ម៉ាឌូរ៉ូ បន្ទន់ឥរិយាបថ ចង់ជួបចរចាជាមួយមេដឹកនាំគណបក្សប្រឆាំង

0
125

បន្ទាប់ពីមានភាពតានតឹងអស់រយៈពេលជាង2សប្តាហ៍ កន្លងមកនេះ លោកនីកូឡាស់ ម៉ាឌូរ៉ូ មេដឹកនាំប្រទេសវ៉េណេស៊ុយអេឡា ដូចជាបន្ទន់ឥរិយាបថចង់វិលត្រឡប់ទៅរកតុចរចា ជាមួយមេដឹកនាំគណបក្សប្រឆាំង ដែលបានប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទី កាលពីដើមខែមករា។

កាលពីល្ងាចថ្ងៃពុធ ទី30 ខែមករា ឆ្នាំ2019 នេះ លោកម៉ាឌូរ៉ូ បានស្នើសុំឱ្យមានជំនួបជាមួយមេដឹកនាំគណបក្សប្រឆាំង ក្រោមការសម្របសម្រួលពីអន្តរជាតិ ដើម្បីឈានទៅរកការបញ្ចប់វិបត្តិនយោបាយ ប៉ុន្តែ លោកបានបដិសេធមិនឱ្យមានការរៀបចំការបោះឆ្នោតសាជាថ្មី ដោយរង់ចាំរហូតដល់ឆ្នាំ2025។

ថ្លែងទៅកាន់សារព័ត៌មានរដ្ឋរុស្ស៊ី លោកម៉ាឌូរ៉ូ បាននិយាយថា “ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចរចាជាមួយលោក Juan Guaido មេដឹកនាំគណបក្សប្រឆាំង ដើម្បីស្វែងរកផលប្រយោជន៍សម្រាប់ប្រទេសវ៉េណេស៊ុយអេឡា នឹងសម្រាប់ពិភពលោកផងដែរ”។

លោកម៉ាឌូរ៉ូ ត្រូវបានបោះឆ្នោតជាប់ជាប្រធានាធិបតីអាណត្តិ6ឆ្នាំ កាលពីឆ្នាំទៅមិញ ហើយបានអះអាងថា ដំណើរការបោះឆ្នោតកន្លងមក ប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ ដោយមានការឃ្លាំមើលពីអន្តរជាតិ ក៏ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំង និងប្រជាជនវ៉េណេស៊ុយអេឡា ភាគច្រើន មិនទទួលយកលទ្ធផលនេះ ដែលធ្វើឱ្យមានការតវ៉ារហូតមក។ រហូតមកដល់ថ្ងៃនេះ គេនៅមិនទាន់ដឹងថា រវាងលោកម៉ាឌូរ៉ូ និងមេដឹកនាំគណបក្សប្រឆាំង មួយណា ជាប្រធានាធិបតីពិតប្រាកដរបស់ប្រទេសនេះ។

(Photo : CNN)

ទាហានផ្តាច់ខ្លួនពីរដ្ឋាភិបាលវ៉េណេស៊ុយអេឡា អំពាវនាវសុំជំនួយសព្វាវុធពីអាមេរិក

យោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃពុធ ទី30 ខែមករា ឆ្នាំ2019 បានឱ្យដឹងថា កងទាហានដែលផ្តាច់ខ្លួនចេញពីរដ្ឋាភិបាល លោកម៉ាឌូរ៉ូ បានអំពាវនាវឱ្យរដ្ឋបាលសហរដ្ឋអាមេរិក ផ្តល់អាវុធដល់ពួកគេ ដើម្បីរំដោះប្រទេសវ៉េណេស៊ុយអេឡា ឱ្យរួចផុតពីអំណាចផ្តាច់ការ។

លោក Carlos Guillen Martinez និងលោក Josue Hidalgo Azuaje អតីតនាយទាហានក្រោមការដឹកនាំរបស់លោកម៉ាឌូរ៉ូ ដែលកំពុងរស់នៅក្រៅប្រទេស បានប្រាប់ CNN ថា ពួកគេចង់បានជំនួយយោធា ដើម្បីបំពាក់ដល់កងកម្លាំងមួយចំនួន នៅក្នុងប្រទេស ងើបឡើងប៉ះបោរប្រឆាំងនឹងរបបលោកម៉ាឌូរ៉ូ។ ពួកគេបានអះអាងថា មនុស្សរាប់ពាន់នាក់ កំពុងតែស្មគ្រ័ស្មោះ ហើយត្រូវការសព្វាវុធ ដើម្បីធ្វើបដិវត្តន៍ ប្រឆាំងទៅនឹងរបបលោកម៉ាឌូរ៉ូ។

 ក្រៅពីសហរដ្ឋអាមេរិក អតីតយោធាទាំងពីររូបនេះ ក៏បានអំពាវនាវទៅដល់ប្រទេសប្រេស៊ីល កូឡុំប៊ី បេរ៉ូ និងប្រទេសមួយចំនួន ទៀត ជួយដល់ពួកគេ ដើម្បីប្រឆាំងទៅនឹងមេដឹកនាំផ្តាច់ការ។ ការអំពាវនាវនេះ បានកើតឡើងបន្ទាប់ពីលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានព្រមានរដ្ឋាភិបាលវ៉េណេស៊ុយុអេឡាថា អំពើហិង្សាប្រឆាំងទៅនឹងគោលនយោបាយរបស់គណបក្សប្រឆាំង អាចនឹងធ្វើឱ្យវាសនា របស់លោកម៉ាឌូរ៉ូ ជួបនឹងគ្រោះអាក្រក់។

តុលាការជាន់ខ្ពស់ វ៉េណេស៊ុយអេឡា ហាមមិនឱ្យមេដឹកនាំបក្សប្រឆាំង ចេញក្រៅប្រទេស

តុលាការជាន់ខ្ពស់ប្រទេសវ៉េណេស៊ុយអេឡា  បានហាមឃាត់មេដឹកនាំគណបក្សប្រឆាំង មិនឱ្យចាកចេញពីប្រទេស និងបង្កកទ្រព្យសម្បត្តិថែមទៀត។ ការសម្រេចនេះ បានកើតឡើងក្រោយពីលោក Juan Guaideo ប្រកាសធ្វើប្រធានាធិបតីស្តីទីដោយខ្លួនឯង កាលពីសប្តាហ៍មុន។

តុលាការកំពូល ដែលមានស្វាមីភក្ត្រ័ជាមួយនឹងលោកម៉ាឌូរ៉ូ បានធ្វើការដាក់បន្ទុកទៅលើមេដឹកនាំគណបក្សប្រឆាំង ដើម្បីជាការសងសឹក ក្រោយពេលដែលអង់គ្លេស និងសហរដ្ឋអាមេរិក បានបង្កកទ្រព្យសម្បត្តិរបស់លោកម៉ាឌូរ៉ូ ដែលមានតម្លៃរាប់ពាន់លានដុល្លារ៕

(Photo : CNN)