facebook
facebook
Loading...

ពលរដ្ឋព័ទ្ធវ៉ៃសម្លាប់សាស្ត្រាចារ្យបើកឡានបុករះ!!! នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រកាសវែកមុខជនដៃដល់

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 302 | 0 | ម៉ោង 7:17 am

ភ្នំពេញ ៖ ហេតុការណ៍អំពើហិង្សាដែលបង្កឡើងដោយប្រជាពលរដ្ឋរាប់រយនាក់ បានព័ទ្ធចាប់បុរសជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យភ្នំពេញរូប រួចវាយដំប៉ងសម្លាប់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរបំផុត កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចម្តុំពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ខណៈដែលបុរសជាសាស្ត្រាចារ្យរូបនោះ បានបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បុករះជាបន្តបន្ទាប់ តាមដងផ្លូវ ត្រូវបានគេមើលឃើញថា ជារូបភាពអំពើហិង្សាដ៏ឃោរឃៅ និងអសីលធម៌បំផុតក្នុងសង្គម រហូតមន្ត្រីជាន់ខ្ពស់នគរបាលជាតិប្រកាសវែកមុខជនដៃដល់ដែលពាក់ព័ន្ធទាំងអស់ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រហូតឈានដល់អំពើហិង្សាដ៏ឃោរឃៅ និងគួរឱ្យរន្ធត់មួយបានកើតឡើង នៅចំណុចផ្លូវលេខ១៥៦ កែងផ្លូវលេខ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ដោយបុរសម្នាក់បានបើករថយន្តទំនើបមួយគ្រឿង បង្កគ្រោះថ្នាក់ជាបន្តបន្ទាប់ចាប់ពីម្តុំទួលសង្កែ ខណ្ឌប្ញស្សីកែវ រហូតមកដល់ម្តុំមន្ទីរពេទ្យលោកសង្ឃ និងត្រូវបានប្រជាពលរដ្ឋជិះម៉ូតូប្រដេញតាមរាប់រយគ្រឿង ធ្វើឱ្យផ្អើលពេញរាជធានីភ្នំពេញ លុះចាប់ឃាត់រថយន្តបាន ប្រជាពលរដ្ឋក៏ផ្ទុះកំហឹងវាយបំផ្លាញរថយន្ត រួចព័ទ្ធវ៉ៃទៅលើបុរសជាអ្នកបើកបរ ប៉ងសម្លាប់ចោលនៅនឹងកន្លែងតែម្តង បណ្តាលឱ្យបុរសជាអ្នកបើកបររថយន្តរូបនោះទទួលរងរបួសធ្ងន់ធ្ងរបំផុត និងកំពុងបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។

បុរសជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បុករះតាមដងផ្លូវ និងត្រូវមហាជនដេញចាប់ព័ទ្ធវ៉ៃប៉ងសម្លាប់ មានឈ្មោះបណ្ឌិត ស៊ុយ សារ៉េត មុខរបរជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យកម្ពុជា មានប្រពន្ធនិងកូនប្រុសស្រី២នាក់ក្នុងបន្ទុក។

តាមប្រភពពីសមត្ថកិច្ចបញ្ជាក់ថា លោកបណ្ឌិត ស៊ុយ សារ៉េត មានស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងណាស់ បន្ទាប់ពីត្រូវមហាជនព្រួតវាយដំ ប៉ងសម្លាប់នៅនឹងកន្លែង ហើយមកដល់យប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ក្រុមគ្រួសារបានសម្រេចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម តែយ៉ាងណា មិនទាន់មានបញ្ហាដល់អាយុជីវិតនៅឡើយទេ។

តាមប្រភពពីសាក្សីដែលប្រទះឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តទំនើប ១គ្រឿង ម៉ាក GAC ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AP-9719 បានបើកបង្កគ្រោះថ្នាក់ចរាចរណ៍បុកគេដំបូងនៅម្តុំវត្តទួលអស់លោក ក្នុងខណ្ឌប្ញស្សីកែវ តែបន្ទាប់ពីបង្កគ្រោះថ្នាក់ភ្លាម អ្នកបើកបរថយន្តមិនបានឈប់ដោះស្រាយគ្នានោះទេ បែរជាព្យាយាមបើករត់គេចតាមរង្វង់មូលកួចកាណុង និងត្រូវបានប្រជាពលរដ្ឋអ្នកដំណើរជិះម៉ូតូប្រដេញតាមពីក្រោយប្រសាច។ លុះពេលបើករត់គេចមកដល់ម្តុំផ្សារធំថ្មី ដោយជិះវិលទៅមក២-៣ជុំ រួចក៏បានបុកម៉ូតូនៅខាងជើងផ្សារថ្មី បណ្តាលឱ្យមនុស្សរងរបួសទៀត ខណៈនោះប្រជាពរដ្ឋក៏បាននាំគ្នាដេញកាន់តែច្រើន និងខ្លះបានស្រែកថា រថយន្តបុកមនុស្សស្លាប់ បើករត់ ជាហេតុធ្វើឱ្យក្រុមអ្នកដេញតាមកាន់តែមានចំនួនច្រើនឡើង និងកើនកំហឹងរឹតតែខ្លាំង។

ប្រភពដដែលបន្តថា នៅពេលឃើញមនុស្សដេញតាមកាន់តែច្រើនបែបនេះ ធ្វើឱ្យអ្នកបើករថយន្តកាន់តែភ័យ ចេះតែបន្តគេចរហូតចូលដល់មូលដ្ឋានខណ្ឌទួលគោក ចំណុចផ្លូវលេខ១៦០ កែងផ្លូវលេខ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី២ ក៏បានបុកមូតូម៉ាកវ៉េវ១គ្រឿងទៀត បណ្តាលឱ្យបុរសម្នាក់រងរបួស ហើយរថយន្តក៏បានបន្តដំណើរទៅមុខ ដោយមានប្រជាពលរដ្ននាំគ្នាដេញតាមពីក្រោយ។ លុះរថយន្តបង្កបើកមកដល់ខាងត្បូងមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ត្រង់ចំណុចផ្លូវលេខ១៥៦ កែងផ្លូវលេខ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី២ រថយន្តបង្កក៏បានបែកធុងទឹក ទៅមុខមិនរួច ក៏ត្រូវប្រជាពលរដ្ននាំគ្នាព័ទ្ធជាប់ រួចនាំគ្នាវាយដំបញ្ចោញកំហឹង ដោយខ្លះប្រើដៃ ខ្លះប្រើមួកការពារសុវត្ថិភាពគប់ចូលរថយន្ត និងត្រូវបានបុរសជាអ្នកបើកបររថយន្តខឹង ក៏បើកទ្វាររថយន្តទាញមួកការពារសុវត្ថិភាពគប់សំដៅមហាជនវិញ ទើបធ្វើឱ្យប្រជាពលរដ្ឋកាន់តែផ្ទុះកំហឹងខ្លាំងឡើង និងស្រែកថា ជនបង្កតដៃទៀត ទើបនាំគ្នាវាយដំកាន់តែខ្លាំង រហូតខ្លះបានទាញដុំឥដ្ឋ ដុំថ្ម ដុំការ៉ូឡា គប់វាយយកតែឈ្នះដៃ រហូតដល់បុរសជាអ្នកបើកបររថយន្តរងរបួសធ្ងន់បែកឈាមពេញមុខមាត់ខ្លួនប្រាណ មើលលែងចង់ស្គាល់។

ក្រោយកើតហេតុភ្លាមៗ គេឃើញកម្លាំងនគរបាលមូលដ្ឋាន រួមជាមួយសណ្តាប់ធ្នាប់ខណ្ឌទួលគោក បានចុះជួយអន្តរាគមន៍ និងព្យាយាមរារាំងឃាត់មហាជន ឈប់ឱ្យបង្កអំពេហិង្សិា និងបានព្រមានថា ប្រសិនបើអ្នកណាប្រព្រឹត្តហិង្សានឹងទទួលខុសត្រូវដោយខ្លួនឯងចំពោះមុខច្បាប់។ បន្ទាប់មក សមត្ថកិច្ចបានទាក់ទងហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនបុរសជាអ្នកបើកបរថយន្តខាងលើ ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។ ចំណែករថយន្តបង្កដែលទទួលរងការវាយបំផ្លាញពីក្រុមមហាជន ខូចខាតស្ទើរទាំងស្រុង ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។

យ៉ាងណាក្តី ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍បុករះខាងលើនោះ មិនទាន់មានប្រភពព័ត៌មានណាមួយ បញ្ជាក់ឱ្យដឹងថា តើមានមនុស្សប៉ុន្មាននាក់ទទួលរងរបួស ឬបាត់បង់ជីវិត និងទទួលរងការខូចខាតម៉ូតូ ឬរថយន្តប៉ុន្មានគ្រឿងឱ្យប្រាកដនោះទេ គ្រាន់តែមានអ្នកស្រែកថា រថយន្តបង្កបុកមនុស្សស្លាប់តាមផ្លូវច្រើនណាស់ រួចក៏ធ្វើឱ្យផ្ទុះជាអំពេហិង្សិយ៉ាងាសាហាវបែបនេះតែម្តង។

ទាក់ទងទៅនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កចេញជាអំពើហិង្សាយ៉ាងឃោរឃៅខាងលើនេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ បានបញ្ជាក់ថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ដែលឈានដល់ការប្រើអំពើហិង្សាលើបុរសអ្នកបើកបររថយន្តបង្ក បណ្តាលឱ្យរងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅម្តុំមន្ទីរពេទ្យលោកសង្ឃ្ប លោកបានចេញបញ្ជាឱ្យសមត្ថកិច្ចស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលបានវាយប៉ងសម្លាប់ និងកម្ទេចរថយន្តជនរងគ្រោះ មកដាក់ទោសតាមច្បាប់។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះ អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលរត់គេចពីកន្លែងកើតហេតុ គឺច្បាប់ជាអ្នកអនុវត្ត ប៉ុន្តែចំពោះអ្នកដែលវាយអ្នកបើកបរ ក៏ត្រូវតែទទួលទោសផងដែរ ព្រោះវាជាអំពើអសីលធម៌ក្នុងសង្គម និងមិនគួរឱ្យកើតមានឡើងក្នុងរូបភាពបែបនេះទៀត។

នាយឧត្តមសេនីយ៍ស្នងការ បានថ្លែងថា “ក្នុងករណីនេះ យើងពិនិត្យឃើញថា ជាបទល្មើសជាក់ស្តែង ព្រោះវាជាបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក៏មានស្ថានទម្ងន់ទោសផងដែរ ព្រោះបានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃជាក្រុម។ ក្នុងករណីនេះដែរ ជនល្មើសដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ទោះជាបានរត់គេចពីកន្លែងកើតហេតុ ក៏អាស្រ័យដោយសារមានការភ័យខ្លាចអំពីក្រុមជនបង្កដែរ។ ប្រសិនបើជាគាត់បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ក៏ច្បាប់ចរាចរណ៍ផ្លូវគោកមាន អ៊ីចឹងស្ថានទម្ងន់ទោសរបស់អ្នកបើកបរ បង្កគ្រោះថ្នាក់ដល់អ្នកដទៃ ហើយគេចវេសពីការទទួលខុសត្រូវ ច្បាប់មានសម្រាប់ដាក់ទោសទណ្ឌ។ ជាទម្លាប់អសីលធម៌ក្នុងសង្គម ប្រជាពលរដ្ឋតែងតែតាំងខ្លួនជាតុលាការ ហើយធ្វើកាត់ទោសលើជនបង្ក ដោយចិត្តឯង គឺមិនទៅតាមច្បាប់…”។

មហាជនមួយចំនួនបានលើកឡើងថា ទង្វើហិង្សាខាងលើនេះ គឺសម្តែងឱ្យឃើញពីរូបភាពឃោរឃៅខ្លាំងណាស់ ខណៈដែលប្រជាពលរដ្ឋខ្មែរកាន់ព្រះពុទ្ធសាសនា មិនតែប៉ុណ្ណោះក៏បង្ហាញឱ្យឃើញពីភាពអសីលធម៌ក្នុងសង្គម ខ្វះការយោគយល់គ្នា យកអំពើហិង្សាមកដោះស្រាយបញ្ហា ដោយមិនគោរព និងផ្តល់តម្លៃលើច្បាប់រដ្ឋ តាមរយៈការតាំងខ្លួនជាតុលាការ៕

facebook