកបររថយន្តមកដល់ចំណុចវត្តទួល ស្ថិតក្នុងខណ្ឌប្ញស្សីកែវ ស្រាប់តែមានក្រុមជនបង្កមួយក្រុមបាននាំគ្នាស្រែកឡើងថា ៖ “គាត់បានបុកគេស្លាប់” និងបានស្រែកគំរាមវាយប្រហារមកលើគាត់ បណ្តាលឱ្យគាត់មានការភិតភ័យ ហើយក៏សម្រេចចិត្តបើករថយន្តចេញពីកន្លែងកើតហេតុ ដើម្បីរកទីកន្លែងសុវត្ថិភាព ចំណែកក្រុមជនបង្កបាននាំគ្នាស្រែកកាន់តែខ្លាំងថា ៖ គាត់បានបុកគេស្លាប់ហើយរត់គេចខ្លួន” និងបានបើកម៉ូតូតាមរថយន្តរបស់គាត់យ៉ាងប្រកៀកប្រកិតបំផុត។ ប៉ុន្តែពេលរថយន្តរបស់គាត់បានមកដល់ចំណុចមន្ទីរពេទ្យលោកសង្ឃ គាត់ក៏បានបាត់បង់ភាពម្ចាស់ការដោយសារភាពភ័យខ្លាច ទើបធ្វើឱ្យគាត់បានជ្រុលចង្កូតកៀរម៉ូតូអ្នកដំណើរម្នាក់ឱ្យដួល បណ្តាលឱ្យមានរបួស តែដោយសារការទទួលខុសត្រូវ គាត់ក៏បានឈប់រថយន្ត បំណងចុះទៅមើលអ្នករបួស ស្រាប់តែក្រុមជនបង្កក៏បានតាមទាន់រថយន្តរបស់គាត់ ហើយបានប្រព្រឹត្តអំពើហិង្សាទៅលើគាត់ និងរថយន្តរបស់គាត់យ៉ាងសាហាវឃោរឃៅ ជាទីបំផុត ដោយអ្នកខ្លះបានប្រើប្រាស់មួកសុវត្ថិភាព ដុំថ្ម និងសម្ភារៈផ្សេងៗទៀត ធ្វើជាមធ្យោបាយដើម្បីវាយប្រហារមកលើគាត់ រីឯអ្នកខ្លះទៀត បានប្រើដៃ ជើង វាយ ទាត់ធាក់មកលើគាត់ បណ្តាលឱ្យគាត់រងរបួសយ៉ាងធ្ងន់ធ្ងរ អាចនិងប៉ះពាល់ដល់អាយុជីវិត (បច្ចុប្បន្នកំពុងតែទទួលការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម) ជាងនេះទៅទៀត រថយន្តរបស់គាត់ត្រូវបានខូចខាតស្ទើរទាំងស្រុង រីឯទូរស័ព្ទដៃ និងកាបូបលុយ ដែលមានប្រាក់ជិត៣០០០ (បីពាន់) ដុល្លារសហរដ្ឋអាមេរិក ក៏បានបាត់បង់នៅពេលនោះផងដែរ។

អំពើនិងសកម្មភាពរបស់ក្រុមជនបង្កមួយក្រុមនេះ បានបង្ហាញឱ្យឃើញថា ៖

១-ពួកគេមានចេតនាទុច្ចរឹតបង្កឱ្យមានអសន្តិសុខក្នុងសង្គម បង្កើតឱ្យមានការភ័យខ្លាចដល់ម្ចាស់រថយន្តដទៃទៀត

២-ពួកគេមានចេតនាទុច្ចរិត បង្កឱ្យមានអសន្តិសុខក្នុងសង្គម ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌ដ៏ល្អផូរផង់របស់សង្គមជាតិទាំងមូល

៣-ពួកគេកំពុងតែប្រើប្រាស់នូវសិទ្ធិរបស់ខ្លួនដោយខុសច្បាប់ ប្រើប្រាស់នូវការឈឺឆ្អាលចំពោះអ្នកដទៃ ធ្វើជាលេស ដើម្បីធ្វើសកម្មភាពរំលោភលើសិទ្ធិស្របច្បាប់របស់អ្នកដទៃ រំលោភលើការអនុវត្តច្បាប់ រំលោភលើសមត្ថកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច និងរំលោភលើអំណាចយុត៉្តាធិការផងដែរ

៤-ពួកគេមានចេតនាទុច្ចរឹតបង្កឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿទុកចិត្តលើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល បាត់បង់ជំនឿទុកចិត្តលើសមត្ថភាពរបស់សមត្ថកិច្ចគ្រប់ប្រភេទ រួមទាំងធ្វើឱ្យបាត់បង់ជំនឿទុកចិត្តលើប្រព័ន្ធតុលាការផងដែរ

៥-ពួកគេមានចេតនាប៉ុនប៉ងសម្លាប់អ្នកដទៃ ប្រព្រឹត្តអំពើហិង្សាមានស្ថានទម្ងន់ទោស ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃដោយចេតនា និងប្រព្រឹត្តអំពើលួចយកទ្រព្យសម្បត្តិអ្នកដទៃដោយចេតនាផងដែរ ដែលគប្បីត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

សំណូមពរ ៖

១-សុំស្រាវជ្រាវអំពីសាវតារបស់ក្រុមជនបង្ក ដើម្បីស្វែងរកចាប់ខ្លួនឱ្យមកទទួលខុសត្រូវចំពោះអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា

២-សុំទាមទារសំណងជួសជុលការខូចខាត ថ្លៃថ្នាំព្យាបាល ការខាតបង់ពេលវេលា និងសំណងជំងឺចិត្តសរុប១ ២០០ ០០០ ០០០ (មួយពាន់ពីររយលាន)រៀល។

អាស្រ័យហេតុនេះ សូមឯកឧត្តម នាយឧត្តមសេនីយ៍ មេត្តាទទួលយកពាក្យបណ្តឹងរបស់ខ្ញុំដោយសេចក្តីអនុគ្រោះ។

សូមឯកឧត្តម នាយឧត្តមសេនីយ៍ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ…៕

facebook