សាលារៀន៤០០ខ្នង ត្រូវបិទទ្វារ ដោយសារខ្យល់កខ្វក់នៅទីក្រុងបាងកក

0
142

ខ្យល់កខ្វក់នៅក្នុងទីក្រុងបាងកក បានបង្ខំឱ្យសាលាចំនួន៤០០ខ្នង បិទទ្វារឈប់សម្រាក រយៈពេលមួយសប្តាហ៍ ដើម្បីការពារសុវត្ថិភាពកូនសិស្ស ពីផលប៉ះពាល់បរិស្ថានដ៏អាក្រក់នេះ។

ទីក្រុងបាងកក នៅតែបន្តប៉ះពាល់ពីខ្យល់អាក្រក់ ដែលបានអូសបន្លាយអស់រយៈពេលជាង២សប្តាហ៍ បើទោះជារដ្ឋាភិបាលថៃ បានព្យាយាមទប់ស្កាត់យ៉ាងណាក៏ដោយ។

ការបញ្ចោញឧស្ម័នដែលកើតចេញពីការធ្វើចរាចរណ៍របស់យានយន្ត ការងារសំណង់ ការដុតព្រៃដាំដំណាំ និងភាពកខ្វក់ដែលកើតចេញពីរោងចក្រ ត្រូវបានគេស្តីបន្ទោសថា ជាដើមហេតុដែលនាំឱ្យមានខ្យល់កខ្វក់នេះ។

អាជ្ញាធរថៃ បានព្យាយាមបង្កើតភ្លៀងសិប្បនិម្មិត កាត់បន្ថយចរាចរណ៍ ក៏ប៉ុន្តែ មិនទាន់អាចដោះស្រាយបញ្ហានេះបានដដែល។ បន្ថែមពីនេះទៀត សម្រាប់ឱកាសចូលឆ្នាំថ្មីខាងមុខនេះ រដ្ឋាភិបាលថៃ ក៏បានអំពាវនាវឱ្យប្រជាជនរបស់ខ្លួន កុំអុជធូប ឬក៏កាំជ្រួច ដែលអាចបង្កឱ្យមានផ្សែងអ័ព្ទ។

យោងទៅតាមអង្គការគម្រោងគុណភាពខ្យល់ពិភពលោក បានឱ្យដឹងថា ទីក្រុងបាងកក បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី១៧០ ដែលជាចំណុចប្រកាសអាសន្ន និងមិនមានសុវត្ថិភាព៕